Wednesday 27 May 2020

សង្គម​ស៊ីវិល​ថា ក្រុមហ៊ុន​វៀតណាម​បំផ្លាញ​ដី​ជន​ជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី


Khmer Circle:

What does anyone really expect of these Vietnamese "companies" with the complete power and control given them via the ELC terms? Joint-Economic development? Improving local livelihoods? Turning "uncultivated, idle lands" [favourite slogan line of the Vietnamese] into arable, productive farms?!

And yet the Khmers are frequently chastised for their supposed xenophobic and 'negative' - if not "derogatory" - view of their neighbours to the East...

🔺🔺🔺
ដោយ សុជីវី
2020-05-25

រូបសំណាក​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី
រូបសំណាក​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី
Photo courtesy of tourismcambodia.com




ពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ដីធ្លី​អះអាង​ថា ក្រុមហ៊ុន​ខ្នាត​ធំ​របស់​វៀតណាម​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ដែល​កំណត់​ថា ត្រូវ​ប្រគល់​ទៅ​ឱ្យ​សហគមន៍​វិញ​។ ការ​ឈូស​ឆាយ​នេះ​កើត​ឡើង​​ នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​ស្ថិត​នៅ​ក្នុង​ភូមិ​មិន​ចេញ​ទៅ​ណា ដើម្បី​ការពារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩។

តំណាង​សហគមន៍​ភូមិ​កាក់ និង​ជា​ជន​ជាតិ​ដើម​ភាគតិច​កាចក់ ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស លោក សេវ សឿន ឱ្យ​អាស៊ី​សេរី​ដឹង​ថា ​ក្រុមហ៊ុន​ ហ័ងអាញ់យ៉ាឡាយ (HAGL) បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​​អារក្ស ដី​កប់​សព និង​ដី​បង្ក​បង្កើន​ផល​របស់​ពលរដ្ឋ។ លោក​​បញ្ជាក់​ថា ដី​នោះ គឺ​ជា​តំបន់​ដែល​សហគមន៍​ និង​អាជ្ញាធរ​ខេត្ត​រតនគិរី​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ។ លោក​ឱ្យ​ដឹង​ទៀត​ថា សកម្មភាព​ឈូស​ឆាយ​​របស់​ក្រុមហ៊ុន​ បាន​កើតឡើង​កាល​ពី​ខែ​មីនា​កន្លងទៅ ហើយ​ក្រុមហ៊ុន​បាន​យក​បង្គោល​ទៅ​បោះ​នៅ​លើ​ទីតាំង​ដែល​ពួក​គេ​ឈូស​ឆាយ​នោះ​ទៀតផង។

តំណាង​សហគមន៍​រូប​នេះ​ថ្លែង​ទៀត​ថា លោក​មិន​បាន​ដឹង​អំពី​ផ្ទៃដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​នោះ​ទេ ប៉ុន្តែ​លោក​ដឹង​ថា ការ​ឈូស​ឆាយ​នេះ​​ប៉ះពាល់​ដល់​សហគមន៍ ៤ភូមិ គឺ​ភូមិ​កាក់ ភូមិ​ម៉ុយ ភូមិ​ម៉ាស និង​ភូមិ​អ៊ីន៖ «កាល​មុន​ ជន​ជាតិ​ដើម​ភាគ​តិច​ពួក​ខ្ញុំ​រក​ស៊ី​មាន​ព្រៃ មាន​ភ្នំ មាន​អ្វី ​ឥលូវ​នេះ​វា​អត់​មាន​។ សហគមន៍​ខ្ញុំ​ចង់​ធ្វើ​ម៉េច​ឱ្យ​អាជ្ញាធរ​រាជ​រដ្ឋាភិបាល​យើង​គិត​គូរ​ដល់​សហគមន៍។ កុំ​ឱ្យ​គាត់​កាប់ ដោយ​សារ​បើ​​ទុក​អ៊ីចឹង យូរៗ ទៅ​ក្រុមហ៊ុន​វា​​លូច​លាក់​ដូច​មុនៗ។ សូម​ឱ្យ​រាជ​រដ្ឋាភិបាល​យើង​អាណិត​អាសូរ​ផង»។

អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) អះអាង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ឧសភា​ថា ក្រុមហ៊ុន ហ័ងអាញ់យ៉ាឡាយ (HAGL) បាន​ឈូស​ឆាយ​ដី​​ភ្នំ​អារក្ស​ចំនួន​ពីរ​កន្លែង តំបន់​ដី​សើម​ តំបន់​បរបាញ់​សត្វ​តាម​បែប​ប្រពៃណី និង​ដី​កប់​សព​របស់​អ្នក​ភូមិ។ អង្គការ​ដដែល​នេះ​បន្ត​ថា ទង្វើ​របស់​ក្រុមហ៊ុន​​បាន​បំផ្លាញ​ដី​ព្រៃ និង​បណ្ដាល​ឱ្យ​ខូច​ខាត​មិន​អាច​ស្ដារ​ឡើងវិញ​បាន​នូវ​ដី​ដែល​មាន​តម្លៃ​ខាង​ជំនឿ​មិន​អាច​កាត់​ថ្លៃ​បាន ចំពោះ​សហគមន៍។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​មាន​ការ​ចូល​រួម (IDI) លោក ដេវីដ ប្រេដ (David Pred) លើក​ឡើង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ការ​បំផ្លាញ​ទី​កន្លែង​សក្ដិសិទ្ធិ​ទាំងនេះ​ដោយ​ក្រុមហ៊ុន ហ័ង​អាញ់ យ៉ាឡាយ (HAGL) គឺ​ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ។ លោក​ថា ក្រុមហ៊ុន​នេះ​បាន​ឆក់​ឱកាស​ពី​​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ-១៩ មក​​បិទបាំង ដើម្បី​ឈូស​ឆាយ​ដី​ជន​ជាតិ​ដើម​ភាគ​តិច​ដោយ​​ខុស​ច្បាប់​ថែម​ទៀត ដែល​នេះ​គឺ​ជា​រឿង​អាក្រក់​ហួស​ថ្លែង។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ ហ័ង​អាញ់យ៉ាឡាយ (HAGL) ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ ឧសភា។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ជិត ៥ម៉ឺន​ហិកតារ​លើស​ពី​ច្បាប់​កំណត់ ដល់​ក្រុមហ៊ុន​វៀតណាម ហ័ង​អាញ់យ៉ាឡាយ (HAGL) ដើម្បី​វិនិយោគ​ដាំ​កៅស៊ូ ក្នុង​រយៈ​ពេល ៩៩ឆ្នាំ។ សេចក្ដី​សម្រេច​នេះ បាន​បើក​ផ្លូវ​ឆ្ពោះ​ឱ្យ​មាន​​​ការ​ឈូស​ឆាយ​ដី​ព្រៃ​រាប់​ម៉ឺន​ហិកតារ​នៅ​ខេត្ត​រតនគិរី ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រាប់​ពាន់​គ្រួសារ​នៅ​ស្រុក​អណ្តូង​មាស និង​ស្រុក​អូរជុំ។

ទំនាស់​ដីធ្លី​រវាង​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​ និង​ក្រុមហ៊ុន​យក្ស​របស់​វៀតណាម​នេះ បាន​ចាប់​ផ្ដើម​ផ្ទុះឡើង​ នៅ​ឆ្នាំ២០១១ និង​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ការ​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​នេះ ត្រូវ​បាន​រៀប​ចំឡើង​ជា​បន្ត​បន្ទាប់ ដោយ​មាន​ការ​ចូល​​រួម​ពី​ក្រុម​ការងារ​ឯករាជ្យ​របស់​ធនាគារ​ពិភពលោក ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​រតនគិរី និង​ក្រសួង​ពាក់ព័ន្ធ​នៅ​ថ្នាក់​ជាតិ។ នៅ​ខែមីនា ឆ្នាំ២០២០ នេះ អាជ្ញាធរ​ខេត្ត​រតនគិរី​បានសម្រេច​ស្នើសុំ​ជា​ផ្លូវ​ការ​ទៅ​ក្រសួង​កសិកម្ម​ ឱ្យ​ប្រគល់​ដី​ចំនួន ៦៤ទីតាំង ឬ​ស្មើ​នឹង ៧៤២​ហិកតារ ជូន​ទៅ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ទាំង ១២សហគមន៍​នោះ​វិញ ដើម្បី​ឱ្យ​​ពួក​គាត់​អាច​ប្រតិបត្តិ​តាម​ជំនឿ ប្រពៃណី និង​វប្បធម៌​ ព្រម​ទាំង​គាំទ្រ​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​​គាត់។

នាយក​រដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី លោក នាង សំអាត មាន​ប្រសាសន៍​ថា ការ​ឈូស​ឆាយ​តំបន់​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា គឺ​ជា​រឿង​ខុស​ឆ្គង ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ។ លោក​​ថា បើ​មន្ត្រី​ជំនាញ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ការ​អះអាង​របស់​សហគមន៍​មែន នោះ​អាជ្ញាធរ​ខេត្ត​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​របស់​ខ្លួន។

ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​សហគមន៍​វិញ លោក នាង សំអាត បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មាន​សិទ្ធិ​អំណាច​ត្រឹម​សម្របសម្រួល​ និង​លើក​ទៅ​សំណើ​ទៅ​ថ្នាក់​លើ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ស្ថិត​នៅ​លើ​ក្រសួង​កសិកម្ម៖ «កន្លែង​កាត់​កង​ហ្នឹង ក្រុមហ៊ុន​ឱ្យ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច។ អ៊ីចឹង​ក្រុមហ៊ុន​ថា បើ​រដ្ឋាភិបាល​សម្រេច​ថា កាត់​ប៉ុន្មាន អ្វី​ប៉ុន្មាន​ អា​ហ្នឹង​ក្រុមហ៊ុន​គេ​នឹង​ទទួល​យក​ប៉ុណ្ណឹង។ អ៊ីចឹង​បាន​ជា​មាន​កិច្ច​ប្រជុំ​ដើម្បី​សម្រប​សម្រួល​​រវាង​សហគមន៍​ជាមួយ​នឹង​ក្រុមហ៊ុន ហើយ​ខេត្ត​ដែល​ជា​អាជ្ញាធរ​ដែន​ដី បាន​ស្នើ​ទៅ​ក្រសួង​។ ខ្ញុំ​មិន​ច្បាស់​តួលេខ​ទេ។ អ៊ីចឹង​មានន័យ​ថា មក​ដល់​ពេល​នេះ សំណើ​ដែល​យើង​ទៅ​ក្រសួង​ហ្នឹង​ មិន​ទាន់​មាន​ការ​ឯកភាព​ថា កាត់​ឱ្យ​ប៉ុណ្ណឹង ឬ​យ៉ាង​ម៉េច​នោះ អត់​ទាន់​មាន​នៅ​ឡើយ​ទេ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក ស្រី វុឌ្ឍី ជាច្រើន​ដង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី២៥ ឧសភា ប៉ុន្តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ថ្លែង​ថា ការ​ឈូស​ឆាយ​ដី​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ប្រគល់​ជូន​សហគមន៍​វិញ​នោះ គឺ​ជា​សកម្មភាព​ចុងក្រោយ​ក្នុង​ចំណោម​សកម្មភាព​មិន​ស្មោះ​ត្រង់​ដោយ​ចេតនា​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន។ លោក​ថា ក្រុមហ៊ុន​ ហ័ងអាញ់ យ៉ាឡាយ​ ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ជា​បន្ទាន់ និង​ប្រគល់​ដី​ជូន​សហគមន៍​វិញ ព្រម​ទាំង​សង​ការ​ខូច​ខាត​ទាំងអស់​ដែល​ក្រុមហ៊ុន​បាន​បង្ក​ចំពោះ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី៖ «ក្រុមហ៊ុន​ហ្នឹង​ត្រូវ​គោរព​នូវ​អ្វី​ដែល​យើង​បាន​ឯកភាព​គ្នា​ជា​មួយ​ប្រជាពលរដ្ឋ ហើយ​កុំ​ទាន់​ឈូស​ឆាយ​តំបន់​ដែល​យើង​ចុះ​ទៅ​ហ្នឹង ហើយ​រង់​ចាំ​ឱ្យ​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​ពី​ក្រសួង​ ដើម្បី​យើង​អាច​កំណត់​ព្រំ​មួយ​ដែល​ជា​ព្រំ​ដែល​យើង​ឯកភាព​គ្នា​អ៊ីចឹង​ទៅ ហើយ​យើង​អាច​បន្ត​នូវ​ការ​សហការ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​ហ្នឹង»។

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ធ្លាប់​រក​​ឃើញ​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ហ័ងអាញ់ យ៉ាឡាយ​ បាន​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​បាត់​បង់​ដីស្រែ​ចម្ការ ប្រភព​ទឹក ​លទ្ធភាព​ចូល​ទៅ​ក្នុង​ព្រៃ បាត់​​ចំណូល  ព្រម​ទាំង​ប្រឈម​ការ​គំរាម​កំហែង​ដល់​អាយុជីវិត ឬ​ការ​ចាប់​ខ្លួន​នៅ​ពេល​ពួក​គាត់​​ព្យាយាម​តវ៉ា​រឿង​ដីធ្លី។ អង្គការ​អន្តរជាតិ​នេះ​រក​ឃើញ​ទៀត​ថា ក្រុម​ហ៊ុន​យក្ស​របស់​វៀតណាម​មួយ​នេះ​មាន​ពាក់​ព័ន្ធ​នឹង​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ ជាពិសេស​នាយក​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ អង្គការ​ឃ្លាំមើល​ពិភពលោក​ថា ធន​ធាន​ធម្មជាតិ​មាន​កំណត់ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែ​ច្បាម​យក​ធនធាន​ទាំងនោះ​ឱ្យ​អស់ មុន​ពេល​វា​បាត់​បង់​អស់៕

1 comment:

Anonymous said...

The evil Vietnam will be able to destroy all Khmer properties so long as Ah Kwack Hun Sen and Ah Kwen Heng Samrin stay in power.