Saturday 16 May 2020

លោក សម រង្ស៊ី ថា ទាល់តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ​ចេញ ទើប​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា



ដោយ មាន ឫទ្ធិ
2020-05-14
rfa

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha





ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី លើក​ឡើង​ថា ទាល់​តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ ឬ​ដែល​លោក​ហៅ​ថា «ចោរាធិបតេយ្យ» ចេញ ទើប​កម្ពុជា​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​បាន។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ដទៃ ផ្ដល់​ដំណោះ​ស្រាយ​ផ្សេងៗ គ្នា ដើម្បី​ឲ្យ​កម្ពុជា​អាច​ទប់​ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នេះ​បាន។ ការ​ផ្ដល់​ជា​ដំណោះ​ស្រាយ​ទាំង​នេះ កើត​មាន​ឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី៧ ឧសភា បាន​សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ បង្ក​ការ​គំរាមកំហែង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។

លោក សម រង្ស៊ី លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប មិន​ទាន់​គ្រប់គ្រាន់ នៅ​ឡើយ​ទេ។ លោក​ផ្ដល់​ដំណោះ​ស្រាយ​ថា ដើម្បី​បំបាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​បាន ចាំបាច់​ត្រូវ​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ចោល​តែ​ម្ដង៖ «អ្វី​ដែល​ទាក់ទង​ស្រុក​ខ្មែរ គឺ​ប្រព័ន្ធ​ចោរ។ យើង​កុំ​ហៅ​ថា ប្រជាធិបតេយ្យ ស្រុកខ្មែរ​យើង​ហៅ​ថា ចោរាធិបតេយ្យ។ ជា​ប្រទេស​មួយ​ដឹក​នាំ​ដោយ​ចោរ។ យើង​គ្រាន់​តែ​ចាំ​មើល​ចោរ​យក​លុយ ទៅ​លាក់​ទុក​នៅ​កន្លែង​ណា អត់​គ្រាន់​ទេ។ ទាល់​តែ​ចាប់​ចោរ​តែ​ម្ដង។ និយាយ​ឲ្យ​ខ្លី គឺ​ប្ដូរ​ប្រព័ន្ធ​ពី​ចោរាធិបតេយ្យ មក​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ។»

រីឯ​នាយក​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់​ដំណោះ​ស្រាយ​ផ្សេង​ពី​នេះ។ លោក​ថា ការណ៍​ដែល​កម្ពុជា​កំពុង​ត្រៀម​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ប្រឆាំង​ការ​រីក​សាយភាយ​ហិរញ្ញប្បទាន អាវុធ​មហា​ប្រល័យ គឺ​ជា​ជំហាន​វិជ្ជមាន។ លោក​ថា ក្រៅ​តែ​ពី​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ស្តង់ដារ​ច្បាស់លាស់ ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស ឲ្យ​មាន​ជំនាញ​គ្រប់គ្រាន់ ក្នុង​ការ​ស៊ើប​អង្កេត តាមដាន និង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។ យ៉ាង​ណា​ក៏​ដោយ លោក​សង្កត់​ធ្ងន់​ថា ការ​កែ​លម្អ​ប្រព័ន្ធ​តុលាការ និង​សេរីភាព​សារ​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ ក៏​ជា​ការ​ចាំបាច់ ដើម្បី​ដោះ​ស្រាយ​អំពើ​លាង​លុយ​កខ្វក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ៖ «ការ​ទប់​ស្កាត់​ការ​លាង​លុយ​នេះ គឺ​យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​យន្តការ​ផ្សេង​ទៀត ដូច​ជា ត្រូវ​ការ​ឲ្យ​តុលាការ​ឯករាជ្យ ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​រឿង​ចាំបាច់។ ទីពីរ​សំខាន់​ដែរ ទាក់ទង​នឹង​សារ​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឯករាជ្យ ដែល​ជា​ទូទៅ​ខាង​សារ​ព័ត៌មាន​ជា​ភ្នែក​ជា​ច្រមុះ​នៅ​ក្នុង​ការ​រាយការណ៍ ក្នុង​ការ​ផ្តល់ ព័ត៌មាន​ទាក់ទង​នឹង​លុយ​កខ្វក់។ បើ​ប្រទេស​យើង​មាន​សេរីភាព​សារ​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មាន​កម្រិត វា​ក៏​ជា​បញ្ហា​មួយ ដែល​ធ្វើ​ឲ្យ​ពិន្ទុ​យើង​ធ្លាក់»។

ដោយឡែក ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ និង​ជា​អ្នក​សកម្ម​ក្នុង​ការ​ស៊ើប​អង្កេត​ករណី ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​មាស​សុទ្ធ​ជិត ៧០០តោន​មក​កម្ពុជា លោក អាឡិច ហេនដ្រូ ហា្កន់សាឡេស ដេវិធសុន (Alejandro Gonzalez-Davidson) ផ្ដល់​ដំណោះ​ស្រាយ​បី ទប់ទល់​នឹង​បញ្ហា​លាង​លុយ​កខ្វក់​នេះ។ ដំណោះ​ស្រាយ​សំខាន់​មួយ ដែល​លោក​ចង់​ឃើញ គឺ​ការ​រំលាយ​ចោល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទើប​អាច​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង អំពើ​លាង​លុយ​កខ្វក់​បាន​ដោយ​មាន​ប្រសិទ្ធភាព៖ «ត្រូវ​តែ​រំលាយ​ចោល ហើយ​ត្រូវ​តែ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី ដែល​ដឹក​នាំ​ដោយ​មនុស្ស​ថ្មី ដែល​មាន​ឯករាជ្យ​ពី​នីតិប្រតិបត្តិ និង​និតិបញ្ញត្តិ ពិត​ប្រាកដ។ នេះ​ជា​ជំហាន​ដែល​ចាំបាច់​បំផុត ដូច​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដូច​ប្រទេស​ផ្សេង​ដែរ ឃើញ​ថា មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​អំពើ​ពុក​រលួយ ពី​ព្រោះ​ថា ACU ក៏​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់​ដែរ»។

ដំណោះ​ស្រាយ​ពីរ​ផ្សេង​ទៀត​ដែល​លោក អាឡិច ចង់​ឃើញ​មាន​នោះ រួមមាន ការ​ពង្រឹង​សមត្ថភាព​ប្រកប​ដោយ​ឯករាជ្យ នៅ​ក្នុង​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ ក្រោម​ចំណុះ​ធនាគារ​ជាតិ​នៃ​កម្ពុជា។ លោក​ថា អង្គភាព​នេះ​ចាំបាច់​ត្រូវ​ដឹក​នាំ​ដោយ​មនុស្ស មិន​ស្មោះ​នឹង​បក្ស​កាន់​អំណាច ឬ​នាយករដ្ឋមន្ត្រី។ ដំណោះ​ស្រាយ​ចុង​ក្រោយ លោក​ស្នើ​ថា អង្គភាព​នេះ​គួរ​មាន​បេសកកម្ម​បង្កើត​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​អំពើ​លាង​លុយ កខ្វក់​ជា​ប្រព័ន្ធ។ ការ​បង្ក្រាប​ជា​ប្រព័ន្ធ​នេះ លោក អាឡិច ថា គួរ​ផ្ដោត​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​សង្ស័យ​ថា មាន​ហានិភ័យ​ខ្ពស់​ខាង​សកម្មភាព​អំពើ​លាង​លុយ​កខ្វក់។ វិស័យ​ទាំង​នោះ រួមមាន កាស៊ីណូ ការ​វិនិយោគ​លើ​អចលនទ្រព្យ និង​ការ​នាំ​ចូល​មាស​សុទ្ធ​ជា​ដើម៖ «កាស៊ីណូ​ពីរ​បី​អត់​អី​ទេ។ ដូច​ប្រទេស​សិង្ហបុរី កាស៊ីណូ មួយ ឬ​ពីរ​អី ដាក់​ពន្ធ​ឲ្យ​ច្បាស់លាស់​ទៅ នោះ​អូខេ អាច​ជួយ​ខ្លះៗ។ ប៉ុន្តែ មិន​ចាំបាច់​ត្រូវ​មាន​កាស៊ីណូ ដល់ ១០០ជាង​នោះ​ទេ។ ទីពីរ អចលនទ្រព្យ យើង​ឃើញ​អាគារ​ប៉ុណ្ណា​ណី គេ​កំពុង​តែ សាងសង់​គ្រប់​ទិសទី អត់​មាន​ខ្មែរ​រស់​នៅ​ផង ហើយ​ទី​បី គឺ​ទាក់ទង​ជាមួយ​ការ​ជួញ​ដូរ បែប​បំប៉ោង ឬ​បន្ទាប ដូច​ជា​រឿង​មាស​ជា​ដើម។ គ្រាន់​តែ​មួយ​ឆ្នាំ មាស​ដែល​បាត់ ពី​ពីរ​ពាន់​ទៅ បី​ពាន់​លាន​ដុល្លារ គឺ​វា​ស្មើ​នឹង ៤០ ទៅ ៥០ភាគ​រយ នៃ​សេដ្ឋកិច្ច នៃ​ថវិកា​របស់​រដ្ឋ​កម្ពុជា ទាំង​មូល ដែល​រឿង​នេះ​មិន​តូច​ទេ»។

ក្រៅ​ពី​ដំណោះ​ស្រាយ​ទាំង​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល រិះគន់​ថា ការណ៍​ដែល​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ គ្រាន់​តែ​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​រាយការណ៍​ទាំង​អស់ ឲ្យ​ធ្វើ​ការ​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ហានិភ័យ​នៃ​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម គឺ​ជា​ការ​សន្យា​ខ្យល់ ហើយ​ពុំ​អាច​ដោះ​ស្រាយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ប្រកប​ដោយ​អត្ថន័យ​នោះ​ឡើយ។ លោក​ព្រមាន​ថា ដរាប​ណា​គ្មាន​ការ កែ​ទម្រង់​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​រួម​នោះ​ទេ នោះ​ពួក​អ្នក​មាន​ខ្មែរ នឹង​នៅ​តែ​បន្ត​លាក់​បាំង ទង្វើ​លួច​លុយ​ជាតិ​របស់​ពួក​គេ​ប្រកប​ដោយ​ជំនាញ​ខ្ពស់​ត​ទៅ​ទៀត ហើយ​កម្ពុជា​នឹង​នៅ​តែ​បន្ត ស្ថិត​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ស្ថាប័ន​អន្តរជាតិ​ដដែល។

អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សេរី ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​ទាំង​នេះ​បាន​ទេ ដោយ​អ្នកស្រី​ពុំ​លើក​ទូរស័ព្ទ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ឧសភា។ អាស៊ី​សេរី ក៏​បាន​ព្យាយាម​ទាក់ទង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​អ្នក​ស្រី សាយ សំអាត ជា​អគ្គលេខាធិការ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​តាម​សារ​អេឡិចត្រូនិក ជុំវិញ​ចំណាត់​ការ​ចុង​ក្រោយ​របស់​ស្ថាប័ន​នេះ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ក៏​ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ទោះ​បី​យ៉ាង​ណា ក្រសួងការបរទេស បាន​បញ្ជាក់​ជំហរ​ថា កម្ពុជា​មិន​តវ៉ា​នឹង​សេចក្ដី​សម្រេច​ចិត្ត របស់​គណៈកម្មការ​អឺរ៉ុប​នោះ​ទេ ព្រោះ​មិន​មែន​ជា​រឿង​នយោបាយ។ ក៏ប៉ុន្តែ កម្ពុជា​ប្តេជ្ញា​កែ​លម្អ​ប្រព័ន្ធ​ច្បាប់​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​នេះ ដោយ​សង្ឃឹម​ថា នឹង​អាច​រួច​ខ្លួន​ពី​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​អន្តរជាតិ។

ក្រៅ​ពី​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​របស់​គណៈកម្មការ​អឺរ៉ុប ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែតុលា​ខាង​មុខ​នេះ កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ពីរ​ឆ្នាំ​ជាប់​គ្នា ក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ដ៏​មាន​ឥទ្ធិពល​របស់​ពិភព​លោក ឈ្មោះ FATF។ ក្រៅ​ពី​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី១៦ ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត ខាង​អំពើ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​ក្នុង​សន្ទស្សន៍​ឆ្នាំ២០១៩ ក្នុង​ចំណោម ១២៥​ប្រទេស​នៅ​លើ​ពិភពលោក របស់​វិទ្យាស្ថាន​បាសែល​ស្ដីពី​អភិបាលកិច្ច (Basel Institute on Governance) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស។ រីឯ វិទ្យាស្ថាន​សុចរិត​ភាព​ហិរញ្ញវត្ថុ​សាកល (Global Financial Integrity) ផ្សាយ​កាល​ពី​ខែ​មីនា​ថា ជា​មធ្យម លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ពី​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា មាន​ក្នុង​រង្វង់​ទឹក​ប្រាក់ ប្រមាណ​ជិត ១ពាន់​លាន (៩៥០​លាន​ដុល្លារ) ដុល្លារ​អាមេរិក។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ លោក ស ខេង ធ្លាប់​ទទួល​ស្គាល់​ថា កម្ពុជា​នឹង​ប្រឈម​នូវ​ការ​លំបាក​ខ្លាំង ប្រសិន​បើ​ស្ថាប័ន​អន្តរជាតិ សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់៕

2 comments:

Anonymous said...

Hun Sen was created by a devil to serve his master Yuon to destroy Cambodia.
What should we do to Ah Prett Hun Sen ?

Anonymous said...

Khmers are too chicken to do anything. That's why Hun Sen is in power for so long without facing any real challenge, even though he's been abusing Cambodians every single day.