Thursday 30 April 2020
ភ្លើងឆេះព្រៃនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងងាប់សត្វស្វាអស់ជាច្រើនក្បាល
ដោយ ឡេង ម៉ាលី
2020-04-29
rfa
ទិដ្ឋភាពភ្លើងឆេះព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
រូប៖ សហគមន៍នេសាទស្ដីក្រោមរហាលសួង
ភ្លើងឆេះព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង រយៈពេល២ថ្ងៃជាប់គ្នា ហើយបានបំផ្លាញព្រៃសហគមន៍នេសាទមួយកន្លែង និងងាប់សត្វស្វាអស់ជាច្រើនក្បាល។ មន្ត្រីសហគមន៍នេសាទនៅតំបន់នោះ អះអាងថា ភ្លើងឆេះព្រៃនេះដោយសារមានមនុស្សលួចដុះព្រៃទន្ទ្រានយកដី ហើយអាជ្ញាធរពុំទាន់ចាប់ជនល្មើសមកផ្ដន្ទាទោសនៅឡើយ។
ប្រធានសហគមន៍នេសាទស្ដីក្រោមរហាលសួង លោក ភី ហឿត ថ្លែងនៅរសៀលថ្ងៃទី២៩មេសាថា ជនល្មើសលួចដុតព្រៃនៅក្បែរបឹងអភិរក្សក្នុងសហគមន៍របស់ពួកលោក បណ្ដាលឱ្យឆេះអស់ព្រៃប្រមាណ៣០ហិកតារ ដែលជាព្រៃលិចទឹកដ៏សំខាន់ចុងក្រោយរបស់ស្រកឯកភ្នំ ពីព្រោះព្រៃនេះជាជម្រកត្រីពងកូន ជម្រកសត្វស្វា ពស់ អណ្ដើក និងសត្វស្លាបជាច្រើនប្រភេទ៖ «ខ្ញុំសោកស្ដាយនិយាយមិនចេញទេ មិនថាធ្វើយ៉ាងម៉េចពន្លត់ភ្លើងបាន ហើយយើងក៏អស់សង្ឃឹមដែរ ព្រោះយើងខំការពារថែរក្សាមេពូជត្រីនៅកន្លែងហ្នឹង ដោយសង្ឃឹមមានព្រែមានត្រីបន្តពូជពង់ឱ្យកូនចៅជំនាន់ក្រោយវាបានហូប បានស្គាល់បានដឹង។ អ្នកនេសាទបានត្រីពេលរដូវវស្សាវាពងកូនចេញទៅ ដល់ឥឡូវយើងអស់សង្ឃឹមទាំងស្រុងបណ្ដោយ។យើងមិនដឹងថាគិតយ៉ាងម៉េចទេ ការសោកស្ដាយវាធំធេងពេកនិយាយមិនរួចនាំគ្នាអង្គុយឈប់មើលភ្លើងឆេះស្រងូតស្រងាត់»។
លោកបន្តថា ភ្លើងឆេះព្រៃខ្លាំងចាប់ពីថ្ងៃទី២៨ រហូតមកទល់ពេលនេះមិនទាន់រលត់អស់នៅឡើយទេ។ លោកបន្ថែមទៀតថា ភ្លើងឆេះព្រៃនេះ ដោយសារមនុស្សដុតព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅក្បែរសហគមន៍នេសាទរបស់ពួកលោក ហើយពួកលោកបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយទប់ស្កាត់ដែរ ក៏ប៉ុន្តែពុំមានដំណោះស្រាយឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា ប្រាប់អាស៊ីសេរីថា
លោកបានបញ្ជូនមន្ត្រីរបស់លោកចុះទៅស្រង់ស្ថិតិនិងស្រាវជ្រាវរកជនល្មើសរួចហើយ។ លោកបន្តថា ប្រសិនបើចាប់អ្នកលួចដុតព្រៃលោកបាន លោកនឹងចាត់វិធានការតាមផ្លូវច្បាប់៖ «បាទ! ទីមួយយើងរកជនល្មើស ទី២យើងត្រូវស្រាវជ្រាវរកផ្ទៃដីដែលបាត់ហ្នឹង ដើម្បីឱ្យដឹងតួលេខពិតប្រាកដ ហើយបើសិនជាមានអ្នករុករានណាមួយទៅភ្ជួរដី យើងនឹងដាក់វិធានការឃ្លាំមើលចាំចាប់ហើយ។ជាពិសេសគឺយើងចង់ចាប់ជាងគេគឺចាប់យកគ្រឿងចក្រហ្នឹងឱ្យបានទោះបីមនុស្សរត់ក៏ដោយ បើយើងចាប់បានគ្រឿងច្រកយើងងាយស្រួលបង្កជាសំណុំរឿងដាក់ទៅតុលាការបាន»។
លោកបន្ថែមថា នៅឆ្នាំ២០២០ នេះ ភ្លើងឆេះព្រៃលិចទឹកអស់ប្រហែល ១ពាន់ (១.០០០)ហិកតារ ក្នុងចំណោមដីព្រៃលិចទឹកប្រមាណ ២០ម៉ឺន (២០០.០០០)ហិកតារក្នុងខេត្តបាត់ដំបង។
ចាប់ពីឆ្នាំ២០១៥ មកទល់ពេលនេះភ្លើងឆេះព្រៃក្នុងតំបន់បឹងទន្លេសាបខេត្តបាត់ដំបងអស់ព្រៃប្រមាណ ៩ពាន់ (៩,០០០)ហិកតារ។ ប៉ុន្តែលោក ភី ហឿត អះអាងថា សព្វថ្ងៃនៅតំបន់បឹងទន្លេសាបក្នុងខេត្តនេះពុំមានព្រៃក្រាសនោះទេ ដោយមានតែវាលស្មៅ និងដើមឈើដុះរដិបរដុបរាយប៉ាយ បណ្ដាលឱ្យសត្វស្វាគ្មានទីជម្រកក្នុងរដូវប្រាំង ហើយស្វាច្រើនក្បាលបានមករស់នៅក្នុងព្រៃសហគមន៍របស់លោកទៀតផង។លោកថា កន្លងមកអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់ទីកន្លែងកើតហេតុដែរ ក៏ប៉ុន្តែពុំមានចំណាត់ការនោះទេ ទើបបណ្ដាលឱ្យជនល្មើសមិនខ្លាចច្បាប់ ហើយនាំគ្នាលួចដុតព្រៃយកដីជាបន្តបន្ទាប់៕
ទិដ្ឋភាពភ្លើងឆេះព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ រូប៖ សហគមន៍នេសាទស្ដីក្រោមរហាលសួង
ស្វានៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប ក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដែលប្រឈមនឹងភ្លើងឆេះព្រៃ។ រូប៖ សហគមន៍នេសាទស្ដីក្រោមរហាលសួង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment