Monday 18 May 2020

ពលករ​ខ្មែរ​មួយ​គ្រួសារ​មាន​កូន​តូច​២​នាក់​ទ្រាំ​នៅ​ប្រទេស​ថៃ​អត់​ការងារ​ធ្វើ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩


ដោយ ទីន ហ្សាការីយ៉ា
2020-05-17
rfa

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ទៅ​ទទួល​សេវា​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។
ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ទៅ​ទទួល​សេវា​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក



ពលករ​ខ្មែរ​មួយ​គ្រួសារ​មាន​កូន​តូច​២​នាក់​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ​អត់​ការងារ​ធ្វើ​ជាង ២​ខែ​ហើយ បណ្ដាល​មកពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ អំឡុង​ពេល​អត់​ការងារ​ធ្វើ​នេះ ពួកគាត់​បាន​ឱ្យ​ឪពុកម្ដាយ​ខ្ចី​ប្រាក់​ធនាគារ​ផ្ញើ​ពី​ស្រុក​កំណើត​យក​ទៅ​ចាយវាយ​នៅ​ប្រទេស​ថៃ​។ តើ​ពួកគាត់​ជួប​ការ​លំបាក​បែប​ណា​អំឡុង​ពេល​អត់​ការងារ​ធ្វើ​នេះ?

ពលករ​ខ្មែរ​មួយ​គ្រួសារ​មាន​សមាជិក​៤​នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ ២នាក់ ក៏​បាន​ទៅតាម​ឪពុកម្ដាយ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែរ។ ពួកគេ​មាន​ស្រុកកំណើត​នៅ ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការងារ​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក​ប្រមាណ​១០​មក​ឆ្នាំ​ហើយ។

នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ប្រពន្ធ​នៅ​មើល​កូន​ក្នុង​បន្ទប់​ជួល​នៅ​ខេត្ត​នុនថាក់បូរី (Nonthakburi) ហើយ​ប្ដី​ចេញ​ទៅ​ស៊ីឈ្នួល​កាត់​ស្មៅ​ឱ្យ​ជនជាតិ​ថៃ។

ពលករ​វ័យ​៣២​ឆ្នាំ លោក ឆាន វិឆៃ រៀបរាប់​ថា ថៅកែ​បាន​ផ្អាក​ការងារ​របស់​លោក​ជាង ២​ខែ​ហើយ មិន​ទាន់​បើក​ឡើង​វិញ​នៅ​ឡើយ​ទេ ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ​១៩​។ លោក​បន្ត​ថា អំឡុង​ពេល​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ លោក​ស្វះ​ស្វែងរក​ការងារ​គ្រប់យ៉ាង​មិន​រើសមុខ​ឡើយ ហើយ​យូរ​ម្ដងៗ​មាន​ជនជាតិ​ថៃ​ហៅ​ទៅធ្វើ​ការ តាម​ផ្ទះ ដូចជា​កាត់​មែក​ឈើ កាត់​ស្មៅ និង​សំអាត​លូ​ទឹក​ស្អុយ​ជាដើម​។ លោក​បញ្ជាក់​ថា ពេល​ធ្វើ​ការងារ​ម្ដង​បាន​ប្រាក់​ចន្លោះ​ពី ២០០​ទៅ ៣០០​បាត​ក្នុង​មួយថ្ងៃ ក៏ប៉ុន្តែ​ប្រាក់​កំរៃ​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​ចាយ​វាយ​ប្រចាំ​ឡើយ៖ «ព្រោះ​នៅ​ណេះ​អត់​មានការ​ងារ​ធ្វើ​ទៀត ហើយ​គេ​បិទ​អត់​ឱ្យ​ទៅ​ណា​ឆ្ងាយ​ទេ នៅតែ​មួយ​ខេត្ត​ទៅ​រក​ការងារ​ធ្វើ​ឆ្ងាយ​អត់​បាន។ ជួន​កាល​គេ​ឱ្យ​ជីក​ប្រឡាយ​ទឹក​ស្ដារ​អណ្ដូង​អី​ចេះ​តែ​ជីក​ទៅ បួន​ប្រាំ​ថ្ងៃ​ធ្វើ​​បាន​មួយថ្ងៃ​ពីរ​ថ្ងៃ។ លំបាក​ខ្លាំង​ណាស់ ប្រជាពលរដ្ឋ​ថៃ​ក៏​គេ​បិទ គេ​បិទ​អស់ហើយ គេ​បិទ​រោងចក្រ​ស្ទើរ​គ្រប់កន្លែង​ហើយ ។ ខ្ញុំ​ត្រូវតែ​តស៊ូ​ទៅ​មុខ​ទៀត ខំ​ប្រឹង​រក​ការងារ​តិចៗ ដើម្បី​ដោះស្រាយ​បញ្ហា​ក្រពះ»។

លោក​បន្ត​ថា មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ លោក​និង​ប្រពន្ធ​ធ្វើការ​នៅ​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហារិម ដោយ​បាន​ប្រាក់​ឈ្នួល​ម្នាក់ ១​ម៉ឺន​២​ពាន់​(១.២០០០)​បាត​ក្នុង​មួយ​ខែ ហើយ​ប្រាក់​នេះ ក្រោយ​ពី​បង់​ថ្លៃ​បន្ទប់​ជួល និង​ចាយវាយ​ហើយ​លោក​សន្សំ​បាន​ប្រាក់​ប្រមាណ ១​ម៉ឺន​បាត​(១០.០០០) ផ្ញើ​ទៅ​ឱ្យ​ឪ​ម្ដាយ​នៅផ្ទះ ក៏ប៉ុន្តែ​ពេលនេះ​មិន​មាន​ប្រាក់​ផ្ញើ​ទៅផ្ទះ​ដូច​ពេល​មុន​នោះ​ទេ ផ្ទុយទៅវិញ ក្រុម​គ្រួសារ​ថែមទាំង​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​នៅ​ស្រុក​ខ្មែរ​ផ្ញើ​ទៅ​ឱ្យ​ចាយវាយ​ទៀត​ផង។

លោកស្រី រ៉េន បញ្ញា ថ្លែង​ថា សព្វថ្ងៃ​នេះ​ប្ដី​របស់​លោកស្រី​ធ្វើការ​ម្នាក់ឯង​បាន​ម្ដងម្កាល ដូច្នេះ​មិន​គ្រប់​បង់​សម្រាប់​ចាយវាយ​នោះ​ទេ ទើប​លោកស្រី​ទូរស័ព្ទ​ទៅ​ម្ដាយ​របស់​ខ្លួន​ឱ្យ​ខ្ចី​ប្រាក់​ពី​ធនាគារ ៥​ពាន់​បាត​(៥.០០០)​ក្នុង​មួយ​ខែ​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​ប្រទេស​ថៃ។ លោកស្រី​បញ្ជាក់​ថា រហូត​មក​ពេលនេះ​ម្ដាយ​របស់​លោក​ស្រី បាន​ផ្ញើ​ប្រាក់​ពី​ស្រុកកំណើត​ចំនួន​ពីរ​លើក​មក​ហើយ ដោយ​ប្រាក់​៣ពាន់ បាត​បង់ថ្លៃ​បន្ទប់​ជួល និង​២​ពាន់​(២.០០០) បាត​ទុក​ទិញ​អាហារ​ហូបចុក​អំឡុង​ពេល​អត់​ការងារ​ធ្វើ​នៅ​ថៃ៖ «ដូច​ថា មួយ​ខែ​ទល់​មួយ​ខែ សឹង​តែ​យើង​រក​អត់​បាន​ប្រាក់ចំណូល​អី​សោះ ប្រាក់​បង់​ថ្លៃ​ផ្ទះ​អត់​គ្រប់​ផង អីចឹង​មានតែ​ឱ្យ​ម្ដាយ​ផ្ញើ​ប្រាក់​ពី​ផ្ទះ​មក។ ខ្ញុំ​ហូប​ត្បិតត្បៀត​ណាស់ មាន​ត្រីខ និង​មី​កញ្ចប់ ហើយ​ជូន​កាល​ប្ដី​ខ្ញុំ​គាត់​ទៅ​រក​ចាប់​ត្រី​ទៅ​បាន​ហូប​ត្រី​អី​ខ្លះ ខ្ញុំ​លំបាក ២​ដង​នៅ​ប្រទេស​ថៃ កាល​ឆ្នាំ​ទឹក​លិច​ទីក្រុង​បាងកក ក៏​ខ្ញុំ​នៅ​ទី​នេះ​ដែរ ព្រោះ​ទឹក​លិច​ខ្លាំង​យើង​ទៅផ្ទះ​អត់​កើត»។

គ្រួសារ​មួយ​នេះ​មាន​កូន​៣​នាក់ ដោយ​កូនប្រុស​ម្នាក់​កូនស្រី​ម្នាក់​អាយុ​ក្រោម ១០​ឆ្នាំ ទៅ​តាម​ឪពុកម្ដាយ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ហើយ​កូន​ម្នាក់ទៀត​ស្នាក់នៅ​ជាមួយ​ជីដូន​នៅ​ខេត្ត​​បាត់ដំបង។

លោកស្រី រ៉េន បញ្ញា ឱ្យ​ដឹង​ថា លោកស្រី​ចង់​នាំ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ក៏ប៉ុន្តែ​មិន​អាច​ឆ្លងដែន​ទៅ​បាន ព្រោះ​អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ព្រំដែន​មិន​ទាន់​បើក​វិញ​នៅ​ឡើយ ហើយ​ម្យ៉ាង​នៅ​ពេល​ទៅដល់​ផ្ទះ​ក៏​គ្មាន​ការងារ​ធ្វើ ទើប​សម្រេចចិត្ត​នាំគ្នា​ខាំ​ស្មៅ​នៅ​ក្រៅ​ប្រទេស​រហូត​មក​។ លោកស្រី​ព្រួយបារម្ភ​អំពី​អនាគត​របស់​កូន​ខ្លាច​មិនបាន​រៀន​ជ្រៅជ្រះ លោកស្រី​និង​ប្ដី​ធ្វើ​ការងារ​លំបាក ជា​ពលករ​ចំណាកស្រុក​នេះ ហើយក៏​មិន​ចង់​ឱ្យ​កូន​លំបាក​ដូច​ពួកគាត់​ទៀត​ឡើយ នៅ​ពេល​អនាគត៖ «របៀប​ថា គ្មាន​អ្នកណា​ជួយ​អ្នកណា​បាន​អីចឹង​លំបាក​គ្រប់គ្នា ដូច​ថា​ធ្វើការ​វា​អត់​បាន​ពេញលេញ​ល្អ​ទេ ជួល​កាល​ថ្ងៃ​ណា​អត់​មាន​គឺ​អត់​បណ្ដោយ ដូច​ថា​អ្នក​នៅ​ជិតៗ​នេះ គេ​ហៅ​ទៅ​លាងចាន​ហៅ​ជួយ​ដកស្មៅ​គេ​ឱ្យ​ប្រាក់​១០០​ពីរ​រយ​បាត ក៏​ចេះតែ​យកមក​ដើម្បី​ផ្គត់ផ្គង់​ម្ហូប​ឱ្យ​កូន​បាន​ហូប។ នៅ​នេះ​ខ្ញុំ​រក​ការងារ​ធ្វើ​ដែរ ប៉ុន្តែ​យើង​ខ្មែរ​ផង ម្យ៉ាងទៀត​រោគ​ហ្នឹង​មក​ផង​គេ​មិនសូវ​ជា​ជួល​យើង​ប៉ុន្មាន​ទេ ទាល់តែ​យើង​សុំ​គេ​ធ្វើ​មួយថ្ងៃ​ខាង​ពីរ ឬ​បី​សុំ​ធ្វើ​មួយថ្ងៃ​ទៀត​ទៅ»។

រដ្ឋាភិបាល​ថៃ​នៅតែ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដោយ​ហាមឃាត់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញ​ពី​ផ្ទះ​ចាប់ពី​ម៉ោង ១០​យប់ ទៅ​ដល់​ម៉ោង​៤​ទៀបភ្លឺ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩ ហើយ​ប្រសិនបើ​ជន​ណា​ល្មើស​បម្រាម​នេះ នឹង​មានទោស​ជាប់គុក ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​ម៉ឺន​បាត (៤០.០០០) ឬ​ប្រមាណ​១​ពាន់ ៣០០​ដុល្លារ​អាមេរិក។

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក បាន​ប្រកាស​ជា​បន្តបន្ទាប់​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ដែល​ស្នាក់នៅ​ប្រទេស​ថៃ ឱ្យ​គោរព​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ថៃ ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ការ​រាល​ដាន​ជំងឺ​កូវីដ​១៩។ ស្ថានទូត​ខ្មែរ​បន្ថែម​ថា ប្រសិនបើ​ពលករ​ខ្មែរ​ណា​មាន​បញ្ហា​អំឡុង​ពេលនេះ សូម​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ ០១២ ៨០៥ ០៥៦១ និង ០៩៤ ០៩២៥៩០៥។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ជាច្រើន​នាក់​ផ្សេងទៀត​អត់​ការងារ​ធ្វើ ហើយ​មួយ​ចំនួន​បាន​ដាច់​ស្បៀង​បណ្ដើរៗ​ហើយ ដោយសារ​ថៅកែ​ផ្អាក​ការងារ​បណ្ដាល​ពី​មក​ជំងឺ​កូវីដ​១៩។ លោក​បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ត្រូវ​សហការ​គ្នា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​ពួកគាត់ ដើម្បី​ឱ្យ​ពួកគាត់​ទិញ​ស្បៀងអាហារ​ហូបចុក​បណ្ដោះអាសន្ន ហើយ​ប្រសិនបើ​មិន​មាន​លទ្ធភាព​ជួយ​ពួកគាត់​ទេ គួរតែ​សម្រួល​ឱ្យ​ពលករ​ដែល​ពុំ​មាន​ការងារ​ធ្វើ​ត្រឡប់​មក​ផ្ទះ​វិញ៖ «ហើយ​ការ​វិលត្រឡប់​មកវិញ​នោះ វា​ត្រូវ​មាន​ការ​សម្របសម្រួល​ដូច​កន្លង​មក យើង​ចុះទៅ​ផ្ទាល់​ខ្ញុំ​សួរ​ពលករ គឺ​ចំណាយ​ថ្លៃ​ជិះ​ឡាន​ឈ្នួល​ពី​កន្លែង​គាត់​ធ្វើ​ការ​មកដល់​ព្រំដែន​កម្ពុជា ខ្លះ​២​ពាន់​បាត ខ្លះ​៣​ពាន់​បាត​(៣.០០០) ធម្មតា​អស់​តែ​២០០ ឬ​បីរយ​បាត​ទេ ថ្លៃ​ឡាន។ ត្រូវ​គិត​គួរ​រឿង​ចំណុច​ហ្នឹង បើ​និយាយ​ឱ្យ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋ​ត្រូវតែ​ការពារ​ប្រយោជន៍​របស់​ពលរដ្ឋ ហើយ​បើ​អាច​គឺ​សម្រួល​ក្នុង​ការ​ដឹកជញ្ជូន​ពួកគាត់​ត្រឡប់​មក​ផ្ទះ​វិញ​មក»។

ទោះជា​យ៉ាងណា​កាលពី​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​គ្មាន​ប្រាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​អត់​ការងារ​ធ្វើ​ដោយសារ​ជំងឺ​កូវីដ​១៩​នោះ​ទេ ហើយ​លោក​ក៏​ជំរុញ​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្នុង​ប្រទេស​ដែល​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ ឱ្យ​លក់​ម៉ូតូ​ទិញ​អង្គរ​ហូប​សិន​ទៅ។

របាយការណ៍​របស់​អង្គការ​សង់ត្រាល់ ឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ស្របច្បាប់ និង​ខុសច្បាប់​ប្រមាណ​២​លាន​នាក់​(២.០០០.០០០)​កំពុង​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​រហូត​មក​ទល់​ពេល​នេះ​មាន​ពលករ​ខ្មែរ​ជិត ១០​ម៉ឺន​នាក់​ហើយ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ៕

No comments: