Saturday 23 May 2020

ប៉ូលិស​ថៃ​ចាប់​ពលករ​ខ្មែរ​១២​នាក់​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ


ដោយ អាស៊ីសេរី
2020-05-22

ពលករ​ខ្មែរ ១២​នាក់​ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះកែវ នៅ​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០។
ពលករ​ខ្មែរ ១២​នាក់​ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះកែវ នៅ​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០។
Photo Courtesy of Thai Online News (77kaoded)



អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន ១២​នាក់​លួច​ឆ្លងដែន​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ កាល​ពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ឧសភា។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​ប្រថុយ​នឹង​គ្រោះថ្នាក់​ច្រើន​ជាង​ពេល​មុនៗ។

ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ចាប់​ពលករ​ខ្មែរ​ចំនួន ១២​នាក់ នៅ​ស្រុក​តាផាក់យ៉ា (Taphaya) ខេត្ត​ស្រះកែវ​(Srakao) ជាប់​ព្រំដែន​ខេត្តបន្ទាយមានជ័យ កាល​ពី​ម៉ោង ៥​ព្រឹក ថ្ងៃ​ទី២១ ឧសភា។ កាសែត​ថៃ ចុះផ្សាយ​នៅ​ថ្ងៃទី​២២​ឧសភា​ថា ពលករ​ខ្មែរ​ដែល​ប៉ូលិស​ថៃ​ចាប់ខ្លួន​នោះ​មាន​ស្រី​៧​នាក់​និង​ប្រុស​៥​នាក់​មាន​អាយុ​ចន្លោះ​ពី​២០​ឆ្នាំទៅ​៣៤​ឆ្នាំ​និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ឧត្ដរមានជ័យ ៤​នាក់ និង ៨​នាក់​មកពី​ខេត្ត​បន្ទាយមានជ័យ។​ប្រភព​ដដែល​បន្ថែម​ថា ពលករ​ខ្មែរ​ទាំងនោះ​ឆ្លងដែន​ចូល​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ជនជាតិ​ខ្មែរ​ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក​(Bangkok ) និង​នៅ​ខេត្ត​រ៉ាក់យ៉ង​(Rayong)។

កាល​ពី​ថ្ងៃ​ទី​២០ ឧសភា កន្លង​ទៅ ប៉ូលិស​ថៃ​ក៏បាន​ចាប់ខ្លួន​ពលករ​ខ្មែរ​ចំនួន ១២​នាក់​ដែរ នៅ​ពេល​ដែល​ពួកគេ​ឆ្លងដែន​ខុសច្បាប់​នៅ​ស្រុក​វាំងណាំយ៉េន (Vangnamyan) ខេត្ត​ស្រះកែវ ហើយ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពួកគេ​ទៅ​ដោះស្រាយ​តាមច្បាប់។

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ លោក ពេជ្រ វណ្ណា ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​រាតត្បាត​ជំងី​កូវីដ​១៩ មក​មាន​ពលករ​ខ្មែរ​ជាង​២០០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះ​កែវ​ដោយសារ​ពួកគេ​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់។ ទោះជា​យ៉ាងណា​លោក​ថា ពលករ​ខ្មែរ​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​អស់ហើយ។ ចំណែក​ពលករ​ខ្មែរ​ចំនួន ១២​នាក់​ដែល​ទើប​ចាប់ខ្លួន​នោះ​លោក​ថា អាជ្ញាធរ​ថៃ​ក៏​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​២១ ឧសភា​ដដែល​នោះ៖ «បាទ​! ឥឡូវនេះ​រដ្ឋាភិបាល​ឱ្យ​ទប់ស្កាត់​កុំ​ឱ្យ​មានការ​លួច​ចូល ឬ​ចាញ់បោក​មេខ្យល់​ចូល​ទៅតាម​ច្រក​របៀង នាំ​គេ​ធ្វើ​បាន​គេ​ចាប់​គេ​អី​បញ្ជូន​មកវិញ​ដដែល។ អីចឹង​រដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​ក៏ដូចជា​មាន​បទបញ្ជា​ឱ្យ​កម្លាំង​តាម​ព្រំដែន​ហ្នឹង​ឱ្យ​ទប់ស្កាត់»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ថៃ​អាច​បន្ត​បិទ​ច្រក​ទ្វារ​ព្រំដែន​រហូតដល់​ដើម​ខែ​កក្កដា ខាង​មុខ ប្រសិន​បើ​ស្ថានការណ៍​ជំងឺ​កូវីដ​១៩ មិន​បាន​ធូរស្រាល។

ពលករ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​កំពង់ធំ លោក ជា ខន ថ្លែង​ថា លោក​ត្រឡប់​ទៅ​ដល់​ផ្ទះ​បាន​ជាង ១​ខែ​ហើយ ដោយ​មិន​ទាន់​ហ៊ាន​វិល​ទៅ​ប្រទេស​ថៃ​វិញ​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ភូមិ​របស់​លោក មាន​ពលករ​ខ្មែរ ២​នាក់​ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយសារតែ​ពួកគេ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ ក៏ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ៖ «ខ្ញុំ​ចាំ​មើល​គេ​បើក​ច្រក​ខ្ញុំ​សម្រេច​ទៅ​មែនទែន​ហើយ ព្រោះ​ពេល​គេ​បិទ​ច្រក​ចេះ​ខ្លាច​គេ​ចាប់​ដាក់គុក​ដូច​អ្នក​ធ្លាប់​ទៅ​មុន​ខ្ញុំ។ បើ​គេ​បិទ​ច្រក​អីចឹង​ខ្ញុំ​សម្រេច​ចិត្ត​ថា នៅផ្ទះ​មួយ​រយៈ​សិន​នៅ​ជុំ​ប្រពន្ធ​ជុំ​កូន​ចាំ​មើល​ពេលណា គេ​បើក​ច្រក​យើង​អាច​ចូល​ទៅ​វិញ​បាន។ បើ​អត់​ហូប​មាន​ហូប​យ៉ាងណា​នាំគ្នា​តេះ (ហូប) អំបិល​រក​ខ្យង​ក្ដាម​ខ្លះ​ទៅ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា យល់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នេះ ដោយសារ​ពួកគាត់​មាន​ជីវភាព​ខ្វះខាត និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ លោក​បញ្ជាក់​ថា ការ​លូច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ នៅ​ពេលនេះ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ប្រឈម​នឹង​ទាហាន​ថៃ​ចាប់​ដាក់គុក​ពីព្រោះ​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន៖ «មនុស្ស​ដែល​អត់​ស៊ី​អត់​ចុក​លំបាក​ហើយ គ្នា​ប្រថុយ​នេះ​គឺជា​ជំងឺ​របស់​រដ្ឋាភិបាល​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​គ្នា​នោះ​គាត់​ឈឺ។ អីចឹង​គាត់​ឈឺ​ដើម្បី​ឱ្យ​គាត់​ជា​លុះត្រាតែ​ឱ្យ​គាត់​មាន​ស៊ី​មាន​ចុក មានបាន​គ្រប់គ្រាន់​ទៅ​រស់នៅ​ដោយ​ស្រួល​គឺ​គាត់​មិន​មាន​ពលរដ្ឋ​ទៅ​ធ្វើ​ចំណាកស្រុក​ទៀត​ហើយ»។

រដ្ឋាភិបាល​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដោយ​ហាមឃាត់​ពលរដ្ឋ​ធ្វើដំណើរ​ចាប់ពី​ម៉ោង​១១​យប់​ដល់​ម៉ោង ៤​ទៀបភ្លឺ ហើយ​ប្រសិនបើ​ជន​ណា​ល្មើស​នឹង​បម្រាម​នេះ មានទោស​ជាប់គុក ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​ម៉ឺន​បាត ឬ​ប្រហែល​១.៣០០ដុល្លារ​អាមេរិក​។ ជាមួយ​គ្នា​នេះ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ក៏​បាន​ចេញ​សេចក្ដីប្រកាស​ជា​បន្តបន្ទាប់​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ស្នាក់នៅ​ប្រទេស​ថៃ​ឱ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ជំងឺ​កូវីដ-១៩៕

No comments: