Thursday 21 May 2020

ឱសថការី​ខ្មែរ​នៅ​អូស្ត្រាលី យល់​ស្រប​តាម​ការ​សង្កេត​របស់​លោក សម រង្ស៊ី អំពី​កត្តា ដែល​កម្ពុជា​មាន​អត្រា​ជំងឺ​កូវីដ-១៩ទាប


ដោយ មួង ណារ៉េត
2020-05-21

លោក លឹម សួរ (ឆ្វេង) ឱសថការី​ខ្មែរ​អូស្ត្រាលី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក លឹម សួរ (ឆ្វេង) ឱសថការី​ខ្មែរ​អូស្ត្រាលី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក




ឱសថការីខ្មែរអូស្រ្តាលី យល់​ស្រប​តាម​ការ​សង្កេត​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី អំពី​កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កម្ពុជា រួចផុត​ពី​គ្រោះថ្នាក់​ធំ នៃ​ជំងឺ​កូវីដ-១៩។

ឱសថការី​ខ្មែរ​អូស្ត្រាលី​លោក លឹម សួរ យល់​ឃើញ​ថា ការ​អង្កេត​របស់ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​កម្ពុជា រួច​ផុត​ពី​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ នៃ​ជំងឺ​កូវីដ-១៩ នោះ សមស្រប​តាម​លក្ខណៈ​វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និង​តថភាព​ពិត នៃ​ស្ថានភាព​ប្រទេស​កម្ពុជា និង​ប្រទេស​មួយ​ចំនួន ដែល​លោក សម រង្ស៊ី បាន​លើក​យក​មក​បង្ហាញ​នោះ។

កត្តា​បួន​យ៉ាង ដែ​លោក សម រង្ស៊ី បង្ហាញ​នៅ​ក្នុង​សេចក្ដី​សង្កេត អម​ដោយ​ឯកសារ​ស្រាវជ្រាវ​ដែល​យោង​ផង រួមមាន ទី​មួយ កត្តា​ អាកាសធាតុ​ក្ដៅ ទី២ កត្តា​សេដ្ឋកិច្ច និង​ប្រជាសាស្រ្ត ជាពិសេស​កត្តា​វ័យ​របស់​មនុស្ស គឺ​មនុស្ស​វ័យក្មេង និង​សុខភាព​រឹងមាំ នៃ​ប្រជាពលរដ្ឋ ភាគ​ច្រើន​លើសលុប ដែល​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដូច​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ទី៣ កត្តា​ភាពស៊ាំ​ពី​ជំងឺ​គ្រុនចាញ់ និង​ទី៤ គឺ​កត្តា​សារធាតុ​គ្រាប់​ឈាម​ក្រហម Hemoglobin E។

ជុំវិញកត្តា​អាកាសធាតុ​នេះ លោក លឹម សួរ យល់​ស្រប​ថា ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រូពិក ដែល​ក្ដៅ​ហើយ​សើម ដូច​កម្ពុជា គឺ​មាន​លក្ខណៈ​អំណោយ​ផល​ច្រើន ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​នេះ៖ «ខ្ញុំ​ជឿ យល់ស្រប​នឹង​ទស្សនៈ​របស់​គាត់។ កម្ដៅ​គឺ​អាច​សម្លាប់​មេរោគ​យ៉ាង​ងាយ។ ភូមិសាស្ត្រ​ដែល​គាត់​ស្រាវជ្រាវ​មក គឺថា​ក្នុង ២០០២-០៣ លោក​សាស្ត្រាចារ្យ នីកូល ​គាត់​សិក្សា​អំពី​រោគ​សា (SARs)។ រោគ​សា​នេះ​ មិន​អាច​រស់​នៅ​បាន​យូរ​ទេ បើ​អាកាសធាតុ​ក្ដៅ ជាពិសេស​ចាប់ពី ៣០ អង្សា​ឡើង​ទៅ។ ប្រទេស​ដែល​មាន​សំណើម​ច្រើន និង​ក្ដៅ​ស្អុះ​ច្រើន​នេះ ធ្វើឲ្យ​មេរោគ​ពិបាក​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ សំខាន់​បំផុត គឺ​ពន្លឺ​ថ្ងៃ។ កាំរស្មី UV ធ្វើឲ្យ​មេរោគ​ហ្នឹង​ស្លាប់​យ៉ាង​រហ័ស ក្នុង​រយៈ​ពេល​តែ ២នាទី​កន្លះ​ទេ»។

រីឯ​កត្តា​សេដ្ឋកិច្ច និង​ប្រជាសាស្រ្ត​វិញ លោក លឹម សួរ យល់​ស្រប​ថា ក្នុង​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា មិន​សម្បូរ​ពលរដ្ឋ ដែល​មាន​អាយុ​ច្រើន​ចាប់ពី ៦៥ នោះ​ទេ។ ភាគ​ច្រើន​នៃ​ពលរដ្ឋ​កម្ពុជា គឺ​មាន​អាយុ​តិច ដែល​អាច​នៅ​មាន​កម្លាំង​មាំមួន ជាង​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ដូច​នៅ​ប្រទេស​ជឿនលឿន៖ «ដែល​គាត់​អាច​រស់នៅ​បាន​នេះ គឺ​ដោយសារ​ប្រព័ន្ធ​ការពារ​គាត់​ខ្លាំង។ ខ្លាំង​ដោយសារ​អ្វី? គឺ​ដោយសារ​គាត់​មិន​មែន​ស្អាត​ហួសពេក។ ការ​ស្អាត​ពេក ឬ​ក្រខ្វក់​ពេក ក៏​យើង​មិន​អាច​រស់នៅ​បាន​នោះ​ដែរ។ ម្ល៉ោះហើយ ការ​មិន​សូវ​ស្អាត​ហួស​ហេតុនេះ ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​យើង​ខ្លាំងក្លា។ បើ​យើង​រស់​នៅ​ក្នុង​ភាព​វេទនា​ក្រីក្រ បើ​យើង​អាច​ឆ្លង​ភាព​វេទនា​នេះ​រួច គឺ​យើង​ខ្លាំង។ មួយ​ទៀត ការ​រស់​នៅ​ដោយ​ភាព​ធម្មតា ហូប​បន្លែ​ផ្លែ​ឈើ​ច្រើន មិនសូវ​ហូប​សាច់​ច្រើន​ដូច​ប្រទេស​ជឿនលឿន។ ម្យ៉ាងទៀត​ពលរដ្ឋ​ក្នុង​ប្រទេស​ក្រីក្រ បញ្ចេញ​ពលកម្ម​ច្រើន ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ខ្លាំង​មួយ​ដែរ»។

ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់ ដែល​មាន​ជំងឺ​គ្រុន​ចាញ់ លោក លឹម សួរ ឯកភាព​ថា ភាព​ស៊ាំ​នឹង​ជំងឺគ្រុនចាញ់ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​ស៊ាំ​នឹង​ជំងឺ​កូវីដ-១៩ នេះ​បាន​ដែរ ដោយសារ​តែ​ការ​ខាង​មន្ទីរពេទ្យ អនុញ្ញាត​ឲ្យ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់ ទៅ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​នេះ លោក​ថា តម្រូវ​ឲ្យ​មានការ​សិក្សាស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ភាព​ស៊ាំ​នៃ​ជំងឺ​គ្រុន​ចាញ់ ពិត​ជា​មាន​ភាព​ពាក់ព័ន្ធ​គ្នា នឹង​ភាព​ស៊ាំ​នឹង​ជំងឺ​កូវីដ-១៩ នេះ។

ទោះជាយ៉ាងនេះក្តី ចំពោះ​កត្តា​ទី៤ អំពី​សារធាតុ​គ្រាប់​ឈាម​ក្រហម អ៉េម៉ូក្លូប៊ីន អឺ ក្នុង​ឈាម​របស់​ពលរដ្ឋ​ខ្មែរ ដែល​លោក សម រង្ស៊ី អះអាង​ថា អាច​មាន​ភាព​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​ភាព​ស៊ាំ​នឹង​ជំងឺ​កូវីដ-១៩ លោក លឹម សួរ ថា ទាល់​តែ​សិក្សា​បន្ថែម ឲ្យ​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ចំនួន​ប៉ុន្មាន​ភាគ​រយ ដែល​មាន​ផ្ទុក​គ្រាប់​ឈាម​ក្រហម​ប្រភេទ​នេះ ទើប​លោក​អាច​សន្និដ្ឋាន​បាន​ថា តើ​អ្នក​មាន​គ្រាប់​ឈាម​ប្រភេទ​នេះ ពិត​ជា​ធន់​នឹង​ជំងឺ​កូវីដ-១៩ នេះ​បាន​ដែរ ឬ​យ៉ាង​ណា។

បន្ថែម​ទៅ​លើ​ការ​សង្កេត​របស់​លោក សម រង្ស៊ី លោក​ឱសថការី​ខ្មែរ​អូស្ត្រាលី ថា​កត្តា​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ជិះ​រថយន្ត​ទ្រង់ ឬ​រ៉ឺម៉ក​សណ្ដោង ឬ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ទៀត ដែល​មិន​បិទ​ជិត ដែល​មាន​ខ្យល់​ចេញ​ចូល និង​ មិន​សូវ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​អគារ ឬ​កន្លែង​បិទ​ជិត ក៏​ជា​លក្ខណៈ​អំណោយ​ផល រួច​ផុត​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩ នេះ​ដែរ។

ការ​សង្កេត និង​សិក្សា​ស្រាវជ្រាវ​របស់​លោក សម រង្ស៊ី និង​លោក​ឱសថការី​ខ្មែរ​អូស្រ្តាលី លឹម សួរ ហាក់​បី​ដូច​ជា​ផ្ទុយ​គ្នា​ស្រឡះ ទៅ​នឹង​ខ្លឹមសារ​ក្នុង​វីដេអូ​រយៈ​ពេល​ជិត ២០នាទី របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​របប​លោក ហ៊ុន សែន ដែល​អួត​សរសេរ​ថា ការណ៍​ដែល​កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ-១៩ តិច ព្យាបាល​ជា​ដាច់ និង​មិន​មាន​ករណី​ថ្មី​រយៈ​ពេល​ជាង ៣០ថ្ងៃ​ជាប់ៗ គ្នា គឺ​ដោយសារ​តែ​ភាព​ឈ្លាសវៃ និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​លោក ហ៊ុន សែន ក្នុង​ការ​ដឹក​នាំ​ប្រទេស។

ជាងនេះទៅទៀត លោក ហ៊ុន សែន រង​ការ​រិះគន់​ជុំ​ទិស​ថា ប្រថុយប្រថាន​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត ដែល​យក​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស ទៅ​ប្រឈម​នឹង​ជំងឺ​នេះ ដោយសារ​ពី​ដំបូង​លោក​បើក​ដៃ​ឲ្យ​ជនជាតិ​ចិន​ហូរ​ចូល​ពី​ទីក្រុង​វូហាន ដែល​ជា​តំបន់​ផ្ទុះ​មេរោគ​នេះ និង​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ភ័យ​ខ្លាច​នឹង​ជំងឺ​នេះ ដោយ​លោក​ថា ទាល់​តែ​មាន​ថ្ងៃ​ទី៣១ ខែ កុម្ភៈ (ឬ​ទាល់​តែ​សេះ​ដុះ​ស្នែង) ទើប​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លង​ជំងឺ​នេះ។ មិនតែប៉ុណ្ណោះ លោក​ប្រថុយ​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសចរណ៍ ដឹក​មនុស្ស​ជាង ២ពាន់​នាក់​ចូល​ចត​នៅ​កម្ពុជា ទោះ​ប្រទេស​ជាច្រើន​មិន​ហ៊ាន​ឲ្យ​ចូល​ចត។ ក្រោយ​មក​ទៀត លោក​បាន​ព្រមាន​ពលរដ្ឋ​មិន​ឲ្យ​ពាក់​ម៉ាស់ ដោយ​គំរាម​បណ្ដេញ​ចេញ​ពី​សាល​សន្និសីទ បើ​ហ៊ាន​ពាក់​ម៉ាស់​ការពារ​ជា​ដើម។

ទោះ​កម្ពុជា​អះអាង​ថា អស់​មាន​ករណី​ជំងឺ​កូវីដ-១៩ ក៏​ប្រទេស​ជា​ច្រើន​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ នៃ​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ចម្លង​ជំងឺ​នេះ។ ប្រទេស​ដែល​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ និង​មិន​ទាន់​ដក​ទៅ​វិញ​នៅ​ឡើយ រួមមាន​ប្រទេស​ជប៉ុន ថៃ និង​វៀតណាម៕

No comments: