Khmer Circle:
Why not? All the historical lakes in and around the capital are gone or earmarked for "development". Wat Phnom, the Royal Palace - official residence of the puppet of the Puppet and Angkor Wat surely will follow?
Why leave these precious spaces 'idle'? This is the age of Great Leap Forward in Development...
🔺🔺🔺
2020-06-27

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុនកោះពេជ្រ។
រូបពីហ្វេសប៊ុក លោក ហ៊ុន សែន
ផ្ទៃទឹកទន្លេមេគង្គជិតពាក់កណ្តាលចាប់ពីចំណុចកោះនរា នៅខាងកើតទីក្រុងកោះពេជ្រ ស្ថិតក្នុងខណ្ឌច្បារអំពៅរហូតដល់កោះប្រាក់ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងក្លាយជាដីគោកបណ្តើរៗហើយ ដោយសារតែក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់ឧកញ៉ា ពុង ឃាវសែ កំពុងប្រើប្រាស់កម្មករខ្មែរ និងវៀតណាមរាប់សិបនាក់ ព្រមទាំងសាឡង់ និងរថយន្តរាប់សិបគ្រឿងដឹកជញ្ជូន ខ្សាច់ និងថ្មភ្នំ ដើម្បីចាក់លុបយ៉ាងមមាញឹកបំផុត។
ជារៀងរាល់ថ្ងៃចាប់ពីព្រឹកព្រលឹមរហូតដល់ពាក់កណ្តាលយប់ គឺមានសាឡង់ធំៗប្រមាណ៣០ គ្រឿង តែងតែដឹកជញ្ជូនថ្ម និងខ្សាច់ពីស្រុកមុខកំពូលនោះ ដើម្បីចាក់លុបទន្លេមេគង្គនៅតំបន់កោះនរា។ នៅជុំវិញតំបន់ទន្លេមេគង្គ ដែលក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី កំពុងចាក់ដំថ្ម និងខ្សាច់លុបនោះ គឺក្រុមហ៊ុនបានសាងសង់របងខ្ពស់ បិទជិតដោយកន្លែងៗ និងថែមទាំងពង្រាយកម្លាំងសន្តិសុខជាច្រើនកន្លែង ដើម្បីយាមកាមនៅតំបន់នោះយ៉ាងតឹងរ៉ឹងទៀតផង។
បើទោះបីជាមានសកម្មភាពចាក់ដី ចាក់ថ្ម និងខ្សាច់លុបទន្លេមេគង្គយ៉ាងធំសម្បើម ដើម្បីពង្រីកទំហំដីកោះនរាក៏ដោយ ក៏តំណាងក្រុមហ៊ុនអភិវឌ្ឍ និងក្រុមមន្ត្រីរដ្ឋាភិបាល មិនអាចឆ្លើយបំភ្លឺអ្វីបានច្រើនទេអំពីគម្រោងដ៏មហិមានេះ។
អគ្គនាយករងក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី (OCIC) លោក ទូច សំណាង បានបិទទូរស័ព្ទ ដោយឆ្លើយយ៉ាងខ្លីថា លោកស្ដាប់មិនឮ នៅពេលដឹងថា អាស៊ីសេរី សួរនាំអំពីរឿងលុបទន្លេយកដីដើម្បីបង្កើត កោះនរាឡើងវិញនេះ៖ «បាទៗ! អាឡូៗ ខ្ញុំស្ដាប់អត់លឺ។ អាឡូ»។
ទោះជាយ៉ាងណា តំណាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី រូប នេះ ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍកោះនរា ជាទីក្រុងទំនើបមួយទៀតលើផ្ទៃដី ប្រមាណ១០០ហិកតារ ដែលបានមកពីការលុបទន្លេមេគង្គនេះ មានលក្ខណៈស្រដៀងគ្នានឹងទីក្រុងកោះពេជ្រដែរ។ លោកបញ្ជាក់ថា គម្រោងនេះ នឹងចំណាយទឹកប្រាក់ប្រមាណពីរពាន់(២.០០០) លាន ដុល្លារអាមេរិក ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣ខាងមុខ។
កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថា ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី (OCIC) ស្នើសុំគោលការណ៍នាំចូលនូវសម្ភារៈ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃជិត៤១(៤០.៨៨៨. ៥៨០) លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងទីក្រុងកោះនរា ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ លោក ឃួង ស្រេង អះអាងក្នុងលិខិតនោះថា នៅពេលស្ពានមួយនេះ ស្ថាបនារួចរាល់នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅស្ពានព្រះមុនីវង្ស។ ក្នុងលិខិតដដែលនេះ បញ្ជាក់ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍កោះនរា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨។
ទោះជាយ៉ាងណា អភិបាលក្រុងភ្នំពេញ លោក សួង ស្រេង បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ ដោយជំរុញឱ្យសួរទៅអ្នកនាំពាក្យសាលាក្រុងវិញ៖ «សូមសួរទៅខាងអ្នកនាំពាក្យបន្តិចទៅ»។
អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្តី ជាច្រើនលើក តែគ្មានអ្នកទទួល។
សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅជិតគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន.អូ.ស៊ី.អាយ.ស៊ី មួយចំនួន មិនបានដឹងព័ត៌មានច្បាស់លាស់អំពីគម្រោងអភិវឌ្ឍន៍កោះនរាដ៏ធំនេះទេ ហើយមួយចំនួនទៀត បង្ហាញអារម្មណ៍ត្រេកអរ ដោយរំពឹងថា ដីធ្លីរបស់ពួកគេនៅទីនោះ នឹងទទួលបានតម្លៃខ្ពស់ ចំណែកពលរដ្ឋមួយចំនួនទៀតព្រួយបារម្ភថា គម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងមុខរបរនេសាទរបស់ពួកគេ។
ពលរដ្ឋមួយរូបដែលប្រកបរបរនេសាទជាប្រចាំនៅតំបន់កោះនរា ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា លោកស្រី មិនស្វាគមន៍គម្រោងអភិវឌ្ឍន៍មួយនេះទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់មុខរបរនេសាទ របស់ពួកគាត់៖ «រាល់ថ្ងៃនេះ ឃើញដែរ តែយើងនិយាយវាអត់រួច។ ទើសទាល់វាចេះ តែទើសទាល់ហើយ ព្រោះគេចាក់ដីអ៊ីចឹងវាប៉ះពាល់ដល់យើងរកស៊ី ហើយណាមួយប៉ះពាល់ដល់ផ្លូវ យើងចេញចូល។ កាណូតបើកទៅមកបើកមិនស្រួលបុក។ យើងរកស៊ីក៏វាពិបាកដែរ ព្រោះគេចាក់ដី អ៊ីចឹងទៅ គឺទន្លេវាតូចហើយត្រីកាន់តែខ្សត់»។
ពលរដ្ឋមួយរូបទៀត ដែលរស់នៅជិតគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន គឺលោក សន ឥស្សារ៉ា រៀបរាប់ថា គម្រោងអភិវឌ្ឍអាគារធំៗ និងខ្ពស់ៗនៅតាមបណ្ដោយទន្លេមេគង្គនេះ មិនបានផ្តល់ព័ត៌មាន ច្បាស់លាស់ដល់ពលរដ្ឋនោះទេ។ លោកជឿជាក់ថា គម្រោងនេះ ប្រាកដជាផ្ដល់ប៉ះពាល់ធំធេងដល់បរិស្ថាននៅជុំវិញតំបន់នោះ៖ «ដោយសារពួកខ្ញុំជាអ្នករស់នៅតាមដងទន្លេនេះ យើងឃើញថា វាមានការប្រែប្រួលទឹកនៅទន្លេមេគង្គដូចជាវាកាន់តែស្រក់ទៅៗ ឬរាក់ទៅ។ ជាបទពិសោធន៍ យើង សង្កេតឃើញថា ពេលមានការអភិវឌ្ឍនៅកោះពេជ្រ កន្លងទៅ នោះទី១ ទឹកទន្លេវាកាន់តែរាក់ទៅៗ ទី២ ធ្វើឱ្យចរន្តទឹកហូរវាផ្តូរទិស។នៅពេលណាប្តូរទិស គឺនៅជ្រាំងទន្លេណាដែលមិនទាន់មានការថែ ទាំ ឬក៏អត់ទាន់មានការចាក់កំផែងទប់ គឺធ្វើឱ្យមានការបាក់ ដូច្នេះនៅពេលអនាគតគឺវានឹងលែង បាក់នៅកោះនរា តែវាអាចនឹងមកបាក់នៅខាងតំបន់អរិយក្សត្រវិញមកខាន»។
សកម្មភាពបង្កើតទីក្រុងរណបនេះ ក៏កំពុងតែស្ថិតក្រោមការរិះគន់ពីអ្នកបរិស្ថាន និងអ្នកជំនាញអចលនទ្រព្យមួយចំនួនដែរ។
អ្នកជំនាញអចលនទ្រព្យ និងជានាយកក្រុមហ៊ុនអចលនទ្រព្យអេ.ភី (AP Real Estate ) លោក អ៊ា ចរិយា ទទួលស្គាល់ថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន.អូ.ស៊ី.អាយ.ស៊ី អាចនឹងប្រែក្លាយតំបន់កោះនរាទៅជាតំបន់ដ៏ទាក់ទាញ និងមានភាពអំណោយផលសម្រាប់វិស័យអចលនទ្រព្យ ប៉ុន្តែលោកក៏ព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានជុំវិញតំបន់នោះដែរ ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវសិក្សា ស្រាវជ្រាវ និងបង្ហាញដល់សាធារណជនឱ្យបានច្បាស់៖ «សម្រាប់ខ្ញុំមើលឃើញទាំងពីរ ទាំងអត្ថប្រយោជន៍ និងទាំងផលប៉ះពាល់ ប៉ុន្តែអ្វីដែលជាផលប៉ះពាល់យើងអត់បានធ្វើការសិក្សានៅឡើយទេ។ អ៊ីចឹងអ្វីដែលជា សំណើស្នើសុំរបស់ខ្ញុំគឺគិតថា ក្រសួងពាក់ព័ន្ធដូចជាក្រសួងធនធានទឹក និងបរិស្ថានជាដើម គួរតែ មានការសិក្សាមួយថា តើថា ការអភិវឌ្ឍន៍នៅកន្លែងនោះ វាមានផលប៉ះពាល់អ្វីខ្លះហើយបង្ហាញទៅ សាធារណជនឱ្យបានច្បាស់»។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន ដែលធ្លាប់បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យពិភាក្សាលើសំណើវិនិយោគរបស់ក្រុមហ៊ុន .អូ.ស៊ី.អាយ.ស៊ី ថ្លែងថា លោកគ្មានសមត្ថកិច្ចឆ្លើយតបរឿងនេះទេ ហើយបានផ្ដាច់ទូរស័ព្ទទៅវិញ៖ «ហ៊ឹម! ខ្ញុំមិនមានសមត្ថកិច្ចណាត្រូវបញ្ជាក់ទេ។ អាហ្នឹងនៅលើសាលារាជធានីភ្នំពេញ»។
រីឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក យិន សាវុធ រួមទាំងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផង ក៏មិនទទួលទូរស័ព្ទដែរ។ អាស៊ីសេរី ក៏បានផ្ញើសំណួរតាមបណ្ដាញទំនាក់ទំនងសង្គមទៅលោក នេត្រ ភត្រា រយៈពេលជាងមួយសប្ដាហ៍ហើយ ប៉ុន្តែលោកមិនទាន់ឆ្លើយតបនៅឡើយទេ។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិច ហ្គាន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ការអភិវឌ្ឍន៍ គឺជារឿងល្អ ប៉ុន្តែប្រសិនបើគម្រោងអភិវឌ្ឍនោះ មិនបានបានធ្វើឡើងដោយប្រុងប្រយ័ត្ន និង គ្មានការសិក្សាច្បាស់លាស់ទេ គឺអាចមានផលប៉ះពាល់រយៈពេលវែងច្រើនជាងផ្ទល់ផលប្រយោជន៍។ លោកយល់ថា រដ្ឋាភិបាល គួរតែពង្រាយការអភិវឌ្ឍន៍ទៅតាមបណ្តាខេត្តផ្សេងៗឆ្ងាយពីទីក្រុង និងជៀសវាងការលុបបឹង និងទន្លេ ដើម្បីយកដី។ លោកសង្កេតឃើញថា ជាទូទៅ ការអភិវឌ្ឍន៍ដោយការលុបបឹង និងទន្លេនេះ គឺផ្តល់ផលប៉ះពាល់ជាប្រព័ន្ធដល់បរិស្ថាន សង្គម និងសុខមាលភាពរបស់ប្រជាជន ព្រោះដើម្បីលុបបឹង ឬទន្លេឱ្យក្លាយជាដីគោកនោះ ក្រុមហ៊ុនប្រាកដជាត្រូវការវាយបំបែកភ្នំជាច្រើន ដើម្បីយកថ្ម និងត្រូវបូមខ្សាច់រាប់សិបតោន ដើម្បីចាក់បំពេញ៖ «អភិវឌ្ឍន៍បែបលួចលាក់មិនដឹងថា ចំណូលប៉ុន្មានសម្រាប់រដ្ឋ មិនដឹងថា ក្រុមហ៊ុនមួយនេះ បានវិនិយោគប៉ុន្មាន មិនមានការដាក់ដេញថ្លៃ មិនដឹងថា ក្រុមហ៊ុនបូមខ្សាច់ជាក្រុមហ៊ុនអ្វីហើយបង់ពន្ធឬបង់សួយសារប៉ុន្មាន។ របាយការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម ក៏មិនមាន ឬបើមានក៏គេមិនប្រកាសជាសាធារណៈ។ ការអភិវឌ្ឍន៍បែបអ៊ីចឹង ខ្ញុំគិតថា វា ជាហានិភ័យមួយដោយសារអាចនឹងមានផលប៉ះពាល់បរិស្ថានច្រើន ជាពិសេសរឿងបាក់ជ្រាំង ឬក៏ ចំនួនត្រីនៅក្នុងទន្លេមេគង្គវាធ្លាក់ចុះ។ មួយទៀត កាលណា ក្រុមហ៊ុននេះអភិវឌ្ឍន៍បែបលួចលាក់ វាអាចបណ្ដាលឱ្យមានអំពើពុករលួយកើតឡើងជាធំ»។
ទន្ទឹមគ្នានេះ សកម្មជនបរិស្ថានរូបនេះ មានមន្ទិលសង្ស័យថា នៅពេលគម្រោងអភិវឌ្ឍន៍ដែលមានតម្លៃពីរពាន់លាន (២០០០) ដុល្លារនេះ កំពុងប្រព្រឹត្តទៅដោយលួចលាក់គ្មានតម្លាភាព ហើយក្រុមមន្ត្រីរដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ មិនឆ្លើយបំភ្លឺជាមួយអ្នកសារព័ត៌មានបែបនេះ គឺអាចពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់របស់ក្រុមអ្នកមានអំណាចកំពូលៗនៅកម្ពុជា៖ «ខ្ញុំឃើញក្រុមហ៊ុននេះមានប្រវត្តិមិនសូវល្អប៉ុន្មានទេ ហើយមួយទៀតប្រសិនបើយើងចង់បានព័ត៌មានបន្ថែមពីក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី គឺពិបាករកណាស់ ព្រោះសូម្បីតែគេហទំព័រនៅតាមអ៊ីនធឺណិត ក៏អត់មានដែរ ដូច្នេះសួរថា ទុកចិត្តអត់ដែលថាក្រុមហ៊ុនធំ ដែលថា នឹងវិនិយោគលុយរាប់សិបលានដុល្លារតែសូម្បីឯកសារពាក់ព័ន្ធ គេហទំព័រ និងរបាយការណ៍អត់មានអីទាំងអស់។ យើងបារម្ភថា ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី អាចគ្រាន់តែជាយន្តការមួយដើម្បីលាងលុយកខ្វក់របស់អ្នកមានអំណាចកំពូលនៅកម្ពុជា ឬរបស់អ្នកវិនិយោគមកពីក្រៅប្រទេស»។
រយៈពេលជិត ៤ទសវត្សរ៍ កម្ពុជាក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការរិះគន់ច្រើនចំពោះការផ្តល់គម្រោងវិនិយោគដល់ក្រុមហ៊ុន ក្នុងការលុបបឹងធម្មជាតិ និងលុបទន្លេទៀត ដើម្បីយកដីអភិវឌ្ឍន៍ជាទីក្រុងរណប ជាបុរី និងផ្សារទំនើបជាដើម។ គម្រោងការក្រោមផ្លាកអភិវឌ្ឍន៍ទាំងនេះ បានបង្កផលប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរ ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថយចុះមច្ឆាជាតិ ជាពិសេស ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានបណ្ដេញចេញពីលំនៅឋាន។
អ្នកប្រឹក្សាយោបល់ឯករាជ្យផ្នែកធនធានជម្មជាតិ និងបម្រែបម្រួលអាកាសធាតុ លោក ហែម ឧត្តម ភ្ញាក់ផ្អើលចំពោះគម្រោងអភិវឌ្ឍន៍លុបទន្លេមេគង្គនេះ។ លោកទទួលស្គាល់ថា ការកសាងអចលនទ្រព្យ និងអាគារខ្ពស់ៗ ជារឿងសំខាន់ ប៉ុន្តែរដ្ឋាភិបាលមិនត្រូវមើលរំលងផលប៉ះពាល់ផ្នែកបរិស្ថាន និងធនធានទឹករយៈពេលវែងនោះទេ ជាពិសេសទឹកទន្លេ ដែលសំបូរទៅដោយធនធានជីវចម្រុះ និងបានផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាច្រើនដល់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ៖ «យើងមានទិន្នន័យជាក់លាក់ទាក់ទងនឹងទិន្នផលត្រីប្រចាំឆ្នាំ ហើយនេះគ្រាន់តែជាផ្នែកមួយទាក់ទងនឹងត្រី ហើយកម្ពុជាមានប្រជានេសាទច្រើន ហើយមនុស្ស ទោះមិនមែនជាអ្នកនេសាទ និងមិនមែនជាអ្នករស់នៅតាមដងទន្លេ គឺសុទ្ធតែទទួលទានត្រីទាំងអស់គ្នា។នេះគឺជាកត្តាចម្បងមួយ។ទី២ ទាក់ទងនឹងភក់ល្បាប់ដែលមានជីវជាតិដែលតែងតែហូរចាក់តាមធម្មជាតិរបស់វានោះដើម្បីស្រោចស្រពតំបន់ទំនាបដូច្នេះយើងឃើញថា នៅតាមដងទន្លេមានថ្នាំជក់ មានពោត មានសណ្ដែក មានស្រូវ។ នេះគឺជាកត្តាសេដ្ឋកិច្ចមួយចម្បងសម្រាប់កម្ពុជា។ ការចាក់ដី ឬក៏ធ្វើទំនប់វារីអគ្គិសនីដែលរារាំងលំហូរធម្មជាតិរបស់វានេះ វានឹងធ្វើឱ្យមានផលប៉ះពាល់ដល់ ការប្រែប្រួលនៅក្នុងលំហូរទឹក គុណភាព ការរាំងស្ទះនូវភក់ល្បាប់ ដែលមានជីវជាតិ។ ទាំងអស់នេះត្រូវការគណនាត្រូវការគិតគួរ ត្រូវការប្រយ័ត្នប្រយែងថា វាមានតម្លៃសេដ្ឋកិច្ចប៉ុណ្ណា»។
ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី របស់ឧកញ៉ា ពុង ឃាវសែ រងការចោទថា មានកេរ្តិ៍ឈ្មោះអាស្រូវក្នុងបញ្ជីរំលោភសិទ្ធិមនុស្សជាច្រើនឆ្នាំមកហើយ។ ឧទាហរណ៍៖ ក្រុមហ៊ុននេះបានសហការជាមួយអាជ្ញាធរក្រុងភ្នំពេញពាក់ព័ន្ធនឹងករណីប្រើហិង្សា បណ្ដេញប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅតំបន់កោះពេជ្រ ក្បែររដ្ឋសភាជាតិ និងបណ្ដេញប្រជាជនរាប់រយគ្រួសារទៀត នៅតំបន់ជ្រោយចង្វារ ដើម្បីយក ដីធ្វើជាទីក្រុងរណបដោយមិនបានផ្តក់សំណង និងដំណោះស្រាយសមរម្យ។ មកដល់ពេលនេះ ក្រុមហ៊ុនមួយនេះ នៅមិនទាន់បញ្ចប់ជម្លោះដីធ្លីទាំងស្រុងជាមួយប្រជាពលរដ្ឋនៅតំបន់ជ្រោយចង្វារ នៅឡើយទេ។
សម្រាប់គម្រោងលុបទន្លេ បង្កើតទីក្រុងរណបនៅកោះនរា ប្រវែងប្រមាណ៤គីឡូម៉ែត្រ ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៣មុខ ក្រុមហ៊ុនអូ.ស៊ី.អាយ.ស៊ី មិនទាន់បង្ហាញគម្រោងបណ្ដេញប្រជាពលរដ្ឋ រស់នៅតាមមាត់ជ្រាំងទន្លេនោះទេ ដោយក្រុមហ៊ុនកំពុងផ្ដោតសំខាន់ គឺលុបទន្លេមេគង្គតែម្ដងដើម្បីយកដីបង្កើតកោះជាមុនសិន។ ម្យ៉ាងទៀត មកទល់នឹងពេលនេះ ក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាល នៅមិនទាន់បង្ហាញតម្លាភាព ឬបញ្ជាក់ថា មានការសិក្សាពីផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានដូចដែលច្បាប់កំណត់នៅឡើយទេ មុននឹងសម្រេចអនុញ្ញាតឱ្យចាក់ដីលុបទន្លេ ដើម្បីបង្កើតកោះសិប្បនិមិត្តបែបនេះ៕
No comments:
Post a Comment