Saturday, 25 April 2020
អ្នកសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាក្នុងទិវាសេរីភាពសារព័ត៌មាន
ដោយ ខែ សុណង
2020-04-25
rfa
អតីតបុគ្គលិកអាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និងលោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយពីចេញពីសវនាការ នៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ កក្កដា ២០១៩។
Photo courtesy of Facebook Page KKKHRDA-Center
អ្នកកាសែតអាជីពមួយចំនួនត្អូញត្អែរថា សេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែរួមតូច ហើយស្ថាប័នឯករាជ្យកាន់តែតិច ខណៈច្បាប់ការពារសុវត្ថិភាពអ្នកសារព័ត៌មានកាន់តែចុះខ្សោយ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល ឆ្លើយតបថា សេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ ហើយអះអាងថា រាល់ការចាត់វិធានការលើស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន នាពេលកន្លងទៅគឺជាការអនុវត្តច្បាប់។
អ្នកសារព័ត៌មានឯករាជ្យមួយចំនួនអះអាងថា ពួកគេ នៅតែរងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចចំពោះការចាប់ខ្លួន និងការចោទប្រកាន់ដោយមិនសមទំនងពីសំណាក់អាជ្ញាធរ និងតុលាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
អ្នកសារព័ត៌មានសេរី (Freelancer Reporter) លោក វណ្ណ វិចារ បញ្ចេញមតិថា ស្ថានភាពសេរីភាពសារ ព័ត៌មាន មិនមានលំនឹងពិតប្រាកដនោះទេ ដោយពេលខ្លះតឹង និងពេលខ្លះធូរ អាស្រ័យទៅលើស្ថានភាពនយោបាយ។ លោកបន្តថា ស្ថានភាពបែបនេះ បានធ្វើឱ្យអ្នកសារព័ត៌មានបារម្ភពីការសរសេរព័ត៌មានស៊ីជម្រៅ និងការរឹតត្បិតខ្លួនឯងក្នុងការសរសេរព័ត៌មានមានច្រើនជាងមុន។ លោកពិនិត្យឃើញថា ក្រៅពី ប្រឈម នឹងសុវត្ថិភាពនោះ អ្នកកាសែតវិជ្ជាជីវៈ ក៏តែលតោលពិបាករកស្ថាប័នឯករាជ្យ ដើម្បីជ្រកកោន បំពេញការងារផងដែរ៖ «ពេលក៏តឹង ឧទាហរណ៍ថា កាលពីមុនខែវិច្ឆិកា ឆ្នាំ២០១៩ មានការប្រទាំងប្រទើសគ្នារវាងរដ្ឋាភិបាល និងគម្រោងវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ដូច្នេះ ធ្វើឱ្យអ្នកកាសែតស្រុកខ្មែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការរាយការណ៍នីមួយៗ ហើយជាក់ស្ដែងនៅថ្ងៃទី៩ វិច្ឆិកា ខ្ញុំរាយការណ៍នៅក្រុងប៉ោយប៉ែត ក៏កងរាជអាវុធហត្ថទៅសួរនាំអស់រាប់ម៉ោង។ នេះគឺជាផ្នែក មួយនៃការរារាំងព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ រួចពី៩វិច្ឆិកា ២០១៩នោះ ស្ថានភាពធូរស្រាលបន្តិច ស្រាប់តែមកដល់ជំងឺកូវីដ១៩ ស្ថានភាពតានតឹងទៅវិញ»។
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំ២០២០ ដែលត្រូវធ្វើឡើងនៅថ្ងៃទី៣ ឧសភា ខាងមុខនេះ លោក វណ្ណ វិចារ ស្នើសុំឱ្យភាគីពាក់ព័ន្ធជាពិសេស រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ធានាថា អ្នកសារព័ត៌មាននៅទូទាំងប្រទេស មានសេរីភាពពេញលេញក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ដោយពុំមានភាពភ័យខ្លាច ការគាបសង្កត់ និងការចោទប្រកាន់នានា ដូចមាត្រា៤១នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋមានសេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពជួបប្រជុំ៖ «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាជួយគិតទាំងអស់គ្នា និងគាំទ្រអ្នកកាសែតវិជ្ជាជីវៈទាំងអស់គ្នា ទាំងប្រជាជនផង អ្នករកស៊ីផង ទាំងសង្គមស៊ីវិលផង និងភាគី រដ្ឋាភិបាល ពីព្រោះថា អ្នកកាសែតអាជីព ត្រូវការផ្សាយព័ត៌មានគ្រប់ប្រភព មិនមែនផ្សាយតែមួយប្រភព ឬពីរប្រភពនោះទេ ឬមិនមែនផ្សាយជួយម្ខាង ហើយបង្អាប់ម្ខាងនោះទេ»។
ចំណែកអ្នកសារព័ត៌មាន វី.អូ.ឌី គឺ កញ្ញា ខាន់ លក្ខិណា និយាយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយ ។ កញ្ញាអះអាងថា អ្នកសារព័ត៌មានវិជ្ជាជីវៈនៅតែប្រឈមនឹងការការរើសអើង និងគំរាមកំហែងពីមន្ត្រីរដ្ឋាភិបាល នៅពេលចុះយកព័ត៌មាន៖ «បញ្ហាសំខាន់គឺខ្ញុំបារម្ភពីសុវត្ថិភាព ដោយសារតែខ្ញុំធ្វើការក្នុងស្ថាប័នដែលហ៊ាននិយាយពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ដូច្នេះពេលចុះទៅយកព័ត៌មានម្ដង មានការរើសអើង ដោយអាជ្ញាធរគិតថា យើងធ្វើការប្រឆាំងនឹងរដ្ឋាភិបាល។ការរើសអើងរបស់អាជ្ញាធរនេះធ្វើឱ្យសុវត្ថិភាពរបស់ខ្ញុំមានភាពផុយស្រួយ»។
អ្នកសារព័ត៌មានស្ត្រីរូបនេះ ថ្លែងបន្តថា នាងកាន់តែព្រួយបារម្ភខ្លាំងនៅពេលពិនិត្យឃើញថា ច្បាប់ និងគោលការណ៍មួយចំនួនដែលជួយការពារសុវត្ថិភាពអ្នកកាសែតនៅកម្ពុជា នៅមិនទាន់មានប្រសិទ្ធភាពក្នុងកិច្ចការពារអ្នកកាសែតខ្មែរនៅឡើយ។ កញ្ញាកត់សម្គាល់ថា អាជ្ញាធរ និងតុលាការ តែងតែយកក្រមព្រហ្មទណ្ឌទៅអនុវត្តជាមួយអំពើរបស់អ្នកសារព័ត៌មាន ដោយមិនបានអនុវត្តទៅ តាមច្បាប់ស្ដីពីរបបសារព័ត៌មាននោះទេ ដូចជាករណីចាប់ខ្លួននិងចោទប្រកាន់លើអ្នកកាសែត ឯករាជ្យនាពេលកន្លងមក៖ «ស្នើសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរទាំងអស់ ឈប់រើសអើងអ្នកសារព័ត៌មានដែលនិយាយការពិត។មួយទៀត បើអ្នកសារព័ត៌មានធ្វើខុស សូមឱ្យអនុវត្ត ទៅតាមច្បាប់ស្ដីពីរបបសារព័ត៌មាន កុំចោទប្រកាន់និងចាប់ខ្លួនអ្នកសារព័ត៌មានដោយយកច្បាប់ក្រមព្រហ្មទណ្ឌ»។
ចំណែក នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CAMBO-JA) លោក ណុប វី ទទួលស្គាល់ថា គិតចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលនេះ គឺមិនមានការប្រែប្រួលអ្វីជាដុំកំភួន ដែលបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ល្អប្រសើរនៅឡើយទេ។ លោកសង្កេតឃើញថា កន្លងមករដ្ឋាភិបាល គ្រាន់តែបង្ហាញឆន្ទៈចង់ឱ្យស្ថាប័នព័ត៌មានបរទេសផ្សាយជាភាសាខ្មែរ បើកការិយាល័យនៅកម្ពុជាឡើងវិញ និងអាចផ្សាយបន្តទៅវិទ្យុអេហ្វអឹម (FM)ក្តី ប៉ុន្តែមិនទាន់កើតឡើងជាក់ស្តែងនោះទេ។ មួយវិញទៀត លោក អះអាងថា ថ្វីដ្បិតតែមួយរយៈចុងក្រោយនេះ មិនមានករណី សម្លាប់អ្នកសារព័ត៌មានក្តី ប៉ុន្តែការចោទប្រកាន់ និងចាប់ខ្លួនដោយប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌ នៅតែកើនឡើង។ លោកកត់សម្គាល់ដែរថា មិនមែនមានតែអ្នកយកព័ត៌មាននោះទេ ដែលមានការប្រុងប្រយ័ត្ន ប៉ុន្តែប្រជាពលរដ្ឋ ឬអ្នកផ្តល់ព័ត៌មាន ក៏មានការប្រុង ប្រយ័ត្នខ្លាំងដែរចំពោះការបញ្ចេញមតិរបស់ពួកគេ។
រហូតមកដល់ពេលនេះ ស្ថាប័នតុលាការ ដែលរងការរិះគន់ថា ខ្វះភាពឯករាជ្យ មិនទាន់ទម្លាក់ចោល បណ្ដឹងទាំងឡាយដែលប្រឆាំងនឹងអ្នកសារព័ត៌មាននោះទេ។ ករណីទាំងនោះ ដូចជាករណីអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប និងអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលីពីររូប និងការបន្តឃុំខ្លួនសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ដែលអ្នកបកប្រែឱ្យសារព័ត៌មាន RT (Russia Today) ក្នុងការផលិតវីដេអូស៊ើបអង្កេត ''ម្ដាយខ្ញុំលក់ខ្ញុំ''ជាដើម។ ចំណែកអ្នកកាសែតវិជ្ជាជីវៈមួយចំនួនទៀត មិនត្រូវបានក្រសួងព័ត៌មានផ្ដល់ប័ណ្ណអ្នកសារព័ត៌មាន ដល់ពួកគេនោះឡើយ។
លោក ណុប វី មានប្រសាសន៍ថា ស្ថាប័នរដ្ឋាភិបាល គួរតែទម្លាក់ចោលបណ្ដឹងទាំងឡាយប្រឆាំង អ្នកសារព័ត៌មាន ផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័នព័ត៌មានដែលត្រូវបានដកហូតកន្លងមក ពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ហើយទង្វើខុសឆ្គងរបស់អ្នកសារព័ត៌មាន គួរតែអនុវត្តតាម ច្បាប់ស្ដីពីរបបសារព័ត៌មាន ដើម្បីធានាពីលំហនៃសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ លើកឡើងថា សេរីភាព សារព័ត៌មាននៅកម្ពុជា ត្រូវបានលើកកម្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈរលើមូលដ្ឋានថា ចំនួន ប្រព័ន្ធផ្សព្វផ្សាយ កាន់តែកើនឡើង និងមានវិសាលភាពផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយ គួរឱ្យគត់សម្គាល់ ហើយមានអ្នកសារព័ត៌មាន និងអន្តរជាតិជាច្រើន កំពុងបំពេញការងារនៅកម្ពុជា។
លោកបន្ថែមថា កម្ពុជាក៏មានច្បាប់ស្តីពីរបបសារព័ត៌មាន និងមានរដ្ឋធម្មនុញ្ញ គាំទ្រនិងលើកកម្ពស់ សិទ្ធិសេរីភាពអ្នកសារព័ត៌មានដែរ ជាពិសេស ក្រសួងរំពឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួល បានព័ត៌មាននឹងអាចអនុម័តដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២០នេះ។ ចំពោះករណីតុលាការប្រើប្រាស់ ក្រមព្រហ្មទណ្ឌទៅអនុវត្តលើអ្នកសារព័ត៌មានកន្លងមកនោះ លោក មាស សុភ័ណ្ឌ លើកឡើងថា វាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
ឆន្ទានុសិទ្ធិតុលាការ ត្រូវបានអ្នកសារព័ត៌មាន និងអ្នកច្បាប់ យល់ថា តុលាការមិនឯករាជ្យ ក៏ធ្វើឱ្យគេងាយចោទប្រកាន់អ្នកសារព័ត៌មានទៅតាមច្បាប់ផ្សេងៗបានដែរ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ចំនួនប្រព័ន្ធផ្សព្វផ្សាយច្រើននៅកម្ពុជា គឺមិនទាន់អាចឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយថា កម្ពុជាមាន សេរីភាពសារព័ត៌មានពេញលេញនោះទេ ហើយចំណាត់ការផ្លូវច្បាប់របស់តុលាការ កន្លងមកមិនបានផ្តល់តម្លៃដល់ច្បាប់ស្ដីពីរបបសារព័ត៌មាននោះទេ៖ «បើសិនស្ថាប័នទាំងនោះមិនទាន់មានឯករាជ្យភាពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយទេ ក៏មិនទាន់មានសេរីភាពពេញលេញដែរ ហើយយើងមើលមួយទៀត យើងមើលទៅលើរឿងចម្រុះភាព (Pluralism)នៃប្រពន្ធផ្សព្វផ្សាយទាំងអស់ ថា តើជាប្រពន្ធផ្សព្វផ្សាយដែលមានចម្រុះភាពទេ គាត់ផ្សាយអព្យាក្រឹត្យក៏មាន ផ្សាយនិន្នាការប្រឆាំងក៏មាន ផ្សាយគាំទ្ររដ្ឋាភិបាលក៏មាន ដូច្នេះតើក្នុងសង្គមយើងមានបែបចម្រុះនេះទេ»។
របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ១៤៤ ក្នុងចំណោមប្រទេសសរុបចំនួន ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះ មានន័យថា សេរី ភាពសារព័ត៌មាននៅកម្ពុជា អាក្រក់ជាងឆ្នាំមុនមួយកម្រិតទៀត ដោយសារ សេរីភាពសារព័ត៌មាននៅតែបន្តស្ថិតក្រោមការរឹតត្បិត ការគំរាមកំហែង ការចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារពីបទព្រហ្មទណ្ឌ និងការបង្កើតច្បាប់ថ្មី ដែលមានចរិតរឹតត្បិតសេរីភាពសារព័ត៌មានដូចជាច្បាប់ស្ដីពី ការដាក់ប្រទេសក្នុងភាពអាសន្នជាដើម។
អង្គការដដែលនេះ លើកឡើងថា គណបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន ដែលខ្លាចចាញ់ការបោះឆ្នោតក្នុងឆ្នាំ២០១៨ បានបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកមានសំឡេងមិនស្របរដ្ឋាភិបាល ហើយយុទ្ធនាការបង្ក្រាបនេះមិនបានបញ្ចប់ឡើយ ពោលគឺនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment