Friday 15 May 2020

អង្គការ​អន្តរជាតិ​រក​ឃើញ​ថា យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា កើន​ការ​រំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ


ដោយ មួង ណារ៉េត
2020-05-14
rfa

អ្នកសង្ស័យ​ប្រើប្រាស់ និង​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ជាង ៣០០នាក់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ឃាត់​ខ្លួន នៅ​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត រ៉ក់ (Rock៌)  ម្ដុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី២២ ចូល ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៩។
អ្នកសង្ស័យ​ប្រើប្រាស់ និង​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ជាង ៣០០នាក់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ឃាត់​ខ្លួន នៅ​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត រ៉ក់ (Rock៌) ម្ដុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី២២ ចូល ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៩។
រូបថត៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ



អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា ដែល​ធ្វើ​តាំងពី​ដើម​ឆ្នាំ​២០១៧ មក​នោះ មិន​ត្រឹមតែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ គឺ​ថែមទាំង​កើន​ការរំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ផង។

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) រក​ឃើញ​ថា បញ្ហា​ធំៗ​នៃ​ការរំលោភ​សិទ្ធិមនុស្ស ដែល​កើតមាន​ពេញបន្ទុក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ គឺ​មាន​រហូតដល់​អំពើ​ទារុណកម្ម បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព​នៃ​អ្នក​ជាប់ឃុំ ដោយសារ​ការ​ចាប់​ញាត់​អ្នក​ជាប់ឃុំ​បន្ថែម ទៅ​ក្នុង​ពន្ធនាគារ​ដែល​លើស​ចំណុះ​ស្រាប់ ហានិភ័យ​នៃ​ចម្លង​ជំងឺ​កូវីដ​-១៩ ក្នុងចំណោម​អ្នក​ជាប់​ឃុំ ដោយសារ​មិន​អាច​អនុវត្ត​គោលការណ៍​ស្នាក់នៅ​ឃ្លាត​គ្នា​បាន និង​អំពើ​អមនុស្សធម៌ និង​អយុត្តិធម៌​ផ្សេង​ទៀត។

នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​លើកលែងទោស​អន្តរជាតិ​លោក នីកូឡាស់ ប៊ីឃ្វែលីន (Nicholas Bequelin) ហៅ​វិធី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​របប​ក្រុងភ្នំពេញ​អនុវត្ត​នេះ គឺជា​មហន្តរាយ​មួយ ដែល​បង្កើត​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​បង្កើត​ឱកាស​ឱ្យ​មន្ត្រី​ប្រាក់ខែ​តិច និង​មន្ត្រី​ខិលខូច ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​សង្គម។

របាយការណ៍​ស៊ើបអង្កេត​កម្រាស់ ៧៨ ទំព័រ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ផ្ដោត​លើ​ចំណាត់​ការ​របស់​របប​ក្រុងភ្នំពេញ ដែល​ចាប់ផ្ដើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង កាល​ពី​ដើម​ឆ្នាំ ២០១៧​។ ក្នុង​យុទ្ធនាការ​នេះ អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន។

បើ​តាម​របាយការណ៍​ដដែល​នេះ គឺ​អ្នក​ដែល​ជាប់ឃុំ រង​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើបាប​ច្រើន​ទម្រង់​។ មាន​ករណី​ជាច្រើន ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ រក​ឃើញ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រមាញ់​អ្នក​ដែល​ក្រ ទន់ខ្សោយ និង​ងាយ​រងគ្រោះ ដោយ​ចាប់ខ្លួន​ពួកគាត់​តាម​ទំនើងចិត្ត និង​ធ្វើ​ទារុណកម្ម និង​ធ្វើបាប​ជាប្រចាំ​។ ចំណែក​អ្នក​គ្មាន​ប្រាក់​សូក ដើម្បី​បាន​រួចខ្លួន ត្រូវ​គេ​បញ្ជូន​ទៅ​ដាក់​ឃុំខ្លួន​ក្នុង​គុក​ចង្អៀត និង​មន្ទីរ​ដែល​គេ​ហៅថា​មណ្ឌល​បន្សាប​គ្រឿងញៀន​នោះ។

មាន​ជនរងគ្រោះ ដែល​រង​អំពើ​ហិង្សា និង​ភាព​អយុត្តិធម៌​ជាច្រើន ត្រូវ​បាន​អង្គការ​នេះ​សម្ភាស ដើម្បី​រៀបរាប់​អំពី​ស្ថានភាព​ពួកគាត់ នៅ​ពេល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ធ្វើបាប​។ ស្រី​នាង អាយុ ៣០ ឆ្នាំ នៅ​ភ្នំពេញ ថា​គេ​ធ្វើ​ទារុណកម្ម​នាង ក្រោយ​ចាប់ខ្លួន​តាម​អំពើ​ចិត្ត ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ភ្នំពេញ។ នាង​ថា សមត្ថកិច្ច​គំរាម​ឱ្យ​នាង​សារភាព បើ​មិន​ព្រម ពួកគេ​នឹង​ឆក់​នាង ដោយ​ឧបករណ៍​ឆក់​។ ចំណែក​ឯ​យុវជន​វុទ្ធី អាយុ ១៤​ឆ្នាំ ពេល​គេ​ចាប់ខ្លួន​គាត់ ប្រាប់​ថា ប៉ូលិស​ជាច្រើន​នាក់ នាំគ្នា​វាយដំ​គាត់​។ គាត់​ថា​ប៉ូលិស​មិនបាន​ពន្យល់​ពី​នីតិវិធី​ចាប់ខ្លួន ឬ​សិទ្ធិ​មាន​មេធាវី​ការពារ​នោះ​ទេ។

របាយការណ៍​នេះ​បន្ត​ទៀត​ថា ការ​សម្រុក​ចាប់​មនុស្ស​ទាំង​អំពើ​ចិត្ត​ទាំងនេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជាប់ឃុំ​កើន​ឡើង​យ៉ាង​គំហុក​។ គិត​ត្រឹម​ខែ មីនា ឆ្នាំ ២០២០ ចំនួន​អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​កើន​ឡើង ៧៨ ភាគរយ ដោយមាន​អ្នក​ជាប់ឃុំ​សរុប​ជិត ៤ ម៉ឺន​នាក់ (៣៨,៩៩០)​។ ចំនួន​នេះ គឺ​លើស​ចំណុះ​ពន្ធនាគារ​រហូតដល់​ទៅ​ជិត ៥​ដង។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ឯណោះ​វិញ ក៏​មើល​ឃើញ​អំពី​ភាព​មិន​ប្រក្រតី​ច្រើន​ដែរ ជុំវិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ​។ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណ វាយតម្លៃ​ថា យុទ្ធនាការ​នេះ ទំនងជា​មិន​សូវ​មាន​ប្រសិទ្ធភាព​មែន ព្រោះ​មនុស្ស​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន មិន​ស្បើយ​សោះ៖ «យើង​មើល​ឃើញ​នោះ គឺ​ការ​បង្ក្រាប​និង​ការ​ចាប់​បាន​គ្រឿងញៀន​នេះ កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ទៅទៀត មាន​ទៅដល់ ១០ ឬ ២០ គីឡូ​ឯណោះ​។ បើ​យើង​ប្រៀបធៀប​ពី​មុនៗ​មក គឺ​មិន​មាន​ទំហំ​ធំ​ច្រើនបែប​ហ្នឹង​ទេ​។ នេះ​ស​បញ្ជាក់​ថា យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ធ្វើ​តាំងពី​ឆ្នាំ ២០១៧ មក​ទល់​បច្ចុប្បន្ន​ហ្នឹង គឺ​គ្មាន​ប្រសិទ្ធភាព​អ្វី​នោះ​ទេ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ថា អង្គការ​របស់​លោក ក៏​ធ្លាប់​បាន​ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ដែល​ថា​ពួកគាត់​រង​ការ​ធ្វើ​ទារុណកម្ម​រហូត​មាន​ជំងឺ​បាក់ស្បាត ខ្លាច​មណ្ឌល​នោះ​ថែម​ទៀត​ផង។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា ការអនុវត្ត​ស្តង់ដារ​ពីរ ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង ក៏​ជា​បញ្ហា​ធំ​មួយ ដែល​បង្កើត​ឱ្យ​មាន​ភាព​អយុត្តិធម៌​សង្គម​។ លោក​យោង​ទៅ​លើ​ករណី នៃ​ការអនុវត្ត​មិន​ស្មើភាព​គ្នា​រវាង​អ្នក​ក្រីក្រ និង​ទន់ខ្សោយ និង​អ្នកមាន​ទ្រព្យ និង​មានអំណាច ដូចជា​ករណី​ឧកញ៉ា គិត ធាង ជាដើម៖ «ការ​អនុវត្ត​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង លើ​បញ្ហា​គ្រឿងញៀន មានការ​អនុវត្ត​ដោយ​ស្តង់ដារ​ពីរ។ អ្នក​ទន់ខ្សោយ​និង​ក្រីក្រ ទទួលរង​ការអនុវត្ត​ច្បាប់​នេះ​។ អ្នកមាន​ឥទ្ធិពល មាន​លុយ ឬ​អំណាច តែងតែ​រួច​ផុត​ពី​ការ​ដាក់ទោស ឬ​ទណ្ឌកម្ម​ផ្សេងៗ​តាម​ផ្លូវ​ច្បាប់​ហ្នឹង»។

ទោះ​ជា​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល ថា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កន្លង​មក​នេះ មាន​ប្រសិទ្ធភាព និង​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ដោយ​គ្មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ទារុណកម្ម និង​អំពើពុករលួយ ដូច​ការ​រក​ឃើញ​របស់​អង្គការ​អន្តរជាតិ​នេះ​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​របប​ក្រុងភ្នំពេញ លោក ជិន ម៉ាលីន ថា​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ទាំង​បួន​ដំណាក់កាល​កន្លង​មក​នេះ ទទួល​បាន​ការ​ស្វាគមន៍ ទើប​យុទ្ធនាការ​នេះ​នៅតែ​បន្ត​ដូច្នេះ​។ លោក​អះអាង ថា​រដ្ឋាភិបាល​ស្វាគមន៍ កិច្ចសហការ​ពី​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​ទាំងឡាយ​ណា ដែល​អះអាង​ថា មាន​ភស្តុតាង​អំពី​ភាព​មិន​ប្រក្រតី​ណាមួយ ឱ្យ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៖ «ដូច្នេះ​បើ​សិន​មានការ​រក​ឃើញ ឬ​បើ​មាន​របាយការណ៍​ណាមួយ​បង្ហាញ​ថា ក្នុង​ការ​អនុវត្ត​យុទ្ធនាការ មន្ត្រី​អនុវត្ត​ច្បាប់ បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់ ដូចជា​មាន​អំពើពុករលួយ មានការ​ប្រើប្រាស់​អំណាច​ខុស​នីតិវិធី​ច្បាប់ សូម​ឱ្យ​មានការ​សហការ និង​ផ្ដល់​ព័ត៌មាន ក៏ដូចជា​ភស្តុតាង​ឱ្យ​បាន​ជាក់លាក់ ដើម្បី​យើង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ជាជាង​ការ​លើក​ឡើង ដោយ​មិន​មាន​មូលដ្ឋាន ដោយ​មិន​មាន​ភស្តុតាង ក្នុង​ចេតនា​មួយ​បន្តុះបង្អាប់ និង​ធ្វើការ​ចោទប្រកាន់ នោះ​យើង​មិន​អាច​ធ្វើ​ការ​ដោះស្រាយ​បាន​យ៉ាងម៉េច​ដែរ»។

ទោះជា​លោក ជិន ម៉ាលីន អះអាង​ថា រដ្ឋាភិបាល​មានចិត្ត​ទូលាយ បើកចំហ​យ៉ាង​នេះ​ក្តី កន្លង​មក​រដ្ឋាភិបាល​កម្ពុជា កម្រ​ទទួល​ស្គាល់ ឬ​ទទួលយក​របាយការណ៍​របស់​អង្គការក្រៅរដ្ឋាភិបាល ទាំង​អង្កការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​រក​ឃើញ​ភស្តុតាង​ជាច្រើន អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស អំពើ​ទារុណកម្ម និង​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។

បើ​ទោះ​បី​ជា​របប​ក្រុងភ្នំពេញ ទទួល​ឬ​មិន​ទទួលយក​ការ​រក​ឃើញ​នេះ ក៏​អង្គការ​លើកលែងទោស​អន្តរជាតិ ផ្ដល់​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ថា​បទពិសោធន៍​នៃ​អំពើ​ហិង្សា និង​ការរំលោភ​សិទ្ធិមនុស្ស ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ទាំង​នៅ​កម្ពុជា និង​ទីណា​ក៏ដោយ​នៅ​លើ​ពិភពលោក គឺ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ផ្ទុយទៅវិញ មានតែ​វិធីសាស្ត្រ ដែល​បញ្ឈប់​អំពើ​ហិង្សា បញ្ឈប់​ការ​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត និង​អំពើពុករលួយ ហើយ​ងាក​មក​រក​គោលនយោបាយ​ថ្មី​ដែល​មាន​ភាព​ទន់ភ្លន់ និង​គោរព​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ ទើប​យុទ្ធនាការ​នេះ​ទទួល​បាន​ជោគជ័យ៕

No comments: