Saturday 9 May 2020
លីកាដូ៖ ពលរដ្ឋជំពាក់លុយមីក្រូហិរញ្ញវត្ថុភាគច្រើនត្រូវបង្ខំចិត្តចំណាកស្រុកដោះបំណុល
ដោយ មួង ណារ៉េត
2020-05-08
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ចូលរួមវេទិកាវិទ្យុអាស៊ីសេរី។
RFA
របាយការណ៍អង្គការលីកាដូ (Licadho) បង្ហាញថា ពលរដ្ឋជំពាក់លុយមីក្រូហិរញ្ញវត្ថុភាគច្រើនត្រូវបង្ខំចិត្តចំណាកស្រុកដើម្បីរកប្រាក់ដោះបំណុលនិងរំលោះប្លង់ដីដែលខ្លួនបានដាក់ជាទ្រព្យបញ្ចាំ។ ទោះបីយ៉ាងណា អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុថា ការស្រាវជ្រាវនេះមិនមានលក្ខណៈពេញលេញ ឬឆ្លុះបង្ហាញពីទិដ្ឋភាពទូទៅនោះទេ។
របាយការណ៍អង្គការលីកាដូសិក្សាស្រាវជ្រាវលើពលរដ្ឋចំនួន ៣០គ្រួសារ កាលពីខែកញ្ញា ឆ្នាំ២០១៩ គឺមុននៃការរីករាលនៃជំងឺកូវីដ-១៩ បង្ហាញពីលើទិដ្ឋភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងភូមិមួយក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃដោយរកឃើញថា ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលប់គឺជាកត្តាចម្បងលើកទឹកចិត្តនាំឱ្យមានការធ្វើចំណាកស្រុក។ ការស្រាវជ្រាវដែលចុះផ្សាយក្នុងខែឧសភាឱ្យដឹងថា សមាជិកគ្រួសារដែលបានផ្ដល់បទសម្ភាសបានរៀបរាប់ថា មន្ត្រីឥណទានមួយចំនួនបានលើកទឹកចិត្តដល់ពលរដ្ឋធ្វើការចំណាកស្រុកដែលជាលក្ខខណ្ឌដំបូង មុនពេលទទួលបានប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ។ ជាងនេះទៅទៀត កម្ចីជាច្រើនផ្ដល់ឱ្យពលរដ្ឋជាលុយបាតរបស់ថៃ។ របាយការណ៍ដដែលបង្ហាញថា ពលរដ្ឋដែលជំពាក់បំណុលភាគច្រើនមានអារម្មណ៍ភ័យខ្លាចចំពោះមីក្រូហិរញ្ញវត្ថុដោយសារ ពួកគេប្រើប្រាស់ដីធ្លីរបស់ពួកគេធ្វើជាទ្រព្យធានា ឬបញ្ចាំដើម្បីទទួលបានប្រាក់កម្ចី។ ភូមិនេះ ក៏ស្ទើរតែគ្មានមនុស្សពេញវ័យរស់នៅគឺមានតែសមាជិកគ្រួសារដែលមានវ័យចាស់ៗចាំមើលថែក្មេងតូចៗប៉ុណ្ណោះ។ អង្គការលីកាដូបញ្ជាក់ថា ការបែកបាក់គ្រួសារគឺជាប្រភពនៃការព្រួយបារម្ភសម្រាប់អ្នកដែលផ្ដល់បទសម្ភាសន៍ក្នុងរបាយការណ៍។
នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ឱ្យអាស៊ីសេរីដឹងថា គោលបំណងនៃការធ្វើរបាយការណ៍នេះគឺអង្គការលីកាដូចង់ឱ្យរដ្ឋាភិបាល និងមីក្រូហិរញ្ញវត្ថុពិនិត្យពិចារណាឡើងវិញពីគោលការណ៍នៃការផ្ដល់ប្រាក់កម្ចីឱ្យស្របតាមគោលការណ៍ម្ចាស់ជំនួយដែលផ្ដោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបន្តថា បញ្ហាកើតឡើងក្នុងរបាយការណ៍នេះ នឹងធ្វើឱ្យមានការចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់ ហើយក្នុងករណីចំណាកស្រុកខុសច្បាប់គឺធ្វើឱ្យពលរដ្ឋជួបបញ្ហាប្រឈមជាច្រើន ដូចជាត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ឬត្រូវថៅកែធ្វើបាបជាដើម៖ «ការដែលជួបហ្នឹងបើសិនមានអ្នកធ្វើចំណាកស្រុកគាត់(មន្ត្រីឥណទាន) អាចនឹងផ្ដល់ឥណទានបើតាមគោលការណ៍មីក្រូហិរញ្ញវត្ថុគឺខុសហើយ ប៉ុន្តែមន្ត្រីឥណទានមួយចំនួនតូចដែលគាត់ធ្វើគឺប្រាសចាកដើម្បីបានអតិថិជននេះជារឿងខុសមួយទៀត»។
អង្គការលីកាដូលើកឡើងថា ការបាត់បង់ប្រាក់ចំណូលរបស់ពលករជាង ៨ម៉ឺននាក់ ដែលបានចាកចេញពីប្រទេសថៃ ព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩នាំឱ្យគ្រួសារពលរដ្ឋខ្មែរទាំងនោះប្រឈមនឹងហានិភ័យនៃការរំលោភសិទ្ធិមនុស្សបន្ថែមទៀតដោយសារបញ្ហាបំណុលនេះ ក្នុងនោះមានការបង្ខំឱ្យលក់ដីសងបំណុលជាដើម។
ទោះបីជាយ៉ាងណាប្រធានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី យល់ថា របាយការណ៍នេះ គ្រាន់តែច្បិចយកបញ្ហាដ៏ធ្ងន់ធ្ងរក្នុងតំបន់មួយដែលមានអត្រាចំណាកស្រុកខ្ពស់លើកមកសិក្សា។ លោកថា បញ្ហានេះមិនបានឆ្លុះបញ្ចាំងករណីពិតទូទាំងប្រទេសនោះទេ និងជាការបង្កើតរូបភាពមិនល្អដល់វិស័យមីក្រូហិរញ្ញវត្ថុថែមទៀតផង។ លោកថា ការផ្ដល់សេវាប្រាក់កម្ចីមិនមែនជាការជំរុញធ្វើឱ្យពលរដ្ឋធ្វើការចំណាកស្រុកទេ។ ប៉ុន្តែលោកថា មីក្រូហិរញ្ញវត្ថុនឹងសិក្សាបន្ថែមទៀតដើម្បីស្រាវជ្រាវថាសមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាបានធ្វើដូចក្នុងរបាយការណ៍នេះឬទេ៖ «បើសិនយើងរកឃើញថា អ៊ីចឹងមែនក៏យើងនឹងចាត់វិធានការបន្ថែមដែរ តើគ្រឹះស្ថានដែលជាសមាជិកគាត់បានធ្វើអ៊ីចឹងមែនឬអត់ យើងនឹងអាចមានវិធានការ»។
លោក កាំង តុងងី ឱ្យដឹងថា គ្រឹះស្ថានសមាគមមីក្រូហិរញ្ញវត្ថុកំពុងផ្ដល់សេវារបស់ខ្លួនជាងពីរលាននាក់ក្នុងបំណងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋ។
ផ្ទុយពីការលើកឡើងនេះ ពលរដ្ឋជំពាក់លុយបំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុម្នាក់រស់នៅខេត្តកំពង់ស្ពឺ លោក វាន់ វឿន ឱ្យអាស៊ីសេរីដឹងថា នៅក្នុងសហគមន៍លោករស់នៅមានពលរដ្ឋជាច្រើនសម្រេចចិត្តធ្វើចំណាកស្រុក ដើម្បីរកលុយសងស្ថាប័នមីក្រូហិរញ្ញវត្ថុ។ លោកបន្តថា នៅតំបន់លោករស់នៅជួបបញ្ហាធំៗពីរគឺបញ្ហាគ្មានការងារធ្វើ និងពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ៖ «បាទខ្ញុំអំពាវនាវទៅអង្គការដៃគូ ក៏ដូចជាសប្បុរសជនក៏ដូចជាខាងរាជរដ្ឋាភិបាល ដើម្បីធ្វើម៉េចជួយបន្ធូរបន្ថយក៏ដូចជាជួយរកគន្លឹះសម្រាប់អ្នកដែលមានឈ្មោះជំពាក់មីក្រូហិរញ្ញវត្ថុ នឹងឱ្យមានការពន្យារការបង់ប្រចាំខែហ្នឹងផង»។
អាស៊ីសេរីក៏បានព្យាយាមសុំការបំភ្លឺពីអគ្គនាយកបច្ចេកទេសនិងជាអ្នកនាំពាក្យធនាគារជាតិ អ្នកស្រី ជា សិរី តាមទូរស័ព្ទជាច្រើនដងនៅថ្ងៃទី០៦ ខែឧសភា ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែលធ្វើការងារផ្នែកពលករចំណាកស្រុកមិនអាចសុំការអត្ថាអធិប្បាយបានដែរដោយប្រព័ន្ធទូរស័ព្ទមិនអាចទទួលការហៅចូល។
អង្គការលីកាដូសង្ឃឹមថា រដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងអាចធ្វើការរួមគ្នាដើម្បីផ្អាកការសងបំណុលមីក្រូហិរញ្ញវត្ថុ។ អង្គការសង្គមស៊ីវិលដដែលសង្ឃឹមថា អ្នកវិនិយោគបរទេសរបស់គ្រឹះស្ថានទាំងនេះនឹងអាចវាយតម្លៃឡើងវិញចំពោះការផ្ដល់ប្រាក់កម្ចីជាប្រាក់បាត ឬធ្វើការស៊ើបអង្កេតថា តើប្រាក់កម្ចីទាំងនេះនាំឱ្យមានធ្វើការចំណាកស្រុកខុសច្បាប់ ការជួញដូរមនុស្ស ឬការរំលោភសិទ្ធិមនុស្សឬយ៉ាងណា។ កាលពីខែមេសា ធនាគារជាតិនៃកម្ពុជាបានចេញលិខិតស្នើទៅធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើកលែងការផាកពិន័យចំពោះអតិថិជនរបស់ខ្លួន ក្នុងអំឡុងពេលនៃវិបត្តិជំងឺរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែលោក អំ សំអាត សង្កេតឃើញថា ទោះមានការណែនាំក្តីប៉ុន្តែធនាគារ ឬមីក្រូហិរញ្ញវត្ថុភាគច្រើនតម្រូវឱ្យអតិថិជនធ្វើការស្នើសុំហើយពលរដ្ឋមួយចំនួន មិនបានដឹងពីការតម្រូវឱ្យស្នើសុំនិងមិនបានទៅស្នើដែលករណីនេះនៅតែធ្វើឱ្យជួបបញ្ហាដដែល៕
Subscribe to:
Post Comments (Atom)
1 comment:
Khmer traitor Hun Sen has dissolved the CNRP, but the CNRP did not die.
Presently Hun Sen is searching for a way to smash the CNRP legally.
"Ronak Seh" will give Hun Sen an opportunity to execute " Law of Kdor Ah Hun Sen" and destroy the CNRP for good.
Yim Sinan or Yim Si Shit should open his blind eye and put his personal interest behind Cambodia interest.
The CNRP's dissolution was unconstitutional. We must fight to get the CNRP reinstated. That is the right way to fight Hun Sen. In 2017, Hun Sen recognized that he could no longer control the NEC, which prompted him to dissolve the CNRP.
The 50 plus 1 rule has given the CNRP a great chance to win the general election. That's why Hun Sen felt that he made a vital mistake when he participated with Sam Rainsy to amend the constitution for the general election from 2/3 to 50 plus 1.
So, Kem MonoShittia, Yem Ponharith, Yim Sinan, Touch Vibol, etc... must stop playing Hun Sen and Yuon's game. You have only one life to live, you need to do something productive for Cambodia before you go to hell.
Bun Thoeun
Post a Comment