Tuesday 16 June 2020

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ដាក់​លិខិត​ទៅ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​​សុំ​ធ្វើ​បាតុកម្ម​ទាម​ទារ​សិទ្ធិ​សេរីភាព​ព្រះសង្ឃ


ដោយ សេក បណ្ឌិត
2020-06-16

rfa
កម្លាំង​អាជ្ញាធរ​ខេត្ត​បាត់ដំបង សួរនាំ​ក្រុម​ព្រះសង្ឃ និង​សកម្មជន​ចលនា ខ្មែរថាវរៈ ១៤រូប ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។
កម្លាំង​អាជ្ញាធរ​ខេត្ត​បាត់ដំបង សួរនាំ​ក្រុម​ព្រះសង្ឃ និង​សកម្មជន​ចលនា ខ្មែរថាវរៈ ១៤រូប ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ពន្យារ​ពេល​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ក្នុង​គ្រា​ជំងឺ covid-19 កំពុង​រាតត្បាត។
រូប៖ សកម្មជន​ចលនា​ខ្មែរ​ថាវរៈ




ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ប្រមាណ​៥​អង្គ​ដាក់​លិខិត​ទៅ​មន្ត្រី​សង្ឃ​ខេត្ត​បាត់ដំបង​​ស្នើ​សុំ​​​ជួបជុំ​​គ្នា​​​តវ៉ា​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​​ចូល​រួម​ការ​ងារ​​ក្នុង​សង្គម នៅ​រសៀល​ថ្ងៃ​ទី​១៥​មិថុនា​​។​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ការ​ស្នើ​សុំ​​សម្ដែង​មតិ​របស់​ព្រះសង្ឃ​នេះ​​​​​​​ជា​រឿង​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​កំណត់។

តំណាង​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ​នៅ​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ ផន សុភាង មាន​ថេរ​ដីកា​​ថា មូលហេតុ​ដែល​ព្រះអង្គ​​ស្នើ​សុំ​តវ៉ា​​នេះ ដោយសារ​​មិន​ពេញ​ចិត្ត​​នឹង​ព្រះ​ចៅ​អធិការ​វត្ត​មួយ​ចំនួន​ដែល​បាន​​រឹតត្បិត​សិទ្ធិ​សេរីភាព​​ដល់​ព្រះសង្ឃ​ហាម​ឃាត់​មិន​ឱ្យ​ចូល​រួម​ធ្វើ​ការងារ​​នៅ​ក្នុង​សង្គម​​​។ ព្រះ​អង្គ​បន្ត​ថា ​​មន្ត្រី​សង្ឃ​​ធ្វើ​បែប​នេះ ​គឺ​ជា​ការ​​ធ្វើ​ទុក្ខបុកម្នេញ​​ធ្ងន់ធ្ងរ​ដល់​អ្នក​បួស​ ដោយ​ធ្វើ​ឱ្យ​ព្រះសង្ឃ​​ឃ្លាតឆ្ងាយ​ពី​ពុទ្ធបរិស័ទ​ ដែល​មិន​អាច​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​បាន​ឡើយ៖‍ «នៅ​ក្នុង​លិខិត​នេះ​មាន​តែ២ ទេ គឺ​ជំរុញ​ឱ្យ​មាន​ការ​ដោះស្រាយ​និង​​ជា​ការ​ជូន​ដំណឹង​នៃ​ការ​ជួបជុំ​តែ​ម្ដង។ ដោយ​សារ​កន្លង​មក​ពេល​ដែល​លោក​ធ្វើ​កិច្ចការ​សង្គម​ត្រូវ​បាន​ចៅអធិការ​វត្ត​​មួយ​ចំនួន​លោក​ហៅ​ទៅ​ធ្វើ​កិច្ច​សន្យា។ អ៊ីចឹង​សម្ពាធ​នៃ​កិច្ចសន្យា​ហ្នឹង ធ្វើ​ឱ្យ​ព្រះសង្ឃ​មិន​ហ៊ាន​ចូល​រួម​ការងារ​ក្នុង​សង្គម។ អាត្មា​ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​មន្ត្រី​សង្ឃ​កំណត់​ឱ្យ​បាន​ច្បាស់​​លាស់​នូវ​លទ្ធភាព​នៃ​ការ​ចូល​រួម​​​ការងារ​សង្គម​របស់​​ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង​តែ​ម្ដង»។

ព្រះអង្គ​​មាន​ថេរ​ដីកា​បន្ត​ថា ព្រះ​អង្គ​បាន​ដាក់​លិខិត​ស្នើ​សុំ​ធ្វើ​បាតុកម្ម​​នេះ​ទៅ​លេខា​ព្រះ​អនុគណ​ខេត្ត​បាត់ដំបង​​​​រួច​ហើយ​នៅ​រសៀល​ថ្ងៃ​ទី១៥ មិថុនា។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លេខា​​​ព្រះ​មេគណ​ខេត្ត​បាត់ដំបង ​ព្រះតេជព្រះគុណ ពេជ្យ សៀក ដើម្បី​​មាន​​​ថេរ​ដីកា​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។


ប៉ុន្តែ​អនុគណ​ក្រុង​បាត់ដំបង ព្រះតេជព្រះគុណ យឿម រដ្ឋសភា​មាន​ថេរ​ដីកា​ថា ​មន្ត្រី​សង្ឃ​​ពុំ​បាន​ហាម​ឃាត់​​ព្រះសង្ឃ​មិន​ឱ្យ​ចូលរួម​​ការងារ​សង្គម​នោះ​ឡើយ។ ព្រះ​អង្គ​បន្ត​ថា ​ការ​សុំ​​ធ្វើ​បាតុកម្ម​​ជា​សិទ្ធិ​របស់​ព្រះសង្ឃ ​​​ក៏​ប៉ុន្តែ​ត្រូវ​សុំ​អនុញ្ញាត​​​ពី​ព្រះចៅ​អធិការ​វត្ត​ដែល​ក្រុម​ព្រះសង្ឃ​គ្រោង​ធ្វើ​បាតុកម្ម​ជា​មុន​​ទើប​អាច​ធ្វើ​បាន៖ «រឿង​គោលការណ៍​របស់​វត្ត​មួយ​ៗ​វា​មាន​ ខ្លាច​ធ្វើ​ទៅ​វា​ហួស​ព្រំដែន​ការងារ​ព្រះសង្ឃ​អី​ បាន​ជា​​តាម​វត្ត​មួយ​ៗ​លោក​មាន​គោលការណ៍​របស់​លោក​​។ប៉ុន្តែ​រឿង​ការងារ​ជួយ​សង្គម​នោះ​ដូច​មិន​ហាម​ឃាត់​ទេ ​រឿង​ការងារ​ជួយ​សង្គម​មិន​ចាំ​បាច់​ទាល់​តែ​យើង​​ទៅ​ហែហម​អី​បាន​ថា​យើង​ជួយ​សង្គម​អី​មិន​មែន​ទេ»។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី កត់​សំគាល់​ថា ក្រុម​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង​នោះ​ពិត​ជា​រង​​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ចូល​​រួម​ការងារ​​នៅ​ក្នុង​សង្គម​​ពី​មន្ត្រី​សង្ឃ​ប្រាកដ​មែន​។​លោក​បញ្ជាក់​ថា​ ​​បន្ទាប់​ពី​​​ដាក់​លិខិត​​​​ជូន​ដំណឹង​ដល់​​មន្ត្រី​សង្ឃ​ហើយ​ក្រុម​ព្រះសង្ឃ​​ទាំង​នោះ​អាច​​ជួបជុំ​សម្ដែង​មតិ​​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ព្រះសង្ឃ​នៅ​ក្នុង​​ទីវត្ត​អារាម​បាន​ ដោយ​ពុំ​ខុស​ច្បាប់​​ឡើយ៖‍ «ចំណុច​នេះ​ហើយ​ខ្ញុំ​ទទូច​ឱ្យ​មាន​ការ​ជួប​គ្នា​ស្ដាប់​ភាគី​ទាំង​សង្ខាង​ស្ដាប់​ប្រសាសន៍​របស់​ព្រះអង្គ​ដែល​ថា​រឹតត្បិត​ហ្នឹង​ឱ្យ​ព្រះអង្គ​លើក​ឡើង ហើយ​យើង​បង្ហាញ​ហេតុ​ផល​ហើយ​ស្ដាប់​មើល​​ថា​តើ​ព្រះ​អង្គ​ចង់​បាន​អី? ហើយ​យើង​អាច​សម្របសម្រួល​គ្នា​បាន​ត្រឹម កម្រិត​ណា កាល​ណា​យើង​អត់​បាន​ជួប​គ្នា​​បាន​ន័យ​ថា​អត់​យល់​គ្នា​ កាល​ណា​អត់​យល់​គ្នា បញ្ហា​វា​កើត​មាន​ឡើង​អីចឹង»។

កាល​ពី​ថ្ងៃ​ទី១០​ ឧសភា ព្រះចៅ​វត្ត​ទួលតាឯក​និង​វត្ត​មួយ​ចំនួន​ទៀត​នៅ​ក្រុង​បាត់ដំបង បាន​​និមន្ត​ព្រះសង្ឃ​ចំនួន ៥អង្គ ដោយ ៣អង្គ​ហៅ​ទៅ​ព្រមាន​និង ២អង្គ​ទៀត​បង្ខំ​ឱ្យ​​ព្រះអង្គ​ធ្វើ​កិច្ច​សន្យា​ឱ្យ​​ឈប់​​​ចូល​រួម​ការងារ​សង្គម​បន្ត​ទៀត​។​មន្ត្រី​សង្ឃ​ធ្វើ​បែប​​នេះ​ បន្ទាប់​ពី​ព្រះ​​សង្ឃ​ទាំង​នោះ​ចូល​រួម​ការងារ​សង្គម​ជា​មួយ​ក្រុម​យុវជន​ថាវរៈ​ចំនួន ៩នាក់ ធ្វើ​កូដកម្ម​បង្អត់​អាហារ និង​ធម្មយាត្រា​នៅ​ក្រុង​បាត់​ដំបង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​​ជួយ​អន្តរាគមន៍​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ឱ្យ​ពន្យារ​ពេល​សងបំណុល​របស់​ពលរដ្ឋ​ទៅ​ស្ថាប័ន​ទាំងនោះ ដោយ​សារ​ពួកគាត់​អត់​ការងារ​ធ្វើ​​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​គ្រឹះស្ថាន​​ទាំង​នោះ​នៅ​តែ​បន្ត​ទារ​ប្រាក់​ពី​ពលរដ្ឋ។ ក្រុម​ព្រះសង្ឃ​ទាំង​នោះ គ្រោង​ធ្វើ​ការ​តវ៉ា​នៅ​បរិវេណ​ពោធិ៍​វាល​​ជាប់​មាត់​ស្ទឹង​សង្កែ​នៅ​កណ្ដាល​ក្រុង​បាត់ដំបង ដើម្បី​ទាមទារ​ឱ្យ​មន្ត្រី​សង្ឃ​ខេត្ត​នេះ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ព្រះសង្ឃ​​ឡើង​​​​វិញ​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

No comments: