Sunday 17 May 2020

អ្នកឃ្លាំមើល​បរិស្ថាន​ថា មន្ត្រី​បរិស្ថាន​បើក​ដៃ​ឱ្យ​ជនល្មើស​កាប់​ឈើ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល


ដោយ ខែ សុណង
2020-05-16


គោយន្ត​ដឹក​ជញ្ជូន​ឈើ ដែល​ពលរដ្ឋ​អះអាង​ថា ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ចន្លោះ​ខេត្ត​កោះកុង​ ខេត្ត​ពោធិ៍សាត់​ និង​ខេត្ត​កំពង់ស្ពឺ។
គោយន្ត​ដឹក​ជញ្ជូន​ឈើ ដែល​ពលរដ្ឋ​អះអាង​ថា ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ចន្លោះ​ខេត្ត​កោះកុង​ ខេត្ត​ពោធិ៍សាត់​ និង​ខេត្ត​កំពង់ស្ពឺ។
រូប៖ ហ្វេសប៊ុក​លោក ជា ហ៊ាន ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៩




ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន បង្ហាញ​ការ​សោកស្តាយ ពី​ការបាត់បង់​ព្រៃឈើ ដែល​នៅ​សេសសល់​ចុងក្រោយ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល បើទោះបីជា​ក្រសួង​បរិស្ថាន បាន​បញ្ចូន​ឆ្មាំរ​អភិរក្ស​រាប់សិប​នាក់ ឈរ​ជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ​ក្តី​។ ការ​លើកឡើង​នេះ ក្រោយពី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បរិស្ថាន រកឃើញ​ឈើ​ចំនួន ៣០​ដុំ​ជាថ្មីទៀត ដែល​ឈ្មួញ​បាន​កាប់​ផ្តួល​ចេញពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល។

អ្នកឃ្លាំមើល​ព្រៃឈើ ឱ្យដឹង​នៅ​ថ្ងៃទី១៦ ឧសភា ថា តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល មាន​ផ្ទៃដី​ជាង​៤ សែន​ហិកតារ (៤០១.៣១៣) ដែល​ឋិត​នៅ​ចន្លោះ​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ នឹង​ប្រឈម​ការ​បាត់បង់​ឈើមូល​ធំៗ​ទាំងស្រុង នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​ក្រសួង​បរិស្ថាន​នៅ​តែ​បណ្តែតបណ្តោយ​ឱ្យ​ឆ្មាំ​អភិរក្ស​របស់ខ្លួន ទទួល​សំណូក​ពីបទ​ល្មើស​ព្រៃឈើ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​ដដែលៗ ដោយ​គ្មាន​យន្តការ​លុបបំបាត់​នោះ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ដែល​ចុះ​អង្កេត​រឿងនេះ ឱ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ កើត​មាន​ឥតឈប់ឈរ ហើយ​ក្រុម​ជនល្មើស​នៅតែ​អាច​ចូល​ព្រៃ​កាប់​ឈើ​លក់​ដដែល។ លោក​ថា ឈើមូល​ធំៗ នៅ​ចំណុច​ខ្នង​ស្រល់ និង​ជើងភ្នំ​ក្រពើ ឋិត​ក្នុងព្រៃ​ការពារ​មួយ​នេះ កំពុង​ទទួលរង​ការកាប់​ផ្តួល​ធ្វើ​អាជីវកម្ម​ឥត​ស្រាកស្រាន្ត៖ «ក្រសួងបរិស្ថាន​នៅតែ​បណ្ដែតបណ្ដោយ​ដល់​មន្ត្រី​ក្រោម​ឱវាទ មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ កាប់​ឈើ​បន្តទៀត ព្រៃឈើ​នឹង​វិនាស​ហោន​ហោច។ នៅ​ពេល​អស់​ព្រៃឈើ​យើង​នឹង​រង​គ្រោះ​មហន្តរាយ គ្រោះ​ធម្មជាតិ និង​ទឹកជំនន់។ សូម​ឱ្យ​ក្រសួង​​បរិស្ថាន​បើក​ជំហរ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​រួមចំណែក អភិរក្ស​ព្រៃឈើ​ឡើង​វិញ»។

កាល​ពី​ថ្ងៃ​ទី១៥ ឧសភា មន្ត្រី​បរិស្ថាន ខេត្ត​កំពង់​កំពង់ស្ពឺ និង​ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ បាន​ឃាត់​ចាប់​ឈើ ៣០​ដុំ មានមុខ​កាត់ ៣​តឹក រហូតដល់ ៦​តឹក ប្រវែង​ជាង ២​ម៉ែត្រ ដល់ ៣​ម៉ែត្រ ដែល​ក្រុម​ជនល្មើស​ទម្លាក់ចោល​ក្នុងស្រុក​ឱរ៉ាល់។

ឈើ​ទាំង​នោះគេ​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ។ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ សកម្មជន​បរិស្ថាន លោក ហេង ស្រស់ សង្កេត​ឃើញ​ថា មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ស្ទើរ​គ្រប់​ទីកន្លែង គ្មាន​ភាព​ស្មោះត្រង់​ការពារ​ព្រៃឈើ​ទេ។ មន្ត្រីនគរបាល​យុត្តិធម៌​ទៀត​សោត បាន​ដាក់​ប៉ុស្តិ៍​យាម ចាំ​យក​លុយ​ពី​ក្រុម​អ្នក​អារ​ឈើ ដឹក​ចេញពី​ព្រៃ​អភិរក្ស​៖ «​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ឱ្យ​វា​មានការ​អន់ថយ វា​គ្មាន​ការ​អន់ថយ​ទេ ផ្លូវ​ច្រកចេញ​វា​មាន​គ្រប់​ច្រក​ទាំង​អស់ហ្នឹង​។ បើតាម​ការ​ដែល​យើង​ចុះ​សិក្សា​ស្រាវជ្រាវ​កន្លងមក​គឺ មន្ត្រី​យាម​ច្រកចូល​តំបន់​ការពារ សុទ្ធតែ​ទទួលបាន​សំណូក ពី​ក្រុម​ឈ្មួញ ដែល​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​ហ្នឹង»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ត្ត្រា មាន​ប្រសាសន៍​ថា មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន ដែល​ឈរជើង​តាម​តំបន់ការពារធម្មជាតិ​នានា បន្ត​អនុវត្ត​ច្បាប់​ស្តីពី តំបន់ការពារធម្មជាតិ សហការ​ជាមួយ សហគមន៍​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដូចជា ការ​លួច​កាប់​ឈើ​ខុសច្បាប់ ការ​បរបាញ់ និង​ដាក់​អន្ទាក់​សត្វ​។ លោក​ថា កាល​ពី​ឆ្នាំ ២០១៩

មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១.២០០ នាក់ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ចំនួន​ជាង ៤​ពាន់ ៧​រយ ករណី (៤៧៤៦) និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៤៨៧​ករណី រឹបអូស​បាន​រណា​យន្ត​ជាង ២​ពាន់ គ្រឿង (២.៥៣១)។

ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន ចាត់ទុក​អំពើពុករលួយ គឺ​ជា​ប្រភព​នាំ​ឱ្យ​ព្រៃឈើ​គ្រប់​តំបន់​វិនាស​ហិនហោច ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ តែង​តែង​យក​តួនាទី​កាង​បទល្មើស និង​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស​។ ពួកគេ​អះអាង​ថា ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់ បាន​បាត់បង់​ដើមឈើ​ធំៗ​ទាំងស្រុង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ឥទ្ធិពល​នៃ​អំពើពុករលួយ៕

1 comment:

Anonymous said...

Hun Sen said he would cut his head off if he cannot protect the forest contingent on Mi Kanhchrouk Bun Rany grows penis.