Thursday, 23 April 2020
មន្ត្រីនាំពាក្យបក្សកាន់អំណាច បដិសេធការចំណាយលុយតាមរយៈមន្ត្រីនៅក្រៅប្រទេស ឲ្យជួយបញ្ចុះបញ្ចូលអ្នកនយោបាយអាមេរិកាំង
ដោយ មាន ឫទ្ធិ
2020-04-22
លោក សុខ ឥសាន (ឆ្វេង) អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក ភូ លីវុឌ្ឍ ទីប្រឹក្សា និងជាអតីតមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ។
រូប៖ AFP និងហ្វេសប៊ុកលោក ភូ លីវុឌ្ឍ
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចបដិសេធថា គណបក្សនេះមិនបានចំណាយលុយតាមរយៈមន្ត្រីរបស់ខ្លួននៅក្រៅប្រទេស ឲ្យជួយបញ្ចុះបញ្ចូល ក្រុមអ្នកនយោបាយអាមេរិកាំង ដើម្បីការពារផលប្រយោជន៍ឲ្យគណបក្ស និងនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជានោះទេ។ ការលើកឡើងនេះ កើតមានឡើងក្រោយពេលស្ថាប័នឃ្លាំមើលគណនេយ្យភាពរបស់អាមេរិកាំងមួយ លាតត្រដាងថា ទីប្រឹក្សា និងជាអតីតមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញមួយរូប បានជះលុយជិត ២ សែនដុល្លារ ជួយយុទ្ធនាការឃោសនារបស់គណបក្សសាធារណរដ្ឋនៅអាមេរិក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សប្រជាជនកម្ពុជា ពុំបានផ្ដល់ថវិកាតាមរយៈលោក ភូ លីវុឌ្ឍ ដែលជាអតីតមន្ត្រីរដ្ឋាភិបាល ដើម្បីឲ្យជួយធ្វើយុទ្ធនាការបញ្ចុះបញ្ចូល ឬ ឡប់ប៊ី (Lobby) ក្រុមអ្នកនយោបាយអាមេរិកាំងនៅសហរដ្ឋអាមេរិកនោះទេ។ លោកថា រឿងបរិច្ចាគលុយរបស់ លោក ភូ លីវុឌ្ឍ គឺរឿងឯកជនរបស់បុគ្គល ហើយគណបក្សប្រជាជនកម្ពុជា ពុំមានជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ៖ «វាជារឿងផ្ទាល់ខ្លួនរបស់គាត់ រឿងឯកជន មិនមានពាក់ព័ន្ធ ដល់គណបក្សទេ។ ទោះបីគាត់ជាសមាជិករបស់គណបក្សនៅក្នុងប្រទេសក៏ដោយ ក៏ប៉ុន្តែ ដល់តែគាត់ទៅក្រៅហើយគាត់សញ្ជាតិបរទេស ត្រង់ថាគាត់មានឆន្ទៈជាមួយគណបក្ស នៅក្នុងប្រទេសអាមេរិកយ៉ាងណា ជារឿងរបស់គាត់ផ្ទាល់ទេ»។
លោក សុខ ឥសាន បន្តថា លោកខ្លួនឯងក៏មិនដឹងថា តើលោក ភូ លីវុឌ្ឍ បានលុយមកពីណា យកទៅបរិច្ចាគឲ្យគណបក្សសាធារណរដ្ឋនៅអាមេរិកនោះដែរ។ លោកថា លោកពុំដែលធ្លាប់មានទំនាក់ទំនងជាមួយលោក ភូ លីវុឌ្ឍ ទេ ព្រោះលោក ភូ លីវុឌ្ឍ កាលពី ១០ឆ្នាំមុន បានបម្រើការងារនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមការគ្រប់គ្រងរបស់លោក សុខ អាន។ កាលណោះ លោក ភូ លីវុឌ្ឍ ជាអគ្គលេខាធិការអាជ្ញាធរជាតិ ទទួលបន្ទុកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ហៅកាត់ថា NiDA។ លោក សុខ ឥសាន ព្យាយាមមិនឆ្លើយថា តើ លោក ភូ លីវុឌ្ឍ នៅមានតំណែងអ្វីផ្សេងទៀតក្នុងជួររដ្ឋាភិបាល ឬក្នុងបក្សដែរឬទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរដ្ឋាភិបាលជាច្រើនដងតាមទូរស័ព្ទ កាលពីថ្ងៃទី២២ មេសា ដើម្បីចង់ដឹងថា តើបច្ចុប្បន្ន លោក ភូ លីវុឌ្ឍ មានតំណែង ឬនៅតែបម្រើការជាទីប្រឹក្សារដ្ឋាភិបាលដែរឬទេ តែលោកមិនលើកទូរស័ព្ទ។
រីឯអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថា លោក មាស ប៉ូ ថា លោក ភូ លីវុឌ្ឍ ឈប់បម្រើការងារឲ្យស្ថាប័នអាជ្ញាធរជាតិព័ត៌មានវិទ្យា ដែលបច្ចុប្បន្ននេះបានក្លាយទៅជាអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ICT ក្រោមចំណុះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោកបដិសេធប្រាប់ពីមូលហេតុ ដែលលោក ភូ លីវុឌ្ឍ បានឈប់បម្រើការងារនៅទីនោះ៖ «អត់ទេ! ឯកឧត្ដម ភូ លីវុឌ្ឍ អត់មាន [តួនាទីទេ]។ ឥឡូវនេះ ឯកឧត្ដម ឈុន វ៉ាត ជាអគ្គនាយក ICT។ ខ្ញុំអត់មានទាក់ទងអី បញ្ហាអស់ហ្នុងទេ។ ខ្ញុំអត់ដឹងរឿងយ៉ាងម៉េចទេបាទ!»។
ផ្អែកតាមសេចក្ដីរាយការណ៍នានា របស់សារព័ត៌មានក្នុងស្រុក លោក ភូ លីវុឌ្ឍ អាចនៅរក្សាតំណែងជាទីប្រឹក្សាផ្នែកបច្ចេកវិទ្យា ឲ្យរដ្ឋាភិបាលកម្ពុជាដដែល។
កាលពីថ្ងៃទី២០ មេសា ស្ថាប័នឃ្លាំមើលគណនេយ្យភាពមួយរបស់អាមេរិក ឈ្មោះ «ពលរដ្ឋដើម្បីការទទួលខុសត្រូវ និងសីលធម៌ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន» ហៅជាភាសាអង់គ្លេសថា Citizens for Responsibility and Ethics in Washington (CREW) បានលាតត្រដាងថា លោក ភូ លីវុឌ្ឍ បានបរិច្ចាគលុយជិត ២សែនដុល្លារ ទៅឲ្យគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។ ការបរិច្ចាគសាច់ប្រាក់ដ៏សម្បើមរបស់មន្ត្រីស្និទ្ធនឹងរបបក្រុងភ្នំពេញនេះ ធ្វើឡើងក្នុងចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ទៅឲ្យគណៈកម្មាធិការនយោបាយ និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិក។
ការបរិច្ចាគលុយទាំងនេះ បានអនុញ្ញាតឲ្យលោក ភូ លីវុឌ្ឍ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ឯកជននានា ដែលអាចឲ្យលោកជួបជាមួយអ្នកនយោបាយជាន់ខ្ពស់របស់អាមេរិក រួមមានទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ អនុប្រធានាធិបតី លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) និងប្រធានក្រុមតំណាងរាស្ត្រ មតិភាគតិចរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋសភាសហព័ន្ធអាមេរិក គឺលោក ខេវិន ម៉ាកខាតធី (Kevin McCarthy) ជាដើម។ តាមរយៈទំព័រហ្វេសប៊ុក លោក ភូ លីវុឌ្ឍ បានបង្ហោះរូបថតលោក ថតជាមួយមន្ត្រីជាន់ខ្ពស់ អាមេរិកាំងទាំងនោះ បង្អួត និងសម្ញែងប្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម មិនខុសអ្វីពីក្រុមមន្ត្រីបក្សកាន់អំណាចបង្ហោះរូបថតពួកគេឈរថតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅដាក់តាំងធំៗ នៅតាមគេហដ្ឋាន ឬកន្លែងធ្វើការរបស់ពួកគេនោះទេ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅលោក ភូ លីវុឌ្ឍ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីចង់ដឹងថា តើលោកបានប្រាក់ជិត ២សែនដុល្លារនេះមកពីណា យកទៅឧបត្ថម្ភ គណបក្សសាធារណរដ្ឋ និងថា តើការបរិច្ចាគលុយនេះមានគោលដៅអ្វីនោះ។ ក៏ប៉ុន្តែ លោកមិនឆ្លើយតប។
ភ្លាមៗ ក្រោយពីស្ថាប័នឃ្លាំមើលគណនេយ្យភាពរបស់អាមេរិក បានលាតត្រដាងព័ត៌មាននេះ ហើយអាស៊ីសេរីបានផ្សាយព័ត៌មាននេះ លោក ភូ លីវុឌ្ឍ បានផុសខ្លឹមសារខ្លីមួយបែប ឌឺដងថា «រឿងអ្នកនយោបាយជើងក្មេង៖ ការបោះឆ្នោតឆ្នាំ២០១៦ ចោទថា រុស្ស៊ីលូកដៃ លោក ត្រាំ ឈ្នះ។ ឆ្នាំ២០២០ ចោទថា កម្ពុជាលូកដៃ លទ្ធផលគឺដូចឆ្នាំ២០១៦។ ការបោះឆ្នោតប្រធានាធិបតីគឺខែ១១ ខាងមុខនេះហើយ»។ បើទោះជាលោកមិនបាន សរសេរចំៗ ក៏ដោយ លោកទំនងជាចង់សំដៅទៅក្រុមអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យនៅអាមេរិក។ លោក ភូ លីវុឌ្ឍ មិនបានបរិយាយរឿងប្រភពលុយជិត ២សែនដុល្លារ ដែលលោកបានបរិច្ចាគឲ្យគណបក្សសាធារណរដ្ឋនោះទេ។
ចាប់តាំងពីក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមយុទ្ធនាការគាស់រម្លើងប្រជាធិបតេយ្យ និងរៀបចំការបោះឆ្នោត «ក្លែងក្លាយ» កាលពីឆ្នាំ២០១៨ មក រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើនយុទ្ធនាការនៅក្រៅប្រទេសគួរឲ្យកត់សម្គាល់ ជាពិសេសនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកឥទ្ធិពលនយោបាយ និងជួយបញ្ចុះបញ្ចូលអ្នកនយោបាយអាមេរិកាំង កុំឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញ។
ក្រសួងយុត្តិធម៌អាមេរិក លាតត្រដាងថា របបលោក ហ៊ុន សែន បានជួលក្រុមហ៊ុនពីគ្រោះយោបល់អាមេរិកាំង ក្នុងតម្លៃសរុបមិនតិចជាង១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីធ្វើយុទ្ធនាការជួយស្ដារមុខមាត់ឲ្យរបបក្រុងភ្នំពេញ និងបញ្ចៀសតំណាងរាស្ត្រអាមេរិក កុំឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្មដល់មន្ត្រីកម្ពុជា ដែលបានរម្លាយប្រជាធិបតេយ្យ។
បើទោះជាមានភស្តុតាងជាក់ច្បាស់ដូចនេះក៏ដោយ លោក សុខ ឥសាន នៅតែឆ្លើយបដិសេធថា លោកមិនបានដឹងពីរឿងរ៉ាវអស់ទាំងអស់នេះទេ។ លោកថា គណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ទៅចាយវាយលើសកម្មភាព នៅក្រៅប្រទេសបែបនេះទេ៖ «អត់ទេ។ មានលុយ យកទៅជួយធ្វើផ្លូវ ធ្វើសាលារៀននៅក្នុងស្រុកវិញ។ មានលុយឯណាដល់ទៅរាប់សែនអីទៅជួយនៅឯក្រៅទៀតនោះ? ទៅជួយសេដ្ឋី ហើយយើងអ្នកក្រ។ ភាគច្រើន តែជាទឹកប្រាក់ សប្បុរសធម៌របស់សមាជិកសមាជិកាទេ។ មិនមានថវិកាអីយកទៅជួយដល់ខាងក្រៅទេ។ ខាងក្នុងប្រទេស មិនបានជួយទៅក្រៅទេ។ គណបក្សអត់មានជួយអីពីនេះទេ»។
ប្រធានសាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស លោក អ៊ុង រិទ្ធី ចាត់ទុកថា ករណីលោក ភូ លីវុឌ្ឍ បរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ទាប់ អាចជារបៀបមួយ ដែលគណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង ហើយដែលជាមនុស្សស្និទ្ធនឹងខ្លួន ឲ្យជួយបញ្ចុះបញ្ចូល ក្រុមអ្នកធ្វើគោលនយោបាយ អាមេរិកាំងឲ្យខ្លួន កុំឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្ម ឬប៉ះពាល់ដល់របបក្រុងភ្នំពេញ៖ «គេបញ្ចូលទៅតាមអ្នកដែលមានសញ្ជាតិហើយ អ្នកដែលធ្វើការក្រោមគេ។ នេះ ជាអំពើមួយដែលខ្មែរយើងក្រៅប្រទេស ដែលជឿនៅលើលទ្ធិប្រជាធិបតេយ្យត្រូវតាមដាន ហើយត្រូវតែរាយការណ៍ ពីព្រោះបើសិនជាមានការពាក់ព័ន្ធ ចំពោះរដ្ឋាភិបាលក្រៅប្រទេស ដើម្បីយកមកធ្វើការ ដើម្បីយកលុយបរទេសមកប្រើ ដើម្បីជះឥទ្ធិពលទៅលើអ្នកកាន់នយោបាយ គឺខុសច្បាប់»។
ស្ថាប័នឃ្លាំមើលគណនេយ្យភាព Citizens for Responsibility and Ethics in Washington លើកឡើងថា និន្នាការ ដែលមន្ត្រីរបបក្រុងភ្នំពេញ បរិច្ចាគលុយដ៏សម្បើម នៅក្នុងនយោបាយអាមេរិកបែបនេះ អាចបញ្ជាក់ថា ពួកគេកំពុងស្វះស្វែងរកឱកាស ដើម្បីពង្រីកឥទ្ធិពលរបស់បក្សកាន់អំណាច នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងកេងយកផលប្រយោជន៍ ដើម្បីបម្រើឲ្យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment