Thursday, 16 April 2020

ប៉ូលិស​បញ្ជូន​លោក ជុំ ចាន់ ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង​​របស់​សង្គ្រោះ​ជាតិ​ទៅ​ពន្ធនាគារ​ព្រៃ​ស


ដោយ សុជីវី
2020-04-15

លោក ជុំ ចាន់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន នៅ​ស្រុក​ពាមរក៍ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០២០។
លោក ជុំ ចាន់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន នៅ​ស្រុក​ពាមរក៍ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០២០។
រូប៖ សកម្មជន​គណបក្សប្រឆាំង​ផ្ដល់​ឱ្យ




ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង​ គឺ​លោក ជុំ ចាន់ អះអាង​ថា ប៉ូលិស​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ប្ដី​របស់​លោក​ស្រី​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ ថ្ងៃ​ទី១៥ មេសា។ លោក​ស្រី​ហៅ​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស​នេះ​ ថា​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​បាន​ឡើយ។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ព្រៃវែង​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ជុំ ចាន់​ ត្រូវ​បាន​ប៉ូលិស​ក្រសួង​មហាផ្ទៃ​សហការ​ជា​មួយ​ប៉ូលិស​មូលដ្ឋាន​ចាប់​ខ្លួន​នៅ​​ស្រុក​ពាម​រក៍​ នៅ​ថ្ងៃ​ទី​១៣​មេសា ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ​ក្រោយ​ពេល​ចាប់​ខ្លួន។

ប្រពន្ធ​ជន​ជាប់​ឃុំ​ លោក​ស្រី​ ធន ស៊ី​នឿន ​ថ្លែង​​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ មេសា​ថា ​​​ប៉ូលិស​មូលដ្ឋាន​​បាន​បញ្ឆោត​ប្តី​លោក​ស្រី​ឱ្យ​ទៅ​ជួប​​​​​ពិភាក្សា​ការងារ​ជា​មួយ​អធិការ​នគរបាល​​ស្រុក​ពាម​រក៍​​នៅ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ព្រែកខ្សាយ​ខ​ ហើយ​ក៏​ស្រាប់​តែ​​ប៉ូលិស​ចាប់​ខ្លួន​ប្ដី​របស់​លោក​ស្រី​​​តែ​ម្ដង​។ លោក​ស្រី​បន្ថែម​ថា ​ចាប់​តាំង​ពី​ប៉ូលិស​ចាប់​ខ្លួន​ប្ដី​មក​ លោក​ស្រី​ទើប​តែ​​ទទួល​ដំណឹង​ថា​​​​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ ដោយសារ​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ឱ្យ​​លោក​ស្រី​ឱ្យ​ផ្ញើ​ប្រាក់​ ១០​ម៉ឺន​រៀល​ ដើម្បី​ចាយវាយ​នៅ​ក្នុង​ពេល​ជាប់​ឃុំ​។ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា ប្ដី​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ខ្ញុំ​អត់​យល់​ថា​គេ​ចាប់​ប្ដី​ខ្ញុំ​រឿង​អី​ទេ។ ខ្ញុំ​មិន​បាន​ទទួល​ទេវតា​ទេ​ចូល​ឆ្មាំ​ខ្មែរ​ឆ្នាំ​នេះ​ ព្រោះ​ខ្វល់​រឿង​ប៉ូលិស​ចាប់​ប្ដី​ដាក់​គុក។ ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​ប្ដី​ ហើយ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ​ ព្រោះ​ប្ដី​ខ្ញុំ​ជា​បង្គោល​ក្នុង​គ្រួសារ​ជួយ​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ខ្ញុំ​ពីមុន​មក​គ្រាន់​បាន​ប្រាក់ខែ​គ្រូបង្រៀន​អី​ខ្លះ​ ដល់​ពេល​គេ​លុយ​ឈ្មោះ​គ្រូបង្រៀន​របស់​ប្ដី​ខ្ញុំ​មក​ខ្ញុំ​អត់​មាន​​​ប្រាក់​ចំណូល​ទេ»។

តុលាការ​បាន​ចោទ​ប្រកាន់​​លោក ជុំ ចាន់ ចំនួន​ ៣បទ​ល្មើស គឺ​បទ​ រួមគំនិត​ក្បត់ជាតិ​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធា​ស្ដាប់​បង្គាប់​ ប្រព្រឹត្ត​ទៅ​រាជធានី​ភ្នំពេញ​ និង​កន្លែង​ផ្សេង​ទៀត អំឡុង​ខែ​មករា និង​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កូយ សៅ បាន​បញ្ជាក់​នៅ​ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១៣​មេសា​ថា​​​លោក ជុំ ចាន់ បន្ត​ធ្វើ​សកម្មភាព​ញុះញង់ និង​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​រហូត​មក​ទល់​ឆ្នាំ​២០២០។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ពីព្រោះ​ជន​ជាប់​ឃុំ​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ និង​ជា​អតីត​គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម ​១១​នាក់ ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​កន្លង​ទៅ​ ហើយ​គាត់​តែង​ចូល​រួម​ទាមទារ​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​គ្រូបង្រៀន​ដល់​ពួកគាត់​វិញ៖ «យើង​ឃើញ​គាត់​ជា​សកម្មជន​ដ៏​សកម្ម​ការ​ទាមទារ​​ទៅ​លើ​ផល​ប្រយោជន៍​ឬ​ក៏​ជា​​អតីតភាព​មន្ត្រី​រាជការ​​ស៊ីវិល​ដែល​គាត់​ធ្លាប់​មាន​តួនាទី​អី​ទាំង​អស់​ហ្នឹង​ ។ហើយ​ប្រសិន​ជា​ចាត់​វិធាន​ការ​ដើម្បី​បំបិទ​នូវ​​សំឡេង​ការ​ទាមទារ​តវ៉ា​តាម​ផ្លូវ​ច្បាប់​ដែល​កំពុង​តែ​ដំណើរ​ការ​រឿង​នេះ​នៅ​ក្នុង​តុលាការ​ស្រាប់​ផង​ វា​ជា​ការ​មួយ​បំបិទ​សិទ្ធិ ​សេរីភាព​ក្នុង​ទាមទារ​តវ៉ា​ទៅ​តាម​នីតិវិធី​ច្បាប់​ហ្នឹង​ហើយ»។

គិត​ត្រឹម​ថ្ងៃ​ទី​១៥ ​មេសា ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ​៨នាក់​ហើយ​ ដែល​​តុលាការ​ឃុំ​ខ្លួន​​​​អំឡុង​ពេល​​រាតត្បាត​ជំងឺ​កូវិដ១៩ ក្នុង​នោះ​មាន​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង និង​ជា​អតីត​សមាគម​គ្រូបង្រៀន​ឯករាជ​កម្ពុជា​ម្នាក់​ផង​គឺ​​លោក កែវ ថៃ​ ក្រោម​បទ​ចោទ​ប្រកាន់​​ដូចៗ គ្នា​ គឺ​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​ ញុះញង់​ឲ្យ​យោធា​មិន​ស្តាប់​បញ្ជា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ (ម១-ព្រៃស)៕

No comments: