Saturday 6 June 2020

ក្រុម​យុវជន​នឹង​បន្ត​ស្នើ​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ ទោះ​រដ្ឋ​ប្រគល់​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់


ដោយ សុជីវី
2020-06-06
rfa
សកម្មភាពប៉ូលិស​ខេត្ត​កោះកុង​ស្ទាក់​ឃាត់​ក្បួន​ជិះកង់​របស់​យុវជនការពារ​បរិស្ថាន ក្នុង​បំណង​ដាក់​ញត្តិនៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២០។
សកម្មភាពប៉ូលិស​ខេត្ត​កោះកុង​ស្ទាក់​ឃាត់​ក្បួន​ជិះកង់​របស់​យុវជនការពារ​បរិស្ថាន ក្នុង​បំណង​ដាក់​ញត្តិនៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២០។
រូបភាព​ពី​ហ្វេសប៊ុក លោក ម៉ា ចិត្រា



ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​អះអាង​ថា ពួកគេ​នឹង​មិន​បញ្ឈប់​យុទ្ធនាការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ ជា​តំបន់​ការពារ​ធនធានធម្មជាតិ​សមុទ្រ​ឡើយ។

ការ​អះអាង​នេះ​នៅ​ក្រោយ​ពេល​ដែល​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ​របស់​ពួកគេ​ត្រូវ​ខកខាន​មិន​បាន​ដល់​គោលដៅ​ដោយសារ​អាជ្ញាធរ​រារាំង និង​ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រកាស បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ប្រគល់​កោះកុង​ក្រៅ​ឱ្យ​ក្រុមហ៊ុន អេសអ៊ីហ្សិត​(SEZ) របស់​លោក លី យ៉ុងផាត់ តាំង​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩។

តំណាង​ក្រុម​យុវជន កញ្ញា ភួន កែវរស្មី ឱ្យ​ដឹង​ថា ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ មាន​គម្រោង​នឹង​បន្ត​យុទ្ធនា​ការសង្គ្រោះ​កោះកុង​ក្រៅ ជា​សាធារណៈ​បន្ត​ទៀត ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដាក់​កោះ​នេះ​ជា​តំបន់​ការពារ បញ្ចៀស​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​លើ​កោះ​នេះ ក្រោម​ស្លាក​អភិវឌ្ឍន៍។


កញ្ញា​បន្ត​ថា បើ​ទោះ​ជា​ឆ្លងកាត់​ការរារាំង ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ខេត្ត​កោះកុង​ក៏​ពួក​នាង​មិន​បោះបង់​គោលដៅ​សង្គ្រោះ​កោះកុង​ក្រៅ​នេះ​ដែរ​។ រីឯ​ការ​ទម្លាយ​ព័ត៌មាន​របស់​ថា​រដ្ឋាភិបាល​ប្រគល់​កោះកុង​ក្រៅ​ទៅ​ឱ្យ​ក្រុមហ៊ុន របស់​លោក លី យ៉ុងផាត់ អភិវឌ្ឍ​នោះ​ក៏​នឹង​ជំរុញ​ឱ្យ​ពួកគេ​កាន់តែ​ប្រឹងប្រែង​ការពារ​កោះ​នេះ​បន្ថែម​ទៀត៖ «ចំពោះ​សកម្មភាព​បន្ទាប់​ហ្នឹង ពួក​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ជជែក យើង​អត់​ទាន់​អាច​បង្ហាញ​បាន​ទេ​ថា យើង​នឹង​ធ្វើ​សកម្មភាព​អី ប៉ុន្តែ​ដោយសារ​តែ​មាន​ព័ត៌មាន​មួយ​ថ្មី​គឺ​សម្ដេច ហ៊ុន សែន បាន​សម្រេច​ឱ្យ​កោះកុង​ក្រៅ​ឱ្យ​ក្រុមហ៊ុន​មួយ​អភិវឌ្ឍន៍ គឺ​ក្រុមហ៊ុន SEZ ដែល​មាន​លោក លី យ៉ុងផាត់ ជានា​យក​។ អ៊ីចឹង​វា​មាន​ភាព​ចម្រូងចម្រាស​គ្នា​ដែល​គាត់​(​អាជ្ញាធរ) ថា បាន​សិក្សា​រយៈពេល​៣​ឆ្នាំ​មក​ហើយ ដើម្បី​ដាក់​ជា​តំបន់​ការពារ ឬ​ជា​ឧទ្យានជាតិ»។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា បាន​ប្រកាស​បង្កើត​គណៈកម្មការ​ពិនិត្យ​ការ​អភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ដែល​មាន​សមាសភាព​ចម្រុះ​ពី​គ្រប់​ក្រសួង​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក រដ្ឋមន្ត្រី​បរិស្ថាន សាយ សំអាល់។ គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​របស់​ក្រុមហ៊ុន អេស អ៊ី ហ្សិត​(SEZ) និង​ធ្វើ​របាយការណ៍​ត្រឡប់​ទៅ​គណៈរដ្ឋមន្ត្រី​វិញ​។ ក្នុង​សេចក្ដីប្រកាស​នោះ​បង្ហាញ​ថា គណៈរដ្ឋមន្ត្រី របស់​លោក ហ៊ុន សែន មាន​សេចក្ដីជូនដំណឹង​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់ នេះ​តាំងពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៩ មក។

ការ​ទម្លាយ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ឯកជន​នៅ​កោះកុង​ក្រៅ​ទាំងមូល​នេះ គឺ​ស្រប​ពេល​ដែល​អាជ្ញាធរ​ក្នុង​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​ទី​៣ និង​ទី​៤ មិថុនា បាន​ប្រើ​គ្រប់​មធ្យោបាយ​រារាំង និង​បញ្ឈប់​ឱ្យ​ខាងតែ​បាន​យុទ្ធនាការ​ជិះ​កង់​សង្គ្រោះ​កោះកុង​ក្រៅ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​។ ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​កោះកុង និង​ក្រសួង​បរិស្ថាន​បាន​ហៅ​យុទ្ធនាការ​របស់​ក្រុម​យុវជន​ថា​ជា​ការ​សម្ដែង និង​មាន​បង្កប់​និន្នាការ​នយោបាយ​ទុច្ចរិត។ ក្រសួង​បរិស្ថាន​បាន​អះអាង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា ក្រសួង​បាន​សិក្សា​ពី​សក្ដានុពល​នៅ​លើ​កោះកុង​ក្រៅ​តាំង​ពី​ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​ប្រកាស​ពី​ការ​ដាក់​កោះ​នេះ​ជា​ឧទ្យានជាតិ​សមុទ្រ​នៅ​ឆ្នាំ​២០២១​ខាងមុខ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​ពន្យល់​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ថា​តើ​ហេតុអ្វី​ក៏​មាន​ឈ្មោះ​ក្រុមហ៊ុន SEZ អភិវឌ្ឍ​ទៅវិញ នៅ​ពេល​ដែល​ក្រសួង​គ្រោង​នឹង​ដាក់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​ធនធាន​សមុទ្រ ឬ​ឧទ្យានជាតិ​សមុទ្រ​? តើ​ក្រុមហ៊ុន​នោះ​គេ​ធ្វើ​អ្វីខ្លះ​នៅ​លើ​កោះ​នោះ​?

ប៉ុន្តែ​លោក​ឆ្លើយតប​ថា លោក​មិន​ទាន់​មាន​អ្វី​អធិប្បាយ​ឱ្យ​លើស​ពី​អ្វី ដែល​មាន​ចែង​ក្នុង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ឡើយ។

ទាក់ទង​នឹង​យុទ្ធនាការ​សង្គ្រោះ​កោះកុង​វិញ បើទោះ​បី​ជា​ក្រុម​យុវជន​នៅ​មិនទាន់​បញ្ជាក់​ពី​គម្រោង​ថា ពួកគេ​នឹង​ធ្វើ​អ្វី​ទៀត​នៅឡើយ ក៏​នៅ​លើ​ហ្វេសប៊ុក របស់​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិច បាន​សរសេរ​ថា ប្រសិនបើ​មានការ​ចូលរួម​ពី​សាធារណជន​បន្ត​ទៀត​នោះ ក្រុម​របស់​លោក នឹង​អាច​បាន​ជោគជ័យ​ក្នុង​ការ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​លុបចោល​គម្រោង​អភិវឌ្ឍន៍​កោះ​មួយ​នេះ និង​បង្កើត​ច្បាប់ ដើម្បី​ធានា​ថា កោះ​នេះ​ត្រូវ​បាន​ការពារ និង​រក្សា​នូវ​សភាព​ដើម ដើម្បី​ផលប្រយោជន៍​របស់​ខ្មែរ​ក្នុង​ជំនាន់​នេះ និង​ជំនាន់​ក្រោយ។

កោះកុង ឬ​អ្នកស្រុក​និយម​ហៅថា​កោះកុង​ក្រៅ គឺជា​កោះធំ​ជាងគេ​នៅ​កម្ពុជា​មាន​ផ្ទៃក្រឡា ១០៣​គីឡូ​ម៉ែតក្រឡា​(​ការ៉េ​) មាន​ចម្ងាយ ៣០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​កោះកុង​។ នៅ​ក្នុង​វីដេអូ​ដែល​ក្រុម​យុវជន​បាន​បង្ហោះ​នា​ពេល​កន្លងទៅ កោះកុង​មាន​សម្រស់​ដ៏​ត្រកាល មាន​ព្រៃឈើ​ក្រាស់ឃ្មឹក មាន​ឆ្នេរ​ខ្សាច់​ស​ក្បោះ មាន​ទឹក​សមុទ្រ​ថ្លាឈ្វេង មាន​កូន​ភ្នំ​ជ្រោះ​ជ្រលង និង​មាន​ទឹកធ្លាក់​ជាទី​មនោរម្យ៕

No comments: