Tuesday 26 May 2020

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​របប​ភ្នំពេញ​កំពុង​ដំណើរការ​ទៅ​មុខ


ដោយ សេក បណ្ឌិត

ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូហន។
ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូហន។
Screenshot



សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ថា ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​កំពុង​ដំណើរការ​ទៅ​មុខ​ដោយ​ពួកគេ​រំពឹង​ថា ច្បាប់​នេះ​នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​ខាងមុខ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ថា អ្វី​ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​ធ្វើ​នេះ ជា​ការ​យក​មាតុភូមិ​របស់ខ្លួន​ជា​សត្រូវ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ដែល​កំពុង​ស្វះស្វែង​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុមមេ​ដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​រំលោភ​សិទ្ធិមនុស្ស ដែល​ច្បាប់​នេះ​ស្រដៀង​នឹង​ច្បាប់​គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ឱ្យ​ដឹងថា ពេលនេះ​សេចក្ដីព្រាងច្បាប់​នេះ​បាន​ចូល​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ ហើយ​សភា​សហព័ន្ធ​ប្រទេស​នេះ​ក៏​កំពុង​ចាប់ផ្ដើម​ធ្វើ​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះដែរ។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ឱ្យ​ដឹង​ថា កាល​ពី​ខែ​មេសា សភា​សហព័ន្ធ​ផ្នែក​សិទ្ធិមនុស្ស​បាន​អញ្ជើញ​តំណាង​ពលរដ្ឋ​ខ្មែរ​រួមមាន តំណាងរាស្ត្រ អ្នកច្បាប់ ប្រធាន​សមាគម សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​បុគ្គល​សំខាន់ៗ​ផ្សេង​មួយចំនួនទៀត​ទៅ​ជួបប្រជុំគ្នា ដោយ​ពួកគេ​ចង់ដឹង​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ឱ្យ​សហគមន៍​ខ្មែរ​បង្ហាញ​ភស្តុតាង​ដែល​សហគមន៍​ខ្មែរ​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ទាំងនោះ​។ លោក​អះអាង​ថា សហគមន៍​ខ្មែរ​មាន​ភស្តុតាង​ជាច្រើន​បង្ហាញ​ទៅ​សភា៖ «គេ​សួរ​នោះ​គេ​សួរ​ថា មូលហេតុ​អី​បាន​យើង​ដាក់ពាក្យ​ឱ្យ​មានច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ហើយ​ប្រទេស​កម្ពុជា​មាន​ស្ថានការណ៍​យ៉ាងម៉ិច​? យើង​មាន​ភស្តុតាង​ច្រើនណាស់ ឧបមា ការ​សម្លាប់​លោក ឈុត វុទ្ធី លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី ៗ មិនមែន​បាញ់​នៅ​កណ្ដាល​ព្រៃ​ឯណា​បាញ់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​ថ្ងៃ»។

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស អូស្ត្រាលី លោក អ៊ិន ហេមរា ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះដែរ​ឱ្យ​ដឹងថា កាល​ពី​លើក​មុនៗ​ការស្នើ​ទណ្ឌកម្ម​លើ​មន្ត្រី​របប​ក្រុងភ្នំពេញ​ច្រើនតែ​ជាការ​ស្នើឡើង​ពី​សមាជិកសភា​គណបក្ស​ប្រឆាំង​ទេ។ ប៉ុន្តែ​លោក​ថា ការស្នើច្បាប់​លើក​នេះ​ច្បាប់​នេះ​គឺជា​ការ​ស្នើឡើង​ពី​អនុគណៈកម្មការ​សិទ្ធិមនុស្ស​ក្រសួងការបរទេស នៃ​រដ្ឋាភិបាល​អូស្ត្រាលី ដូច្នេះ​លោក​រំពឹងថា​ច្បាប់​នេះ​នឹង​អាច​ចេញ​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ៖ «គឺ​ខាង​រដ្ឋាភិបាល ខាង​ក្រសួង​ការបរទេស​គាត់​ស្នើ​ឱ្យ​អនុគណៈកម្មការ​សិទ្ធិមនុស្ស​ធ្វើការ​ស្រាវជ្រាវ​មើល គួរ​មានច្បាប់​នេះ​ឬ​អត់ អ៊ីចឹង​គឺ​ចេញ​ពីរ​រដ្ឋាភិបាល​ហើយ​ខ្ញុំ​មើល​ទៅ​អត់​មាន​អ្នក​ប្រឆាំង​ទេ គឺ​មានតែ​អ្នក​ស្រប»។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា អូស្ត្រាលី​មិន​អាច​នៅ​ស្ងៀម​ទុក​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ​ធ្វើបាប​ពលរដ្ឋ​និង​រំលោភសិទ្ធិ​មនុស្ស​តាម​ទំនើងចិត្ត​នោះ​ទេ​។ ពួកគេ​រំពឹង​ថា រដ្ឋាភិបាល​និង​រដ្ឋសភា​ប្រទេស​អូស្ត្រាលី​នឹង​យក​គំរូ​តាម​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​សហរដ្ឋអាមេរិក ដែល​បានធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​បាតដៃ​ប្រឡាក់​ឈាម​ទាំង​នោះ។

ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ហៅ​កិច្ចប្រឹងប្រែង​របស់​សហគម​ន៍​ខ្មែរ​អូស្ត្រាលី​ដែល​កំពុង​ធ្វើ​នេះ​ថា ជា​ការ​យក​មាតុភូមិ​របស់ខ្លួន​ជា​សត្រូវ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អូស្ត្រាលី​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។ ប៉ុន្តែ​នៅ​ពេល​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​សួរ​លោក​ថា តើ​លោក​យល់​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ធ្វើ​ច្បាប់​នេះ តាម​សំណើ​របស់​សហគមន៍​ខ្មែរ​ដែរឬទេ​? លោក​ឆ្លើយថា នេះ​ជា​សិទ្ធិសេរីភាព និង​ការសម្រេច​ដែល​ស្ថិតក្នុង​ដែនដី​អធិបតេយ្យ​របស់​អូស្ត្រាលី៖ «ខ្ញុំ​អត់​មានមតិ​អ្វី​ទៅ​លូកលាន់​ទៅក្នុង​ដែន​សមត្ថកិច្ច​ដែនដី​អធិបតេយ្យ​របស់​អូស្ត្រាលី ប៉ុន្តែ​ជា​ការ​ពិសោធន៍ ខ្ញុំ​ឃើញ​ក្រុម​នោះ (សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី) ជួប​បរាជ័យ​តែ​ប៉ុណ្ណឹង​ឯង»។

សហរដ្ឋអាមេរិក​បាន​ឈានមុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់​ទណ្ឌកម្ម​បុគ្គល​ពីរ​នាក់​នៅ​កម្ពុជា គឺ​មន្ត្រី​ជំនិត​របស់លោក ហ៊ុន សែន រួមមាន​មេកង​អង្គរ័ក្ស​របស់លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) លោក ជា យូហ៊ន ឱ្យ​ដឹងថា ដោយសារ​សព្វថ្ងៃនេះ​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​រវល់​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ទើប​សន្ទុះ​នៃ​ការ​ធ្វើ​ច្បាប់​ហាក់​នៅ​យឺត​យ៉ាវ ប៉ុន្តែ​លោក​ជឿជាក់​ថា នៅ​ពេល​ជំងឺ​នេះ​បាន​ធូរស្រាល ច្បាប់​នេះ​នឹង​ត្រូវ​បាន​រដ្ឋសភា​លើក​យក​ទៅ​អនុម័ត៕

No comments: