Thursday, 16 April 2020

រដ្ឋាភិបាល​មិនទាន់​បើកប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​ព្យួរ​ការងារ​តាម​ការសន្យា


ដោយ ខែ សុណង
2020-04-15

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ផ្ដល់​បទសម្ភាសន៍​ កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA



សមាគម​ថៅកែ​រោងចក្រ​អះអាង​ថា វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ដែល​សន្យា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​៧០​ដុល្លារ ក្នុង​អំឡុងពេល​ព្យួរ​ការងារ​នោះ មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​វិធានការ​ចាស់​ដែល​តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០​ភាគរយ​នោះ គឺ​បាន​អនុវត្ត​រួចហើយ​។ ក្រុម​កម្មករ ទទួល​ស្គាល់​ថា មក​ដល់​ពេល​នេះ ពួកគេ​ទទួល​បានតែ​ប្រាក់ឧបត្ថម្ភ​ពី​ខាង​រោងចក្រ​ខ្លះ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​តាម​ការសន្យា​ទាំង​ពីរ​លើក​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា​ថា រោងចក្រ មិនទាន់​ចាប់ផ្ដើម​អនុវត្ត​វិធានការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៧០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ​ដែល​រង​ការ​ព្យួរ​ការងារ​បណ្ដោះអាសន្ន​ដោយសារ​ជំងឺ​កូវីដ​-១៩​នេះ ដោយសារតែ​ក្រសួង​ការងារ​មិនទាន់​ចេញ​សេចក្ដី​ប្រកាស​នៅ​ឡើយ​។ លោក​បន្ត​ថា ថៅកែ​រោងចក្រ​កាត់ដេរ យល់ព្រម​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ថ្មី​របស់​រដ្ឋាភិបាល៖ «អត់​ទាន់​អនុវត្ត​ទេ​ព្រោះ​យើង​ចាំ​ប្រកាស​របស់​ក្រសួង​ការងារ អត់​ទាន់​ប្រកាស។ មិនមែន ៣០​ភាគរយ​ទេ គឺ​៣០​ដុល្លារ​។ រឿង​នេះ​គឺជា​អនុសាសន៍​របស់ រដ្ឋាភិបាល យើង​ត្រូវតែ​ទទួល​ស្គាល់​ហើយ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋាភិបាល»។

កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា រដ្ឋាភិបាល ប្រកាស​ថា កម្មករ​រោងចក្រ​ដែល​ត្រូវ​ព្យួរ​ការងារ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៧០​ដុល្លារ ដោយ​ក្នុង​នោះ រដ្ឋាភិបាល​រួមចំណែក​៤០​ដុល្លារ ហើយ​ថៅកែ រោងចក្រ​ត្រូវ​ចេញ​៣០​ដុល្លារ​។ វិធានការ​ថ្មី​នេះ មិន​តម្រូវ​ឱ្យ​កម្មករ​ចុះឈ្មោះ និង​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​នោះ​ទេ​។​

លោក ខេន លូ ថ្លែង​ថា មក​ទល់​ពេល​នេះ លោក​មិនទាន់​ដឹង​ថា មាន​រោងចក្រ​ប៉ុន្មាន​បាន​ដាក់​ពាក្យ សុំ​ព្យួរ​ការងារ​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា សម្រាប់​រោងចក្រ​ដែល​បាន​សុំ​ព្យួរ​ការងារ​នៅមុន​សេចក្ដី​សម្រេច​ថ្មី​របស់​រដ្ឋាភិបាល​នេះ គឺ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ចាស់​របស់​រដ្ឋាភិបាល​។ សេចក្ដី​ណែនាំ​ចាស់​នោះ គឺ​កម្មករ​ដែល​ថៅកែ​ព្យួរ​ការងារ អាច​ទទួល​បាន​ប្រាក់​ឈ្នួល ៦០​ភាគរយ​នៃ​ប្រាក់ ខែ​គោល​របស់​ពួកគេ ១៩០​ដុលា្លរ ក្នុង​នោះ​ថៅកែ​ចេញ​៤០​ភាគរយ រដ្ឋាភិបាល​ចេញ​២០ ភាគរយ ប៉ុន្តែ​ដើម្បី​បាន​ប្រាក់​២០​ភាគរយ​របស់​រដ្ឋាភិបាល គឺ លុះត្រាតែ​កម្មករ ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ៖ «រោងចក្រ​ដែល​ព្យួរ​ហើយៗ គេ​ដើរ​តាម​អនុសាសន៍​ចាស់​មានន័យ ថា បង់​៤០​ភាគរយ​នៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា»។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​រូប​នេះ ថ្លែង​បន្ត​ថា ពេល​នេះ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅតែ​បន្ត​ជួប​ការ​លំបាក​រឿង​ខ្វះ​ទីផ្សារ​នាំចេញ​ផលិតផល​ដដែល ដោយសារតែ​ហាង​ទំនិញ​ធំៗ នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក ត្រូវ​បិទទ្វារ​ដោយសារតែ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩៖ «ផលវិបាក​ថា យើង​បាត់​ទីផ្សារ​មកពី​អ្នកបញ្ជា​ទិញ​នៅ​អាមេរិក និង​នៅ​អឺរ៉ុប​គេ​អត់​ទទួលស្គាល់​កិច្ចសន្យា​ដែល​ដាក់​កន្លងមក​ឱ្យ​យើង ផលិត​។​អីវ៉ាន់​ដែល​យើង​ផលិត ហើយ​គេ​អត់​ទទួលយក​ទេ ហើយ​អីវ៉ាន់​ដែល​កំពុង​ផលិត​អត់​ឱ្យ​យើង​ផលិត​តទៅទៀត។ អ៊ីចឹង​មាន ន័យ​ថា គេ​អត់​ទទួលស្គាល់​ទេ គេ​អត់​បើក​លុយ​ឱ្យ​យើង​ទេ ហើយ​សួរ​ថា បើ​ភ្ញៀវ​យើង​អត់​បើក​លុយ ឱ្យ​យើង តើ​រោងចក្រ​មាន​លុយ​ណា​បើក​ឱ្យ​កម្មករ»។

ទាក់ទង​នឹង​បញ្ហា​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ លោក សេង សក្តា និង​អគ្គនាយក​អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ លោក ឡៅ ហ៊ីម បានទេ ដោយ​ទូរស័ព្ទ ចូល​ជា​ច្រើនដង តែ​ពុំ​មាន​អ្នក​ទទួល។

តំណាង​កម្មករ​រោងចក្រ គ្រីស្ដាល់ ម៉ាទីន (Crystal martin) នៅ​ក្នុង​សួន​ឧស្សាហកម្ម 7NG ស្ថិត​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល លោក ទិត រ៉ុន រៀបរាប់​ថា រោងចក្រ​ដែល​លោក​កំពុង​ធ្វើ​ការ បាន​ចាប់​ផ្តើម​ផ្អាក​ការងារ​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មីនា មក។ លោក​បន្ត​ថា ក្រោយ​ពេល​ផ្អាក ការងារ​បណ្ដោះអាសន្ន​ភ្លាម គឺ​រោងចក្រ​បាន​បើកប្រាក់​ឧបត្ថម្ភ​ឱ្យ​កម្មករ សម្រាប់​រយៈពេល​ពីរ​ខែ​ដោយ ក្នុង​មួយ​ខែ​ចំនួន ៤០​ភាគរយ ស្នើ​នឹង​៧៦​ដុល្លារ​។ ចំណែក​ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ដែល​សន្យា ផ្ដល់​បន្ថែម​២០ ភាគរយ​នោះ គឺ​មិនទាន់​ទទួល​បាន​នោះ​ទេ៖ «ជាក់ស្ដែង​លុយ​ខាង​ក្រុមហ៊ុន ៤០​ភាគរយ ក្នុង​មួយ​ខែ​នឹង គឺ​បាន​រយៈពេល​ពីរ​ខែ​ទាំង​អស់​វា ៨០​ភាគរយ តែ​លុយ​រដ្ឋាភិបាល​អត់​ទាន់​បានទេ។ គេ​ថា ឱ្យ​ពួក​ខ្ញុំ​ទៅ​រៀន​វគ្គ​ជំនាញ​ទន់​(Soft Skill) មួយ​សប្ដាហ៍ តែ​មកដល់ពេលនេះ​អត់​ឃើញ​ហៅ​ពួក​ខ្ញុំ​ទៅ​បង្រៀន​ទេ»។

កម្មករ​រូប​នេះ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្លឿន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ២០​ភាគរយ​ដែល​បាន​សន្យា​នោះ ដោយ​មិន​ចាំបាច់​តម្រូវ​ឱ្យ​កម្មករ​ចុះឈ្មោះ​ចូលរៀន​វគ្គ​ខ្លះ​ខ្លី​ទៀត​នោះ​ទេ៖ «ជា​យោបល់​របស់ខ្ញុំ​ទោះបី​កម្មករ​ទៅ​រៀន​វគ្គ​ជំនាញ​ទន់​រយៈពេល ៧​ថ្ងៃ ក៏​មកវិញ​ធ្វើ​អី​អត់​កើត​ដែរ សូម្បីតែ​រៀន​ធ្វើ​ក្រចក ក៏​មិនមែន​រៀន​មួយ​សប្ដាហ៍​ចេះ​ដែរ ដូច្នេះ រដ្ឋាភិបាល គួរតែ​ផ្តល់​ប្រាក់​២០​ភាគរយ​នោះ ឱ្យ​ដល់​កម្មករ​ឱ្យ​ដូច​រោងចក្រ​អ៊ីចឹង​ទៅ ព្រោះ​កម្មករ​ម្នាក់ ៗ​អត់​ពេញចិត្ត​ទៅ​រៀន​ហើយ​ទេ ហើយ​ពួកគាត់​ពិបាក​ណាស់ ត្រូវ​ការ​លុយ​ចំណាយ​សម្រាប់​ក្រុម គ្រួសារ ហើយ​កម្មករ​ស្ទើរ​តែ​៩៩​ភាគរយ​ហើយ​ដែល​ជំពាក់​ធនាគារ»។

ចំណែក​កម្មការិនី​រោងចក្រ​ដេរ​ខោ​ខូវបយ នៅ​ខណ្ឌ​ដង្កោ លោកស្រី ពៅ លីនណា និយាយ​ថា ថៅកែ​រោងចក្រ បាន​ព្យួរ​ងារ​កម្មករ ចាប់​តាំង​ពី​ដើមខែ​មេសា​មក ហើយ​បាន​សន្យា​ថា នឹង​បើកប្រាក់​ខែ​ឱ្យ ៤០​ភាគរយ​សម្រាប់​កម្មករ​ម្នាក់ៗ​រយៈ​ពីរ​ខែ​ដែរ។ លោកស្រី​បន្ត​ថា ចំពោះ​ប្រាក់​២០​ភាគរយ របស់​រដ្ឋាភិបាល​នោះ គឺ​ក្រុម​កម្មករ មិន​ទាន់​ដឹង​ថា នឹង​ទទួល​បាន​ពេលណា​នោះ​ទេ៖ «ប្រាក់​៤០​ភាគរយ​នោះ​គេ​ឱ្យ​តើ តែ​ខែ​នេះ ខ្ញុំ​នៅ​បើកប្រាក់​ខែ​ដែល ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​១៦​នេះ​សិន ហើយ​នៅ​ពេល​ចូល​ដល់​ខែក្រោយ​បន្ទាប់​ទៀត នៅ​ពេល​ថ្ងៃ​ទី​១០ ទើប​គេ​បើក​ឱ្យ​យើង​ទៀត គឺ​នៅ​ថ្ងៃ​ទី​១០ រហូត»។

កាលពី​សប្ដាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែ​មេសា គឺ មាន​រោងចក្រ​ជាង​១០០​ហើយ ដែល​បាន​បិទ​ទ្វារ ប៉ុន្តែ​លោក​ពុំបាន​បង្ហាញ​ពី​ចំនួន​កម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរ​ការងារ​នោះ​ទេ​។ លោក ហ៊ុន សែន បញ្ជាក់​ថា ថា មាន​មូលហេតុ​ធំៗ​២ ដែល​រោង ចក្រ​ទាំងនោះ បាន​បិទទ្វារ គឺ​ទី​១ ខ្វះ​វត្ថុ​ដើម និង​ទី​២ អ្នកបញ្ជា​ទិញ លុបចោល​ការទិញ។

ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កម្ពុជា ហៅ​កាត់ ស៊ីខៅឌូ លោក គង់ អាទិត្យ ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ នៅ​មានការ​រោងចក្រ​ខ្លះ​ចាប់ផ្ដើម​ព្យួរ​ការងារ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​ឃើញ​អនុវត្ត​នូវ​វិធានការ​ថ្មី​ដែល​កាត់បន្ថយ​អត្ថប្រយោជន៍​ឱ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ពី​៦០​ភាគរយ (​ប្រហែល​ជិត​១២០​ដុល្លារ​) មក​នៅ​ត្រឹម ៧០​ដុល្លារ​វិញ​នៅ​ឡើយ​ទេ។ ទោះជា​យ៉ាងណា លោក និង​ថ្នាក់ដឹកនាំ​សហជីព​ផ្សេង​ទៀត នៅតែ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល រក្សា​ការ​ផ្ដល់​ប្រាក់​ឈ្នួល ៦០​ភាគរយ ជូន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ដដែល និង​ទាមទារ​ឱ្យ​រក្សា​ការ​ផ្ដល់​ប្រាក់​ឈ្នួល​៦០​ភាគរយ​នេះ ដល់​កម្មករ ក្នុង​វិស័យ​ផ្សេងទៀត ដូចគ្នា​ដែរ៖ «ប្រាក់​៧​ដុល្លារ​នេះ គឺ​វា​មាន​ចំនួន​តិច​ណាស់ ព្រោះ​កម្មករ តែ​ប្រាក់ខែ​គាត់​ធម្មតា មិន​អាច​រស់​បាន​ផង ទម្រាំ​តែ​តិច​អ៊ីចឹង​ទៀត គឺ​ពិបាក​មែនទែន​។ រដ្ឋាភិបាល គួរតែ​ជួយ​កម្មករ​ឱ្យ​មាន​លក្ខណៈ​សមរម្យ​ជាង​នឹង​ទៀត ក៏​ល្អ​ដែរ​តាម​សំណើ​ពួកខ្ញុំ។ ៧០​ដុល្លារ​នេះ តិច​មែនទែន យើង​ដឹង​ហើយ​ថា គាត់​ចំណាយ​លើ​ធនាគារ​ផង ថ្លៃ​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ផង ថ្លៃ​ហូបចុក ផង​។​បើ​គិត​ទៅ​ថា ពីរ​ខែ​បាន​លុយ​១៤០​ដុល្លារ គឺ​វា​ពិបាក​មែនទែន»។

លោក គង់ អាទិត្យ ទទួល​ស្គាល់​ថា មាន​រោងចក្រ​មួយ​ចំនួន​ដែល​បាន​បិទទ្វារ​កន្លងមក បាន​ផ្ដល់​ប្រាក់​ឈ្នួល ៤០​ភាគរយ​ដល់​កម្មករ​រួចហើយ នៅឡើយ​តែ​ខាង​ភាគី​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន ផ្ដល់​ប្រាក់​២០​ភាគរយ​នោះ​។ មេដឹកនាំ​សហជីព​រូប​នេះ ក៏​មិនទាន់​ដឹង​ថា មាន​រោងចក្រ​ប៉ុន្មាន​កំពុង បិទទ្វារ ហើយ​មាន​កម្មករ​ប៉ុន្មាន​នាក់​រង​ប៉ះពាល់​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។

ក្រុម​កម្មករ​លើកឡើង​ថា រដ្ឋាភិបាល ហាក់​ដូច​ជា​គ្មាន​ផែនការ​ជួយ​ដល់​ពួកគេ​ច្បាស់លាស់​នោះ​ឡើយ គឺ​បាន​ត្រឹម​តែ​ប្រកាស​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ពីព្រោះ​សូម្បីតែ​លិខិត​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​នោះ ក៏​ពួកគេ​មិន​ទាន់​ទទួល​បាន​ដែរ៕

No comments: