Thursday, 23 April 2020
អ្នកវិភាគថា៖ សេដ្ឋកិច្ចកម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងវីរុសកូរ៉ូណា
ដោយ អូន ភាព
2020-04-22
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូបហ្វេសប៊ុក លោក ហ៊ុន សែន
អ្នកវិភាគលើកឡើងថា ពួកគេសោកស្ដាយ ដែលរដ្ឋាភិបាលចិន ផ្ដល់ព័ត៌មានពិតនៃការឆ្លងវីរុសកូរ៉ូណា (Coronavirus) យឺតយ៉ាវ ដែលបានបណ្ដាលឱ្យជំងឺនេះរាតត្បាតពេញពិភពលោក ហើយបានសម្លាប់មនុស្សជិត ២សែននាក់។ ពួកគេថា ការមិនផ្តល់ព័ត៌មានច្បាស់លាស់ អំពីគ្រោះថ្នាក់នៃជំងឺ Covid-19 បណ្ដាលឱ្យ ពលរដ្ឋកម្ពុជារងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយនិងឃ្លាំមើលសង្គមលោកបណ្ឌិត មាស នី ប្រាប់អាស៊ីសេរីថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ (Covid-19) មក វិស័យសំខាន់ៗរបស់កម្ពុជា ដូចជា រោងចក្រកាត់ដេរ សហគ្រាសធុនតូច និងមធ្យម វិស័យទេសចរណ៍ ក្លឹបកម្សាន្ត ខារ៉ាអូខេ ព្រមទាំងកាស៊ីណូ សុទ្ធ តែទទួលផលអវិជ្ជមាន។
លោកបញ្ជាក់ថា ទីផ្សារនិងហាងលក់ទំនិញស្ទើរតែទាំងអស់នៅកម្ពុជា បានបិទទ្វារបន្តបន្ទាប់ ហើយអ្នកធ្វើការក្រៅប្រព័ន្ធកំពុងប្រឈមមុខទៅនឹងជីវភាពគ្រួសារយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធានាគារឯកជន បានកំពុងតែបង្ខំឱ្យពួកគេសងបំណុលរបស់ខ្លួន៖ «យើងដឹងហើយថា ពលរដ្ឋចិនរាប់រយលាននាក់បានធ្វើការចេញទៅធ្វើទេសចរណ៍នៅក្នុងប្រទេសដទៃក្នុងពិភពលោក ក្នុងរយៈពេលបួនប្រាំឆ្នាំហ្នឹង គឺច្រើនមែនទែនបាទ ដោយរួមមានទាំងប្រទេសកម្ពុជាផងដែរ»។
ជំងឺកូវីត១៩ នេះ (Covid-19) កើតឡើងដំបូងគេនៅទីក្រុងវូហាន ប្រទេសចិន តាំងពីដើមខែធ្នូឆ្នាំ២០១៩ ប៉ុន្តែប្រទេសកុម្មុយនិស្តមួយនេះ ទើបតែជូនដំណឹង ដល់អង្គការសុខភាពពិភពលោក (WHO) កាលពីដើមខែមករាឆ្នាំនេះ។ នេះបើតាមការអះអាងរបស់អង្គការសុខភាពពិភពលោក។
កត្តានេះហើយ បណ្ដាលឱ្យសហរដ្ឋអាមេរិកចោទអង្គការសុខភាពពិភពលោកថា មានភាពលម្អៀងទៅរកចិន ហើយជឿទៅលើតែរបាយការណ៍ របស់គណៈកម្មការសុខភាពជាតិ របស់ចិនខ្លាំងពេក។សហរដ្ឋអាមេរិកបានលើកឡើងថា ប្រទេសចិនមិនបានផ្តល់ព័ត៌មានច្បាស់លាស់ អំពីជំងឺកូវីដ១៩នេះទេ ដែលជាហេតុបណ្ដាលឱ្យប្រទេសរបស់ខ្លួន មិនបានត្រៀមខ្លួនជាមុនក្នុងការបង្ការវីរុសកូរ៉ូណានេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានព្រមានថា ប្រទេសចិនអាចប្រឈមនឹងផលវិបាក ប្រសិនបើប្រទេសនេះទទួលខុសត្រូវចំពោះការឆ្លងរាលដាលនៃវីរុសកូរ៉ូណានេះ ដោយសារការស្លាប់នៅអឺរ៉ុបដោយជំងឺ Covid-19 មានចំនួនជាង ១៧ ម៉ឺននាក់ (១៧១.២៤៩)។
ប្រទេសអូស្ត្រាលីក៏បានដាក់សម្ពាធទៅលើប្រទេសចិនផងដែរ។ ប្រទេសនេះបានទាមទារឱ្យមានការស៊ើបអង្កេតជាអន្តរជាតិ ទៅលើប្រភពដើមនៃវីរុសកូរ៉ូណានេះ ថា តើវាឆ្លងយ៉ាងដូចម្តេច។
លោកបណ្ឌិត មាស នី បារម្ភថា បើសិនជាជំងឺ Covid-19 នេះ បន្តរាតត្បាតយូរតទៅទៀត ទាំងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា និងប្រទេសដទៃទៀតក្នុងពិភពលោក អាចនឹងប្រឈមមុខកាន់តែធ្ងន់ធ្ងរឡើង ព្រោះប្រទេសមួយចំនួនបានប្រកាសក្ស័យធនជាបណ្ដើរៗហើយ៖ «ខ្ញុំមានជំនឿថា ផ្អែកទៅលើអ្វីដែលកើតឡើងបច្ចុប្បន្ន ដូចជាប្រទេសកម្ពុជាយើងជាអាថ៌ហ្នឹង គឺទោះបីជាជំងឺកូវីដ១៩ហ្នឹង ការរីករាលដាលមានសភាពយឺតហើយចំនួនអ្នកកើតនៅតិច ក៏ប៉ុន្តែបើយើងមើលវិបត្តិសេដ្ឋកិច្ចធំធេងណាស់ ហើយអ្វីដែលជារបាយការណ៍របស់ស្ថាប័នរបស់ពាណិជ្ជកម្មឬក៍ស្ថាប័នហិរញ្ញវត្ថុពិភពលោកបច្ចុប្បន្ន ក៏បានសារភាពហើយដែរថា សេដ្ឋកិច្ចពិភពលោកហ្នឹងបានធ្លាក់ដាំក្បាលចុះលឿនមែនទែន»។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងស្រុតចុះខ្លាំងបំផុត មិនធ្លាប់មានពីមុនមក ដែលអាចធ្លាក់មកនៅក្រោមសូន្យ គឺរហូតដល់ទៅដក ១,៦ ភាគរយ ក្នុង ឆ្នាំ២០២០ នេះ។ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ ខែមេសាថា លោកមិនយល់ស្របចំពោះការចោទប្រកាន់ទៅលើប្រទេសចិនថា បានលាក់ព័ត៌មានអំពីការឆ្លងជំងឺកូវីត១៩ទេ។ លោកបន្តថា នេះគ្រាន់តែជាការចោទប្រកាន់គ្មានភស្តុតាង ព្រោះមិនទាន់មានប្រភពណាបានស្រាវជ្រាវរកឃើញឯកសារច្បាស់លាស់ ដើម្បីដាក់បន្ទុកទៅលើប្រទេសចិននៅឡើយទេ៖ «រឿងបញ្ហាកូវីដនៅកម្ពុជានេះមិនមែនឆ្លងដោយជនជាតិចិនចូលមកកម្ពុជាទេ តែផ្ទុយទៅវិញគឺមកពីជនជាតិអឺរ៉ុប។ ក៏ប៉ុន្តែខ្ញុំយល់ថាដោយសារជំងឺកូវីដនេះវាផ្ទុះចេញពីទីក្រុងវូហាន ចេញពីចិនមែន ក៏ប៉ុន្តែប្រហែលជនជាតិទាំងអស់នោះ មកចម្លងចេញពីក្រុងវូហាន ហើយបន្តមកចូលកម្ពុជា ក៏ប៉ុន្តែបើនិយាយពីឆ្លងផ្ទាល់ជនជាតិចិនចូលមកកម្ពុជាហ្នឹងមិនមានករណីច្រើនទេ គឺមានតែម្នាក់គត់»។
លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនមានផែនការប្ដឹងប្រទេសចិនទេ ហើយពិភពលោកមិនអាចស្តីបន្ទោសទៅលើប្រទេសចិនបានឡើយ ព្រោះពេលនេះមិនមែនជាពេលវេលាចោទគ្នាទេ គឺត្រូវចេះរួមកម្លាំងគ្នាដើម្បីរកវ៉ាក់សាំងក្នុងការទប់ទល់មេរោគកូរ៉ូណានេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ មានប្រសាសន៍ថា ប្រទេសចិនជាអ្នកទទួលខុសត្រូវ ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណានេះ ដោយសារតែរដ្ឋាភិបាលនៃប្រទេសកុម្មុយនិស្តមួយនេះ មិនបានជូនដំណឹងដល់ពិភពលោក ដើម្បីឱ្យមានការប្រុងប្រយ័ត្នជាមុន។
លោកថា កម្ពុជានិងប្រទេសដ៍ទៃទៀត បានបណ្ដែតបណ្ដោយឱ្យជនជាតិចិនយ៉ាងច្រើន ចូលមកប្រទេសរបស់ខ្លួន ដោយសារតែមានផលប្រយោជន៍ធំជាមួយប្រទេសចិន ហើយមូលហេតុនេះ បានធ្វើឱ្យមានការឆ្លងរីករាលដាល វីរុសកូរ៉ូណាធ្ងន់ធ្ងរ នៅតំបន់អាស៊ីទាំងមូល៖ «ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ពិតជាមានប្រភពមកពីប្រទេសចិនមែន។ រដ្ឋាភិបាលចិនមានកំហុសលាក់ព័ត៌មានមិនបង្ហាញការពិតឱ្យពិភពលោកមានការប្រុងប្រយ័ត្នអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ហ្នឹង»។
មកទល់នឹងថ្ងៃទី២១ មេសា សហរដ្ឋអាមេរិក (USA) បានរកឃើញអ្នកផ្ទុកជំងឺកូវីត១៩ ចំនួនជាង ៧៨ ម៉ឺននាក់ (៧៨៨.១១០) និងស្លាប់ជាង ៤ម៉ឺន២ពាន់នាក់ (៤២.៣៧៤)។ ប្រទេសអេស្ប៉ាញ (Spain) មានអ្នកផ្ទុកជំងឺ ជាង ២០ ម៉ឺននាក់ (២០៤.១៧៨) និង ស្លាប់ជាង ២ ម៉ឺននាក់ (២១.២៨២)។ អីតាលី (Italy) មានអ្នកផ្ទុកជំងឺជាង ១៨ ម៉ឺននាក់ (១៨១.២២៨) និងស្លាប់ជាង ២ ម៉ឺន ៤ពាន់ នាក់(២៤.១១៤)។ ប្រទេសអាល្លឺម៉ង់ (Germany) មានអ្នកផ្ទុកជំងឺចំនួនជាង ១៤ ម៉ឺន ៧ពាន់ នាក់ (១៤៧.១០៣) និងស្លាប់ ជាង ៤ ពាន់ ៨រយ នាក់ (៤.៨៦២)។
ចំណែកនៅប្រទេសកម្ពុជាវិញមានអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១២២នាក់ ប៉ុន្តែមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ៕
Subscribe to:
Post Comments (Atom)
3 comments:
Don't listen to this communist. He is an uneducated liar.
This dog is barking again. Liar liar pants on fire.
Don't this Vietcong/Chinese puppet Mr. or Lork. Call him Ah Jong Rai!
Post a Comment