Wednesday 3 June 2020

ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​​បាន​ប្រាក់​​ជាង​៧​សែន​ដុល្លារ ​និង​ អះអាង​ថា ដំណើរ​ការ​​រឹត​បន្តឹង​ច្បាប់​​បាន​ល្អ


Khmer Circle: If this traffic law enforcement has been a "success" then the state needs to do the same for other areas of life and society that are in dire attention of law enforcement and national security measure such as illegal fishing, logging and illegal immigration?


🔺🔺🔺

ដោយ អាស៊ីសេរី
2020-06-02

នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ផាកពិន័យ​អ្នក​បើកបរ​យានយន្ត​ដែល​ខុសច្បាប់​ចរាចរណ៍ នៅ​យប់ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២០។
នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ផាកពិន័យ​អ្នក​បើកបរ​យានយន្ត​ដែល​ខុសច្បាប់​ចរាចរណ៍ នៅ​យប់ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ





ប៉ូលិស​ចរាចរណ៍ ផាក​ពិន័យ​បាន​ប្រាក់​ ពី​ពលរដ្ឋ​ បាន​ជាង ៧សែន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល ១ខែ​ដំបូង​នៃ​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។ ទន្ទឹម​នឹង​នេះ​មេ​ប៉ូលិស​ចរាចរណ៍​ អះអាង​ថា ដំណើរ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​រយៈ​ពេល​ពេញ ១ខែ ឧសភា​ ដំណើរ​ការ​​​ល្អ ​និង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ហ៊ឹម យ៉ាន លើក​ឡើង​ថា ការ​រឹត​បណ្ដឹង​ការ​អនុវត្ត​ច្បាប់ ​ចរាចរណ៍​ផ្លូវគោក​រយៈ​ពេល​ខែ​ដំបូង​ដំណើរការ​ល្អ​ប្រសើរ ហើយ​បាន​កាត់​បន្ថយ​គ្រោះថ្នាក់ បាន ១៣០​ករណី​ បើ​ធៀប​នឹង​ខែ​ឧសភា ឆ្នាំ២០១៩។ ចំនួន​អ្នក​ស្លាប់ ក៏​ថយ​ចុះ ពី ១៥៥​នាក់ នៅ​ខែ​ឧសភា ឆ្នាំ២០១៩ មក​នៅ ១១៣នាក់។ អ្នក​របួស​ថយ​ចុះ ១៦២​នាក់ គឺ​ពី ៥០៤​នាក់ មក​នៅ ៣៤២​នាក់។ បើ​ធៀប​នឹង​ខែ​មេសា ឆ្នាំ២០១៩ ឬ​ពេល​ផ្សេង ក៏​មាន​ការ​ថយ​ចុះ​ជាង​មុន​ដែរ។


ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី១ មិថុនា​ មេ​ប៉ូលិស​រូប​នេះ អះអាង​ថា អ្នក​បើកបរ​ច្រើន​លើសលប់​ បាន​ចូល​រួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ និង​​បើកបរ ដោយ​មាន​ការ​យោគយល់​អធ្យាស្រ័យ ​មាន​សណ្ដាប់ធ្នាប់​ល្អ។ ទន្ទឹម​នឹង​នេះ នគរបាល​ជាតិ បាន​ដាក់​ពិន័យ​ដល់​កម្លាំង​ចំនួន​៥នាក់ ដោយ​សារ​អនុវត្ត​​ការ​រឹត​បន្តឹង​​ច្បាប់​ចរាចរណ៍​ថ្មី លើស​គោលការណ៍​ណែនាំ៖ «បើ​ទោះ បី​ជា​ក្នុង​ខែ​ឧសភា កន្លង​ទៅ​នេះ មាន​ភាព​កាន់​តែ​​ល្អ​ប្រសើរ​ក្ដី ប៉ុន្តែ​ករណី​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​មាន​តួលេខ​គួរ​ឲ្យ​​បារម្ភ​។ ជា​ពិសេស​អត្រា​ខ្ពស់ នៃ​គ្រោះ​ថ្នាក់​ ចំពោះ​អ្នក​ជិះ​ម៉ូតូ​ និង​អត្រា​ខ្ពស់ នៃ​ការ​មិន​បាន​ពាក់​មួក​សុវត្ថិភាព ពេល​មាន​គ្រោះ​ថ្នាក់​នៅ​តែ​បន្ត​កើត​មាន​។ ប្រការ​ទាំង​នេះ ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប បន្ត​យក​ចិត្ត​ទុក​ដាក់ ពង្រីង​ស្មារតី​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើកបរ និង​ត្រូវ​អនុវត្ត​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក»។

ទោះ​ជា​យ៉ាង​ណា សម្រាប់​អ្នក​ឃ្លាំមើល និង​ពលរដ្ឋ​វិញ បារម្ភ​ពី​គុណ​ភាព​នៃ​ការ​ប្រមូល​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​របស់​អាជ្ញាធរ មិន​អស់។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ សាទរ​ការ​រឹត​បន្តឹង​ច្បាប់​​ថ្មី​ បើ​តួលេខ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​អាជ្ញាធរ​ គឺ​ជា​ការ​ពិត​។ លោក សង្កេត​ឃើញ​ថា ​គ្រាន់​តែ​ផ្លូវ​ជាតិ​លេខ​៥​​មួយ​ខ្សែ លោក ឃើញ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ យ៉ាង​តិច ៦ករណី ក្នុង​មួយ​ថ្ងៃ​។ លោក គង់ រតនៈ បារម្ភ​ថា ការ​ប្រមូល​ព័ត៌មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មិន​អស់។

ជាង​នេះ​ទៅ​ទៀត អ្នក​ឃ្លាំមើល​រូប​នេះ ​​ចង់​ឲ្យ​​មាន​ការ​បន្ធូរ​បន្ថយ​ប្រាក់​​ពិន័យ នៅ​ខែ​ថ្មី​នេះ ឲ្យ​ទាប​ជាង​នៅ​ខែ​ឧសភា​។ លោក ថា​ ត្បិត​តែ​ពលរដ្ឋ​ខ្លះ អត់​ហ៊ាន​បញ្ចេញ​មតិ​ពី​ការ​ផាក​ពិន័យ​ដូច​មុន តែ​លោក​ទទួល​ប្រតិកម្ម​ពី​ពលរដ្ឋ​ថា ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដូច​សព្វ​ថ្ងៃ​​ បណ្ដាល​​ឲ្យ​​ពួកគេ​ ​ជួប​វិបត្តិ​សេដ្ឋកិច្ច កាន់​តែ​លំបាក​ ព្រោះ​​គ្មាន​ប្រាក់​ចំណូល​ដូច​មុន​ និង​ប្រឈម​បញ្ហា​ជំពាក់​បំណុល​ធនាគារ​។ លោក ថា ពលរដ្ឋ​ខ្លះ ទ្រាំ​មិន​ហ៊ាន​និយាយ​ទេ​។

លោក បន្ត​ថា ចំពោះ​នីតិវិធី​ផាក​ពិន័យ និង​ឥរិយាបថ​របស់​ប៉ូលិស​ចរាចរណ៍​ទន់​ភ្លន់​ជាង​មុន តែ​ពលរដ្ឋ​ នៅ​តែ​មិន​សប្បាយ​ចិត្ត​ ចំពោះ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​។ លោក អះអាង​​ទៀត​ថា ពលរដ្ឋ​កែប្រែ​ឥរិយាបថ បើកបរ​ តែ​នៅ​មុខ​សមត្ថកិច្ច​​ប៉ុណ្ណោះ។ ឯ​នៅ​តាម​​ផ្លូវ តាម​ភ្លើងស្តុប​ ឬ​កន្លែង​ផ្សេង​ទៀត ​ដែល​គ្មាន​ប៉ូលិស​ចរាចរណ៍ អ្នក​បើកបរ​នៅ​តែ​​មិន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដដែ៖ «ជា​រួម​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា យន្ត​ការ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ហ្នឹង ជា​រឿង​ល្អ ប៉ុន្តែ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​យើង គឺ​យើង​ចង់​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ប្រាក់​ពិន័យ។ មិនមែន​​ឲ្យ​អត់​មាន​ការ​​រឹត​បន្តឹង​ច្បាប់​ទេ។ ការ​រឹត​បន្តឹង​ច្បាប់​ត្រូវ​តែ​ធ្វើ​ ក៏​ប៉ុន្តែ​ដោយសារ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន លោក​ប៉ះពាល់​ នឹង​វិបត្តិ​កូវីដ​១៩​ហ្នឹង គឺ​យើង​ចង់​ឲ្យ​សុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ប្រាក់​ពិន័យ​ ទៅ​កម្រិត​មួយ​ដែល​ទាប ដែល​វា​មិន​ប៉ះពាល់​ខ្លាំង ដល់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ»។

របាយការណ៍​របស់​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បង្ហាញ​ថា រយៈ​ពេល ១ខែ​ឧសភា ជា​ខែ​ដំបូង នៃ​ការ​បង្កើន​ការ​ផាក​ពិន័យ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ​បាន​យានយន្ត ៤៤.៧៦៥​គ្រឿង ក្នុង​នោះ ម៉ូតូ ៣២.៧២៦​គ្រឿង និង​​រថយន្ត​គ្រប់​ប្រភេទ ១២.០៣៩​គ្រឿង។ រីឯ​ប្រាក់​ផាក​ពិន័យ ១ខែ​ដំបូង​នេះ បាន​ជាង ៣ពាន់​លាន​រៀល ស្មើ​ប្រមាណ ៧សែន​ដុល្លារ។ ប្រាក់​ដែល​បាន​ពី​ការ​ផាក​ពិន័យ​នេះ គឺ​ចំនួន ៩៥ភាគ​រយ ត្រូវ​ចែក​ឲ្យ​ប៉ូលិស​គ្រប់​អង្គភាព ដោយ​ចាត់​ទុក​ថា ជា​ប្រាក់​រង្វាន់ និង ៥ភាគ​រយ នៅ​សល់​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ៕

No comments: