Tuesday 26 May 2020

អ្នកនេសាទ​បារម្ភ​ទិន្នផល​ត្រី​បន្ត​ថយ​ចុះ នៅ​ឆ្នាំ​នេះ


ដោយ មួង ណារ៉េត
2020-05-25

ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥
ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥
Photo: RFA



ក្រុម​អ្នកនេសាទ​បារម្ភ​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ នៅតែ​បន្ត​ថយចុះ ដូច​រាល់​ឆ្នាំ​ដែរ ដោយសារតែ​កត្តា​អាកាសធាតុ ការ​បូម​ខ្សាច់ ទំនប់​វារីអគ្គិសនី បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ និង​ការ​បោះបង់​មុខរបរ​ចិញ្ចឹម​ត្រី របស់​អ្នក​នេសាទ​ជាដើម។

ស្រប​ពេល​ដែល​រដូវ​បិទ​នេសាទ កាន់តែ​ខិត​កៀក​មកដល់ អ្នក​នេសាទ​ខ្លះ ដូចជា​មិនសូវ​ចាប់អារម្មណ៍​នឹង​បញ្ហា​នេះ​ទេ។ ពួកគាត់​ប្រាប់​ថា ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ ការបិទ​នេសាទ ៣​ខែ គឺ​តែងតែ​កើត​មាន​ជា​ប្រក្រតី ដូចគ្នា​នឹង​ការ​ប្រព្រឹត្តិ​បទល្មើស​នេសាទ ក្នុង​រដូវ​ហាមឃាត់​អ៊ីចឹង​ដែរ។

ការណ៍​ដែល​អ្នក​នេសាទ​មិន​សូវ​ចាប់អារម្មណ៍ នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​នេះ ក្នុង​រឿង​បិទ​រដូវ​នេសាទ​នេះ គឺ​ម្យ៉ាង​ដោយ​ពួកគាត់ យល់ថា ទោះជា​បិទ ក៏​មិនសូវ​ប៉ះពាល់​អ្វី​ដល់​មុខរបរ​រកត្រី​ប្រចាំថ្ងៃ របស់​អ្នកនេសាទ​ក្រីក្រ​នោះដែរ ព្រោះ​ក្នុង​រដូវ​បិទ​នេសាទ គេ​មិន​បិទ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ឯ​ការទប់ស្កាត់​បទល្មើស​នេសាទ ក្នុង​រដូវ​បិទ​នេសាទ​ទៀតសោត ក៏​ធូររលុង ដែល​នៅតែ​អាច​ឱ្យ​អ្នកនេសាទ​ខ្លះ មាន​ឱកាស​ប្រព្រឹត្តិ​បទល្មើស​នេសាទ​បានជា​ហូរហែ។

ប៉ុន្តែ បើទោះជា​មាន​វិធាន​ការ​បិទ​រដូវ​នេសាទ​បី​ខែ ជា​រៀងរាល់ឆ្នាំ​យ៉ាងណាក្តី ក៏​ចំនួន​ត្រី​ថយចុះ​ជាប្រចាំ​ដែរ។

ប្រធាន​សហគមន៍​នេសាទ​បឹង​បេ​៦ ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ ស្រុក​កងមាស ខេត្តកំពង់ចាម លោក អ៊ាង ណាំ ពន្យល់ថា កត្តា​ដែល​បណ្ដាល​ឱ្យ​ផល​ត្រី​ធម្មជាតិ​ថយចុះ​រាល់​ឆ្នាំ ក៏​ជា​កត្តា​ការធ្វើឱ្យ​ត្រី​ចិញ្ចឹម​តាម​បែរ​ក្នុង​ទន្លេ​ថយចុះ​ដែរ​។ ប៉ុន្តែ ការចិញ្ចឹម​ត្រី​តាម​ស្រះ កើន​ឡើង។

លោក​ថា ធនធាន​ធម្មជាតិ ឬ​ស្លែ​ក្នុង​ទន្លេ ដែលជា​ចំណី​ត្រី បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ជា​មូលហេតុ​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី បោះបង់​របរ​ចិញ្ចឹម​ក្នុង​បែរ។

លោក អ៊ាង ណាំ បន្តថា ការចិញ្ចឹម​ត្រី​តាម​បែរ​ក្នុង​ទន្លេមេគង្គ បាន​ធ្លាក់ចុះ​ខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែរ​តាម​ល្បាក់​កោះ ត្រូវ​បោះបង់​របរ​នេះ ដោយសារ​ការបាក់​ដី​តាម​កោះ​។ ម្យ៉ាងទៀត​ការ​ចិញ្ចឹម​តាម​បែរ​កាន់​តែ​លែង​ផ្ដល់​ផល ព្រោះ​ផល​ត្រី​កាន់តែ​តិច​ទៅៗ។

អ្នកនេសាទ​រូប​នេះ អះអាង​ថា ការចិញ្ចឹម​ត្រី​តាម​បែរ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ស្ទើរ​រកលុយ​ចំណេញ​មិនឃើញ ឬ​លក់​ត្រី​មិន​គ្រប់​សង​ថ្លៃ​ធនាគារ​ផង ដែលជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​តាម​បែរ​ទាំងអស់ បោះបង់​មុខរបរ ចំណាកស្រុក​ទៅធ្វើ​កម្មករ ឬ​ពលករ​វិញ ។ លោក​បន្តថា អ្នក​នេសាទ​ដែល​មាន​លទ្ធភាព​បន្ត​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ​មេគង្គ​បាន មាន​នៅ​សល់​ខ្លះ នៅ​តាម​ដង​ទន្លេ​នា​ខេត្ត​ក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ឯ​ចាប់​ពី​ដង​ទន្លេ​មេគង្គ ខេត្តកំពង់ចាម ចុះមក​ក្រោម គឺ​ការ​ចិញ្ចឹម​ត្រី​ក្នុង​បែរ ថយចុះ​យ៉ាងគំហុក រហូត​ដល់​ប្រហែល ៩០ ភាគរយ ពោល​គឺ​ស្ទើរតែ​លែង​មាន​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែរ​ទៀត​ហើយ៖ «បច្ចុប្បន្ន ១​គីឡូ ដល់​១​ម៉ឺន (រៀល) ជាង ត្រី​(​ឆ្ដោរ​) វា​អត់ នាំចូល​វា​អត់​សូវ​មាន​អ៊ីចឹង​។ ដល់​អត់​សូវ​មាន​អ៊ីចឹង អ្នក​ចិញ្ចឹម​វា​ចំណេញ​ទៅ ដល់​ប៉ះ​ត្រី​នាំចូល ត្រី​ថោក ៧ ឬ​៨​ពាន់ វា​ខាត វា​អ៊ីចឹង​ណា។ អ៊ីចឹង​នាំ​ឱ្យ​អ្នកមាន​ទុន​ខ្សត់ខ្សោយ​តិចតួច​ហ្នឹង បានន័យថា​ឈប់​មួយចំនួន នៅតែ​ជន​មួយចំនួន អ្នក​អត់​ដែរ​។ តែ​អ្នកប្រព្រឹត្តិ​បទល្មើស​នេសាទ រក​បទល្មើស​នេសាទ​។ បានន័យថា រក​ចំណី​ក្នុង​ឧបករណ៍​ល្មើស យកមក​ឱ្យ​ត្រី​ស៊ី​។ លួចលាក់​ខ្លះ បាន​ខ្លះ យកមក​ឱ្យ​វា​ស៊ី»។

លោក​ថា ការ​ចិញ្ចឹម​ត្រី តាម​បែរ​ក្នុង​ទន្លេ មិន​មាន​ការ​រំខាន​ពី​មន្ត្រី​ជលផល​ទេ។ ច្បាប់​ជលផល ថែមទាំង​អនុញ្ញាត​ឱ្យ​ចិញ្ចឹម​ត្រី​ឆ្ដោរ​បាន​ឡើងវិញ​ផង​។ តែ​រដ្ឋាភិបាល​មិន​ទាន់​មាន​សមត្ថភាព​ផលិត​ចំណី​ត្រី​ឆ្ដោរ​សិប្បនិម្មិត​បាន ទើប​បណ្ដាល​ឱ្យ​វិនាសកម្ម​ត្រី​តូច​នៅតែ​បន្ត​ដោយសារ​ការ​ដាក់​ស្បៃ​ក្រឡា​ញឹក​ខុស​ច្បាប់ បំផ្លាញ​ត្រី​តូចៗ យកទៅ​ធ្វើ​ចំណី​ត្រី​ឆ្ដោរ​ទាំងនោះ។

អ្នកជំនាញ​វិស័យ​ជលផល​រូបនេះ បញ្ជាក់​ថា ការ​បើក​ឱ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​វិញ​នេះ​ហើយ ដែលជា​មូលហេតុ​ចម្លង​មួយ​ធ្វើ​ឱ្យ​ហិនហោច​ត្រី​ក្នុង​ទន្លេ៖ «ខ្ញុំ​ពិនិត្យមើល​បទល្មើស​នេសាទ ទាំង​បឹង​ទន្លេសាប ទាំង​ទន្លេ​មេគង្គ ច្រើន​បំផុត​ចេញពី​បទល្មើស​ការ​ចិញ្ចឹម​ត្រី​តែម្ដង​។ បើសិន​គ្មាន​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ហ្នឹង​ទេ គឺ​អា​ធនធាន​ត្រី​តូច ដូច​ក្នុង​រដូវ​ត្រី​ពង​កូន តូចៗ ប៉ិនៗ​ចង្កឹះ​ហ្នឹង មិនដឹង​ចាប់ធ្វើ​អ្វី​ទេ គឺ​ចាប់យក​ទៅធ្វើ​ចំណី​ត្រី​ឆ្ដោរ​ហ្នឹង​ហ្មង ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង។ តែ​រដ្ឋាភិបាល អត់​និយាយ​អ៊ីចឹង​ថា មិន​ឱ្យ​ចាប់​ទេ ឱ្យ​ស៊ី​ចំណី​សិប្បនិម្មិត​។ ប៉ុន្តែ​ការ​ផលិត​ចំណី​សិប្បនិម្មិត​វា​អត់​មាន អត់​បាន ធ្វើ​អត់​ចេញ​។ អ៊ីចឹង វា​នៅតែ​ប្រព្រឹត្តិ​បទល្មើស​ដើម្បី​យក​ត្រី​ធម្មជាតិ ទៅ​ស៊ី​ដដែល»។

រដ្ឋាភិបាល បាន​បើក​ឱ្យ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​​វិញ កាលពី​ឆ្នាំ​២០១៦ ដោយ​សំអាងថា ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ឆ្ដោរ​ពី​ក្រៅប្រទេស​។ ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​ថា អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រូវ​ផ្ដល់​ចំណី​សិប្បនិម្មិត ពោលគឺ​មិន​ឱ្យ​នេសាទ​ត្រី​តូចៗ មក​ទៅ​ធ្វើ​ជា​ចំណី​ត្រី​ឆ្តោរ​ទាំង​នោះ​ឡើយ។

កាល​ពី​ចុងឆ្នាំ​២០១៨ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វ៉េង សាខុន អះអាងថា ការ​បើក​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើងវិញ ជួយ​ដល់​ជីវភាព​អ្នក​ចិញ្ចឹម​ត្រី និង​ធ្វើ​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការនាំ​ចូល​ត្រី​ឆ្ដោរ ពី​ប្រទេស​វៀតណាម បាន​ជាង​បួន​ម៉ឺន​តោន (៤០,០០០) ក្នុង​មួយ​ឆ្នាំ​។ មុន​ពេល​បើក​ឱ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្ដោរ កម្ពុជា​ត្រូវ​នាំចូល​ត្រី​ឆ្ដោរ​ប្រមាណ ៦​ម៉ឺន​តោន (៦0,000) ក្នុង​មួយឆ្នាំ​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៨ កម្ពុជា​ចិញ្ចឹម​ត្រី​ឆ្ដោរ​បាន​ប្រមាណ ៦​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ។

ប៉ុន្តែ សហគមន៍​នេសាទ​វិញ​រក​ឃើញ​ថា អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ​តូចតាច​តាម​បែរ​ជា​លក្ខណៈ​គ្រួសារ បាន​ថយចុះ។ តែ​អ្នក​ចិញ្ចឹម​ខ្នាត​ធំ នៅ​តាម​ស្រះ ឬ​កសិដ្ឋាន​កើន​ឡើង។ អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ​នៅ​តាម​ស្រះ ឬ​កសិដ្ឋាន បាន​ទិញ​ត្រី​រស់​តូចៗ ពី​អ្នក​នេសាទ ហើយ​យក​ទៅ​បំប៉ន​ត្រី​ឆ្ដោរ ដែល​ការធ្វើ​ដូច្នេះ​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ឆ្តោរ​ឆាប់​ធំ និង​ឆាប់​បាន​លក់។ បើ​ឱ្យ​ចំណី​ត្រី​រស់​ឱ្យ​ត្រី​ឆ្តោរ​ស៊ី ពី​ចន្លោះ​៨​ខែ ទៅ​១​ឆ្នាំ គេ​អាច​លក់​ត្រី​ឆ្តោរ​ទាំង​នោះបាន​។ ឯ​ការចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​តាម​បែរ​ក្នុង​ទន្លេ ត្រូវការ​ពេល​យូរ​ជាង​នេះ ទម្រាំ​អាច​លក់​វា​បាន ព្រោះ​ត្រី​មិនសូវ​ធំធាត់​ល្អ​ទេ គឺ​ទាល់តែ​ចន្លោះ​១២ ទៅ​១៤​ខែ ទើប​ត្រី​ធំ​ល្មម​លក់​។ ដើម្បីឱ្យ​ត្រី​ឆ្ដោរ​ធំធាត់​រហូតដល់​មាន​ទម្ងន់ ១​គីឡូក្រាម ត្រូវ​ស៊ី​ត្រី​តូច​ល្អិត ប្រហែល ៧ ទៅ​៨​គីឡូក្រាម។

អាស៊ីសេរី មិន​អាច​សុំ​ការបញ្ជាក់​ពី​ប្រធាន​រដ្ឋបាល​ជលផល និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម ទទួលបន្ទុក​វិស័យ​ជលផល លោក អេង ជាសាន្ត បាន​ទេ កាលពី​ថ្ងៃ​ទី​២៤ ឧសភា ដោយសារ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។ចំណែក​សហគមន៍​នេសាទ សង្កេត​ឃើញ​ថា ធនធាន​ជលផល​ក្នុង​ទន្លេ​មេគង្គ ធ្លាក់ចុះ​ខ្លាំង តាំងពី​ឆ្នាំ ២០០០ មក​ម្ល៉េះ​។ ត្រី​ថយ​ចុះ​ខ្លាំង​ប្រហែល ៧០​ភាគរយ បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់ ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ ទាំង​ក្នុង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ត្រី និង​ជម្រក​ត្រី​ពង និង​បទល្មើស​នេសាទ​ក៏​កើនឡើង​រាល់​ឆ្នាំ ដោយ​ការ​ការដាក់​ស្បៃ​មុង ការប្រើ​ឧបករណ៍​ឆក់​ត្រី នៅ​រដូវ​ត្រី​ពង​កូន ឬ​រដូវ​បិទ​នេសាទ។

ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សូចែត ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ទន្លេសាប ក៏​សង្កេត​ឃើញ​ថា ភាពហិនហោច​ត្រី បណ្ដាល​មក​ពី​កត្តា​អាកាសធាតុ និង​បទល្មើស​នេសាទ​ដែរ​។ ប៉ុន្តែ លោក ប្រាប់ថា អ្នក​ចិញ្ចឹម​ត្រី​តាម​បែរ នៅ​តំបន់​បឹង​ទន្លេសាប នៅ​មាន​ចំនួន​ច្រើន​គួរសម។

បច្ចុប្បន្ន​នេះ អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែរ​ខ្លះ បាន​អូស​បែរ​ចេញ​ពី​មាត់​ច្រាំង​ទន្លេ ទៅ​រក​ទីតាំង​ទឹក​ជ្រៅ​ហើយ ដោយសារ​ក្បែរ​មាត់​ច្រាំង ជា​កន្លែង​ទឹក​រាក់ ហើយ​អាកាស​ធាតុ​ក្ដៅ បណ្ដាល​ឱ្យ​ទឹក​ក្ដៅ ត្រី​អាច​ងាប់ និង​មិន​ធំ​ធាត់។ អ្នក​អូស​បែរ​ត្រី ចេញ​ទៅរក​ទឹក​ជ្រៅ ច្រើន​នៅ​ម្ដុំ​កំពង់ហ្លួង ពោធិ៍សាត់ និង​តំបន់​ចុង​ឃ្នៀស ជាដើម៖ «ឧបមា​ថា ទឹក មានតែ ៣​តឹក អ៊ីចឹង តែ​យើង​ប្រើ​ម៉ាស៊ីន​កាយ​ដី​ឱ្យ​បាន ១​ម៉ែត្រ ដើម្បី​ឱ្យ​វា​មាន​ជម្រៅ កុំ​ឱ្យ​ទឹក​ក្ដៅ​។ តែ​ទឹក​ក្ដៅ ក្បាល​វា​ត្រមែងៗ វា​ស្គម​ណា ត្រី​។ ជិត​ចូល​ខែ​បិទ​នេសាទ​ហើយ អត់​ទាន់​មាន​ភ្លៀង​ផង មាន​ដែរ តែ​ដោយ​កន្លែង​។ កន្លែង​ខ្លះ បាន​មួយ​មេ ទប់​អត់​បាន ទន្លេសាប វា​រីក​ដល់​ណា ដល់​ណី​ហើយ»។

ចំណែក​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែរ តាម​ដង​ដៃ​ព្រែក មិន​អាច​អូស​បែរ​ចេញពី​ព្រែក ចូល​ទន្លេសាប​រួច​ទេ ព្រោះ​ទឹក​ក្នុង​ព្រែក​ស្រក​ខ្លាំង បណ្ដាល​ឱ្យ​កឿង។ លោក ឡុង សូចែត ប្រាប់​ថា អ្នក​អូស​បែរ​ចេញ​អត់​រួច គឺ​គេ​កាយ​ដី​ចេញ ធ្វើ​ឱ្យ​ទឹក​ជ្រៅ ដើម្បី​បន្ថយកម្ដៅ​ទឹក ហើយ​ទម្លាក់​បែរ​ចូលក្នុង​ទឹក​ជ្រៅ​នោះ។

របាយការណ៍​របស់​រដ្ឋបាល​ជលផល បង្ហាញ​ថា ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ជាង ៤​សែន​៧​ម៉ឺន​តោន ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១៨ ចំនួន​ជាង ៥​ម៉ឺន​តោន​។ ការ​ថយ​ចុះ​ទិន្នផល​ត្រី​នេះ បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ភ្លៀង​ធ្លាក់​តិច។ ចំណែក បទល្មើស​នេសាទ រយៈពេល ៣​ខែ​ដំបូង នៅ​ដើម​ឆ្នាំ ២០២០ ក៏​ថយ​ចុះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០១៩៕

No comments: