Saturday, 25 April 2020
ពលរដ្ឋខ្មែរដែលជាប់នៅម៉ាឡេស៊ីនៅតែទទូចសុំរដ្ឋាភិបាលបើកឱ្យពួកគេចូលកម្ពុជាវិញ
ដោយ ខែ សុណង
2020-04-24
គ្រូពេទ្យកំពុងបូមឈាមអ្នកជំងឺយកទៅធ្វើតេស្តរកមេរោគវីរុសកូរ៉ូណា ដែលបង្កជំងឺកូវីដ-១៩ (Covid-19)។
រូប៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)
ប្រជាពលរដ្ឋខ្មែរ ១៥០នាក់ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ហាមមិនឱ្យចាកចេញពីប្រទេសម៉ាឡេស៊ីចូលកម្ពុជា ដោយលោកសំអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ ត្អូញត្អែរថា ពួកគេមួយចំនួន បានសុំកន្លែងស្នាក់នៅជាមួយគេតែមួយរយៈ និងប្រឈមគ្មានថវិកាទិញអាហារហូបចុក។ ពួកគេនៅតែចង់វិលទៅកម្ពុជាជួបជុំគ្រួសារវិញ ប៉ុន្តែពុំមានដំណឹងឬការអន្តរាគមន៍ណាមួយពីស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ីឡើយ។
ពលរដ្ឋខ្មែរដែលកំពុងជាប់នៅប្រទេសម៉ាឡេស៊ី នៅតែស្នើសុំដល់រដ្ឋាភិបាល ពិចារណាបើកផ្លូវឱ្យពួកគេអាចវិលចូលទៅកម្ពុជាវិញ ព្រោះពួកគេកំពុងជួបបញ្ហាប្រឈមជីវភាពកាន់តែខ្លាំង។
លោកស្រី សាវី សាឡាស់ ពលកររោងចក្រនៅតំបន់ទីរាម ខេត្តចូហូ ប្រទេសម៉ាឡេស៊ី ត្អូញត្អែរថា លោកស្រីប្រៀបដូចជាទឹកដល់ច្រមុះហើយពេលនេះ ព្រោះបានចំណាយលើការធ្វើដំណើរនិងទិញសំបុត្រយន្ដហោះអស់ច្រើនដោយសង្ឃឹមថា នឹងបានចេញទៅស្រុកកំណើតវិញ ប៉ុន្តែបែរជានៅជាប់គាំងដោយគ្មានប្រាក់ចំណូល។ លោកស្រីថា ពួកគាត់ទទូចចង់ទៅប្រទេសកម្ពុជាវិញនេះ ដោយសារតែមិនអាចបន្តរស់នៅប្រទេសម៉ាឡេស៊ីក្នុងស្ថានភាពអត់ការងារធ្វើបានទៀតឡើយ។ ក្នុងមួយខែលោកស្រីក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ក្នុងម្នាក់ត្រូវចំណាយយ៉ាងហោច ៣រយដុល្លារលើថ្លៃឈ្នួលបន្ទប់ និងការហូបចុក៖ «រស់នៅរាល់ថ្ងៃហ្នឹងត្រូវការលុយស៊ីចុកអ៊ីចឹង! បើបានទៅខ្មែរទៅម៉េចក៏គ្រាន់បើដែរ ប្រហុកផ្អកអីគ្រាន់បើ ព្រោះនៅទីនេះបើសិនអត់ការងារធ្វើវារឹតតែពិបាកគ្មានអ្នកចិញ្ចឹមផង។ និយាយទៅការងារគាំងទាំងអស់ សូម្បី ការងារនៅក្នុងផ្ទះ ខោអាវដេក ក៏អត់ដែរ ឥឡូវគេបិទអស់ហើយ វាអត់ដំណើរការ»។
កាលពីថ្ងៃទី៧ ខែមេសា ពលរដ្ឋ និងនិស្សិត រួមទាំងអ្នកដំណើរផ្សេងទៀតប្រមាណ១៥០នាក់ដែលមានបំណងវិលមកប្រទេសកម្ពុជាវិញ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកជើងយន្តហោះពីប្រទេសម៉ាឡេស៊ី ខណៈអ្នកធ្វើដំណើរកំពុងត្រៀមឡើងយន្តហោះទៅហើយនោះ។ លោក ហ៊ុន សែន បញ្ជាក់ថា ការផ្អាកនេះ ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩។ ការផ្អាកនេះបានធ្វើឱ្យពួកគេស្រែកទ្រហ៊ោយំ ព្រោះបានចំណាយលុយទិញសំបុត្រយន្តហោះ បូករួមទាំងថ្លៃធ្វើដំណើរពីកន្លែងស្នាក់ក្នុងតំបន់ឆ្ងាយៗទៅវាលយន្តហោះជាដើម។ ប្រការនេះ បានធ្វើឱ្យអ្នកខ្លះដេកចាំនៅព្រលានយន្តហោះក្រែងលោ លោក ហ៊ុន សែន ប្ដូរចិត្ត។
ការសម្រេចរបស់លោក ហ៊ុន សែន នេះ បានបណ្ដាលឱ្យមានខកចិត្ត និងមានការរិះគន់យ៉ាងខ្លាំងពីសាធារណជនថា នយោបាយលោក ហ៊ុន សែន ដើរផ្ទុយពីប្រទេសនានាលើពិភពលោក សូម្បីតែប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក៏គេបានយកយន្តហោះដឹកជម្លៀសពលរដ្ឋរបស់គេចេញពីប្រទេសដែលកំពុងមានការឆ្លងរីករាលជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាពនិងសេចក្ដីសុខពលរដ្ឋ។
និស្សិតខ្មែររៀននៅប្រទេសម៉ាឡេស៊ីម្នាក់ គឺលោក ស្លេះ សាព្រី ថ្លែងថា នៅពេលលោកត្រឡប់ទៅស្នាក់នៅអន្តេវាសិកដ្ឋាន ឬកន្លែងស្នាក់នៅរបស់សិស្សវិញ ខាងសាលាបានដាក់ឱ្យលោកនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ លោកបានព្យាយាមទាក់ទងទៅក្រុមហ៊ុនលក់សំបុត្រយន្តហោះ ម៉ាឡេស៊ី អ៊ែឡាញ (Malaysia Airline) ដើម្បីសុំថ្លៃសំបុត្រយន្តហោះមកវិញ ក្រែងបានថវិកាគ្រាន់ទិញអាហារហូបចុកនៅពេលសាលាលែងផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុនអះអាងថា បានត្រឹមរក្សាសុពលភាពសំបុត្រនៅថ្ងៃណាដែលរដ្ឋាភិបាលអនុញ្ញាតឱ្យចូលកម្ពុជាវិញ៖ «គេទទួលប៉ុន្តែគេឱ្យនៅ ១៤ថ្ងៃរួចខ្លួន ហើយទើបចេញថ្ងៃហ្នឹង ខាត! ខំទៅអស់លុយច្រើនណាស់អត់បានទៅមកសាលាវិញគេឃុំទៀត ។ មានកូនសិស្សខ្លះមកជាមួយគ្នាហ្នឹងគាត់អត់ចូលសាលាទេ គាត់ស្នាក់នៅផ្ទះគេនៅមិនទាន់មកវិញផងតែមកគេឃុំហើយ។ មិនដឹងម៉េចទេព្រោះថា ពិបាកលុយទិញសំបុត្រយន្តហោះអស់ហើយរយៈពេលLockdown ហ្នឹងគេឱ្យម្ហូបអាហារយើងក្រោយពីហ្នឹងអត់មានម្ហូបទេ លុយក៏អស់ ទៅផ្ទះក៏មិនបានទៀតមិនដឹងធ្វើម៉េច ចេះតែនៅអ៊ីចឹងទៅ»។
លោកស្រី សាវី សាឡាស់ ដែលមានកំណើតនៅស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បន្ថែមទៀតថា លោកស្រី អន្ទះសាចង់ទៅរស់នៅជួបជុំកូន និងប្ដីណាស់។ លោកស្រីគ្មានដំណឹងថា ថ្ងៃណាដែលរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យចេញដំណើរទៅកម្ពុជាវិញនោះទេ គ្រាន់តែសោហ៊ុយធ្វើដំណើរជិះឡានឈ្នួលទៅសុំការអន្តរាគមន៍នៅស្ថានទូតខ្មែរ ក៏ត្រូវចំណាយលុយប្រមាណ ៣រយដុល្លារបាត់ទៅហើយ៖ «ស្ថានទូតគាត់និយាយថា ឱ្យពួកខ្ញុំទ្រាំៗនៅសិនទៅ ព្រោះអីកូវីដវាឡើងខ្លាំងណាស់ ចាំពេលប្រទេសបើកផ្លូវឱ្យយើងចេញទៅចាំយើងចេញទៅ ព្រោះទៅការការពារទប់ស្កាត់ព្រោះចេញពីនេះទៅច្រើនខ្លាចឆ្លងច្រើនទប់ស្កាត់អត់ទាន់។ គាត់និយាយអ៊ីចឹងពួកខ្ញុំយល់ដែរ តែពួកខ្ញុំរស់នៅពិបាកព្រោះអត់ការងារធ្វើ»។
អាស៊ីសេរីមិនអាចទាក់ទងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក ចឺយ វិចិត្ត ដើម្បីឆ្លើយតបបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី២៣ មេសា។ ប៉ុន្តែមន្ត្រីកិច្ចការរដ្ឋបាលរបស់ស្ថានទូតម៉ាឡេស៊ី លោក ស៊ុន សុភា ថ្លែងថា ស្ថានទូតនៅពុំទាន់ទទួលបានដំណឹង ឬគោលការណ៍ណាមួយចំពោះការអនុញ្ញាតឱ្យពលរដ្ឋខ្មែរចេញពីប្រទេសម៉ាឡេស៊ីនៅឡើយ។ លោកអះអាងថា ស្ថានទូតបានជួយទំនុកបម្រុងជាអង្ករនិងរបស់ហូបចុកបន្តិចបន្តួចដល់ពលរដ្ឋខ្មែរមួយចំនួនដែរក្នុងគ្រាលំបាកនេះ៖ «ខាងខ្ញុំដែលទទួលបន្ទុកខាងនិស្សិតខ្ញុំអត់ដឹងដែរថា ខាងរដ្ឋាភិបាលអនុញ្ញាតឱ្យទៅថ្ងៃណា យើងនៅរង់ចាំ»។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលនៅពុំទាន់មានវិធានការជុំវិញការស្នើសុំរបស់ពលករ និងនិស្សិតដែលមានបំណងចូលមកកម្ពុជាវិញនោះនៅឡើយទេ។ លោកថា វាជាគោលការណ៍ប្រទេសរៀងខ្លួនក៏ដូចជាគោលការណ៍រួមរបស់ប្រទេសសមាជិកអាស៊ាន ដែលប្ដេជ្ញាចិត្តរួមគ្នា កាលពីប្រជុំកំពូលអាស៊ានថ្មីៗនេះ ដូច្នេះការបើកឡើងវិញ ឬយ៉ាងណាលុះត្រាតែស្ថានភាពនៃការរាតត្បាតជំងឺបានធូរស្រាល។ លោក ផៃ ស៊ីផាន ថ្លែងបន្ទរតាមលោក ហ៊ុន សែន ថា សុំឱ្យប្រជាពលរដ្ឋឱ្យមានការយោគយល់អត់ធ្មត់ក្នុងដំណាក់កាលនេះ៖ «ពួកទាំងហ្នឹងមកក្នុងន័យរ៉ាមម៉ាដននៅក្នុងស្រុកខ្មែរទេកាលហ្នឹង ប៉ុន្តែទើបជាមកក្នុងគោលដៅអីព្រោះយើងបិទព្រំដែនទាំងអស់គ្នា ចេញក៏មិនឱ្យចេញចូលក៏មិនឱ្យចូល។ សម្ដេចអនុវត្តគោលការណ៍ហ្នឹងឆ្លើយតបទៅគេវិញដែរតើ យើងទៅពីនេះគេអត់ឱ្យចូលស្រុកគេផងហ្នឹង បើយើងធ្វើហ្នឹងមិនបានប្រទេសថៃរាប់សែននាក់ និងប្រទេសដទៃ អ៊ីចឹងបានសម្ដេចសុំឱ្យនៅមួយកន្លែងសិនសូម្បីអ្នកមកដល់នេះហើយក៏ចេញអត់កើតដែរ»។
ការបដិសេធរបស់លោក ហ៊ុន សែន មិនឱ្យពលរដ្ឋពីប្រទេសម៉ាឡេស៊ីចូលកម្ពុជានេះ ទាំងសង្គមស៊ីវិលនិងគណបក្សប្រឆាំងបានខកចិត្តនិងរិះគន់យ៉ាងខ្លាំង។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា ប្រសិនបើពលរដ្ឋបន្តរស់នៅម៉ាឡេស៊ីទៀត ក្រៅពីប្រឈមបញ្ហាគ្មានប្រាក់ចំណូលចិញ្ចឹមជីវិត ពួកគេក៏ប្រឈមបញ្ហាផ្លូវច្បាប់ដោយសារផុតសុពលភាពលិខិតស្នាក់នៅ និងពិបាករស់នៅក្នុងពេលរដ្ឋាភិបាលម៉ាឡេស៊ី កំពុងអនុវត្តបម្រាមគោចរ។ រីឯគណបក្សសង្គ្រោះជាតិ ចាត់ទុកការសម្រេចរបស់លោក ហ៊ុន សែន ថាបង្ហាញពីភាពទន់ខ្សោយ ការមិនទទួលខុសត្រូវ និងជាទង្វើអមនុស្សធម៌ មកលើពលរដ្ឋខ្លួនឯង ដែលផ្ទុយពីមេដឹកនាំនៅលើពិភពលោកទាំងស្រុង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment