Sunday 24 May 2020

ពលរដ្ឋ​ខ្មែរ​ក្រោម​ថា អាជ្ញាធរ​ខេត្ត​ក្រមួនស​បាន​ឆ្លើយតប​នឹង​ញត្តិ​របស់​ពួកគេ​រឿង​ដីធ្លី


Khmer Circle: All quiet as usual on the CPP-Hun Sen front over the plight of the Khmers in Kampuchea Krom...

🔺🔺🔺

ដោយ យន់ សាមៀន
2020-05-24
rfa
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
ក្រុម​ខ្មែរ​ក្រោម​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស នៅ​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ សមាគម​ខ្មែរ​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍



ពលរដ្ឋ​ខ្មែរ​ក្រោម​ជា ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្តេញ​ពី​ដីធ្លី​ស្រែ​ចំការ ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ក្រមួនស​វៀតណាម បាន​ឆ្លើយតប​នឹង​ញត្តិ​របស់​ពួកគេ ដែល​ទាមទារ​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ប្រគល់​ដីធ្លី​ឱ្យ​ពួកគេ​មក​វិញ។ ពួកគេ​សង្ឃឹម​ថា ក្រោយ​មាន​ការ​ឆ្លើយ​តប​នេះ វៀតណាម​នឹង​ដោះស្រាយ​ករណីនេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ពាក់ព័ន្ធ​រឿង​នេះ សមាគម​ខ្មែរក្រោម​ធ្វើការងារ​ខាង​សិទ្ធិមនុស្ស​ដែល​តាម​ដំណើរ​រឿងនេះ ស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​គួរតែអនុញ្ញាត​ឱ្យ​ខ្មែរក្រោម មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​និង​គ្រប់គ្រង​លើដី ដែល​ជា​ដី​បន្សល់​តាំងពី​ដូនតា ពួកគេ​វិញ។

ពលរដ្ឋ​ខ្មែរក្រោម ដែល​រងគ្រោះ​ដោយសារតែ​ការបណ្ដេញ​ពី​ដីធ្លី លោក សឺន ចាំង រំពឹង​ថា អាជ្ញាធរខេត្ត ក្រមួន​ស ដែល​វៀតណាម​ប្តូរ​ឈ្មោះ​ជា ភាសា​វៀតណាម​ថា ខេត្ត​កៀងញ៉ាង (Kien Giang) នឹង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដោះស្រាយ​រឿង​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ម្ចាស់​ដី៖ «ដល់​ពី​ខេត្ត​គេ​ឆ្លើយតប​ថា បានទទួល​សំបុត្រ​យើង​ហើយ​គេ​ផ្ញើ​ប្រកាន់​ដៃ​មក​ឱ្យ​យើង​ហើយ បាទ​យើង​នៅតែ​ទាមទារ​ចឹ​ង​បើ​ឱ្យ​មិន​ឱ្យ​ខ្ញុំ​ក៏​ខ្ញុំ​មិន​សុខចិត្ត​ដែរ​ខ្ញុំ​នៅតែ​ទាមទារ​ដល់​ជីវិតចុងក្រោយ​ហ្មង»។



តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម កាល​ពី​ដើម​ខែ​ឧសភា​នេះ បាន​ដាក់​ញាតិ​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ងៀន សួនហ្វុក (Nguyen Xuan Phuc) ឱ្យ​ដោះស្រាយ​ជម្លោះ​​ដីធ្លី ដើម្បី​ផ្ដល់​ដីស្រែ ចម្ការ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ ឱ្យ​បាន​ឆាប់រហ័ស​ទីបំផុត ពីព្រោះ​ពលរដ្ឋ​ខ្មែរក្រោម អាច​រស់រានមានជីវិត គឺ​អាស្រ័យ​ដីស្រែ។ញាតិ​ចុះ​ថ្ងៃទី​១០ ឧសភា​ថា ពលរដ្ឋ​ប្រមាណ ៨០០​នាក់ ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្ដេញ ដោយ​អំពើ​ហិង្សា ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាល​ពី​ដើម​ខែឧសភា​នេះ ហើយ​ស្នើ​ឱ្យ​វៀតណាម​ដោះស្រាយ​បញ្ហា​នេះ ឱ្យ​បាន​ចប់​ឆាប់ៗ​។ ញាតិ​ខ្មែរ​ក្រោម​នេះ ធ្វើឡើង​ដោយសារតែ កាលពី​ថ្ងៃទី​៥ ខែឧសភា អាជ្ញាធរ​វៀតណាម​រួមមាន​៖ ប៉ូលិស ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ ជាច្រើន​នាក់​បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ១០០​ហិកតារ ។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើហិង្សា បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ជាង ១០​នាក់​រង​បួស​ធ្ងន់​និង​ស្រាល។ ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​ដឹងថា ពួកគេ​បាន​អាស្រ័យ​ផល​លើដី​នោះ​តាំងពី​អំឡុង​ឆ្នាំ​១៩៧៣ មកម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រមធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​នោះទេ។

ពលរដ្ឋ​ខ្មែរក្រោម​អះអាង​ថា ពួកគេ​នឹង​នាំគ្នា​ទៅធ្វើ​ស្រែ លើដី​ដែល​វៀតណាម រឹបអូស​ជាថ្មីទៀត ប្រសិនបើ​គ្មាន​ដំណោះស្រាយ ទោះបី​ការ​តស៊ូ​នេះ អាច​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ក៏ដោយ។

ស្រប​ពេលដែល​ខ្មែរក្រោម​នៅ​វៀតណាម កំពុង​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​វៀតណាម ឱ្យ​ដោះស្រាយ​បញ្ហាដីធ្លី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការបរទេស​អាមេរិក ឱ្យ​ជំរុញ​វៀតណាម​ឱ្យ​ផ្ដល់​ដី​ទៅ​ខ្មែរក្រោម​វិញ​។ ក្នុង​លិខិត​ទៅ​មន្ត្រី​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិច សហព័ន្ធ​ស្នើ​ឱ្យ​អាមេរិក និង​ប្រទេស​ម្ចាស់ជំនួយ​ផ្សេងទៀត ត្រូវ​ជួយ​គាបសង្កត់​អាជ្ញាធរ​កុ​ម្មុយ​និ​ស្ត​វៀតណាម ដើម្បី​ផ្ដល់​ដី​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​វិញ​។​

ចំណែក​នៅឯ​កម្ពុជា​វិញ សមាគម​ខ្មែរក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ក៏បាន​ដាក់សំណើ​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ឱ្យ​អន្តរាគមន៍​ទៅ​វៀតណាម ឱ្យ​ដោះស្រាយ​បញ្ហាដីធ្លី​ដល់​ពលរដ្ឋ​ខ្មែរក្រោម​។ ប៉ុន្តែ​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង លើកឡើងថា ខ្មែរក្រោម​ឋិត នៅក្រោម​ការគ្រប់គ្រង របស់​វៀតណាម ដូច្នោះ រដ្ឋាភិបាល​កម្ពុជា​មិនអាច​ដោះស្រាយ​ឱ្យ​បានទេ​។ ប៉ុន្តែ​ការអះអាង​នេះ ផ្ទុយទៅនឹង​សកម្មភាព​របស់​វៀតណាម ដែល​តែងតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដល់​ជីវភាព​ជន​អន្តោរ​ប្រវេសន៍​វៀតណាម ហើយ​កម្ពុជា​ក៏​ធ្លាប់​ផ្តល់​ដី​ឱ្យ​ជនជាតិ​វៀតណាម​រាប់រយ​គ្រួសារ​ទៀតផង។

អគ្គលេខាធិការ​សមាគម​ខ្មែរក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន សង្កេត​ឃើញ​ថា កន្លង​មក ពលរដ្ឋ​ខ្មែរក្រោម បាន​ព្យាយាម​ស្នើ​ទៅ​អាជ្ញាធរ​វៀតណាម​ឱ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើ​ដីធ្លី​របស់​ពួកគេ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ធ្វើតាម​សំណើ​នេះ​ទេ ទើប​វៀតណាម​បាន​ឆក់​ឧកាស បង្ខំ​យក​ដី​ពី​ពលរដ្ឋ​ខ្មែរក្រោម​បាន​។ លោក​យល់ថា ផ្អែកលើ​សាវតារ​នៃ​ការប្រើប្រាស់​ដីធ្លី​នេះ ពលរដ្ឋ​ខ្មែរក្រោម​មាន​សិទ្ធិ​គ្រប់គ្រាន់​អាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ពី​អាជ្ញាធរ​វៀតណាម៖ «ដល់​ពួកគាត់ (ពលរដ្ឋ​ខ្មែរក្រោម) ហ្នឹង​បាន​ធ្វើ​លើដី​ស្រែ​ដីចម្ការ រហូត​តាំងពី​ទសវត្សរ៍​៧០​មក ដល់​បច្ចុប្បន្ន​ណា​ដែល​កំពុង​មាន​បញ្ហា​ហ្នឹង​អ៊ីចឹង​យើង​សំអាង​ទៅលើ​ប្រវត្តិ នៃ​ការ​ធ្វើស្រែ​ទី​២​ទៀត យើង​សង្កេត​ទៅ​លើ​ដែល​រដ្ឋាភិបាល​គេ​ដាក់​ថា ជា​តំបន់​អភិរក្ស​នៅលើ​ដីស្រែ​របស់​ពួកគាត់​ហ្នឹង​គឺជា​ការកើត​ក្រោយ​ការដែល​កើត​ក្រោយ​ដី​ដែល​ពួកគាត់​កាប់ឆ្ការ​ធ្វើ​ណា​អញ្ចឹង​មាន​ន័យ​ពួកគាត់​សិទ្ធិ​ធ្វើ​លទ្ធកម្ម​លើដី​ដែល​ពួក​ធ្វើស្រែ​ហ្នឹង»។

ទាក់ទង​ទៅនឹង​ការរំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរក្រោម​នេះ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ដោយសារតែ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ជា​អ្នកគ្រប់គ្រង​ដី​ទាំងស្រុង នៅ​ក្នុង​ប្រទេស​នេះ​ហើយ ទើប​បាន​បណ្ដាល​ឱ្យ​មាន​វិបត្តិ​ដីធ្លី កើតឡើង​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំងប្រទេស​។ លោក​បន្ត​ថា រដ្ឋាភិបាល​វៀតណាម បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដីធ្លី​របស់​ពួកគេ ហើយក៏​បាន​បង្ក​អំពើហិង្សា​ទៀតផង៖ «រដ្ឋាភិបាល​វៀតណាម បាន​កាន់​កាប់​ដីធ្លី ហើយ​តែងតែ​ប្រើប្រាស់​កម្មសិទ្ធិ​នេះ ដើម្បី​ដាក់​ការត្រួតត្រា​ទៅលើ​ដីធ្លី​របស់​សហគមន៍​។ ជាក់ស្ដែង ដូច​ករណី​ដី​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​១៩៧៣ ជាដើម ដែល​ត្រូវ​វៀតណាម​បង្ខំ​បណ្ដេញចេញ ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន​។ ការបង្ខំ​បណ្ដេញ​ចេញ​នេះ បណ្ដាល​ឱ្យ​កើត​មាន​អំពើហិង្សា គេច​មិន​ផុត​នោះទេ ដោយសារតែ​ពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​លើដី​ស្រែចម្ការ​។ ដីធ្លី​ចម្ការ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​រស់នៅ​របស់​ពួកគេ​។ ករណី​អំពើហិង្សា​កើតឡើង​នៅ​ខេត្ត​កៀងញ៉ាង នេះ បណ្ដាល​ឱ្យ​ខ្មែរក្រោម ១០​នាក់​រងរបួស បង្កឡើង​ដោយ​កងសន្តិសុខ​វៀតណាម​។ ករណី​នេះ ជា​ឧទាហរណ៍ បាន​ប្រើប្រាស់​អំណាច​រំលោភសិទ្ធិ​របស់​ខ្មែរក្រោម និង​សហគមន៍​ពួកគេ»។

មន្ត្រី​សហព័ន្ធ​ខ្មែរក្រោម ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា យ៉ាងហោចណាស់​ក៏មាន ពលរដ្ឋ​ខ្មែរក្រោម​ចំនួន​បីនាក់​ដែរ ធ្លាប់​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់ពន្ធនាគារ ដោយសារតែ​តវ៉ា​រឿង​ដីធ្លី​។ ពលរដ្ឋ​ខ្មែរក្រោម​អះអាងថា រឹបអូស​យក​ដីធ្លី និង​ស្រែចំការ​របស់​ពួកគេ គឺ​ស្មើ​សម្លាប់​ពួកគេ ដូច្នោះ​ដែរ​។ លោក​គេ​ថា ពួកគេ​សុខចិត្ត បូជាជីវិត ដើម្បី​ការពារ​ទឹកដី ដែល​បាន​បន្សល់ទុក​ពី​ដូនតា​ខ្មែរ មក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើប្រាស់៕

No comments: