ដោយ មាន ឫទ្ធិ
2020-06-12
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទកាសែត នាវិមានរដ្ឋសភា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។
រូបហ្វេសប៊ុកលោក ហ៊ុន សែន
រដ្ឋាភិបាលស៊ុយអែត ប្រកាសបញ្ឈប់ការផ្ដល់ជំនួយអភិវឌ្ឍន៍ទ្វេភាគីដល់រដ្ឋាភិបាលកម្ពុជាជាដំណាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំក្រោយ។ ផ្ទុយទៅវិញ ស៊ុយអែត នឹងងាកមកផ្តោតលើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍លើសកម្មភាពក្នុងវិស័យសំខាន់ ៣ជាចម្បង គឺវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
រដ្ឋាភិបាលស៊ុយអែតលើកឡើងពីហេតុផលដែលនាំឱ្យខ្លួនសម្រេចចិត្តកាត់ផ្តាច់ជំនួយយ៉ាងដូច្នេះថា លំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងលទ្ធភាពសម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ប្រតិបត្តិដោយសេរី កំពុងតែទទួលរងនូវការរឹតត្បិតខ្លាំងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះហើយ រដ្ឋាភិបាលស៊ុយអែត មើលឃើញថា ជាការចាំបាច់ក្នុងការផ្ដោតលើកិច្ចសហប្រតិបត្តិការដើម្បីបង្កើតឱ្យបានជាលក្ខខណ្ឌខុសប្លែកពីមុន ដើម្បីចូលរួមចំណែក ឱ្យមានការអភិវឌ្ឍន៍ផ្នែកប្រជាធិបតេយ្យបានប្រសើរជាងមុននៅកម្ពុជា។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរីនៅពុំទាន់អាចសុំប្រតិបត្តិកម្មជុំវិញរឿងនេះ ពីអ្នកនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននៅឡើយទេ ដោយសារពួកលោកមិនលើកទូរស័ព្ទ នៅល្ងាចថ្ងៃទី១២ មិថុនា។
រីឯមន្ត្រីសង្គមស៊ីវិលវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យសិទ្ធិការងារ និងជាប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា មើលឃើញថា រដ្ឋាភិបាលស៊ុយអែត សម្រេចយ៉ាងដូច្នេះ ប្រហែលជាប្រទេសនេះ ខកចិត្តជាមួយរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រជាធិបតេយ្យដើរថយក្រោយ៖ «ចុងឆ្នាំ២០១៧ នៅពេលដែលរម្លាយគណបក្សសង្គ្រោះជាតិ ហើយដកហូតយកអាសនៈទាំង ៥០០៧នាក់ ដែលជាអាសនៈរបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាអាសនៈរដ្ឋសភា ៥៥រូបហ្នឹង ធ្វើឱ្យប្រទេសស៊ុយអែត មានការខកចិត្តជាខ្លាំង។ ការរម្លាយ និងការដកហូតយកអាសនៈបែបហ្នឹង ធ្វើឱ្យប្រទេសស៊ុយអែត គេមើលឃើញថា វាគឺជាការបំផ្លាញនៃការប្រឹងប្រែងកន្លងមកទៅលើការស្តារប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ហ្នឹងឯង។ ត្រង់នេះហើយដែលខ្ញុំគិតថា ប្រហែលជាស៊ុយអែត គេពិចារណាទៅលើជំនួយរបស់គេបន្តទៀត។ ថ្មីៗនេះទៀតសោត យើងឃើញថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ក៏នៅមិនទាន់មានសញ្ញាណណាមួយជាវិជ្ជមាន ដែលធ្វើឱ្យប្រទេសស៊ុយអែត ធ្វើការពិចារណាឡើងវិញដែរ»។
ដូចគ្នានេះដែរ មន្ត្រីសង្គមស៊ីវិលមួយរូបទៀត ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងកិច្ចការបោះឆ្នោត និងជាអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល គឺលោក កន សាវាង្ស យល់ឃើញថា នេះជាការសម្រេចចិត្តរបស់ ប្រទេសម្ចាស់ជំនួយ ដោយសារតែប្រទេសនេះមើលឃើញថា រដ្ឋាភិបាលកម្ពុជា មិនបានធ្វើឱ្យប្រសើរឡើងក្នុងវិស័យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ «ប្រហែលជាដោយសារតែគេអាចយល់ឃើញថា ការប្រតិបត្តិការ ឬការធ្វើកន្លងមកជាមួយរដ្ឋាភិបាល ហាក់ដូចជា មិនមានភាពធូរស្បើយ ពាក់ព័ន្ធនឹងបញ្ហារឿងប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សហ្នឹង។ ប្រហែលជាអាចដូច្នេះ ដោយសារ យើងដឹងហើយបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់២០១៧មក យើងឃើញថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ វាមានបញ្ហាចម្រូងចម្រាសជាច្រើនដែលមានសកម្មជន និងអ្នកនយោបាយ ត្រូវបានឃុំខ្លួន និងចាប់ខ្លួនអីជាដើម ហើយសេរីភាពទាក់ទងនឹង ការបញ្ចេញមតិ ឬក៏សកម្មភាពផ្សេងៗត្រូវបានរឹតបន្តឹង»។
កាលពីឆ្នាំ២០១៩ ជំនួយអភិវឌ្ឍន៍ក្រោមរូបភាពជាជំនួយឥតសំណង របស់ប្រទេសស៊ុយអែតដល់កម្ពុជា ផ្អែកតាមយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី មានទឹកប្រាក់ជិត ២៤លានដុល្លារ។ ប្រទេសស៊ុយអែត បានផ្តល់ជំនួយដល់កម្ពុជា តាំងពីឆ្នាំ១៩៧៩មក ក្រោមរូបភាពជាជំនួយមនុស្សធម៌។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ប្រទេសនេះ ក៏បានផ្តល់ជំនួយឥតសំណង ក្នុងទឹកប្រាក់ប្រមាណ ១២៥លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើវិស័យអភិបាលកិច្ច យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ និងវិស័យបរិស្ថាន៕
1 comment:
It needs the whole EU plus the US to make Ah Kwack Hun Sen crazy.
Post a Comment