Tuesday 5 May 2020

មេ​បក្ស​ប្រឆាំង ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន


អាស៊ីសេរី
2020-05-04

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​មិន​ទាន់​ជាប់​ឃុំឃាំង។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​មិន​ទាន់​ជាប់​ឃុំឃាំង។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា




ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាត់បង់​ម្ដាយ​ក្មេក គឺ​ឧបាសិកា ប៊ុន ស៊ាងលី នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​ឧសភា ដោយសារ​ជរាពាធ ក្នុង​ជន្មាយុ ៩៦ឆ្នាំ។

មេ​បក្ស​ប្រឆាំង​ដែល​កំពុង​មាន​ក្ដីក្ដាំ​ក្នុង​តុលាការ និង​ត្រូវ​បាន​លោក ហ៊ុន សែន ព្រមាន​ចាប់​ដាក់​គុក ឡើង​វិញ​រូប​នេះ ​សរសេរ​សារ​រំលែក​ទុក្ខ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា មរណភាព​របស់​ឧបាសិកា ប៊ុន ស៊ាងលី គឺ​ជា​ការបាត់បង់​មាតា និង​ជីដូន ដែល​ជា​អ្នក​មាន​គុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌។ ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ក៏​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ បើ​ទោះ​ជា​ពួក​គេ ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ ឥត​ស្រាកស្រាន្ត​ក្ដី។

ការ​សម្ដែង​សមានចិត្ត​​រវាង​អ្នក​នយោបាយ​គូ​បដិបក្ខ​នៅ​ស្រុក​ខ្មែរ មិន​មែន​ជា​រឿង​ថ្មី​ទេ។ កន្លងមក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ធ្លាប់​បាន​​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចំពោះ​មរណភាព​ម្ដាយ​ក្មេក​របស់​លោក កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៦។ ចំណែក​លោក សម រង្ស៊ី វិញ ក៏​ធ្លាប់​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​ ហ៊ុន សែន នៅ​ពេល​ឪពុក​បង្កើត​របស់​លោក នាយករដ្ឋមន្ត្រី ​ទទួលមរណភាព កាល​ពី​ឆ្នាំ​២០១៣ ដែរ។ សារ​រំលែក​ទុក្ខ​កាល​ណោះ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ទន់​ចិត្ត ស្នើ​សុំ​ព្រះ​មហាក្សត្រ​ព្រះ​រាជទាន​លើក​លែង​ទោស និង​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី បាន​វិល​ចូល​ស្រុក​​វិញ​ថែម​ទៀត។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ របស់​លោក កឹម សុខា នេះ​គឺ​ជា​ស​មាន​ចិត្ត និង​គុណធម៌​ល្អ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ មិន​ពាក់ព័ន្ធ​នឹង រឿង​នយោបាយ​នោះ​ទេ។ លោក សុខ ឥសាន្ត ក៏​មិន​ទាន់​ដឹង​ថា តើ​ការ​ផ្ញើ​សារ​រំលែក​ទុក្ខ​របស់​មេ បក្ស​ប្រឆាំង​រូប​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ទន់​ចិត្ត និង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ឡើងវិញ ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​រង់ចាំ​មើល​ទាំង​អស់​គ្នា៕

No comments: