Monday 25 May 2020

ក្រសួងបរិស្ថាន​ច្រានចោល​ចំពោះ​ការ​ចោទ​ថា មន្ត្រី​របស់ខ្លួន​កាង​បទល្មើស​ព្រៃឈើ


ដោយ វ៉ែន សុមេធ
2020-05-24

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៣។ RFA
អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៣។ RFA
RFA




មន្ត្រី​ជាន់ខ្ពស់ នៃ​ក្រសួង​បរិស្ថាន​អះអាង​ថា មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង មិន​បាន​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​នោះ​ទេ​។ ការអះអាង​នេះ បន្ទាប់​ពី​សហគមន៍​ការពារ​ព្រៃ​ព្រះរកា និង​នគរបាល​មូលដ្ឋាន បាន​ចោទ​មន្ត្រី​ឧទ្យានុរក្ស នៃ​ក្រសួងបរិស្ថាន​ម្នាក់​ឈ្មោះ អឿន អ៊ុក ថា​យក​អំណាច កាង​បទល្មើស​ព្រៃឈើ​បំពាន​ច្បាប់ ក្រោយ​ពី​ពួកគេ​បាន​ឃាត់​ចាប់​គោយន្ត​ដឹក​ឈើ​ខុសច្បាប់​ពីរ​គ្រឿង។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ចាត់ទុក​ការ​ចោទ​ប្រកាន់​ប្រជា​សហគមន៍​ព្រៃ​ព្រះ​រកា​ថា ជាការ​មួលបង្កាច់ និង​លាប​ពណ៌​មន្ត្រី​ឧទ្យានុរក្ស​ទាំងស្រុង ខណៈ​មន្ត្រី​ឧទ្យានុរក្ស​រូប​នោះបាន​ចូលទៅ​នាំយក​គោយន្ត​ដឹកឈើ មក​អនុវត្ត​ច្បាប់​។ លោក​បញ្ជាក់ប្រាប់​អាស៊ីសេរី​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​សិកណល (Signal) ថា មុននឹង​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ មន្ត្រី​ឧ​ទ្យានុរក្ស​បាន​ជូនដំណឹង​ទៅ​ព្រះរាជអាជ្ញា ខេត្តព្រះវិហារ​ដែរ។ ចំណែក​មន្ទីរ​បរិស្ថាន​ខេត្ត កំពុង​កសាង​សំណុំ​រឿងនេះ បញ្ជូន​ទៅ​តុលាការ។

អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា អ្នក​ដែល​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​មួលបង្កាច់​មន្ត្រី​ឧទ្យានុរក្ស អាជ្ញាធរ​នឹង​កោះ​ហៅ មក​សួរនាំ​។ លើស​ពី​នេះ​ទៀត លោក​ស្នើឱ្យ​សហគមន៍ ត្រូវ​ពិនិត្យ​ហេតុការណ៍​ឱ្យ​ច្បាស់លាស់​សិន មុន​នឹង​ផ្សព្វផ្សាយ ចៀសវាង​បង្កើត​ជម្លោះ​ជាមួយ​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា នាយរង​ប៉ុស្តិ៍នគរបាល ឃុំ​ពោធិ៍ បាន​ឃាត់​ចាប់​គោយន្ត ២​គ្រឿង ដឹកឈើ​បន្ទះក្តារ​ជាង ១​ម៉ែត្រគូប និង​ឈើ​មានមុខ​កាត់ ៩ តឹក​ប្រវែង ៣​ម៉ែត្រ ចំនួន ៤​សន្លឹក ដែល​ក្រុម​ជនល្មើស ដឹក​ចេញពី​ព្រៃ​ព្រះ​រកា​។ សហគមន៍​ថា សកម្មភាព​ឃាត់​ចាប់​នោះ មន្ត្រី​បរិស្ថាន លោក អឿន អុក ស្លៀកពាក់​ស៊ីវិល​ឈរ​កាង​ការពារ និង​និយាយ​ចរចា​ជាមួយ នគរបាល​ឱ្យ​ដោះលែង​គោយន្ត​ទាំងនោះ ប៉ុន្តែ​ប៉ូលិស​បាន​បដិសេធ។ រីឯ​នគរបាល និង​សហគមន៍​បាន​ថតរូប ទុកជា​ភស្តុតាង ត្រៀម​បង្ហាញ​តុលាការ។

តំណាង​សហគមន៍​ព្រៃ​ព្រះ​រកា លោក បា ផល ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ឧសភា ថា សកម្មភាព​កាង​បទល្មើស​ដឹកឈើ​ចេញពី​ព្រៃ​ព្រះ​រកា​តែងតែ​កើតមាន​ជា​យូរ​មកហើយ ទើប​តែមួយ​ករណីនេះ នគរបាល និង​សហគមន៍ ចាប់បាន​កំហុស​ជាក់ស្តែង មាន​ភស្តុតាង និង​រូបភាព​ច្បាស់​លាស់។ លោក​ថា ឈើ​ទាំងនោះ ប្រសិនបើ​នគរបាល​មូលដ្ឋាន មិន​ឃាត់​ចាប់​ទេ នឹង​ដឹក​ចេញពី​ព្រៃ​អភិរក្ស​យ៉ាង​រលូន​។ លោក​ចាត់ទុក ការ​លើកឡើង របស់​ក្រសួង​ដើម្បី​ការពារ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន មិនមែនជា​ដំណោះស្រាយ​ការពារ​វិបត្តិ​ព្រៃឈើ​ទេ​៖ «គេ​ឆ្លើយ​គេ​មិនដែល​ឆ្លើយថា ខ្លួនគេ​ឱ្យគេ​ខុស​ទេ។ បាទ​មិន​មិន​ឥឡូវ​ទេ យូរហើយ បើសិនជា​ឥឡូវ​ក៏​វា​មិនអាច​អស់​ព្រៃឈើ​ទេ​។ តែ​វា​យូរហើយ តែ​យើង​អត់​មាន​ភស្តុតាង​យើង​អត់​ហ៊ាន​និយាយ​។ ខ្ញុំ​មើល​ឃើញ​ថា វា​អត់​សល់ វា​អស់​ហើយ តាំង​ពី​បរិស្ថាន​មក​អស់​តាំងពី​មេព្រៃ​នៅ ឈើ​ព្រៃ​នៅ​រឹង តាំង​ពី​បរិស្ថាន​ចូល​មក អស់​ព្រៃឈើ​ហើយ»។

នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ពោធិ៍ លោក ពោធិ៍ គង់ ទទួលស្គាល់​ថា មន្ត្រី​បរិស្ថាន​រូបនេះ ពិតជា​បាន​កាង​បទល្មើស​ព្រៃឈើ​នោះ​មែន ព្រោះ​លោក​បាន​ចាប់​គោយន្ត​ពីរ​គ្រឿង​ដឹកឈើ​ខុសច្បាប់ នៅពេល​ថ្មីៗ​នេះ ដោយ​បញ្ជូនទៅ​ស្នាក់ការ​បរិស្ថាន ស្រុក​ឆែប ដើម្បី​អនុវត្ត​នីតិវិធី​។ លោក​បញ្ជាក់​ថា អំឡុង​ពេលដែល​លោក ឃាត់​ចាប់​បទល្មើស​ព្រៃឈើ មន្ត្រី​បរិស្ថាន លោក អឿន អុក និយាយ​នៅ​ចំពោះមុខ​លោក​ថា អ្នកផ្សេង​ដឹក​ឈើ​បាន​ហេតុអ្វី​ក្រុម​របស់​លោក​ដឹង​ឈើ​មិនបាន​? ៖ «ឃាត់​ហើយ គាត់​ទៅ​និយាយ​សុំ​ថា និយាយ​ថា គេ​ដឹក​បាន តែ​ខាង​ក្រុម​គាត់​ដឹក​មិនបាន និយាយ​ទាំង​ខ្លួនឯង​ជា មន្ត្រី​បរិស្ថាន»។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ លើកឡើង​ថា ក្រសួង​គួរតែ​ស្រាវជ្រាវ​រឿងនេះ ឱ្យ​ច្បាស់លាស់ ថា​តើ​ការចោទប្រកាន់​របស់​ពលរដ្ឋ និង​នគរបាល ជាការ​ពិត​ឬ​យ៉ាងណា៖ «រវាង​ពាក្យ​ពីរ ការ​និយាយ​ការពារ និង​ការនិយាយ​ការពិត ក្រសួង​គួរតែមាន​វិធានការ ឬ​ឆន្ទៈ​ច្បាស់លាស់ ចុះ​សិក្សា ដែល​មន្ត្រី​ត្រូវ​បាន​ចោទ​របស់​ពលរដ្ឋ​ឱ្យ​ច្បាស់ ពិត​ប្រាកដ នោះ​នឹង​បានដឹងថា ការ​និយាយ​ការពិត ឬក៏​ជាការ​និយាយ​ការពារ»។

ទោះយ៉ាងណា អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មន្ត្រី​បរិស្ថាន លោក អឿន អុក ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី២៤ ឧសភា។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃព្រះរកា ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា ពួកគេ​ជាង ១​ពាន់​នាក់ គ្រោង​ប្រមូល​ស្នាម​មេដៃ ប្ដឹង​មន្ត្រី​ឧ​ទ្យានុរក្ស នៃ​ក្រសួងបរិស្ថាន​ម្នាក់​លោក អឿន អុក ទៅ​តុលាការ ពីបទ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​។ សហគមន៍​ថា ដែនជម្រកសត្វព្រៃ​ព្រះ​រកា ដែលមាន​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ ចាប់​តាំងពី​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ដើម​ឈើ​ធំៗ បាត់បង់​ស្ទើរ​ទាំងស្រុង ដោយសារ​អំពើពុករលួយ ភាព​ធូររលុង​អនុវត្ត​ច្បាប់ និង​ការ​រឹតត្បិត​ពលរដ្ឋ ក្រុម​យុវជន​មិន​ឱ្យ​ល្បាត​ព្រៃ​ជាដើម៕

No comments: