Monday 18 May 2020

ស្ត្រី​បក្ស​ប្រឆាំង​កំពុង​ភៀស​ខ្លួន​ម្នាក់ ស៊ូទ្រាំ​ក្នុង​ជីវភាព​តោកយ៉ាក ខណៈ​ប្ដី​ជាប់​គុក​ដោយ​រឿង​នយោបាយ


ដោយ សុជីវី
2020-05-18

rfa

លោកស្រី ស ខ្ចី និង​ស្វាមី។
លោកស្រី ស ខ្ចី និង​ស្វាមី។
Photo courtesy




សកម្មជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោកស្រី ស ខ្ចី កំពុង​រស់​ភៀសខ្លួន ក្នុង​ប្រទេស​ថៃ យ៉ាង​លំបាក ក្នុង​ស្ថានភាព​កូនខ្ចី​តែឯង ខណៈ​ប្ដី​កំពុង​ជាប់​ពន្ធនាគារ ជាង​១​ឆ្នាំ​មក​ហើយ នៅ​ប្រទេស​កម្ពុជា ព្រោះ​រឿង​នយោបាយ។

ស្ត្រី​រូប​នេះ​ប្រាថ្នា​ឱ្យ​អាជ្ញាធរ ឆាប់​ដោះលែង​ប្ដី ដើម្បី​ឱ្យ​បាន​ឃើញ​មុខ​កូនប្រុស​អាយុ ៨​ខែ និង​ជួយ​ធ្វើ​ការងារ​សម្រាល​បន្ទុក​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​នេះ។

លោកស្រី ស ខ្ចី គឺជា​សមាជិក​ចលនា​ស្ត្រី ប្រចាំ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។ លោកស្រី ជា​ជនភៀសខ្លួន​ម្នាក់ ក្នុង​ចំណោម​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ច្រើន​ទៀត កំពុង​ភៀសខ្លួន​ពី​ការ​ធ្វើទុក្ខបុកម្នេញ ពី​របប​ក្រុង​ភ្នំពេញ​។ បច្ចុប្បន្ន លោកស្រី​កំពុង​ភៀសខ្លួន នៅ​ប្រទេស​ថៃ រស់នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​មួយ នៅ​ជាយក្រុង​បាងកក ពីរ​នាក់​កូនង៉ែត អាយុ​ជាង ៨​ខែ។



លោកស្រី​ព្រាត់​ប្ដី ជាង​១​ឆ្នាំ​មក​ហើយ​។ កាលពី​ជាង​១​ឆ្នាំមុន គឺ​នៅ​ចុងខែ​មករា ឆ្នាំ​២០១៩ របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​ប្ដី​លោកស្រី ឈ្មោះ ប៉ាន សុខ​សុវណ្ណនី ជា​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅ​ពេល​ដែល​គាត់ ចូល​ទៅ​ប្រទេស​កម្ពុជា ដើម្បី​មើលថែ​ម្ដាយ​ឈឺ​ធ្ងន់​។ តុលាការ​បាន​កាត់ទោស​គាត់​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ ពី​បទ​ញុះញង់ និង​ចូលរួម​គំនិត​ក្បត់ជាតិ និង​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃស។ពេលនោះ លោកស្រី មាន​គភ៌ ៤​ខែ។ វាសនា​ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ យ៉ាប់យ៉ឺន​ខ្លាំង តាំងពី​ពេលនោះ​មក ព្រោះ​បាត់បង់​បង្គោល​គ្រួសារ។ ឯ​វិបត្តិ​កើតឡើង​ទាំង​ផ្លូវចិត្ត និង​ជីវភាព​។ ក្នុង​ការ​រស់នៅ ជា​ជនភៀសខ្លួន លោកស្រី ស ខ្ចី បាន​ប្ដូរ​កន្លែង​ស្នាក់នៅ ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ដោយសារ ការ​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល។ ចុងក្រោយ លោកស្រី បាន​រត់​ទៅ​សុំ​ស្នាក់នៅ ជាមួយ​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម នៅ​ប្រទេស​ថៃ។

ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ រៀបរាប់​ថា នៅ​ថ្ងៃ​ដែល​លោកស្រី​សម្រាល​កូន ជា​ពេលវេលា​ឈឺចាប់​បំផុត ព្រោះ​អារម្មណ៍​នឹក​ស្រណោះ​ប្ដី​កំពុង​ជាប់​ពន្ធនាគារ មិន​អាច​មក​មើលថែ​ប្រពន្ធ​កូន និង​គ្មាន​លុយ​បង់ថ្លៃ​សេវា​វះកាត់​បង្កើត​កូន​។ លោកស្រី ឱ្យ​ដឹង​ថា ដោយសារ​គ្មាន​លុយ​បង់ថ្លៃ​ពេទ្យ​នោះ គឺ​គ្រូពេទ្យ​ថៃ សុំ​ឱ្យ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ច្រើន​ថ្ងៃ​សិន រង់ចាំ​សាច់ញាតិ​យក​លុយ​មក​បង់ថ្លៃ​ពេទ្យ។ ដោយសារ​គ្មាន​ជម្រើស លោកស្រី បាន​សុំ​ឱ្យ​ក្រុម​ជនភៀសខ្លួន​ខ្មែរ​ក្រោម ជួយ​ដើរ​ខ្ចី​លុយ​គេ ដើម្បី​យក​ទៅ​បង់ថ្លៃ​ពេទ្យ៖ «វេទនា​ណាស់​បង​អើយ កាល​ហ្នឹង ត្រូវ​នៅតែ ៤​ថ្ងៃ​ទេ ឡើង​ដល់​៨​ថ្ងៃ យើង​អត់​មាន​លុយ​ឱ្យ​ពេទ្យ គេ​ឃាត់ទុក​យើង​រហូត​។ យើង​ពិបាក ចង់​និយាយ​ថា ដូច​ខ្ញុំ​ប្រាប់​ខាង UN អ៊ីចឹង បើ​ទាញ​ពេលវេលា​ថយក្រោយ​វិញ​បាន ខ្ញុំ​ចង់​ឱ្យ​ប្ដី​ខ្ញុំ មក​នៅ​ក្បែរ​ខ្ញុំ»។

លោកស្រី ស ខ្ចី ពេល​សម្រាល​កូន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
លោកស្រី ស ខ្ចី ពេល​សម្រាល​កូន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ Photo courtesy


នៅ​ពេល​ចេញពី​មន្ទីរពេទ្យ​ភ្លាម កាលនោះ​កូនង៉ែត មាន​អាយុ ១៨​ថ្ងៃ លោកស្រី ស ខ្ចី បាន​បី​កូន ដើរ​សុំ​លុយ​តាម​អង្គការ​ជា​ដៃគូ របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ដើម្បី​រកលុយ​មក​សង​គេ​វិញ។ លោកស្រី ដើរ​បី​កូន​យំ​តាម​អង្គការ ទើប​មានការ​អាណិតអាសូរ ទទួល​បាន​លុយ​ខ្លះ សង​ថ្លៃ​សេវា​វះកាត់​កូន​។ បន្ទាប់​មក លោកស្រី ស ខ្ចី ក៏​ខិតខំ​រ៉ាប់រង​ចិញ្ចឹម មើល​ថែ​កូន តែម្នាក់​ឯង ក្នុង​ជីវភាព​គ្មាន​ប្រាក់​ចំណូល៖ «ពិបាក​ហៅ​មិន​លឺ ពិបាក​មិន​ដឹង​រក​លេខ​អ្វី​មក​ដាក់​។ ដោយសារ​ពេលខ្លះ យើង​ចង់ ដូច​ថា យើង​តប់ប្រមល់​ខ្លាំង​មែនទែន យើង​ចង់​ដើរ​ចេញ​បន្តិច ឱ្យ​វា​ស្រឡះ​អារម្មណ៍​ហើយ មក​កាន់​កូន​វិញ ក៏​យើង​ធ្វើ​អត់​បាន​។ ដោយសារ​យើង​មិន​អាច​ដើរ​ចោល​កូន​បាន បន្តិច​ក៏​យើង​ដើរ​ចោល​អត់​កើត ហើយ​យើង​ចង់​ទៅ​ទិញ​អ្វី មួយ​ភ្លែតៗ មិន​ចង់​យក​កូន​ទៅ ក៏​យើង​មិន​អាច មិន​អាច​ផ្ញើ​គេ​បាន ត្រូវ​កណ្ដៀត​កូន​ទៅតាម​។ សូម្បី​ពី​ម្សិលម្ង៉ៃ ខ្ញុំ​ទៅ​ពេទ្យ ក៏​ត្រូវ​យក​កូន​ទៅតាម និយាយ​ថា មហា​ពិបាក​ហួស»។

សព្វថ្ងៃ​នេះ លោកស្រី​ក៏​ទទួល​បាន​ថវិកា​ខ្លះ ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ដែរ គឺ​ប្រហែល​៣​ពាន់​បាត ឬ​ស្មើ​មួយ​រយ (១០០)​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។ ប៉ុន្តែ លោកស្រី ថា ប្រាក់​ទាំងនោះ គឺ​សម្រាប់​តែ​បង់ថ្លៃ​បន្ទប់​ជួល​ទេ។ ឯ​លុយ​ចំណាយ ទឹកដោះគោ​កូន ម្ហូបអាហារ និង​ការចាយវាយ​របស់​ប្ដី ក្នុង​ពន្ធនាគារ​ព្រៃ​ស គឺជា​វិបត្តិ​ធ្ងន់ធ្ងរ​របស់​លោក​ស្រី។

សកម្មជន​ជន​រូប​នេះ បាន​ភៀស​ខ្លួន ទៅ​ប្រទេស​ថៃ កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨ គឺ​មុន​ព្រឹត្តិការណ៍​បោះឆ្នោត ឆ្នាំ​២០១៨ ជិត​មួយ​ខែ។ លោកស្រី​បាន​ធ្វើ​សកម្មភាព​បង្ហោះ​សារ​ម្រាមដៃ​ស្អាត ហើយ​ប៉ូលិស​ចោទ​ថា លោកស្រី ប្រឆាំង​រដ្ឋាភិបាល ដោយ​ញុះញង់​ពលរដ្ឋ មិន​ឱ្យ​ទៅ​បោះឆ្នោត។

លោកស្រី បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​សកម្មភាព​បំផុស​យុទ្ធនាការ​ម្រាមដៃ​ស្អាត តាម​ហ្វេសប៊ុក (facebook) ឱ្យ​បាន​ទូលាយ​ជាង ក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី​ប្រាប់​ថា ធ្លាប់​ត្រូវ​ប៉ូលិស​ថៃ ឃាត់ខ្លួន​ម្ដង​ហើយ ជាមួយ​ប្ដី​លោកស្រី ហើយ​ប៉ូលិស​ថៃ បាន​ព្រមាន​ឱ្យ​បញ្ឈប់​ធ្វើ​សកម្មភាព​ទាំងឡាយ ក្នុង​ប្រទេស​ថៃ ក្នុង​ន័យ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ត​ទៀត បើ​មិន​ដូច្នោះ​តម្រួត​ថៃ នឹង​ចាប់​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។

ស្ត្រី​ជន​ភៀសខ្លួន​ខ្មែរ​ក្រោម ដែល​ចេះ​ភាសា​ថៃ គឺជា​កម្មករ​លើក​បន្លែ​តាម​ឡាន ដែល​ហាក់​ដូចជា​សាច់ញាតិ​តែ​ម្នាក់​គត់ របស់​លោក​ស្រី ស ខ្ចី នៅ​ប្រទេស​ថៃ គឺ លោកស្រី លឹង ធីថាយ ប្រាប់​អាស៊ីសេរី​ថា អ្នក​រស់​ក្នុង​សមាគម​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម មាន​ក្ដី​អាណិត លោកស្រី ស ខ្ចី ណាស់ ព្រោះ​មិន​ចេះ​ភាសា​ថៃ ហើយ​មាន​ជីវភាព​លំបាក ឯ​ប្ដី​កំពុង​ជាប់ពន្ធនាគារ។

លោកស្រី លឹង ធីថាយ ប្រាប់​ថា នៅ​ថ្ងៃ​សម្រាល​កូន ជនភៀសខ្លួន​ខ្មែរ​ក្រោម​រ៉ៃ​អង្គាស​លុយ​គ្នា​ជួយ បានតែ​បន្តិច​ទេ ព្រោះ​ខ្មែរ​ក្រោម ក៏​គ្មាន​ប្រាក់​ដែរ​។ ម្ល៉ោះ​ហើយ នៅ​ពេល​ទាល់​ខ្លាំង លោកស្រី​ទៅ​សុំ​ខ្ចី​លុយ​ម្ចាស់​ផ្ទះ​ជួល ជា​ជនជាតិ​ថៃ ដោយ​សន្យា​រក​សង​វិញ។

លោកស្រី ស ខ្ចី (ឆ្វេង) និង​លោកស្រី លឹង ធីថាយ ពេល​នៅ​មន្ទីរ​ពេទ្យ​សម្រាល​កូន។
លោកស្រី ស ខ្ចី (ឆ្វេង) និង​លោកស្រី លឹង ធីថាយ ពេល​នៅ​មន្ទីរ​ពេទ្យ​សម្រាល​កូន។ Photo courtesy


លោកស្រី​ថា ការ​ហូប​ចុក​របស់​លោក​ស្រី ស ខ្ចី ទាំង​មុន​ពេល​សម្រាក​កូន និង​ពេល​សម្រាក​កូន​រួច ក៏​ទទួល​បាន​ការ​ជួយ​ពី​ក្រុម​ជនភៀសខ្លួន​ខ្មែរ​ក្រោម​ធ្វើការ​តាម​ផ្សារ​ដែរ គឺ​ពួកគេ​បាន​រើស​បន្លែ និង​ឆ្អឹង​ជ្រូក ដែល​គេ​ទុកចោល​នៅ​តាម​ផ្សារ មក​ចែក​គ្នា​ស្ល​ហូប៖ «ខ្ញុំ​រើស​បន្លែ រើស​អ្វី ដែល​គេ​សល់ៗ​។ គេ​លក់​សល់​យក​ចែក​គ្នា​ហូប​។ ជួនកាល មាន​គេ​ចោល​ឆ្អឹង(ជ្រូក​) ចោល​អ្វី ក៏​ខ្ញុំ​រើស​យក​មក​ហូប​។ គាត់​អត់​មាន​អ្នក​មើលថែ​គាត់​ទេ ហើយ​ខ្ញុំ​ហ្នឹង​ក៏​ចុះ​ឡើង​ទៅ​មើល​គាត់​ហ្នឹង រហូត​ដល់​ទទួល​យក​គាត់​ហ្នឹង មក​បន្ទប់​វិញ ដដែល​ហ្នឹង​ណា​។ គាត់​ត្រូវ​វះ​ផង គាត់​កើត (សម្រាលកូន​) អត់​បាន​នោះ​។ គេ​(​ពេទ្យ​) ឱ្យ​រក​ប្ដី ដល់​គ្មាន​ប្ដី រក​សាច់ញាតិ ខ្ញុំ​ហ្នឹង​ក៏​រក​សាច់​ញាតិ (​លោកស្រី​) ស ខ្ចី ហ្នឹង​ទៅ​។ ខ្ញុំ​ក៏​ស៊ីញេ​ទៅ»។

លោកស្រី លឹង ធីថាយ ប្រាប់​ថា តាំងពី​ប្រទេស​ថៃ រង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) មក ក្រុម​ជនភៀសខ្លួន​ខ្មែរ​ក្រោម នៅ​ប្រទេស​ថៃ មិន​អាច​ជួយឧបត្ថម្ភ​បន្លែ​សល់ៗ និង​ឆ្អឹង​ជ្រូក ដល់​លោកស្រី ស ខ្ចី និង​កូន​តូច​បាន​ទៀត​ទេ ព្រោះ​ពួកគេ​ជួប​ការ​លំបាក​ខ្លាំង​ដែរ ដោយ​មិន​អាច​ចេញ​ទៅ​ធ្វើការ នៅ​តាម​ផ្សារ បាន​ដូច​មុន​។ លោកស្រី​ថា រដ្ឋាភិបាល​ថៃ បាន​ដាក់​បម្រាម​គោចរ (​ចេញ​ដើរ​) ចាប់ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៤​ព្រឹក ធ្វើ​ឱ្យ​ខ្មែរ​ក្រោម មិន​អាច​ធ្វើការ​លើក​បន្លែ​តាម​ឡាន នៅ​ពេល​យប់​បាន។

លោកស្រី ស ខ្ចី ប្រាប់​ថា ការ​ស៊ូទ្រាំ ក្នុង​ជីវភាព​លំបាក​តោកយ៉ាក ក្នុង​ប្រទេស​ថៃ ព្រោះតែ​ចង់​បន្ត​ឆន្ទៈ ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកស្រី​បន្ត​ថា ការ​មិន​ព្រម​វិល​ត្រលប់​ចូល​កម្ពុជា​វិញ តាម​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​របប​ក្រុងភ្នំពេញ នៅតែ​បន្ត​ចាប់ចង និង​ការ​លប​វាយ​ប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក មាន​សកម្មជន​បក្ស​ប្រឆាំង ១២​នាក់ រង​ការ​ចាប់​ខ្លួន និង​១៦​នាក់​រង​ការ​វាយប្រហារ​របួស​ក្បាល និង​របួស​ដៃ ពី​ជន​មិន​ស្គាល់​មុខ​។ ប៉ុន្តែ​ប៉ូលិស​មិនដែល​ចាប់​បាន​ជន​ដៃដល់ ដែល​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង បាន​ម្នាក់​ណា​ទេ។

ទោះ​យ៉ាងណា លោកស្រី ស ខ្ចី សង្ឃឹមថា នឹង​បាន​ជួប​មុខ​ប្ដី ឆាប់ៗ នៅក្នុង​ប្រទេស​ថៃ ក្រោយពេល​លោក ប៉ាន សុខសុវណ្ណនី ត្រូវ​អាជ្ញាធរ​ដោះលែង ពេល​អនុវត្ត​ទោស​ពន្ធនាគារ​ចប់​សព្វគ្រប់ នៅ​ចុង​ខែ​សីហា ខាងមុខ៕

No comments: