Friday 12 June 2020

ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​មិន​បាន​ផ្ដល់​ឱកាស​ដូច​គ្នា ដល់​ពលរដ្ឋ​គោរព​ជំនឿ​សាសនា​ដទៃ​ទៀត ខុស​ពី​ព្រះពុទ្ធ​សាសនា


Khmer Circle:

Well, it's fair to say that 'equality of religious opportunity' or 'religious freedom' does not even exist within the country's Buddhist community itself even though Buddhism still remains the majority religion in principle or in people's hearts.

The Buddhist clergy as a national religious institution is being undermined, perverted, diluted or heavily deformed out of character ['Hochimonks'!] to fit in with ruling politics and the fear that the ruling party - being an alien force imposed upon the population by foreign power - holds towards nationalist sentiment or the thirst for social justice that the clergy traditionally engenders and cultivates in mass consciousness. Hence, the persistent persecution and harassment of Buddhist monks and activists over recent decades under this regime. In fact, the state's main focus of discrimination and persecution can be seen to be directed almost exclusively against the Buddhist Khmers and, this trend in religious persecution is in striking parallel with the experience of their indigenous Khmer brethren living in Kampuchea Krom or much of Southern Vietnam today under Vietnamese colonial rule.  



🔺🔺🔺
ដោយ មាន ឫទ្ធិ
2020-06-10


ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA



ក្រសួង​ការ​បរទេស​អាមេរិក វាយ​តម្លៃ​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ឱកាស ឬ​ការ​ប្រព្រឹត្តិ​ដូច​គ្នា ចំពោះ​ពលរដ្ឋ​គោរព​ជំនឿ​សាសនា​ដទៃ​ទៀត ខុស​ពី​ព្រះ​ពុទ្ធសាសនា នៅ​កម្ពុជា​ឡើយ។ ជាក់​ស្ដែង រដ្ឋាភិបាល​នៅ​តែ​បន្ត​បដិសេធ មិន​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន UNHCR ទទួល​យក​ជន​ជាតិ​ដើម​ភាគ​តិច ម៉ុងតាញ៉ា-វៀតណាម​កាន់​សាសនា​គ្រិស្ត ដែល​បាន​ភៀស​ខ្លួន​ពី​វៀតណាម​ចូល​មក​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀសខ្លួន ឡើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល បដិសេធ ការ​វាយ​តម្លៃ​នេះ ហើយ​ថា កម្ពុជា​ជា​ប្រទេស ស្ទើរ​តែ​ឈាន​មុខ​គេ​ក្នុង​តំបន់​ខាង​ការ​គោរព សេរីភាព​ជំនឿ​សាសនា។

របាយការណ៍​សេរីភាព​អន្តរ​សាសនា​ឆ្នាំ២០១៩ សម្រាប់​ប្រទេស​កម្ពុជា ចេញផ្សាយ កាល​ពី​ថ្ងៃ​ទី១០​ មិថុនា រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បន្ត​លើក​កម្ពស់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ពុទ្ធសាសនា​ជា​បុណ្យ​ជាតិ។ រដ្ឋាភិបាល​ក៏​ផ្ដល់​ការ​បណ្ដុះបណ្ដាល និង​ការ​អប់រំ​ផ្នែក ព្រះពុទ្ធសាសនា ដល់​ព្រះសង្ឃ និង​អ្នក​គោរព​ពុទ្ធ​សាសនា នៅ​តាម​វត្ត​អារាម ព្រម​ទាំង​ផ្ដល់​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​វិទ្យាស្ថាន ដែល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​បោះ​ពុម្ព​ផ្សាយ​ឯកសារ​នានា ពាក់ព័ន្ធ​នឹង​វប្បធម៌ ប្រពៃណី​ខ្មែរ និង​ព្រះពុទ្ធ​សាសនា។ ក៏ប៉ុន្តែ ក្រសួង​ការ​បរទេស​អាមេរិក​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ការ​ប្រព្រឹត្តិ​ដូច​គ្នា​នេះ ចំពោះ​ក្រុម​ពលរដ្ឋ​ដែល​គោរព​ជំនឿ​សាសនា​ដទៃ​ទៀត ខុស​ពី​ព្រះពុទ្ធ​សាសនា ក្នុង​នោះ​ក៏​រួម​បញ្ចូល​ទាំង​ការ​មិន​ប្រកាស​ទិវា​បុណ្យ​សាសនា​ដទៃ​ផង។


ឆ្លើយ​តប​បញ្ហា​នេះ អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន ថា កម្ពុជា​សឹង​តែ​ជា​ប្រទេស​នាំ​មុខ​គេ​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ខាង​ការ​គោរព​សេរីភាព​ជំនឿ​សាសនា។ លោក​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ក្រុម ពហុ​សាសនា និង​ពហុ​ជាតិ​សាសន៍ ដែល​ពួក​គេ​អាច​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​សង្គម​ប្រកប​ដោយ ភាព​សុខដុមរមនា ដោយ​ពុំ​មាន​វិវាទ គ្មាន​ការ​រើសអើង ឬ​អំពើ​ហិង្សា​ផ្នែក​សាសនា​ឡើយ៖ «ត្បិត​តែ​រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់​ព្រះពុទ្ធ​សាសនា​ជា​សាសនា របស់​ជាតិ ក៏​រដ្ឋធម្មនុញ្ញ​ទទួល​ស្គាល់​ផង​ដែរ នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រកាន់​យក​ជំនឿ និង​សាសនា​របស់​ប្រជា​ពលរដ្ឋ។ អ៊ីចឹង ប្រជា​ពលរដ្ឋ គឺ​អាច​ប្រកាន់​យក​ជំនឿ ទាំង​សាសនា ណា​ក៏​បាន​ដែរ​ក្នុង​ប្រទេស​កម្ពុជា ហើយ​គេ​រស់​នៅ​ជាមួយ​គ្នា​ដោយ​ភាព​សុខដុមរមនា ដោយ​មិន​មាន​វិវាទ បញ្ហា ឬ​ក៏​អំពើ​ហិង្សា»។

យ៉ាងណាក៏ដោយ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា រដ្ឋាភិបាល​បាន​បន្ត​បដិសេធ មិន​អនុញ្ញាត​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ជន​ភៀស​ខ្លួន UNHCR ទទួល​យក​ជា​អចិន្ត្រៃយ៍ ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម​កាន់​សាសនា​គ្រិស្ត ដែល​បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន និង​ទទួល បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ឡើយ។ របាយការណ៍​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​ជាតិ​ភាគ​តិច ម៉ុងតាញ៉ា-វៀតណាម​កាន់​សាសនា​គ្រិស្ត​ប្រមាណ ២០០នាក់ ដែល​បាន​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ២០១៧ ពួក​គេ ២៧នាក់​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ រដ្ឋាភិបាល​បាន​ចាប់​បញ្ជូន​ជន​ម៉ុងតាញ៉ា ៤ នាក់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៩។ អង្គការ UNHCR ថា ក្នុង​ចំណោម​ជន​ទាំង ៤នាក់​នោះ មាន​ម្នាក់​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វៀតណាម​វិញ រីឯ​ជន​ម៉ុងតាញ៉ា ៣នាក់​ទៀត មិន​អាច​បំពេញ បាន​តាម​លក្ខខណ្ឌ​សម្រាប់​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ របាយការណ៍​សរសេរ​បន្ត​ថា រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ជន​ម៉ុងតាញ៉ា​ទាំង ២៧នាក់ ដែល​នៅ​សល់​នោះ ផ្លាស់​ទី​ទៅ​ប្រទេស​ទី​បី​បាន ប្រសិន​បើ​អង្គការ UNHCR ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​វៀតណាម។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នេះ​ត្រូវ​អង្គការ UNHCR បដិសេធ។

ជុំវិញ​បញ្ហា​សិទ្ធិ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​កាន់​សាសនា​គ្រិស្ត​នេះ លោក ជិន ម៉ាលីន បដិសេធ​ថា ពួក​គេ​មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​នោះ​ទេ៖ «ពាក់ព័ន្ធ​រឿង​ម៉ុងតាញ៉ា​អី​ហ្នុង វា​មិន​មែន​ទាក់ទង​នឹង​រឿង​សិទ្ធិ សេរីភាព​ផ្នែក​សាសនា​អី​នោះ​ទេ គឺ​វា​ពាក់ព័ន្ធ​ទៅ​ដល់​លក្ខខណ្ឌ​ជន​ភៀស​ខ្លួន និង​ជន​ដែល សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ទេ។ ធម្មតា​តែ​កាល​ណា​ក្រុម​ទាំង​អស់​នោះ មិន​បាន​បំពេញ​នូវ​គ្រប់​លក្ខខណ្ឌ ដែល​គេ​កំណត់​ថា ជា​ជន​ភៀស​ខ្លួន ឬ​ក៏​ជន​សុំ​សិទ្ធិ ជ្រកកោន​នោះ គឺ​គេ​អាច​បដិសេធ​បាន»។

ក៏ប៉ុន្តែ លោក ជិន ម៉ាលីន មិន​បាន​លើក​ឡើង​ពី​ដើម​ចម​ដែល​នាំ​ឲ្យ​ជន​ម៉ុងតាញ៉ា​ទាំង​នោះ រត់​ភៀស​ខ្លួន​ចូល​មក​កម្ពុជា ដោយសារ​តែ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ វៀតណាម ព្រោះ​ពួក​គេ​ប្រកាន់​ជំនឿ​តាម​បែប​គ្រិស្ត​សាសនា​នោះ​ឡើយ។

ក្រៅ​ពី​បញ្ហា​នេះ របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក ក៏​បាន​លើក​ឡើង​ដែរ​ថា នៅ​តែ​មាន សេចក្ដី​រាយការណ៍​នានា អំពី​ឧបស័គ្គ​សង្គម ជួប​ប្រទះ​ដោយ​ជន​ជាតិ​ចាម និង​គ្រិស្ត​សាសនិក ជា​ពិសេស​ទាក់ទង​នឹង​ការ​ទទួល​បាន​ឱកាស​ការងារ និង​ការ​អភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។

រីឯ ការសម្លាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​វិញ ក៏​នៅ​តែ​មាន ដោយ​សហគមន៍​អ្នក​កាន់ ព្រះពុទ្ធ​សាសនា​នៅ​តែ​បន្ត​ចាត់​ទុក​ជន​ជាតិ​ចាម និង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត ក្រោម​ការ​សង្ស័យ​ថា ជនជាតិ​ទាំង​នោះ​ចេះ​អំពើ​អាប​ធ្មប់។ របាយការណ៍​លើក​ឡើង​ថា ក្នុង​ឆ្នាំ២០១៩ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២នាក់ ត្រូវ​បាន​អ្នក​ភូមិ​សម្លាប់​ដោយ​សារ​តែ សង្ស័យ​ថា ចេះ​អំពើ​អាប​ធ្មប់។ ផ្អែក​តាម​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របាយការណ៍​ថា បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​អំពើ​ការប្រព្រឹត្តិ អំពើ​អាប​ធ្មប់ បាន​ថយ​ចុះ​នៅ​តំបន់​ទី​ប្រជុំ​ជន ប៉ុន្តែ​នៅ​តែ​ជា​បញ្ហា​ដដែល​សម្រាប់​តំបន់ ជនបទ។ ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៨ មាន​បទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​អំពើ​អាប​ធ្មប់​ចំនួន ៤៩ករណី ក្នុង​នោះ មនុស្ស ៣៥នាក់​ត្រូវ​បាន​សម្លាប់ និង ១៤នាក់​ផ្សេង​ទៀត ត្រូវ​គេ​ប៉ុនប៉ង​សម្លាប់ ឬ​រង​ការ​យាយី។

សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​វៀតណាម​វិញ របាយការណ៍​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​នោះ ក៏​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ២០១៩ ក្រោម​រូបភាព​ជា​ការ​ចាប់​ខ្លួន សួរនាំ និង​ឃុំ​ខ្លួន ដោយសារ​តែ​ពួក​គេ​បាន​ចូល​មើល​គេហទំព័រ ឬ​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ អាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់​ពួក​គេ​ថា ជា​ក្រុម​ផ្ដាច់​ទឹកដី ឬ​ប្រឆាំង​រដ្ឋ​វៀតណាម។

នៅ​ទូទាំង​ពិភព​លោក ក្រសួង​ការ​បរទេស​អាមេរិក​ថា មនុស្ស ៨នាក់ ក្នុង​ចំណោម ១០នាក់ ទទួល​រង​នូវ​ការ​រឹតត្បិត​សេរីភាព​សាសនា។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ សហរដ្ឋ​អាមេរិក នឹង​ចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់ ៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​កម្មវិធី​លើក​កម្ពស់ សេរីភាព​សាសនា​នៅ​ទូទាំង​សកល​លោក៕

No comments: