ដោយ យន់ សាមៀន
2020-03-31
rfa

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំងប្រទេសចិន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អ្នកវិភាគថា ការយាងចេញពីប្រទេសកម្ពុជារបស់ព្រះមហាក្សត្រទៅកាន់ប្រទេសចិន ព្រោះទ្រង់មិនចង់ចូលរួមបំផ្លាញជាតិជាមួយរបបក្រុងភ្នំពេញក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន។ អ្នកវិភាគលើកឡើងបែបនេះ ខណៈលោក ហ៊ុន សែន កំពុងស្វះស្វែងរកការគាំទ្រពីព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាអាសន្ន។
អ្នកវិភាគនយោបាយ និងសង្គមដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ សង្កេតឃើញថា នេះមិនមែនជាលើកទី១ ទេ ដែលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងចេញពីកម្ពុជានៅពេលរបបក្រុងភ្នំពេញធ្វើច្បាប់អ្វីមួយ ដែលមិនប្រយោជន៍ជាតិ ព្រោះរដ្ឋធម្មនុញ្ញមិនបានផ្ដល់សិទ្ធិអំណាចដល់ព្រះមហាក្សត្រអាចជំទាស់លើច្បាប់ ដែលរបបក្រុងភ្នំពេញស្នើនោះទេ។ លោក គឹម សុខ ថា គម្រោងធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន បានធ្វើឲ្យប៉ះទង្គិចដល់រាជហឫទ័យព្រះអង្គខ្លាំង។ ដូច្នេះ ព្រះអង្គមានតែយាងទៅក្រៅប្រទេស៖ «ការយាងទៅរបស់ព្រះមហាក្សត្រនៅក្នុងស្ថានភាព ដែលស្មុគស្មាញហ្នឹង គឺជាវិធី ដែលព្រះអង្គធ្វើ ដើម្បីគេចពីរួមគំនិតផ្សំឃុបឃិត ពួកដែលកំពុងប្រើប្រាស់ជាតិ ដើម្បីតែអំណាចផ្ទាល់ខ្លួន និងក្រុមគ្រួសារ»។
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងសម្ដេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមេសា ដើម្បីពិនិត្យព្រះរាជសុខភាព។ ទោះយ៉ាងនេះក្តីក្នុងព្រះរាជសារនោះមិនបានបញ្ជាក់ថា ព្រះអង្គនឹងយាងមកប្រទេសកម្ពុជាវិញនៅថ្ងៃណានោះទេ។ ព្រះរាជសារព្រះមហាក្សត្របញ្ជាក់ថា ក្នុងពេលអវត្តមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងមកធ្វើជាប្រមុខរដ្ឋស្ដីទី។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើហ្វេសប៊ុកថ្ងៃទី៣១ ខែមីនាថា ការដាក់ប្រទេសក្នុងភាពអាសន្ន គ្មានបានប្រយោជន៍អ្វីទេ គ្រាន់តែឆ្លុះបញ្ចាំងភាពស្លន់ស្លោរបស់ លោក ហ៊ុន សែន ដែលភ័យខ្លាច បាត់បង់អំណាច ពេលជំងឺ កូវីដ-១៩ កំពុងតែរាតត្បាត។ លោក សម រង្ស៊ី លើកឡើងទៀតថា បំណងពិតរបស់លោក ហ៊ុន សែន គឺរឹតត្បិតសិទ្ធិសេរីភាព ក្នុងការសម្ដែងមតិ របស់ពលរដ្ឋថែមទៀត រហូតដល់បិទទំព័រ Facebook របស់ អ្នក ដែល និយាយការពិត ហើយផ្ដល់គំនិតល្អៗ ជួយប្រជារាស្ត្រខ្មែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ន ផល្លា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និយាយថា ក្នុងស្ថានភាពដែលពលរដ្ឋខ្មែរកំពុងប្រឈមនឹងជំងឺកូវីដ-១៩ លោកចង់ឃើញព្រះមហាក្សត្រគង់នៅក្នុងប្រទេស ដើម្បីជាម្លប់ដល់ប្រជារាស្ត្រ និងកុំឲ្យរបបក្រុងភ្នំពេញធ្វើអ្វីស្រេចតែចិត្ត។ មន្ត្រីគណបក្សប្រឆាំងរូបនេះ ស្នើទៅរបបក្រុងភ្នំពេញព្យាយាមដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ឲ្យអស់លទ្ធភាពជាមុនសិនមុននឹងរៀបចំដាក់ប្រទេសក្នុងគ្រាអាសន្ន៖ «ពិតប្រាកដហើយ ដោយសារកន្លងទៅ ព្រះករុណាកន្លងទៅ លោកមិនមានសិទ្ធិអំណាចអ្វីសម្រាប់កិច្ចការប្រទេសនោះទេ ព្រះអង្គចាំតែឡាយព្រះហស្តលេខាតាមអ្វីលោក ហ៊ុន សែន ស្នើឡើងដូច្នេះ ព្រះអង្គមានព្រះទ័យមិនចង់ឃើញនូវអ្វីជាកំហុសជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនខ្មែរ។ អ៊ីចឹងព្រះអង្គសុខចិត្តយាងទៅពិនិត្យនៅខាងក្រៅ»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបើកប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សាច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន។ ជាទូទៅ នៅពេលរដ្ឋាភិបាលធ្វើច្បាប់អ្វីមួយ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញឯកភាពលើសំណើនោះ ដោយគ្មានការកែប្រែចំណុចណាមួយឡើយ ដែលទីបំផុតទៅព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្ដីទីនឹងប្រកាសឲ្យប្រើច្បាប់នោះ។
ព្រះបាទ នរោត្តម សីហមុនី ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក៏ប៉ុន្តែម្ដងម្កាលនៅពេលរដ្ឋាភិបាលធ្វើច្បាប់ណាមួយដែលប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ ទ្រង់ក៏យាងទៅប្រទេសចិនមុនកាលវិភាគរបស់ទ្រង់ផងដែរ។ កាលពីដើមឆ្នាំ២០១៨ ព្រះអង្គបានយាងចេញពីកម្ពុជាទៅគង់នៅទីក្រុងប៉េកាំងអស់រយៈពេលជាងមួយខែ ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ អ្នកវិភាគយល់ថា ព្រះរាជដំណើររបស់ព្រះអង្គនៅពេលនោះ គឺដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យក្នុងការឡាយព្រះហស្តលេខាលើការកែប្រែច្បាប់ទាំងនេះ។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងព្រួយបារម្ភថា នៅពេលរដ្ឋាភិបាលដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋាភិបាលនឹងយកលេសនេះធ្វើទុក្ខបុកម្នេញថែមទៀត លើសកម្មជនបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងអ្នកដែលមតិមិនស្របនឹងរដ្ឋាភិបាល៕
2 comments:
What's up with these two Hun Sen puppets?
Good question, Sir! They are flying off to Beijing for their regular [or irregular coronavirus test] medical check-up since they would never place their royal selves at risk by having the test/ health check done in their glorious Kingdom.
We can all rest assured that while they are away their thoughts and prayer are with and for their beloved Khmer people!
Post a Comment