ដោយ ខែ សុណង
2020-06-09
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១១ ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
Photo courtesy of camnews.com
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សនេះ គឺជាការរុញឱ្យគាត់ខិតកាន់តែជិតទៅរកការស្នងតំណែងពីលោក ហ៊ុន សែន។ លោកថា គណបក្សប្រជាជនកម្ពុជាមានក្រុមយុវជនដែលជាកូនចៅមេដឹកនាំជំនាន់មុន ហើយពួកគេកំពុងកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល និងជួរមន្ត្រីដឹកនាំនៅតាមខេត្ត។ ដូច្នេះលោកថា អំណាចរបស់លោក ហ៊ុន ម៉ាណែត នឹងកាន់តែកើនឡើង នៅពេលគាត់ក្លាយជាមេដឹកនាំយុវជនរបស់បក្ស។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលមានតួនាទីធំនៅក្នុងបក្សរួចទៅហើយនោះ ឱ្យក្លាយជាប្រធានយុវជនគណបក្សថែមទៀត។ សេចក្ដីសម្រេចចុះថ្ងៃទី៨ មិថុនា ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន ឱ្យដឹងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំយុវជនរបស់បក្សនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណូមពររបស់មន្ត្រីនៅក្នុងបក្ស ហើយឆ្លងកាត់មតិយោបល់ពីគណៈអចិន្ត្រៃយ៍របស់បក្សផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប៉ាន់ស្មានថា យុវជនគណបក្សរបស់លោកអាចមានចំនួនលើសពី ១លាននាក់ ក្នុងចំណោមសមាជិកសរុបជាង ៦លាននាក់ ទូទាំងប្រទេស។ លោកថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យក្លាយជាប្រធានយុវជន ធ្វើឡើងស្របតាមលក្ខន្តិកៈរបស់បក្ស៖ «ការតែងតាំងនេះមិនមែនចំពោះតែកូនៗ របស់សម្តេចតេជោ ហ៊ុន សែន ទេ គឺកូនមេដឹកនាំគណបក្សប្រជាជនទាំងអស់សុទ្ធតែមានការតែងតាំង។ ពេលដែលគណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងយុវជនទំពាំងស្នងឫស្សី ហើយយុវជនហ្នឹងជាកូន ជាចៅ ជាក្មួយរបស់ថ្នាក់ដឹកនាំ ឬមួយក៏ជាសមាជិក-សមាជិការបស់គណបក្សប្រជាជន ដើម្បីកាន់ការងារក្នុងជួររាជរដ្ឋាភិបាល ឬមួយក៏ក្នុងជួរគណបក្ស»។
ក្នុងវ័យជាង ៤២ឆ្នាំ លោក ហ៊ុន ម៉ាណែត មានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ផ្កាយ៣ និងមានតួនាទីជាច្រើននៅក្នុងជូរកងទ័ព។ លោកជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានដើរតួនាទីយ៉ាងសកម្មសឹងលើសអគ្គមេបញ្ជាការកងទ័ពទៅទៀត ក្នុងការជួបប្រជុំជាមួយគណៈប្រតិភូយោធាបរទេស ទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។
ចំណែក នៅក្នុងជួរបក្សវិញ លោកជាសមាជិកគណៈអចិន្ត្រៃយ៍ ស្ថិតក្នុងចំណោមមនុស្ស ៣៤ នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សកាន់អំណាច។ ក្រៅពីចុះមូលដ្ឋានកៀរគរការគាំទ្រនៅក្នុងប្រទេសហើយ លោក ហ៊ុន ម៉ាណែត ក៏កំពុងស្វះស្វែងរកការគាំទ្រពីសហគមន៍ខ្មែរនៅក្រៅប្រទេសដែរ ប៉ុន្តែយុទ្ធនាការនេះត្រូវបានសហគមន៍ខ្មែរចាត់ទុកថា ជាការបំបែកបំបាក់សាមគ្គីភាពក្នុងសហគមន៍របស់ពួកគាត់។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ដំណែងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជានេះ ទំនងជាត្រូវបានរៀបចំទុកឱ្យលោក ហ៊ុន ម៉ាណែត ជាយូរមកហើយ ព្រោះចលនាយុវជនចាប់ផ្ដើមផ្ទុះឡើងខ្លាំង នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣។ លោកថា តួនាទីជាប្រធានយុវជនបក្ស នឹងធ្វើឱ្យលោក ហ៊ុន ម៉ាណែត កាន់តែមានឥទ្ធិពលនៅក្នុងជួរគណបក្ស និងជួរកងទ័ព។ ទោះជាយ៉ាងណា លោកជឿថា បើកម្ពុជាមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមែន លោក ហ៊ុន ម៉ាណែត ប្រហែលជាមិនអាចឈោងចាប់តួនាទីជានាយករដ្ឋមន្ត្រីបានឡើយ ព្រោះគិតមកដល់ពេលនេះ លោកមិនទាន់មានស្នាដៃជាដុំកំភួនឱ្យប្រជាពលរដ្ឋទូទៅគាំទ្រនៅឡើយទេ៖ «ជាអ្នកដែលបានសិក្សានៅក្រៅប្រទេស យើងទទួលស្គាល់មួយផ្នែក ប៉ុន្តែតើអ្វីជាស្នាដៃរបស់គាត់កន្លងមក? ក្រៅពីស៊ីកេរឪពុក បានន័យថា ជាស្នាដៃដែលឪពុកធ្វើកន្លងមក គឺគាត់ហាក់ដូចជា មិនទាន់ឃើញមានលេចចេញជាស្នាដៃ ឬជាលទ្ធផលណា (ធ្វើឱ្យ) ប្រជាពលរដ្ឋ និងយុវជន បង្ហាញជំនឿចិត្តថា គាត់សក្ដិសមជាអ្នកដឹកនាំមួយដែលមានសមត្ថភាពគ្រប់គ្រាន់នៅឡើយទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានកូនប្រុសម្នាក់ទៀតកំពុងដឹកនាំចលនាយុវជនដ៏ធំមួយនៅកម្ពុជាដែរ។ នោះគឺ លោក ហ៊ុន ម៉ានី ដែលជាសមាជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។ បណ្ដាញយុវជនរបស់លោក ហ៊ុន ម៉ានី នេះ មានសមាជិកយ៉ាងហោចណាស់ជាង ១៤ម៉ឺននាក់ ទូទាំងប្រទេស ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា តួនាទីថ្មីរបស់លោក ហ៊ុន ម៉ាណែត នេះ នឹងមិនជាន់គ្នាជាមួយលោក ហ៊ុន ម៉ានី ទេ ព្រោះលោក ហ៊ុន ម៉ាណែត ដឹកនាំយុវជនរបស់គណបក្ស ចំណែកលោក ហ៊ុន ម៉ានី ដឹកនាំយុវជនក្នុងទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល។
ទោះជាយ៉ាងណា នៅពេលលោក ហ៊ុន ម៉ាណែត ក្លាយទៅជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា អ្វីៗ ហាក់ស្តែតកាន់តែច្បាស់ថា គណបក្សនេះកំពុងគ្រប់គ្រងដោយគ្រួសារលោក ហ៊ុន សែន ពីព្រោះបុរសខ្លាំងរូបនេះជាប្រធានគណបក្ស ដឹកនាំសមាជិកជំនាន់មុន រីឯកូនប្រុសច្បងជាប្រធានយុវជន ដឹកនាំសមាជិកជំនាន់ក្រោយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង វាយតម្លៃថា និន្នាការចុងក្រោយនេះបង្ហាញថា កម្ពុជាកំពុងរអិលធ្លាក់ក្នុងរបបដឹកនាំតាមបែបផ្ដាច់ការតវង្សត្រកូល ដូចករណីប្រទេសកូរ៉េខាងជើង យ៉ាងដូច្នេះដែរ៕
1 comment:
Ah devil Hun Sen will go to hell soon.
Post a Comment