Saturday, 25 April 2020

បក្ស​សង្គ្រោះ​ជាតិ​ថា ចំណុច​ខ្លះ​នៃ​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ


ដោយ ខែ សុណង
2020-04-24

RFA
លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
លោក​ អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​។
រូប៖ RFA




ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ចំណុច​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ មិន​មាន​ធម្មនុញ្ញភាព​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កំពុង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​នេះ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​ប្រមុខរដ្ឋ​ស្ដីទី ដើម្បី​ចុះ​ហត្ថលេខា។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មើល​ឃើញ​ថា មាត្រា​៥ ដែល​ចែង​អំពី​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ គឺ​ជា​ចំណុច​ដែល​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ ចំណែក លក្ខខណ្ឌ​​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទៀត​សោត លោក​ថា ​ចែង​ក្នុង​ន័យ​ទូលាយ​ពេក មិន​សម​ស្រប​នឹង​ស្ថានភាព​ជាក់​ស្ដែង។

លោក​ អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​ដើម្បី​ទុក​ការពារ​អំណាច​របស់​ខ្លួន តែ ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រយោជន៍​ជាតិ​នោះ​ទេ៖ «»

មាត្រា៥ នៃ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ ដក​ហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដូច​ជា​ ការ​ធ្វើ​ដំណើរ​ ការ​ជួប​ប្រជុំ ការ​ប្រមូល​ផ្តុំ និង​ការ​ប្រកប​មុខ​របរ​ជាដើម ព្រម​ទាំង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បណ្តាញ​សង្គម​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត មាត្រា​នេះ​បើក​ដៃ​ឱ្យ​រដ្ឋាភិបាល​​ធ្វើ​អ្វី​ក៏​​បាន​ឱ្យ​តែ​យល់​ថា សម​ស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ចំពោះ​ភាព​អាសន្ន រហូត​ដល់​​អាច​ប្រើ​កម្លាំង​ទ័ព​គ្រប់គ្រង​សភាពការណ៍​ទៀត​ផង។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​ មាន​តួនាទី​ត្រួតពិនិត្យ​មើល​ធម្មនុញ្ញភាព ឬ​ភាព​ត្រឹម​ត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ចំពោះ​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​។ ស្ថាប័ន​​នេះ បាន​កោះ​ហៅ​រដ្ឋ​មន្ត្រី​ថ្មី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល ដើម្បី​បំភ្លឺ​លើ​អត្ថបទ​ច្បាប់​នេះ​ នៅ​ថ្ងៃ​ទី២៤ មេសា។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ទាំងពីរ​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺ​លោក តាំង រតនា និង​លោក ព្រហ្ម វិចិត្រអក្ខរា ដើម្បី​សាកសួរ​អំពី​ដំណើរការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី២៤ មេសា ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

អ្នក​សិក្សា​ផ្នែក​ច្បាប់​ លោក វ៉ន ចាន់​ឡូត យល់ថា សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ ផ្ដល់​សិទ្ធិ​អំណាច​ច្រើន​លើសលប់​ដល់​រដ្ឋាភិបាល​​ ក្នុង​ការ​កម្រិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «»

ទោះ​ជា​មាន​ការ​ហៅ​តំណាង​រដ្ឋាភិបាល​ទៅ​បំភ្លឺ​លើ​អត្ថបទ​ច្បាប់​នេះ​ក៏​ដោយ ក៏​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​តាម​ដាន​ស្ថានការណ៍​ជឿ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នឹង​មិន​កែ​ប្រែ​ចំណុច​ណាមួយ​នោះ​ឡើយ ពីព្រោះ​ស្ថាប័ន​កំពូល​មួយ​នេះ​ ក៏ដូចជា រដ្ឋសភា និង​ព្រឹទ្ធសភា ដែរ គឺ​ចាំតែ​ប្រថាប់​ត្រា​លើ​សេចក្ដី​ព្រាង​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង ជឿ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក សាយ ឈុំ ព្រោះ​ព្រះមហាក្សត្រ​ ទំនង​ជា​មិន​សព្វ​ព្រះហឫទ័យ ចំពោះ​ច្បាប់​នេះ​ឡើយ ទើប​បាន​ជា​ទ្រង់​យាង​ទៅ​ប្រទេស​ចិន​ តាំងពី​ពេល​របប​ក្រុង​ភ្នំពេញ​រៀប​ចំ​ធ្វើ​ច្បាប់​នេះ​មក​ម្ល៉េះ៕

1 comment:

Anonymous said...

Cambodia's law is also known as " Chbab Kdor Ah Hun Sen". It is natural that this law is rude to Khmer people, but nice to his masters Yuon and Chen.