Sunday 7 June 2020

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មួយ​ករណី​ទៀត លើ​​បុរស​ខ្មែរ-បារាំង


ដោយ អាស៊ីសេរី
2020-06-07

មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
មេរោគ​​វីរុស កូរ៉ូណា (Coonavirus)
Photo: RFA



ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​៧ មិថុនា រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​ថ្មី មួយ​ករណី​បន្ថែម​ទៀត ដែល​ជា​ករណី​ទី​១២៦ កើត​លើ​បុរស​ជនជាតិ​ខ្មែរ​កាន់​សញ្ជាតិ​បារាំង​អាយុ ៣០​ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ។

ក្រោយ​ពី​ធ្វើដំណើរ​វិល​ត្រលប់​មកពី​ប្រទេស​បារាំង ឆ្លងកាត់​តាម​សាធារណរដ្ឋ​កូរ៉េខាងត្បូង មកដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា បុរស​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​អំឡុង ថ្ងៃ​ទី​១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក នៅ​ផ្ទះ​របស់​គាត់ ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ-១៩ នៅ​ថ្ងៃ​ទី៦ ខែ​មិថុនា។ ក្រសួង​សុខាភិបាល​លើកឡើង​ថា បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ក្រសួង​សុខាភិបាល​លើកឡើង​ថា ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​រប៉េះរប៉ោះ​នេះ បង្ហាញ​ពី​ស្ថានភាព​ចម្លង​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​មាន​ការពិបាក​ប៉ាន់ស្មាន​ពី​លទ្ធភាព​នៃ​ការ​ចម្លង​របស់​វីរុស​នេះ។


ក្រសួង​បាន​ចេញ​លិខិត​ដាស់តឿន​ថ្មី​មួយទៀត​នៅ​ថ្ងៃ​នេះ​ដដែល ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ទប់ស្កាត់​រលក​ទី​ពីរ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​-១៩​ថ្មី នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៧ មិថុនា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ណែនាំ​ដល់​សាធារណជន​ឱ្យ​ការពារ​សុខភាព​របស់​ខ្លួន រក្សា​អនាម័យ​ដៃ​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​ប្រើ​ទឹក​ស្អាត​ជាមួយ​នឹង​សាប៊ូ ឬ​អាល់កុល ប្រើប្រាស់​ម៉ាស់ ក្នុង​ករណី​ចាំបាច់ កន្សែង ឬ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ដើម្បី​ខ្ទប់​មាត់​នឹង​ច្រមុះ​ពេល​ក្អក​កណ្ដាស់ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព រួមមាន ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ជា​ចាំបាច់ ទោះ​នៅ​ទី​ណា​ក៏ដោយ។

អាស៊ីសេរី​ពុំ​អាច​ទាក់ទង​រដ្ឋលេខាធិកា​រ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បានទេ ដោយ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង ប្រាប់​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​រក​ឃើញ​ជំងឺ​កូវីដ-១៩​នេះ បញ្ជាក់​ថា កម្ពុជា​នៅ​តែ​មាន​ហានិភ័យ ដរាបណា​ពិភពលោក​ពុំ​ទាន់​អាច​បង្ក្រាប​លើ​ជំងឺ​នេះ​បាន​នៅឡើយ​។ លោក​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ថា ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ហើយក៏​ពុំ​ត្រូវ​ភ្លេចខ្លួន​នោះ​ទេ៖ «ជាមួយគ្នា​នោះ​ដែរ ក៏​គួរតែ​មាន​ការ​រាយការណ៍​ពី​ក្រសួងសុខាភិបាល​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹងឮ ដែរ​ថា​តើ​គាត់​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ខ្លះ ក្រុម​មនុស្ស​របៀប​ណាខ្លះ តើ​មនុស្ស​ទាំងអស់​ហ្នឹង មាន​ចេញ​មក​ក្រៅ​មណ្ឌល​ចត្តាឡឺស័ក​ដែរ​ឬ​អត់ ឬក៏​មនុស្ស​ដែល​ពាក់ព័ន្ធ​ទាំងអស់​សុទ្ធតែ​នៅ​ក្នុង​មណ្ឌល​ចត្តាឡឺស័ក​ទេ ត្រូវ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ទៅ​ដល់​ប្រជាពលរដ្ឋ»។

គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា មាន​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​ចំនួន ១២៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​៣​នាក់៕

No comments: