ដោយ ខែ សុណង
2020-06-26

លោក ហុង លីម អតីតតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria)។
RFA/Chun Chanboth
តំណាងពលរដ្ឋខ្មែរនៅអូស្ត្រាលី រួមមាន មេធាវី តំណាងរាស្ត្រ រដ្ឋវិកតូរីយ៉ា (Victoria) ប្រធានសមាគម និងសកម្មជនគណបក្សសង្គ្រោះជាតិ ជាដើម កំពុងជំរុញទៅអ្នកនយោបាយ និងតំណាងរាស្ត្រអូស្ត្រាលីចូលរួមគាំទ្រ ក្នុងការធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ។
អតីតតំណាងរាស្ត្ររដ្ឋវ៉ិកតូរីយ៉ា (Victoria) ដើមកំណើតខ្មែរ លោក ហុង លីម ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៦ ខែមិថុនា ចាប់តាំងពីមានសំណើធ្វើច្បាប់នេះមកលោកបានជួបជាមួយតំណាងរាស្ត្រអូស្ត្រាលីមួយចំនួន ដែលធ្លាប់ធ្វើការជាមួយលោកកន្លងមក ដើម្បីជំរុញទៅអ្នកទាំងនោះឱ្យយល់ពីសារសំខាន់ ដែលប្រទេសអូស្ត្រាលីត្រូវតែមានច្បាប់នេះ។ លោកបន្តថា សមាជិកសភា ដែលជួបបានពួកគេបង្ហាញឆន្ទៈគាំទ្រ និងចង់ឱ្យមានច្បាប់នេះ៖ «រដ្ឋសភាមែនទែនទៅ គេអត់ធ្វើការ ប៉ុន្តែសមាជិកសភាគេមិនស្រុកវិញយើងមានឱកាសតាមបញ្ឆេះគេ ដូចជាព្រឹកមិញជាដើមយើងបានជួបសមាជិកសភា»។
ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការសម្រេចធ្វើច្បាប់ណាមួយរបស់អូស្ត្រាលី គឺសិទ្ធិរបស់ប្រទេសនេះ។ លោកថា សព្វថ្ងៃនេះទំនាក់ទំនងការទូតប្រទេសទាំងពីរនៅតែមានភាពល្អប្រសើរ៖«ជាសិទ្ធិសេរីភាព ហើយនិងអធិបតេយ្យរបស់អូស្ត្រាលីយើងមិនហ៊ានលូកកកូរកកាយរឿងហ្នឹងទេ»។
សហរដ្ឋអាមេរិកបានឈានមុខគេក្នុងការអនុម័តច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្មបុគ្គលពីរនាក់នៅកម្ពុជាគឺ មន្រ្តីជំនិតរបស់លោក ហ៊ុន សែន រួមមានមេកងអង្គរក្សរបស់លោក ហ៊ុន សែន នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយឧត្ដមសេនីយ៍ គន់ គីម ដែលជាទេសរដ្ឋមន្ត្រី និងលោក ទ្រី ភាព ជាឈ្មួញឈើនៅ កម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅកម្ពុជា។
អ្នកវិភាគនយោបាយដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ យល់ថា រដ្ឋាភិបាលរដ្ឋាភិបាលអូស្ត្រាលីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រទេស ដែលត្រូវធ្វើច្បាប់នេះ។ លោកពន្យល់ថា ប្រទេសអូស្ត្រាលីជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសផ្សេងទៀតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកិច្ចព្រមព្រៀងនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោក គឹម សុខ យល់ថាបើ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផ្សេងទៀត រួមគ្នាដាក់ទណ្ឌកម្មលើរបបក្រុងភ្នំពេញនឹងធ្វើឱ្យរបបនេះវិលមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៖ «ជាដំបងដ៏ធំមួយទៀត ដែលត្រូវវាយលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ហើយបើដំបងនេះពីសហគមន៍អន្តរជាតិ និងពីសម្ព័ន្ធមិត្តប្រទេសប្រជាធិបតេយ្យ ជាពិសេស ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកាន់តែច្រើន វាយលើក្រុមលោក ហ៊ុន សែន បើទោះបីក្រុមលោក ហ៊ុន សែន នៅតែមានៈរក្សាអំណាចទំនើងចិត្តបែបសព្វថ្ងៃក៏មិនបានរលូនដែរ»។
កាលពីក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយចំពោះជម្លោះនយោបាយនៅកម្ពុជា ដែលមានអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
ខ្មែរនៅអូស្ត្រាលី និងអ្នកវិភាគ រំពឹងថា រដ្ឋាភិបាលប្រទេសនេះ និងធ្វើច្បាប់ដាក់ទណ្ឌកម្មលើក្រុមដឹកនាំរបបក្រុងភ្នំពេញ ដែល ពុករលួយ រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់នាពេលកន្លងមក៕
No comments:
Post a Comment