Sunday, 26 April 2020

ក្រុម​អ្នក​ការពារ​បរិស្ថាន​ថា ​អាជ្ញាធរ​បន្ត​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ស្វែង​រក​មុខ​ពួកគេ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់


ដោយ ជាតិ ចំណាន
2020-04-24
rfa
លោក ហេង ស្រស់ (ឆ្វេង) ជា​សកម្មជន​បរិស្ថាន និង​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ ពេល​ធ្វើ​យុទ្ធនាការ​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ដើម​ឈើ​ធំ​នេះ ត្រូវ​បាន​គេ​លួច​កាប់​រំលំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០។
លោក ហេង ស្រស់ (ឆ្វេង) ជា​សកម្មជន​បរិស្ថាន និង​ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ ពេល​ធ្វើ​យុទ្ធនាការ​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ដើម​ឈើ​ធំ​នេះ ត្រូវ​បាន​គេ​លួច​កាប់​រំលំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ២០២០។
រូប៖ RFA និង​សកម្មជន​បរិស្ថាន




ក្រុម​សកម្មជន​ព្រៃឈើ​ដែល​ចុះ​ល្បាត​រក​បទ​ល្មើស​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់ អះអាង ខាង​សមត្ថកិច្ច​ចម្រុះ មាន​ខាង​មន្ទីរ​បរិស្ថាន រដ្ឋបាល​ព្រៃ​ឈើ និង​កងរាជអាវុធហត្ថ នៅ​តែ​តាម​ស្វែង​រកមុខ​ និង​ចាប់​ខ្លួន​ពួក​គេ។ សង្គម​ស៊ីវិល​ យល់​ថា​ ប្រសិន​បើ​មាន​ការ​អនុវត្ត​បទ​បញ្ជា​បែប​នេះ គឺ​ធ្វើ​ផ្ទុយ​ពី​បំណង​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​តែងតែ​អំពាវនាវ​ដល់ ​អាជ្ញាធរ​ទាំងអស់​សហការ​គ្នា​ជាមួយ​ពលរដ្ឋ ​ដើម្បី​រក្សា​ការពារ​ព្រៃ​ឈើ​ឲ្យ​នៅ​គង់​វង្ស។

សកម្មជន​បរិស្ថាន​ ដែល​សកម្ម​រឿង​ព្រៃ​ឈើ លោក ហេង ស្រស់ ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​៤​ខេត្ត​ជុំវិញ​តំបន់​ព្រៃ​ឡង់ នៅ​តែ​បន្ត​ចុះ​ស្វែង​រក​តាម​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​៤​នាក់ ដែល​ចុះ​ល្បាត​និង​ប្រមូល​យក​ភស្តុតាង​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​តំបន់​របស់​ក្រុមហ៊ុន ស៊ីង បាយអូថិក (Think Biotech)។

លោក ហេង ស្រស់ ឲ្យ​ដឹង​ថា ក្រុម​លោក​ទទួល​បាន​ដំណឹង​អំពី​ការ​ស្វែង​រក​ចាប់​ខ្លួន​នេះ ពី​មន្ត្រី​បរិស្ថាន​ និង​មេការ​ក្រុមហ៊ុន ប៉ុន្តែ​ជា​សំណាង​ល្អ ពួក​គេ​ចាក​ចេញ​ពី​ព្រៃ​មុន​ពេល សមត្ថកិច្ច​ចុះ​ទៅ​ដល់៖ «រហូត​មក​ដល់​ម៉ោង​ គេ​នៅ​តែ​ព្យាយាម​បញ្ជូន​កម្លាំង​គេ​បន្ថែម​ពី​លើ​ទៀត ឲ្យ​ចូល​ទៅ​រក​ក្នុង​តំបន់​ព្រៃ​ឡង់​ហ្នឹង។ បើ​តាម​ដំណឹង​ហ្នឹង គឺ​មិន​សហការ​ទេ គឺ​គេ​ចូល​ទៅ​ចាប់​ខ្លួន​ពួក​ខ្ញុំ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ កុំ​ឲ្យ​ចូល​ទៅ​ថត​បទ​ល្មើស​ព្រៃឈើ នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។ វា​មាន ៥តំបន់​ដែល​ពួក​ខាង​ក្រុមហ៊ុន​បញ្ជា​ឲ្យ​កម្មករ​ចូល​ទៅ​កាប់​ ដែល​កំពុង​តែ​រក​ការ​កាប់​បំផ្លាញ​ពី​ក្រុមហ៊ុន ស៊ីង បាយអូថិក ហ្នឹង»។

សកម្មជន​បរិស្ថាន​វ័យ​ក្មេង​រូប​នេះ​ លើក​ឡើង​ថា ការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដល់ទៅ​៤​ខេត្ត​ តាម​ស្វែង​រក​មុខ​ក្រុម​អ្នក​ការពារ​ព្រៃឈើ គឺ​ជា​រឿង​មួយ​ដែល​មិន​ទំនង និង​គួរ​ឲ្យ​ងើយ​ឆ្ងល់​ជា​ខ្លាំង ព្រោះ​ពួក​លោក​ មិន​ជា​ជន​បទ​ល្មើស​ទៅ​កាប់​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ ដូច​ខាង​ក្រុមហ៊ុន​ទាំង​អស់​នោះ​ឡើយ៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ គាត់​គួរ​តែ​ខ្មាស​ដល់​សកម្មជន​ដែល​ពួក​គាត់​លះបង់​ទាំង​កម្លាំង​កាយ ទាំង​ថវិកា ទាំង​កម្លាំងចិត្ត ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា បែរ​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​ហ្នឹង មក​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​ព្រៃ​ឈើ ដូច​ជា​មាន​រូបភាព​ ការ​ចាប់​ចង ការ​គំរាមកំហែង។ ដូច​ជា​នៅ​តំបន់​ភ្នំ​ព្រេច កាល​នោះ​ បាន​ពលរដ្ឋ​ម្នាក់​ជួយ​ពួក​ខ្ញុំ​ទាន់​ពេល​ហ្នឹង​ គឺ​គេ​បាញ់​ពួក​ខ្ញុំ​ទៅ​ហើយ។ គេ​ភ្លយ​មាត់​ថា អូ​ពូ! បើ​មិន​មែន​ពូ បាញ់​បាត់​ហើយ។ នេះ​ជា​ភាសា​មួយ​ដែល​គំរាមកំហែង​ដល់​សកម្មជន​ដែល​ពួកគាត់​លះបង់​ដើម្បី​ការពារ​ព្រៃ​ឈើ និង​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក អេង ភីរុង អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី បាន​ទេ ដោយ​សារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ។

ទន្ទឹម​គ្នា​នេះ អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ លន់ សុផាត ប៉ុន្តែ​ត្រូវ​លោក​ចុច​ផ្ដាច់​ទៅ​វិញ នៅ​ពេល​ឮ​សំនួរ​ទាក់​ទង​នឹង​រឿង​នេះ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត ៣រូប​ទៀត អាស៊ី​សេរី មិន​អាច​ទាក់ទង​បាន​ទេ ដោយ​ហៅ​ចូល​ តែ​គ្មាន​អ្នក​ទទួល ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែង​ប្រាប់​អាស៊ី​សេរី​ថ្មីៗ នេះ​ថា ការ​ធ្វើ​យុទ្ធនាការ​ចុះ​ល្បាត​តំបន់​ព្រៃ​ឡង់​នេះ​ គឺ​ជា​សិទ្ធិ​របស់​សកម្មជន​បរិស្ថាន ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ច្បាប់។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក សឹង សែនកុរណា មានប្រសាសន៍​ថា ប្រសិន​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​តាម​ចាប់ខ្លួន​សកម្មជន​ព្រៃឈើ ដូច​តាម​ការ​លើក​ឡើង​មែន​ នោះ​គឺ​ជា​ការ​អនុវត្ត​បទ​បញ្ជា​ដែល​ធ្វើ​ផ្ទុយ ពី​បំណង​របស់ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែង​អំពាវនាវ​ដល់​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ​សហការ​គ្នា​ជាមួយ​ប្រជា​សហគមន៍ ដើម្បី​ទប់​ស្កាត់​រាល់​បទ​ល្មើស​ព្រៃ​ឈើ កុំ​ឲ្យ​បន្ត​កើត​មាន៖ «យើង​សូម​កោត​សរសើរ​ពួក​គាត់​ទៅ​វិញ​ទេ ដែល​ពួកគាត់​ហ៊ាន​លះបង់​ពេល​វេលា ដែល​ទៅ​ស្រាវជ្រាវ​រក​បទ​ល្មើស​ព្រៃឈើ​ទាំងអស់​ហ្នឹង ដែល​សមត្ថកិច្ច​យើង​ជា​ច្រើន​រូប​មាន​ការ​ទទួល​ខុស​ត្រូវ​តំបន់​ហ្នឹង មាន​ការ​ឆក់​ល្វែង​ អត់​បាន​ចុះ​ទៅ​ដល់​តំបន់​រំលោភ​បំពាន​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​អស់​ហ្នឹង គួរតែ​មានការ​លើក​ទឹក​ចិត្ត​ និង​កោត​សរសើរ​ពួកគាត់​វិញ​ ទើប​ជា​រឿង​ល្អ។ ផ្ទុយ​ពី​ហ្នឹង គួរ​តែ​មាន​ការ​សហការ​គ្នា​ដើម្បី​ទប់​ស្កាត់​ ចាប់​ជនល្មើស​ប្រព្រឹត្ត​បទ​ល្មើស​ ទាំង​អស់​ហ្នឹង​ យក​ទៅ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ វា​ជា​រឿង​គួរ​ធ្វើ​ និង​ត្រឹមត្រូវ​បំផុត ដែល​សាធារណជន​ សាទរ​ រវាង​កិច្ច​សហការ​ហ្នឹង និង​ការ​បំពេញ​តួនាទី​របស់​សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​តំបន់​ហ្នឹង នោះ​ជា​រឿង​ល្អ​បំផុត​ដែល​សង្គម​ស៊ីវិល​យើង​ចង់​ឃើញ»។

ក្នុង​ពេល​ចុះ​ល្បាត​ព្រៃ​ឡង់​២យប់​៣ថ្ងៃ​កន្លង​មក​នេះ ក្រុម​សកម្មជន​បរិស្ថាន រក​ឃើញ​ឈើ​មូល​ធំ​ៗ ប្រមាណ​ជាង ២​ពាន់​ដើម ដែល​បាន​ត្រូវ​គេ​កាប់​ផ្ដួល​ចោល នៅ​៥​ចំណុច​ផ្សេង​គ្នា ហើយ​ឈើ​ទាំង​នោះ​ភាគ​ច្រើន ជា​ឈើ​ដែល​អ្នក​ស្រុក​ដុត​យក​ជ័រ​ទឹក​លក់ ។ ពួកគេ​បាន​ថត​រូបភាព ​និង​វីដេអូ ទុក​ជា​ភស្តុតាង ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ច្បាប់ ចុះ​បិទ​ក្រុមហ៊ុន​អារ​ឈើ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

ក្រុម​សកម្មជន​ព្រៃ​ឈើ​ សង្ស័យ​លើ​អាជ្ញាធរ​ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក ពី​ក្រុមហ៊ុន​ព្រៃ ទើប​បាន​ជា​ព្យាយាម​ស្វែង​រក​ចាប់ខ្លួន​ពួក​គេ នៅ​ក្នុង​ព្រៃ​ឡង់ ដើម្បី​បិទ​បាំង​ភាព​មិន​ប្រក្រតី នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ៕

1 comment:

Anonymous said...

Cambodia's law is also known as " Chbab Kdor Ah Hun Sen". It is natural that this law is rude to Khmer people, but nice to Hun Sen's masters Yuon and Chen.