ដោយ មាន ឫទ្ធិ
2020-06-15
បុគ្គលិកកាស៊ីណូ Naga World នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នាំគ្នាចេញមកតវ៉ានៅខាងមុខអគារកាស៊ីណូ នៅភ្នំពេញ ទាមទារការកែលម្អលក្ខខណ្ឌការងារឱ្យប្រសើរ ដំឡើងប្រាក់ឈ្នួល និងទាមទារឱ្យក្រុមហ៊ុនយកតំណាងបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ ប្រកាសថា ពួកគេមានគ្នាប្រមាណ ៣រយនាក់ នឹង ជួបជុំគ្នាដាក់ញត្តិជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែមិថុនា ស្នើសុំឱ្យ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ជូនបុគ្គលិកកាស៊ីណូដែលព្យួរការងារដូចកម្មករក្នុងវិស័យសេវាកម្មទេសចរណ៍ និងវិស័យកាត់ដេរដែរ។ ការដាក់ញត្តិនោះ ពួកគេ ក៏មានបំណងស្នើសុំក្រសួងការងារ ណែនាំទៅក្រុមហ៊ុន បន្តជួយផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគេបន្តទៀតផងដែរ។
រដ្ឋាភិបាល បានប្រកាសឱ្យក្រុមហ៊ុនកាស៊ីណូទូទាំងប្រទេសផ្អាកដំណើរការបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១ ខែមេសា មក ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាល មិនបានផ្តល់ប្រាក់ ឧបត្ថម្ភដល់បុគ្គលិកកាស៊ីណូនោះទេ។
កញ្ញា ឈឹម ស៊ីថរ ឱ្យដឹងដែរថា អំឡុងពេលព្យួរការងារនេះ ក្រុមហ៊ុនណាហ្គា វើលដ៍ បានផ្តល់ប្រាក់ ឧបត្ថម្ភ ៥០ភាគនៃប្រាក់ខែគោលចំនួន ២ខែពីខែមេសា និងខែឧសភា ប៉ុន្តែក្រុមហ៊ុន បានប្រកាសឈប់ផ្តល់ប្រាក់ឧបត្ថម្ភទៀត ចាប់ពីខែមិថុនានេះ ដោយអះអាងថា គ្មានលទ្ធភាព។ កញ្ញាបន្តថា ក្រុមបុគ្គលិកជាង ៣ពាន់នាក់ ក៏បានដាក់លិខិតស្នើសុំឱ្យក្រុមហ៊ុន ជួយបន្តផ្តល់ប្រាក់ឧបត្ថម្ភដែរ តែក្រុមហ៊ុន មិនទាន់មានការឆ្លើយតបនៅឡើយ៖ «ខាងសមាជិកសហជីពរបស់ជាង ៣ពាន់នាក់ ទើបតែធ្វើញត្តិជូនក្រុមហ៊ុន ស្នើសុំឱ្យជួយបន្តផ្ដល់ប្រាក់ឧបត្ថម្ភទៀត។ យើងក៏បានបង្កើតជម្រើសចំនួន៣ សម្រាប់ក្រុមហ៊ុនដែរ ដោយទី១ ស្នើសុំដល់ក្រុមហ៊ុនឧបត្ថម្ភចំនួន ៣០% ហើយបុគ្គលិកសុំខ្ចីចំនួន ២០%បន្ថែមទៀតឱ្យគ្រប់៥០%នៃប្រាក់ខែ។ ទី២ ស្នើសុំដល់ក្រុមហ៊ុនឱ្យគ្រប់បុគ្គលិកខ្ចីចំនួន៣០០ដុល្លារស្មើៗគ្នាទាំងអស់រហូតដល់ថ្ងៃចូលធ្វើការវិញ។ ទី៣.ស្នើសុំដល់ក្រុមឱ្យគ្រប់បុគ្គលិកសុំខ្ចីថ្ងៃបុណ្យជាតិទាំងអស់នៅឆ្នាំ២០២០សិន ហើយពេលបុគ្គលិកចូលធ្វើការវិញ និងធ្វើការ សងវិញរហូតដល់ចប់នៃថ្ងៃបុណ្យដែលបានខ្ចី»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនទាន់ឆ្លើយតបសំណួរអាស៊ីសេរី តាមបណ្ដាញ សង្គមតេឡេក្រាមនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ពាក់ព័ន្ធនឹងសំណើរបស់បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍។ ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា មិនទទួលទូរស័ព្ទរបស់អាស៊ីសេរីទេ នៅថ្ងៃទី១៥ ខែមិថុនា។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែពង្រីកវិសាលភាពផ្តល់ប្រាក់ ឧបត្ថម្ភដល់កម្មករក្នុងវិស័យផ្សេងទៀត ដូចជាកម្មករផ្នែកកាស៊ីណូ និងវិស័យសំណងជាដើម ព្រោះពួកគេ ត្រូវបានព្យួរការងារនិងគ្មានចំណូលដូចគ្នា។ ចំណែកក្រុមហ៊ុនណាហ្គា វើលដ៍ វិញ លោក យល់ថា គួរតែបន្តទទួលខុសត្រូវចំពោះកម្មករនិយោជិករបស់ខ្លួន ព្រោះក្រុមហ៊ុនដ៏ធំមួយនេះ នៅតែមានលទ្ធភាព៖ «ខ្ញុំគិតថា ក្រុមហ៊ុននេះគាត់រីកចម្រើនរហូតដល់ពង្រីកអាជីវកម្មរហូតដល់តាំងពីណាហ្គា មួយរហូតដល់ណាហ្គា២ ហើយនៅពេលខាងមុខនេះ នឹងគ្រោងសង នូវណាហ្គា៣ ។ការរីកចម្រើននេះ វាអាស្រ័យដោយមានការចូលរបស់កម្មករនិយោជិក ដូច្នេះមកដល់ពេលនេះ ខ្ញុំគិតថា ក្រុមហ៊ុនមិនទាន់ធ្លាក់ក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចដូចបងប្អូន កម្មករនិយោជិកនោះទេ»។
រដ្ឋាភិបាល នៅមិនទាន់ប្រកាសថា ក្រុមហ៊ុនកាស៊ីណូនៅទូទាំងប្រទេស នឹងអាចចាប់ផ្ដើមបើកដំណើរឡើងវិញនៅពេលណានោះទេ។
ក្រុមហ៊ុន ណាហ្គា មានបុគ្គលិកសរុបទាំងអស់ ទាំងផ្នែកកាស៊ីណូ និងសណ្ឋាគារ ជិត ៩ពាន់នាក់ រួមទាំងបុគ្គលិកបរទេសផង ដែលមាន ម្ចាស់ជាជនជាតិម៉ាឡេស៊ី។ ម្ចាស់ក្រុមហ៊ុននេះ ធ្លាប់បានបង្ហាញរបាយការណ៍ប្រាក់ចំណេញសុទ្ធ បន្ទាប់ពីគិតពន្ធរួចជាង ២៤៥លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០១៩ និងមានអាជ្ញាប័ណ្ណក្នុងការដំណើរការកាស៊ីណូជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។ទោះបីជាក្រុមហ៊ុនណាហ្គា វើលដ៍ នេះ ទទួលបានប្រាក់ចំណូលច្រើនបែបនេះក្តី ប៉ុន្តែបុគ្គលិក នៅតាមផ្នែកផ្សេងៗ ត្អូញត្អែរថា ពួកគេប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយទទួលបានប្រាក់ឈ្នួលទាប ខណៈធ្វើការងារធ្ងន់ និងច្រើនម៉ោង៕
No comments:
Post a Comment