Thursday 28 May 2020

បក្ស​បង្កើត​ថ្មី​ដើរ​អូស​ទាញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចូល​រួម​ធ្វើ​នយោបាយ​ជា​មួយ​បក្ស​ខ្លួន


ដោយ មាន ឫទ្ធិ
2020-05-27

ក្រុម​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ
ក្រុម​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ រូប៖ ហ្វេសប៊ុក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ
រូប៖ ហ្វេសប៊ុក​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ




សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​អះអាង​ថា ​មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ដែល​ទើប​បង្កើត​ថ្មី ចាប់​ផ្ដើម​ដើរ​អូស​ទាញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ឱ្យ​ចូល​រួម​​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​នេះ​ជា​បន្តបន្ទាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការងារ​បោះ​ឆ្នោត យល់​ថា បរិបទ​នយោបាយ​សព្វ​ថ្ងៃ​នេះ ក្រៅ​អំពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​មាន​គណបក្ស​ណា​មាន​លទ្ធភាព​អាច​ប្រកួត​ប្រជែង​​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​នោះ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ​នៅ​ក្នុង​ស្រុក​របស់​លោក​នៅ​តែ​ស្មោះ​ស្ម័គ្រ​​​ជា​មួយ​​គណបក្ស​លោក​ដដែល។ ជំទប់​ទី១ ឃុំ​ព្រែក​នរិន្ទ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​ លោក សុខ សុភ័ក្រ ថ្លែង​នៅ​ថ្ងៃ​ទី២៧ ឧសភា​ថា មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ឈ្មោះ ហ៊ុយ ហ៊ាង បាន​​មក​ចែចូវ​លោក​ និង​សកម្មជន​ដទៃ ​ក្នុង​ឃុំ​ជា​មួយ​គាត់​ ឱ្យ​បោះ​បង់​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ ហើយ​ងាក​មក​រួម​រស់​​ជា​មួយ​គណបក្ស​​បង្កើត​ថ្មី​របស់​គេ​វិញ៖ «ហើយ​បើ​ម្នាក់​ទៅ​បង្កើត​គណបក្ស​ក្នុង​ស្ថានភាព​​សេដ្ឋកិច្ច​អត់​សឹង​តែ​រក​បាយ​​ស៊ី​គ្មាន​អីចឹង​ទៅ​បង្កើត​គណបក្ស​​មាន​ន័យ​យ៉ាង​ម៉េច?។ ខ្ញុំ​អត់​យល់​ទៅ​បង្កើត​គណបក្ស​ហ្នឹង​មិន​ថា​យក​អី​ បើ​ប្រជាពលរដ្ឋ​គាត់​ចេះ​ដឹង​គាត់​ស្គាល់​​នីតិវិធី​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​គាត់​ផ្ដួចផ្ដើម​ចង់​បោះ​ឆ្នោត​ហ្នឹង​​រួច​បាត់​ទៅ​ហើយ​ ទៅ​បង្កើត​ធ្វើ​យ៉ាង​ម៉េច​បាន​សន្លឹក​ឆ្នោត»។

ចំណែក​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មោង​ឫស្សី លោក អ៊ុត ជឿន​ វិញ​ មាន​ប្រសាសន៍​ថា ​​មន្ត្រី​របស់​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ ក៏​លួងលោម​លោក​ឱ្យ​ទៅ​រួម​រស់​ជា​មួយ​គេ​ដែរ​ ក៏​ប៉ុន្តែ​​លោក​​មិន​​បាន​ចូល​រួម​តាម​ការ​អំពាវនាវ​នោះ​​ទេ​។​លោក​បញ្ជាក់​ថា ​មូលហេតុ​ដែល​​លោក​មិន​​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​នេះ ពីព្រោះ​​​ជា​ក្រុម​មនុស្ស​ឱកាស​និយម​​ ធ្វើ​នយោបាយ​​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៖ «ចំពោះ​ប្រជាពលរដ្ឋ​និយាយ​ឱ្យ​ចំ​សកម្មជន​​គេ​សំដៅ​ទៅ​លើ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​ពួក​ខាង​សកម្មជន​ហ្នឹង​គាត់​ដូច​ជា​មាន​បទពិសោធន៍​ គាត់​ធុញទ្រាន់​ហ្នឹង​នយោបាយ​ ថា​មិន​ទៅ​គណបក្ស​ណា​ទាំង​អស់​ គាត់​នៅ​ធ្វើ​​ជា​ពលរដ្ឋ​ធម្មតា​ស្រួល​ជាង​ គាត់​លែង​ខ្វល់ខ្វាយ​ហើយ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ លោក ហ៊ុយ ហ៊ាង ប្រាប់​អាស៊ី​សេរី​ថា គណបក្ស​របស់​លោក គឺ​ជា​ជម្រើស​ថ្មី ដើម្បី​ជួយ​ស្រោចស្រង់​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​បាន​ចូល​ធ្វើ​នយោបាយ​​ឡើង​វិញ​។​លោក​បន្ត​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ ដូច្នេះ​ហើយ​បាន​ជា​ពួក​លោក​រួម​កម្លាំង​អ្នក​ស្នេហាជាតិ​បង្កើត​គណបក្ស​ថ្មី​នេះ​ឡើង ដើម្បី​ចូល​រួម​ប្រកួតប្រជែង​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​ខាង​មុខ៖ «យើង​បើក​ចំហ​ក្នុង​នាម​យើង​ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ យើង​ត្រូវ​តែ​ប្រមូល​មតិ​គ្នា ដើម្បី​តស៊ូ មតិ​ធ្វើ​ការងារ​បន្ត​ យើង​មិន​អាច​រង់​ចាំ​បាន​ទេ។ ខ្ញុំ​ឧទាហរណ៍​តែ​មួយ​ទេ​​បើ​មេ​បញ្ជាការ​ហ្នឹង​លោក​រង​របួស ឬ​ក៏​យ៉ាង​ម៉េច​ត្រូវ​មាន​មេ​បញ្ជាការ​រង​ហ្នឹង​ងើប​តស៊ូ​ ហើយ​ខ្ញុំ​ទាញ​ឧទាហរណ៍​តែ​មួយ​ទេ​នៅ​ពេល​ដែល​យើង​ធ្វើ​សង្គ្រាម​ តើ​សុខ​ចិត្ត​ចាញ់​សមរភូមិ​ឬ​ក៏​សុខ​ចិត្ត​ចាញ់​សង្គ្រាម»។

លោក​បន្ត​ថា ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ជា​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី២ ខែ ​កុម្ភៈ ឆ្នាំ២០២០ ហើយ​លោក ជីវ កត្តា ជា​ប្រធាន​បណ្ដោះ​អាសន្ន​របស់​គណបក្ស​មួយ​នេះ។លោក​ថា គណបក្ស​នេះ​មាន​សមាជិក ៨០នាក់​ដំបូង បាន​ឈរ​ឈ្មោះ​ជា​ស្ថាបនិក​របស់​គណបក្ស។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្រែល (Comfrel) លោក កង សាវាង្ស មាន​ប្រសាសន៍​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ជា​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ ក៏​ប៉ុន្តែ​ការ​សម្រេច​បោះ​ឆ្នោត​ជូន​គណបក្ស​ណា​មួយ​នោះ ​ជា​សិទ្ធិ​របស់​ម្ចាស់​ឆ្នោត​។​លោក​កត់សំគាល់​ទៀត​​ថា ​​ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក មិន​ទាន់​មាន​គណបក្ស​ណា​មួយ​​​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន ដែល​អាច​​មាន​កម្លាំង​ប្រកួតប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​បាន​នៅ​ឡើយ​ទេ៖ «ប្រជាពលរដ្ឋ​គួរ​ជ្រើស​អ្នក​នយោបាយ​ឬ​គណបក្ស​នយោបាយ​ ឬ​ក៏​សម្រេច​ចិត្ត​បែប​ណា​ ដើម្បី​ឱ្យ​អ្នក ដែល​យើង​បាន​ជ្រើស​យើង​ហ្នឹង​បម្រើ​យើង​ពិតប្រាកដ​ មាន​ន័យ​ឆន្ទៈ​ក្នុង​ការ​​ជួយ​គិត​គួរ​បញ្ហា​របស់ ដូច​ការ​សួរ​សុខទុក្ខ​យើង​ពិត​ប្រាកដ។ អីចឹង​បាន​តែ​ប្រជាពលរដ្ឋ​​ខ្លួន​ឯង​ទេ​ ធ្វើ​តាម​ដាន​ហើយ​វិនិច្ឆ័យ ហើយ​កុំ​ឱ្យ​ការ​វិនិច្ឆ័យ​របស់​ខ្លួន​ឯង​​ទៅ​តាម​អ្នក​ដទៃ»។

មក​ទល់​ពេល​នេះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​លើក​ស្លាក​ចំនួន ៧ខេត្ត​រួច​មក​ហើយ រួម​មាន​ ខេត្ត​បាត់ដំបង កំពង់ធំ ពោធិ៍សាត់ សៀមរាប ​និង​ខេត្ត​កំពង់ចាម បន្ទាយមានជ័យ​ និង​ត្បូងឃ្មុំ។

ទោះ​ជា​យ៉ាង​ណា លោក កង សាវាង្ស កត់​សំគាល់​ថា សព្វ​ថ្ងៃ​នេះ ​គណបក្ស​នយោបាយ មិន​ងាយ​បោក​បញ្ឆោត​ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​បាន​ដូច​ពេល​មុន​នោះ​ទេ ពីព្រោះ​ពួកគាត់​បាន​ឆ្លងកាត់​បទ​ពិសោធ​ការ​បោះ​ឆ្នោត​យ៉ាង​ជោកជាំ​រួច​មក​ហើយ៕

1 comment:

Anonymous said...

It is simple.
Pak Thmey, Pak Chas will have the same fate: when it is strong enough to be a threat to Hun Sen and Yuon, Hun Sen and Yuon will dissolve it like they did to the CNRP.

So the people who created "Pak Thmey" should use their airhead and realize that their efforts to promote Pak Thmey will serve and benefit only Yuon and Hun Sen.

In fact, those people are just Hun Sen's elements aiming to divert Khmer people's attention from remembering the CNRP.

The real Khmer people should fight for the right reason: make a nationwide peaceful demonstration demanding the crazy dog Hun Sen to reinstate the CNRP.