Monday 1 June 2020

របប​ក្រុង​ភ្នំពេញ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ដោយ​គ្មាន​ដីកា​តុលាការ


ដោយ ទីន ហ្សាការីយ៉ា
2020-05-31
rfa

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី



អាជ្ញាធរ​របប​ក្រុងភ្នំពេញ បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត គឺ លោក កាក់ កុម្ភារ នៅ​ថ្ងៃ​ទី​៣១ ឧសភា ដោយ​មិន​បង្ហាញ​ដីកា​តុលាការ​។ ប្រពន្ធ និង​តំណាង​គណបក្ស​ប្រឆាំង ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ជា​បន្ទាន់។

ប្រពន្ធ របស់ សកម្មជន​បក្ស​ប្រឆាំង លោក កាក់ កុម្ភារ គឺ លោកស្រី ព្រំ ចន្ថា ប្រាប់​ថា លោក កាក់ កម្ភារ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ម្ដុំ​អធិការដ្ឋាន​ស្រុក​បាទី ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ដោយ​គ្មាន​ដីកា​ចាប់ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ភ្លាមៗ​។ លោកស្រី មិនទាន់​ដឹង​ថា ប៉ូលិស​ចោទប្រកាន់​ពី​បទ​អ្វី ឱ្យ​ជាក់លាក់​ទេ ដោយ​យល់ថា គឺជា​ករណី​នយោបាយ ព្រោះ ប្ដី​លោកស្រី មិនដែល​ប្រព្រឹត្តិ​ទោសកំហុស អ្វី​ទេ។


លោកស្រី ប្រាប់​ថា លោក កាក់ កុម្ភារ បាន​ចោលផ្ទះ ចោល​ប្រពន្ធ និង​កូនជាង​២​ឆ្នាំ​មក​ហើយ តាំងពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​បារម្ភ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ។ លោកស្រី អះអាង​ថា ប៉ូលិស បាន​សួររក​ប្ដី និង​តាម​ចាប់ខ្លួន​រហូត ហើយ​មុន​ការ​ចាប់ខ្លួន​ថ្មីៗ​នេះ មាន​អ្នក​ទូរស័ព្ទ​មក​ប្ដី​លោកស្រី ដើម្បី​សួរ​បញ្ជាក់​ឈ្មោះ៖ «ព្រោះ​គាត់​អ្នកនយោបាយ​អ៊ីចឹង មានតែ​ទោស​នយោបាយ​ហ្នឹងឯង ព្រោះ​មិន​ដឹង​គាត់​មានទោស​អ្វី​ផង ឧក្រិដ្ឋជន​ក៏​អត់​មាន ព្រហ្មទណ្ឌ​ក៏​អត់​មាន អត់​ទាំងអស់​ប្ដី​ខ្ញុំ​។ ខ្ញុំ​ចង់​ឱ្យ​គេ​ដោះលែង​។ (​ចាប់​)​អា​រឿង ដែល​គេ​ចោទប្រកាន់​មក ដីកា​ដែល​គេ​ធ្លាប់​ចាប់ គាត់​ពី​បទ​អ្វី​ហ្នឹង អា​របាយការណ៍​អស់ហ្នឹង ខ្ញុំ​អត់​ដែល​បាន​ដឹង​ច្បាស់​ទេ​បង ដោយសារ​ខ្ញុំ​នៅតែ​ផ្ទះ​រកតែ​លុយ​ណា​បង​។ អ៊ីចឹង ខ្ញុំ​អត់​ដែល​ដឹង​ទេ»។

លោក កាក់ កុម្ភារ ធ្លាប់​រត់គេច​ខ្លួន​ទៅដល់​ប្រទេស​ថៃ​មួយ​រយៈ ហើយ​ក្រោយ​មក លោក​បាន​វិល​ចូល​ស្រុក​វិញ​តែ​លោក​មិន​ហ៊ាន​រស់នៅ​ក្នុង​ផ្ទះ​ជួបជុំ​ប្រពន្ធ​កូន​ទេ​។ លោក​គេចខ្លួន​រស់នៅ​ចល័ត លាក់​មុខ​ពី​សមត្ថកិច្ច​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ស្នាក់​ផ្ទះ​បងប្អូន នៅ​ក្នុង​ខែត្រ​កា​កែវផង និង​នៅ​ខែត្រ​ផ្សង​ផង​។ សមត្ថកិច្ច​បាន​ឃ្លាំមើល​សកម្មភាព​របស់​លោក រ​ហួត​ដល់​លោក​វិល​ចូល​ក្នុង​ខែត្រ​តាកែវ​វិញ សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។

លោក កាក់ កុម្ភារ គឺជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ធ្លាប់​ចេញ​ដីកា​ចោទប្រកាន់​លោក ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ក្នុង អំឡុង​ចាប់ពី​ខែ​មេសា ដល់​ខែតុលា ឆ្នាំ​២០១៨ ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក សម រង្ស៊ី លោក ហ៊ូ វ៉ាន់ និង លោក គង់ ម៉ាស់។ សំណុំ​រឿង​នេះ សមត្ថកិច្ច បាន​ចាប់ លោក គង់ ម៉ាស់ គឺជា​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដាក់​ពន្ធនាគារ​ព្រៃ​ស ដល់​បច្ចុប្បន្ន​។ ចំណែក​អ្នក​ផ្សេង បាន​រត់​គេច​ខ្លួន​។​

អធិការរង​ស្រុក​បាទី លោក ឃុ​ត ឡូត ដែល​ត្រូវ​វេន​ប្រចាំ​ការ​ថ្ងៃ​ទី​៣១ ឧសភា អះអាង​ថា គ្មាន​ករណី​ចាប់ខ្លួន លោក កាក់ កុម្ភារ ទេ៖ «​បង​សួរ​គាត់​ទៅ សួរ​គាត់​អ្នក​ដែល​រាយការណ៍​ប្រាប់​បង ថា សមាសភាព​ណា​អ្នក​ចាប់​បង​។ ខ្ញុំ​អត់​ដឹង​ដែរ​បង ខ្ញុំ​បញ្ជាក់​បង​បន្តិច ក្រែង​ថា សមត្ថកិច្ច​ណា​គេ​តាម​មក​ចាប់​មិន​ដឹង ខ្ញុំ​អត់​ដឹង​ដែរ​។ បើ​ប៉ូលិស​ស្រុក​ខ្ញុំ គឺ​អត់​មាន​ចាប់ខ្លួន ឃាត់ខ្លួន​អ្នកណា​ទេ នៅ​ថ្ងៃ​ហ្នឹង​បង​។ បាទ​! អរគុណ​បង គឺ​អត់​មានបាន​ឃាត់ខ្លួន​អ្នកណា អ្នក​ណី​ទេ ថ្ងៃ​ហ្នឹង​បង»។

មិត្តភ័ក្ដិ​របស់ លោក កាក់ កុម្ភារ ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ភរិយា និង​សាច់ញាតិ បាន​ជួប​លោក កាក់ កុម្ភារ នៅ​ក្នុង​អធិការដ្ឋាន​ស្រុក​បាទី ពេល​ចាប់ខ្លួន​ភ្លាមៗ មុន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ហើយ​ខាង​ប៉ូលិស​ប្រាប់​សាច់ញាតិ​ថា ការ​ចាប់​ខ្លួន លោក កាក់ កុម្ភារ នេះ ជា​បញ្ជា​ពី​ថ្នាក់លើ​ទៅ ប៉ុន្តែ​ជួប​គាត់​នៅ​(​ស្រុក​)​បាទី​ហ្នឹង​ហ្មង​។ ជួប​គាត់ (​កាក់ កុ​ម្ភា​រ​) នៅ​អធិការដ្ឋាន​ស្រុក​បាទី​ហ្នឹង​ហ្មង មុន​គាត់​បញ្ជូន​។ ទៅដល់​ជួប​គាត់​នៅ​ហ្នឹង​ទេ នៅ​អធិការដ្ឋាន​ស្រុក​បាទី​ហ្នឹង​ទេ​។ ប៉ុន្តែ​សួរ​គាត់​ចាប់​ពីបទ​អ្វី គាត់​និយាយវថា អត់​មាន​នេះ​ទេ អត់​មាន​ដឹង​ទេ មេ​ថា ឱ្យ​អន្តរាគមន៍​ពី​មេ​ភ្លាមៗ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្ត​តាកែវ លោក សុខ សំណាង ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានទេ នៅ​ថ្ងៃ​ទី​៣១ ឧសភា​។​

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ប្រាប់​ថា ពិតជា​មានការ​ចាប់ខ្លួន លោក កាក់ កុម្ភារ មែន​។ លោក ចាត់ទុកថា ការ​ចាប់​ខ្លួន​នេះ គឺជា​រូបភាព​បំភិតបំភ័យ គំរាមកំហែង​ផ្នែក​នយោបាយ ដើម្បី​បន្លាច​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត កុំ​ឱ្យ​សម្ដែង​មតិ រិះគន់​ភាព​អវិជ្ជមាន​សង្គម​។ លោក ម៉ន ផល្លា អះអាង​ថា លោក កាក់ កុម្ភា​រ មិនដែល​ធ្វើ​សកម្មភាព​រិះគន់​ជា​សាធារណៈ ប៉ះពាល់​ដល់​របប​ក្រុងភ្នំពេញ​ទេ​។ លោក ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ដោះលែង លោក កាក់ កុម្ភារ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ គ្រប់​រូបភាព លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំងអស់៖ «ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា សកម្មជន ដែល​មាន​រចនាសម្ព័ន្ធ​នៅ​តាម​រាជធានី​ខេត្ត ដើម្បី​បំបាក់​ស្មារតី​ពួកគាត់ ដើម្បី​កុំ​ឱ្យ​ពួកគាត់​រក្សា​នូវ​ជំហរ​ការដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ​ដូច​ខ្ញុំ​បញ្ជាក់​អំបាញ់មិញ ថា វា​អត់​មានរឿង​អ្វី ក្រៅពី​រឿង​នយោបាយ​នោះ​ទេ»។

រយៈពេល​៥​ខែ ឆ្នាំ​២០២០ របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ចំនួន​១៣​នាក់ តែ​បាន​ដោះលែង​ម្នាក់​វិញ គឺ ប្រធាន​ប្រតិបត្តិ​ស្រុក រមាសហែក ខែត្រ​ស្វាយរៀង លោក ហិន ឆាន ដោយសារ លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ ក្រោយ​ការ​ចាប់ខ្លួន​ទាំង​បង្ខំ​។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​១៦​នាក់​ផ្សេងទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​ឆ្មក់​វាយ​របួស​ក្បាល និង​របួស​ដៃ ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ មិនទាន់​រក​ឃើញ​ជន​ដៃដល់ បាន​ម្នាក់​ឡើយ។

ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក នី សុខា យល់​ថា អាជ្ញាធរ​មិន​គួរ បន្ត​ធ្វើបាប​សកម្មជន​នយោបាយ ដែល​ពាក់ព័ន្ធ​រឿងក្ដី​ក្ដាំ មុន​ឆ្នាំ​២០២០​ទេ ព្រោះ​ករណី​ទាំងនោះ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​បញ្ឈប់ ការ​តាម​ចាប់ខ្លួន​រួចហើយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

​លោក នី សុខា បន្ត​ថា បើ​មានការ​ចាប់ខ្លួន លោក កាក់ កុម្ភារ ដោយ​រឿង​នយោបាយ​មែន ជាការ​រំលោភ​គោលការណ៍​សេរីភាព​នយោបាយ​នៅ​កម្ពុជា ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​ការចោទប្រកាន់ លើ​អ្នកនយោបាយ​ទាំងអស់​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូបនេះ ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​ចាប់ចង​សកម្មជន​នយោបាយ ហើយ​ជំរុញ​ឱ្យ​អ្នកនយោបាយ រក​វិធី​ចូល​តុ​ចរចា សម្របសម្រួល​គ្នា ចប់​ជម្លោះ​នយោបាយ រក​វិធី​បង្រួបបង្រួម​ជាត​ ។«​យើង​ឃើញ​ថា បើសិនជា​គណបក្ស​កាន់អំណាច លោក​យក​វិធាន​ក្នុង​ការចរចា នៅ​ក្នុង​ការ​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ ខ្ញុំ​យល់ថា អានេះ​វា​ជា​រឿង​មួយ​ដែល​ល្អ នៅ​ក្នុង​ស្ថានភាព​ប្រទេស​យើង ដែល​កំពុងមាន​បញ្ហា និង​ពិភពលោក ដែល​កំពុង​មាន​បញ្ហា​។ ដូច្នេះ​យើង​គួរតែ​រក​វិធាន​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​ហ្នឹង​ទៅ កុំ​បន្ត​ការ​ចាប់ខ្លួន​អតីត​គណបក្សប្រឆាំង​តទៅទៀត​អី​។ អានេះ​ហើយ វា​ល្អ​ជាង​ការ​បន្ត​ចាប់ខ្លួន​តទៅទៀត»។

ភរិយា របស់ លោក កាក់ កុ​ម្ភា​រ ស្នើសុំ ឱ្យ​នគរបាល ដោះលែង​ប្ដី​វិញ និង​អំពាវនាវ ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ដើម្បី​លោកស្រី មាន​ឱកាស បាន​រស់នៅ​ជួបជុំ​គ្រួសារ​ឡើងវិញ​៕

No comments: