Monday, 27 April 2020
ក្រុមប្រឹក្សាធម្មនុញ្ញថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មានធម្មនុញ្ញភាព
Khmer Circle: Take that with enough pinch of salt to fill up a lake!
^^^
2020-04-27
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បើកកិច្ចប្រជុំពេញអង្គពិនិត្យសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅថ្ងៃទី២៧ មេសា។
រូប៖ ហ្វេសប៊ុកក្រុមប្រឹក្សាធម្មនុញ្ញ
ស្ថាប័នកំពូលផ្នែកច្បាប់អះអាងថា ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើដោយប្រញាប់ប្រញាល់នោះ មានធម្មនុញ្ញភាព ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិយល់ថា ចំណុចមួយចំនួននៃច្បាប់នេះ មិនស្របតាមរដ្ឋធម្មនុញ្ញឡើយ ពិសេសគឺការដកហូតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ដែលជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៧ មេសា ដើម្បីសម្រេចលើសំណើរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើសុំពិនិត្យមើលធម្មនុញ្ញភាពសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ហើយបានសម្រេចជាឯកច្ឆន្ទថា សេចក្ដីព្រាងច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ។ ដំណាក់កាលបន្ទាប់ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋស្ដីទី និងជាអនុប្រធានគណបក្សកាន់អំណាច លោក សាយ ឈុំ ដើម្បីចុះហត្ថលេខាប្រកាសឱ្យប្រើ ក្នុងគ្រាដែលព្រះមហាក្សត្រកំពុងគង់នៅក្រៅប្រទេស។
ទោះជាត្រូវបានចុះហត្ថលេខាប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទីក៏ដោយ ក៏ច្បាប់នេះមិនទាន់អាចយកទៅអនុវត្តបានដែរ ដរាបណាព្រះមហាក្សត្រមិនទាន់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នទេនោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកធ្វើច្បាប់នេះដើម្បីទុកប្រើនៅកាលៈទេសៈណាមួយ ដែលស្ថានការណ៍ប្រទេសជាតិគ្រប់គ្រងលែងបាន ប៉ុន្តែលោកមិនបានបញ្ជាក់ឱ្យច្បាស់ថា តើស្ថានភាពប្រឈមកម្រិតណា ដែលលោកនឹងប្រើច្បាប់នេះទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះអធម្មនុញ្ញភាពនៅត្រង់ចំណុចដកហូតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ លោកថា ទាល់តែក្នុងស្ថានភាពសង្គ្រាម ទើបសក្ដិសមនឹងប្រើច្បាប់នេះ ប៉ុន្តែក្នុងលក្ខខណ្ឌវិបត្តិសុខភាពសាធារណៈ ភាពវឹកវរសង្គម និងគ្រោះមហន្តរាយជាដើម ច្បាប់នេះមិនចាំបាច់ឡើយ។ លោកនៅតែអះអាងថា លោក ហ៊ុន សែន ធ្វើច្បាប់នេះដើម្បីទុកការពារអំណាចតវង្សត្រកូលរបស់គាត់ ជាងដើម្បីប្រយោជន៍សាធារណៈ៖ «យើងមើលទៅជំពូកស្ដីអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ ច្បាប់ហ្នឹងគឺបំបាត់សិទ្ធិ ដកហូតសិទ្ធិប្រជាពលរដ្ឋ។ វាអធម្មនុញ្ញភាពច្រើន ហើយវាផ្ទុយពីច្បាប់អន្តរជាតិទៀត សន្ធិសញ្ញា កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សិទ្ធិសេរីភាព ដែលប្រទេសកម្ពុជាយើង ជាភាគីនៃហត្ថលេខីហ្នឹងណា»។
អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក តាំង រតនា និងលោក ព្រហ្ម វិចិត្រអក្ខរា បានទេ នៅថ្ងៃទី២៧ មេសា ដោយពួកលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែ ថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ច្បាប់នេះធ្វើឡើងដើម្បីការពារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ មិនមែនក្នុងគោលដៅគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការពារការផ្ទេរអំណាចរបស់នាយករដ្ឋមន្ត្រីឡើយ។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការ ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ថ្លែងថា ច្បាប់ដ៏សំខាន់បែបនេះ គួរណាស់តែមានជជែកវែកញែកឱ្យល្អិតល្អន់ ជាមួយភាគីពាក់ព័ន្ធ ដូចជា សង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យ ជាដើម។ លោកថា ច្បាប់នេះផ្តល់អំណាចច្រើនដល់រដ្ឋាភិបាលក្នុងការដកហូតសិទ្ធិសេរីភាពជាមូលដ្ឋាន និងបំពានសិទ្ធិឯកជនរបស់ពលរដ្ឋ៖ «ការបង្កើតច្បាប់នេះ យើងដឹងហើយថា វារយៈពេលខ្លី អ៊ីចឹងជាចំណុចមួយដែលយើងមានការសោកស្តាយថា មិនបានបើកផ្លូវឱ្យបានទូលំទូលាយដើម្បីប្រមូលគំនិត ឬក៏ជាយោបល់នៅក្នុងការជជែកពិភាក្សាគ្នាឱ្យបានល្អិតល្អន់»។
មាត្រា៥ នៃសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ផ្ដល់អំណាចឱ្យរដ្ឋាភិបាល ដកហូតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជា ការធ្វើដំណើរ ការជួបប្រជុំ ការប្រមូលផ្តុំ និងការប្រកបមុខរបរជាដើម ព្រមទាំងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមផងដែរ។ ជាពិសេស មាត្រានេះបើកដៃឱ្យរដ្ឋាភិបាលធ្វើអ្វីក៏បានឱ្យតែយល់ថា សមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន រហូតដល់អាចប្រើកម្លាំងទ័ពគ្រប់គ្រងសភាពការណ៍ទៀតផង។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិវាយតម្លៃថា ច្បាប់នេះ រំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងធ្វើឱ្យការជួបប្រជុំដោយសន្តិវិធីក្លាយជាបទល្មើសព្រហ្មទណ្ឌ។ ចំណែក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) មើលឃើញថា ច្បាប់ថ្មីនេះផ្ដល់សិទ្ធិអំណាចគ្មានដែនកំណត់ និងគ្មានការត្រួតពិនិត្យដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបអ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល។ អង្គការ Human Rights Watch ជឿថា ច្បាប់នេះនឹងជួយដល់លោក ហ៊ុន សែន ឱ្យកាន់អំណាចផ្តាច់ការយូរអង្វែងតទៅមុខទៀត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment