Friday 15 May 2020

ក្រសួង​យុត្តិធម៌​ថា ជំនួប​លោក កឹម សុខា ជាមួយ​អង្គទូត​បរទេស គ្មាន​ឥទ្ធិពល​លើ​សំណុំ​រឿង​របស់​លោក​ឡើយ


ដោយ ខែ សុណង
2020-05-14

ទិដ្ឋភាព​កម្លាំង​សន្តិសុខ​យាម​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​​ស្ងាត់​មនុស្ស​ជាង​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​សប្ដាហ៍​ទី១។
ទិដ្ឋភាព​កម្លាំង​សន្តិសុខ​យាម​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ជម្រះ​ក្ដី​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​​ស្ងាត់​មនុស្ស​ជាង​ពេល​ចាប់​ផ្ដើម​សវនាការ​នៅ​សប្ដាហ៍​ទី១។
រូប៖ ពលរដ្ឋ





ក្រសួង​យុត្តិធម៌​អះអាង​ថា សំណុំ​រឿង​របស់​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ដោយ​មិន​មាន​ស្ថាប័ន ឬ​ភាគី​ណា​មួយ អាច​ដាក់​សម្ពាធ​ឱ្យ​តុលាការ​កែប្រែ​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើយ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​អង្គទូត​បរទេស​បាន​ទៅ​ជួប​លោក កឹម សុខា ដល់​គេហដ្ឋាន​របស់​លោក​ជា​បន្ត​បន្ទាប់ មុន​ពេល​តុលាការ​បន្ត​នីតិវិធី​ជម្រះ​ក្ដី នេះ​បន្ត​ទៀត។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ ចាត់​ទុក​​ជំនួប​រវាង​លោក កឹម សុខា និង​មន្ត្រី​ទូត​បរទេស​នោះ ថា​ជា​រឿង​បុគ្គល មិន​មាន​​​ឥទ្ធិពល​អ្វី​លើ​នីតិវិធី​តុលាការ​ឡើយ។​

រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ក្រុម​មន្ត្រី​ទូត​បរទេស​ទៅ​ជួប​លោក កឹម សុខា ពីព្រោះ​ពួក​គាត់​ធ្លាប់​ស្គាល់​គ្នា ហើយ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវីដ-១៩ បាន​ធូរ​ស្រាល​ច្រើន ទើប​ពួក​គាត់​អាច​ជួប​គ្នា​បាន​ដោយ​ប្រក្រតី​ឡើង​វិញ៖ «បណ្ដាក់​គ្នា​ជួប វា​​ជា​រឿង​ធម្មតា​ដោយសារ​ស្ថានភាព​កូវីដ​បាន​ធូរស្បើយ ហើយ​ការ​ជួប​សម្ដែង​ការ​គួរ​សម​ មិន​មាន​ឥទ្ធិពល​អ្វី​ទៅលើ​នីតិវិធី​តុលាការ និង​ការ​អនុវត្ត​ច្បាប់ ​ដែល​ជា​រឿង​ដោយ​ឡែក (នោះ​ទេ)»។

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មន្ត្រី​ទូត​បរទេស​បាន​ចាប់​ផ្ដើម​បណ្ដាក់​គ្នា​ទៅ​ជួប​លោក កឹម សុខា ដល់​គេហដ្ឋាន​របស់​លោក​ជា​ថ្មី​ទៀត នៅមុន​ពេល​តុលាការ​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង​រូប​នេះ។ មន្ត្រី​ទូត​ទាំង​នោះ រួម​មាន ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ ឯក​អគ្គ​រដ្ឋទូត​បារាំង និង​ឯក​អគ្គ​រាជទូត​​អូស្ត្រាលី។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) បាន​ជួប​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៣ ឧសភា ក៏​ប៉ុន្តែ​មុន​ជួប​មេ​បក្ស​ប្រឆាំង​រូប​នេះ លោក​បាន​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី គឺ​លោក កើត រិទ្ធ។ លោក ប៉ាប្លូ កង (Pablo Kang) ឱ្យ​ដឹង​នៅ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) ថា លោក​បាន​ជជែក​ជាមួយ​លោក កើត រិទ្ធ អំពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​លើ​វិស័យ​យុត្តិធម៌​ ការ​ផ្លាស់​ប្ដូរ​យោបល់​អំពី​ការ​កាត់​ទោស​លោក កឹម សុខា ការងារ​សាលាក្ដី​ខ្មែរ​ក្រហម ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ និង​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​អង្គការ-សមាគម។

លោក ប៉ាប្លូ កង (Pablo Kang) (ឆ្វេង) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ជួប​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​លោក កឹម សុខា
លោក ប៉ាប្លូ កង (Pablo Kang) (ឆ្វេង) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ជួប​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក​លោក កឹម សុខា

លោក ជិន ម៉ាលីន បញ្ជាក់​ថា ជំនួប​នោះ​ពិត​ជា​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​ទាំង​នេះ​មែន ប៉ុន្តែ​ចំពោះ​ករណី​លោក កឹម សុខា លោក​ថា រដ្ឋ​មន្ត្រី​យុត្តិធម៌​គ្រាន់​តែ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​សវនាការ​ក្តី​នេះ​ប៉ុណ្ណោះ មិន​មែន​អ្វី​លើស​ពី​នេះ​ទេ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់​ឡូត មើល​ឃើញ​ថា កាយវិការ​របស់​មន្ត្រី​ទូត​បរទេស​នេះ បង្ហាញ​ច្បាស់​ថា ប្រទេស​ប្រជាធិបតេយ្យ​នៅ​តែ​ទទួល​ស្គាល់​លោក កឹម សុខា ថា ជា​មេ​បក្ស​ប្រឆាំង​ស្រប​ច្បាប់ ជា​មនុស្ស​ស្អាតស្អំ និង​ជា​អ្នក​ហ៊ាន​លះ​បង់ ដើម្បី​បុព្វហេតុ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​​យល់​ថា តាម​រយៈ​កាយវិការ​នេះ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ ហាក់​កំពុង​ដើរ​តួនាទី​​ជួយ​សម្រប​សម្រួល​ជម្លោះ​នយោបាយ​រវាង​គូភាគី​ទាំង​សង​ខាង​ហើយ៖ «គេ​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​ច្រើន​ជាង គឺ​បាន​ន័យ​ថា សម្រប​សម្រួល​​ឱ្យ​អ្នក​​នយោបាយ​ខ្មែរ​ហ្នឹង​មក​មាន​សតិ​ភ្ញាក់​រឭក​​ អាច​បើក​ឱ្យ​មាន​កិច្ច​ចរចា​រវាង​ខ្មែរ និង​ខ្មែរ​ដោយ​ខ្លួន​ឯង ជា​ជាង​ដែល​បរទេស​គេ​លូក​ដៃ​ចូល​ទៅ​ជ្រៅ ឬ​ក៏​គេ​លូក​ដៃ​ច្រើន​ជាង ដែល​ខ្មែរ​ខ្លួន​ឯង​ហ្នឹង​​មិន​ចង់»។

ស្រដៀង​គ្នា​នេះ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់ថា សហគមន៍​អន្តរជាតិ​គឺ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។ កញ្ញា​បន្ត​ថា ពេល​នេះ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ហាក់​កំពុង​ប្រើ​វិធីសាស្ត្រ​​ទន់ភ្លន់​ក្នុង​ការ​ជជែក​ជាមួយ​គូបដិបក្ខ​នយោបាយ​ទាំង​សង​ខាង ជាជាង​ប្រើ​ភាសា​ធ្ងន់ៗ ដូច​ពេល​មុន៖ «ទោះបី​សហគមន៍​អន្តរជាតិ​ប្រឹង​ខ្នះ​ខ្នែង​យ៉ាង​ណា​ក៏​ដោយ បើ​យើង​មើល​ជំហរ​លោក​នាយក​រដ្ឋ​មន្ត្រី ហាក់​ដូច​ជា​នៅ​ទ្រឹង ឬក៏​មិន​​ផ្លាស់​ប្ដូរ​ជំហរ​ ប៉ុន្តែ​វា​អាច​បង្ហាញ​ទៅលើ​របៀប​ធ្វើ​ការ​មួយ​ដែល​ប្រើប្រាស់​វិធាន​ការ​ត្រជាក់​ ឬក៏​ការ​ជជែក​គ្នា ជាជាង​ការ​ប្រើប្រាស់​ពាក្យ​​សម្ដី​​ឌឺដង​ដាក់​គ្នា»។

ក្រោយ​ស្ថានការណ៍​កូវីដ-១៩ បាន​ធូរស្រាល​ជាង​មុន តុលាការ​របប​ក្រុង​​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ក្តី​លោក កឹម សុខា ឡើង​វិញ​ហើយ ដោយ​ចាប់​ផ្ដើម​​ពី​​ការ​ជម្រះ​រឿង​ដាក់​ភស្តុតាង​របស់​តំណាង​អយ្យការ​ ដែល​ក្រុម​​មេធាវី​លោក កឹម សុខា អះអាង​ថា ជា​ការ​ធ្វើ​ខុស​នីតិវិធី។ សាលាឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​ក្រុម​មេធាវី​លោក កឹម សុខា ដោយ​រក្សា​ការ​សម្រេច​របស់​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

ដោយ​ឡែក សវនាការ​លើ​អង្គ​សេចក្ដី​នៃ​សំណុំ​រឿង​នេះ​វិញ តុលាការ​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​កំណត់​ពេល​ជាថ្មី​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៤ ឧសភា ស្រប​ពេល​មេធាវី​លោក កឹម សុខា ចង់​ឱ្យ​តុលាការ​មាន​ចំណាត់​ការ​យ៉ាងណា​ធានា​បាន​នូវ​យុត្តិធម៌​សម្រាប់​កូន​ក្ដី និង​ការពារ​សុវត្ថិភាព​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩៕

No comments: