ដោយ ហេង រស្មី
2020-06-24

រូប៖ ក្រសួងការបរទេស
មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបរិស្ថាននិយាយថា ជំនួយរបស់ប្រទេសចិនគម្រោងមេគង្គ-ឡានឆាង គឺបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកការទាញយកផលចំណេញពីធនធានធម្មជាតិ ជាងការសិក្សាស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី និងការពារធនធានធម្មជាតិនៅក្នុងទឹកទន្លេមេគង្គ។
អ្នកប្រឹក្សាឯករាជ្យផ្នែកថាមពលបរិស្ថាន និងអភិបាលកិច្ចទឹក លោក ហែម ឧត្តម មានប្រសាសន៍ថាបញ្ហាដែលយើងកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះគឺមិនបានឃើញប្រទេសចិនធ្វើការសិក្សាអំពីផលប៉ះពាល់នៃទន្លេមេគង្គនេះនៅឡើយទេ។
លោកបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អង្គការមួយដែលមានឈ្មោះថា អាយ អន អើស (Eye on Earth)ដែលបានប្រើបច្ចេកវិជ្ជាផ្កាយរណបសិក្សាពីកម្ពស់ទឹកនៅក្នុងអាងទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសចិន រកឃើញថា ទឹកមួយចំនួនត្រូវបានរក្សាទុកនៅក្នុងទំនប់របស់ប្រទេសចិនដែលគេហៅថា ទន្លេឡានឆាង ហើយចំណែកឯផ្នែកខាងក្រោមទន្លេមេគង្គ ដែលរួមមានកម្ពុជា ឡាវ វៀតណាម និងប្រទេសថៃ កាលពីឆ្នាំ២០១៩ មានសភាពរាំងស្ងួតខ្លាំង។
លោក ហែម ឧត្តម បញ្ជាក់ថា កន្លងមកមិនដែលឃើញមានប្រទេសចិន បានចែករំលែកនៅព័ត៌មានដ៏មានសារៈសំខាន់អំពីបរិមាណទឹក ឬក៏ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការអភិវឌ្ឃន៍នៅក្នុងទំនប់របស់ខ្លួននោះឡើយ៖ «យើងក៏ហាក់ដូចជាមិនបានមើលឃើញនៅឆន្ទៈ ជាក់លាក់នៅក្នុងការប្រើប្រាស់មូលនិធិនេះនៅក្នុងការដោះស្រាយបញ្ហាប្រឈមដែលមានជាមួយប្រទេសជិតខាងនៅក្នុងប្រទេសមហាតំបន់ទន្លេមេគង្គនេះ។ឧទាហរណ៍ថាតើថវិកាចំនួនប៉ុន្មានដែលទទួលបានហ្នឹងត្រូវបានប្រើប្រាស់ចំពោះសកម្មភាពណាមួយជាក់លាក់ ដើម្បីដោះស្រាយបញ្ហាទន្លេមេគង្គហ្នឹងក៏យើងមិនបានឃើញជាក់លាក់ដែរ»។
ប្រទេសកម្ពុជា និងប្រទេសចិនកាលពីថ្ងៃទី២៣ មិថុនា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារ ដែលជាជំនួយរបស់ប្រទេសចិន។
កិច្ចព្រមព្រាងនេះបានធ្វើឡើងនៅរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន (Wang Wentian)។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន មិនបានបញ្ជាក់ប្រាប់អាស៊ីសេរីពីខ្លឹមសារនៃកិច្ចព្រមព្រាងនេះទេ។លោកនិយាយថា អោយមើលសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា ជំនួយទឹកប្រាក់ចំនួនជាង ៧លានដុល្លាររបស់ប្រទេសចិននេះគឺសម្រាប់គាំទ្រនូវគម្រោងថ្មីចំនួន ២០បន្ថែមទៀតដើម្បីបន្តចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតផ្ជាប់ផ្លូវអាកាស អប់រំ និងបេតិកភណ្ឌវប្បធម៌ ជាដើម។
ប្រធាននាយកដ្ឋានរដ្ឋបាលគណៈកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា លោក អ៊ូ សុផាន់ណា មិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេ។ លោកបានបង្វែរសំនួរនេះឲ្យទៅសួររដ្ឋលេខាធិការក្រសួងធនធានទឹកលោក ប៊ុន ហ៊ាន វិញ។
អាស៊ីសេរីមិនអាចទាក់ទាងរដ្ឋលេខាធិការក្រសួងធនធានទឹកលោក ប៊ុន ហ៊ាន បានទេ ដោយសារជំនួយការនិយាយថា លោកជាប់រវល់៖ «ពីព្រោះថ្មើរនេះ ខ្ញុំបានឆាតទៅគាត់ គាត់អត់បានឆ្លើយតប។អញ្ចឹងចាំមើលស្អែក បើមានព័ត៌មានអីថ្មីខ្ញុំផ្ដល់ព័ត៌មានឲ្យបងតាមក្រោយទៀត»។
កិច្ចព្រមព្រៀងទន្លេមេគង្គ-ឡានឆាន នេះបានធ្វើឡើង ក្រោយពីមានការរិះគន់ថា ប្រទេសចិនកាលពីឆ្នាំ២០១៩ បានទប់ទំនប់ដែលខ្លួនបានសង់លើទន្លេ មេគង្គដែលចិនហៅថា ឡានឆាងនោះ ធ្វើឲ្យកម្រិតទឹកចុះទាបខុសធម្មតា មានភាពរាំងស្ងួត និងប៉ះពាល់ដល់ធនធានជលផល ដល់ប្រទេសជាប់ទន្លេមេគង្គនៅខ្សែទឹកខាងក្រោមដូចជាថៃ ឡាវ កម្ពុជានិងវៀតណាមជាដើម។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនធាន (Wang Wentian) បានថ្លែងនៅក្នុងជំនួបនោះថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានទឹកប្រាក់ជាង ២០លានដុល្លារ សម្រាប់អភិវឌ្ឍន៍លើគម្រោងសរុបចំនួន ៥៥ ពីមូលនិធិពិសេស ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ «ប្រទេសកម្ពុជាបានប្រមូលផលពីគម្រោងមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ច្រើនជាងគេបំផុតក្នុងរយៈពេល ៣ឆ្នាំជាប់ៗ គ្នាចាប់តាំងពីគម្រោងនេះបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៦»។
ទោះជាយ៉ាងណាក្តី អ្នកប្រឹក្សាឯករាជ្យផ្នែកថាមពលបរិស្ថាន និងអភិបាលកិច្ចទឹក លោក ហែម ឧត្តម ចង់ឃើញប្រទេសចិនចែករំលែកព័ត៌មានស្ដីពីស្ថានភាពទន្លេមេគង្គខ្សែទឹកខាងលើដល់ប្រទេសខ្សែទឹកខាងក្រោម ហើយកម្ពុជាក៏ត្រូវស្វែងយល់ពីសក្ដានុពលនៃផលប៉ះពាល់ដល់ប្រទេសខ្លួនផងដែរ៕
(ឆ្វេង) លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែលប្រទេសចិនផ្ដល់លុយ ៧លានដុល្លារដល់កម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុកក្រសួងការបរទេស
(ឆ្វេង) លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែលប្រទេសចិនផ្ដល់លុយ ៧លានដុល្លារដល់កម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុកក្រសួងការបរទេស
No comments:
Post a Comment