Sunday 10 May 2020

សមាគម​មីក្រូហិរញ្ញវត្ថុ​ថា មាន​អតិថិជន​ជាង ១០​ម៉ឺន​នាក់ ស្នើសុំ​រៀប​កម្ចី​ឡើងវិញ​ឬ​ពន្យារពេល​បង់​ប្រាក់



Khmer Circle: It's been said that 'property is theft', and if so, no one can quite steal from almost everyone - that's right everyone! - like banking institutions do and still make us indebted to them!


🔺🔺🔺

ដោយ ខែ សុណង
2020-05-09

បណ្ឌិត អ៊ិន ចាន់នី អភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA BANK PLC)
បណ្ឌិត អ៊ិន ចាន់នី អភិបាល និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA BANK PLC)
Photo courtesy of In Channy's Facebook




សមាគម​មីក្រូហិរញ្ញវត្ថុ​ថា មាន​អតិថិជន​ជាង ១០​ម៉ឺន​នាក់ បាន​ស្នើសុំ​រៀប​កម្ចី​ឡើងវិញ​ឬក៏​ស្នើសុំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បន្ធូរបន្ថយ ឬ​ពន្យារ​ពេល​បង់​ប្រាក់​ក្នុង​ពេល​ជួប​បញ្ហា​សេដ្ឋកិច្ច​ខណៈ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​អង្កេត​ករណី​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ចង់​ឃើញ​ភាគី​មីក្រូ​ហិរញ្ញវត្ថុ​មានការ​យោគយល់​ខ្ពស់​ដល់​ពលរដ្ឋ​ដែល​ស្នើសុំ និង​ត្រូវ​ផ្សព្វផ្សាយ​ពី​ផែនការ​របស់​មីក្រូ​ហិរញ្ញវត្ថុ ដែល​បន្ធូរបន្ថយ​ដល់​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ឱ្យ​បាន​ទូលំទូលាយ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រកាស នឹង​ដោះស្រាយ​ជូន​អតិថិជន​របស់​ខ្លួន​គឺ​ធ្វើ​ឡើង​តាម​ករណី​មួយៗ​ដោយ​ពិនិត្យ​ជាក់ស្ដែង​ពី​ផល​ប៉ះពាល់ អតិថិជន និង​អះអាង​ថា ចាប់​តាំងពី​មានការ​អំពាវនាវ​របស់​ធនាគារ​ជាតិ​ស្នើ​កុំ​ឱ្យ​មានការ​ផាក​ពិន័យ​លើ​អតិថិជន គឺ​មិន​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ផាក​ពិន័យ​ពលរដ្ឋ ឬ​អតិថិជន​ដែល​ខកខាន​ក្នុង​ការ​បង់​ប្រាក់​នោះ​ទេ។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឱ្យ​អាស៊ីសេរី​ដឹង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​ជម្រើស​ទៅតាម​លទ្ធភាព​អតិថិជន​របស់​ខ្លួន ដូចជា​ការ​តម្រូវ​ឱ្យ​សង​តែ​ការប្រាក់ ករណី​ខ្លះ​ផ្អាក​ការ​បង់​ប្រាក់​និង​ទាំង​ប្រាក់​ដើម​ក្នុង​រយ ៣​ខែ ឬ ៦​ខែ ឬក៏​ការរៀបចំ​កម្ចី​ឡើងវិញ​ដែល​ផ្ដល់​រយៈ​វែង​ជាង​មុន ដល់​អតិថិជន​ក្នុង​ការ​បង់​ប្រាក់​ប្រចាំខែ​។ លោក​បន្ត​ថា ក្នុង​ចំណោម​អតិថិជន​ជាង ១០​ម៉ឺន​នាក់ ដែល​ស្នើសុំ​ការ​ពន្យារ​ពេល​សង​ប្រាក់ ឬ​រៀបចំ​កម្ចី​ឡើងវិញ​នោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​អនុម័ត ឬ​ធ្វើតាម​សំណើ​បាន​ប្រមាណ​៤០​ភាគរយ​ហើយ៖ «ជូនដំណឹង​គេ (គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​) គេ​នឹង​រៀបចំ​ពាក្យ​ស្នើ​កម្ចី​ឡើងវិញ​ហើយ​គេ​នឹង​​សិក្សា​មើល​ថា គាត់​ពិតជា​រង​ផល​ប៉ះពាល់​កម្រិត​ណា ហើយ​គាត់​មានលទ្ធភាព​សង​កម្រិត​ណា​អ៊ីចឹង​គេ​នឹង​ផ្ដល់​ជា​ជម្រើស​សមស្រប​ទៅ​ករណី​អតិថិជន​មួយៗ​ហ្នឹង»។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក កាំង តុងងី គ្រឹះស្ថាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កំពុង​ផ្ដល់​សេវា​របស់​ខ្លួន​ដល់​អតិថិជន​ជាង​ពីរ​លាន​នាក់​។ លោក​អះអាង​ថា យោង​តាម​ច្បាប់​ឬ​គោលការណ៍​មីក្រូ​ហិរញ្ញ​គឺ​តម្រូវ​ឱ្យ​អតិថិជន​ជា​អ្នកដាក់ពាក្យ​ស្នើ​មក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​ក្នុង​ការ​ស្នើ​សុំ​នៃ​ការ​ពន្យារ​ពេល​បង់​ប្រាក់​នេះ។​

ទាក់ទង​នឹង​បញ្ហា​នេះ នាយករង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​គួរ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ នូវ​ដំណោះស្រាយ​របស់​ខ្លួន​ជូន​ដល់​ពលរដ្ឋ​ឬ​អតិថិជន​ឱ្យ​បាន​ដឹង​។ លោក​ថា ការ​តម្រូវ​ឱ្យ​អតិថិជន​ធ្វើការ​ស្នើសុំ​នេះ​ប្រសិនបើ​ពលរដ្ឋ​មិនបាន​ដឹង​និង​មិនបាន​ចូលរួម​សហការ​ក្នុង​ការ​ជជែក​រក​ដំណោះស្រាយ ​គឺ​បញ្ហា​នឹង​នៅតែ​កើតមាន​ដដែល​។ លោក​ជំរុញ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្នើសុំ​រៀប​កម្ចី​ឡើងវិញ​ដោយ​ឈរ​លើ​គោលការណ៍​យោគយល់​ដល់​ពលរដ្ឋ​៖ «គាត់ (ពលរដ្ឋ​ឬ​អតិថិជន​)​មានលទ្ធភាព ជា​ការ​ចរចា​គ្នា​ណា​ធ្វើ​ម៉េច​ជា​សម្រួល​សម្រាប់​ពួកគាត់​បើសិនជា​គាត់​បាត់បង់​ការងារ​ច្បាស់​ជា​គាត់​មិន​មាន​ក្នុង​កំឡុង​ពេល​នេះ គឺ ៣​ខែ​ឬ​ក្នុង​រយៈពេល​កូវីដ​នេះ​គាត់​មិន​អាច​មាន​លទ្ធភាព​សង»។

ពលរដ្ឋ​ម្នាក់​លោក បាន សុខ ដែល​ជំពាក់​ប្រាក់​ធនាគារ​ជាង​១​ម៉ឺន​ដុល្លារ ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​មួយ​ខែ​លោក​ត្រូវ​បង់លុយ​ធនាគារ​ជាង ៦០០​ដុល្លារ ប៉ុន្តែ​លោក​ថា ចាប់តាំង​ពី​ពេល​មានការ​រាតត្បាត​ជំងឺ​កូវីដ-១៩​មក លោក​គ្មាន​លទ្ធភាព​បង់​នោះ​ទេ​។ លោក​ឱ្យ​ដឹង​ទៀត​ថា បុគ្គលិក​ធនាគារ​បាន​ទូរស័ព្ទ​ប្រាប់​លោក​ដោយ​ផ្ដល់​ជម្រើស​ចំនួន​ពីរ​ឱ្យ​ជ្រើសរើស ទីមួយ គឺ​ត្រូវ​រៀបចំ កម្ចី​ឡើងវិញ​ដែល​ធនាគារ​ពន្យារពេល​សង​ប្រាក់​ដែល​តាម​កាលវិភាគ​លោក​ត្រូវ​បង់​សង ៣​ឆ្នាំ ត្រូវ​បង្កើន​ពេល​សង​ដល់​ទៅ ៦​ឆ្នាំ​វិញ​។ លោក​បន្ត​ថា ឯ​ជម្រើស​ទី​២​គឺ តម្រូវ​ឱ្យ​បង់​តែ​ការប្រាក់​ក្នុង​អំឡុង​មាន​វិបត្តិ​នេះ​ប៉ុណ្ណោះ៖ «ខ្ញុំ​ចង់បាន​៦​ឆ្នាំ​វិញ​ព្រោះ​ពីមុន​មក​ខ្ញុំ​ចង់​ឱ្យ​ឆាប់​ដាច់ តែ​បី​ឆ្នាំ​ទេ បង់​ច្រើនតែ​ឆាប់​ដាច់​ដល់​ឥឡូវ​សភាព​កូវីដ​ទៅ​ខ្ញុំ​ស្នើ​៦​ឆ្នាំ​វិញ​គេ​ត្រូវ​ធ្វើ​ឯកសារ​ថ្មី​ប៉ុន្តែ​គេ​ស្នើ​ទៅលើ​កូនចៅ​គេ​តេ​មក​ខ្ញុំ​ទេ​គេ​ស្នើ​ទៅលើ​បាន​មិនបាន​គេ​អត់​ដឹង​ទេ​ចាំ​មើល​ថ្ងៃ​ច័ន្ទ​ថ្ងៃ​អង្គា​របង​អឺយ»។

កាល​ពី​ខែ​មេសា​កន្លង​ទៅ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​លិខិតស្នើ​ទៅ​ធនាគារ​ឯកជននិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លើកលែង​ការ​ផាក​ពិន័យ​ចំពោះ​អតិថិជន​របស់​ខ្លួន​ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​នេះ រហូតដល់​ដំណាច់​ខែ​ធ្នូ​ឆ្នាំ​២០២០។

អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​មួយ​ក្នុង​ខែ​ឧសភា បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ការបាត់បង់​ប្រាក់ចំណូល​របស់​ពលករ​ជាង ៨​ម៉ឺន​នាក់​ដែល​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ព្រោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នាំ​ឱ្យ​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​បន្ថែម​ទៀត ដោយសារ​បញ្ហា​បំណុល​នេះ ក្នុង​នោះ​មាន​ការ​បង្ខំ​ឱ្យ​លក់​ដី​សងបំណុល​ផង​ដែរ៕

No comments: