Monday 8 June 2020

"ការសាងសង់​ទី​ស្នាក់ការ​​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អាច​ជាប់​ពាក់​ពន្ធ​នឹង​លុយ​ពុករលួយ"


Khmer Circle: The entire CPP structure is built and sustained upon the pillars of systematic corruption [lies, deceptions, untruth, rapacious plunders, national treason...] and while the social patronage that such schemes help to endorse and strengthen keeps ordinary followers and members of the party in place and in a state of inertia, the real costs to the country are being conveniently diverted away from national attention as usual to keep a minority of criminals in power...


🔺🔺🔺

ដោយ ហេង រស្មី
2020-06-08

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (មុខស្ដាំដៃ) ក្នុង​ថ្ងៃ​ពិនិត្យ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពីថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (មុខស្ដាំដៃ) ក្នុង​ថ្ងៃ​ពិនិត្យ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពីថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន




អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​សាងសង់​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អាច​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ពុករលួយ ដែល​បាន​ពី​ពួក​ឈ្មួញ​ធំៗ​មួយ​ចំនួន​។ ប៉ុន្តែ​អ្នកនាំពាក្យ​កាន់អំណាច​អះអាង​ថា ថវិកា​ដែល​សាងសង់​គឺជា​លុយ​ស្អាតស្អំ និង​មិន​ពាក់ព័ន្ធ​នឹង​ថវិកាជាតិ ហើយ​ប្រភព​លុយ​ទាំង​នោះ​បាន​ពី​សមាជិក​របស់​គណបក្ស​នេះ​រាប់​លាន​នាក់ និង​សប្បុរសជន។

អគារ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​មួយ​ហិកតារ​កន្លះ កម្ពស់ ៥​ជាន់ កំពុង​បង្អួត​សម្រស់​នៅ​តាម​បណ្ដោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ រង​ការ​រិះគន់​ពី​អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា គណបក្ស​នេះ​ស្រលាញ់​បក្ស​ជាង​ស្រលាញ់​រាស្ត្រ​ដែល​កំពុង​រង​ទុក្ខ​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (Covid-19)។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​និរទេស​ខ្លួន​នៅ ក្រៅ​ប្រទេស​លើក​ឡើង​ថា ការសាងសង់​អគារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ពេល​នេះ​ទេ។ លោក​ថា នៅ​ពេល​ដែល​មាន​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការស៊ើបអង្កេត​ប្រភព​ថវិកា​នៃ​ការសាងសង់​ទីស្នាក់ការ​នេះ ហើយ​បើ​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ពុករលួយ​នឹង​រឹបអូស​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ទុកជា​សម្បត្តិ​រដ្ឋ៖ «ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​មិន​បាន​យកចិត្ត​ទុក​ទៅលើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ពិតប្រាកដ​ទេ មិន​បាន​ផ្ដោត​ទៅ​លើ​យុត្តិធម៌​សង្គម​ឱ្យ​ត្រឹមត្រូវ​ទេ កាត់​រក​វិធី​ដើម្បី​ធ្វើ​មានបាន​លើ​គណបក្ស​របស់​គាត់»។


អ្នកវិភាគ​នយោបាយ​និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​ចង់​បង្ហាញ​ពី​ការសាងសង់​អគារ​ថ្មី​នេះ គឺ​ចង់​បញ្ជាក់​ថា គណបក្ស​នេះ​នៅតែ​បន្ត​កាន់អំណាច​រាប់​ឆ្នាំ​ទៀត​រហូតដល់​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​នេះ​ថែម​ទៀត​ផង​។ លោក​សង្ស័យ​ថា លុយ​សម្រាប់​គណបក្ស​កាន់អំណាច​យក​មក​ធ្វើ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​ពេលនេះ​គឺ​បាន​ពី​ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​លើ​ខ្នង​រាស្ត្រ និង​មន្ត្រី​ពុករលួយ​។ លោក​ថា មូលហេតុ​ដែល​ក្រុម​ទាំងនេះ​ហ៊ាន​ជះ​លុយ​រាប់​លាន​ដុល្លារ​នា​ពេល​កន្លង​ទៅ និង​សម្រាប់​សាងសង់​ទីស្នាក់ការ​នៅ​ពេល​នេះ ដើម្បី​ចង់​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ការពារ និង​កាង​អាជីវកម្ម​ល្មើសច្បាប់​របស់​ពួកគេ៖ «បើ​និយាយ​ទៅ​មិនមែន​ជា​សមាជិក​ធម្មតា​ទេ​គឺជា​មនុស្ស​ស្នូល​ក្នុង​ការ​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​អំណាច​គឺ​ចេញ​លុយ​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​ការ​កម្ចាត់​គណ​បក្ស​ប្រឆាំង»។

អគារ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ស្នាក់ការ​គ​៨៥ សង់​សង​តាម​ក្បូរក្បាច់​រចនាបថ​ខ្មែរ​ទំហំ​សំណង់​អាគារ​ជាង ៥,៤០០០ (​ប្រាំ​ម៉ឺន​បួន​ពាន់​)​ម៉ែត្រក្រឡា ដំបូល​ប្រក់​ក្បឿង​ហើយ​ជាន់​នីមួយៗ​មាន​សាល​ប្រជុំ​ដែល សាល​ប្រជុំ​ធំ​អាច​ផ្ទុក​មនុស្ស​ជាង ៣.៥០០​នាក់។ កាលពី​ថ្ងៃ​ទី៥ ខែ​មិថុនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ធ្វើ​ពិធី​ក្រុង​ពាលី លើក​ស្លាក​សញ្ញា​គណបក្ស​នេះ និង​ពិនិត្យ​ការដ្ឋាន​សាងសង់​នោះ​ផង​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា ការ​សាងសង់​អគារ​នេះ​ចំណាយ​អស់​ប្រាក់​រាប់​លាន​ដុល្លារ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​ថវិកា​ជាក់លាក់​នៅឡើយ​។ អ្នកនាំពាក្យ​រូប​នេះ ច្រានចោល​ការចោទប្រកាន់​របស់​អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ថា ការសាងសង់​ទី​ស្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ជាប់​ពាក់​ពន្ធ​នឹង​លុយ​ពុករលួយ​។ លោក​អះអាង​ថា ប្រភព​ថវិកា​សម្រាប់​ការសាងសង់​នេះ គឺ​គណបក្ស​ទទួល​បាន​ពី​សមាជិក​របស់​ខ្លួន​ដែល​មាន​រាប់​លាន​នាក់ និង​មួយ​ផ្នែក​ទៀត​បាន​ពី​សប្បុរសជន៖ «សម្បត្តិ ពួក​ឧទ្ទាម​ក្រៅច្បាប់​ដែល​និយាយ​ល្អ​ពី​គណបក្ស​ប្រជាជន​ពី​ពេលណា​មក គណបក្ស​ធានា​មួយ​រយ​ភាគរយ​អត់​មាន​ប៉ះពាល់​ថវិកា​រដ្ឋ​ទេ យើង​ដឹង​ហើយ​ថា សមាជិក​សមាជិកា​គណបក្ស​ប្រាំមួយ​លាន​នាក់​ហើយ​ហ្នឹង ខ្វះ​អី​លុយ​ធ្វើ​ទីស្នាក់ការ​ប៉ុណ្ណឹង»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់ផ្ដើម​សាងសង់​អគារ​ទីស្នាក់ការ​នេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ពោល​គឺ​ក្រោយ​មួយ​ឆ្នាំ​បន្ទាប់​គណបក្ស​នេះ បាន​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​ជោគជ័យ​។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា អគារ​នេះ​សាងសង់​បាន​ជាង ៩៥​ភាគរយ​ហើយ និង​សង្ឃឹម​ចប់​រួចរាល់​នៅ​ចុង​ឆ្នាំ​២០២០​នេះ៕

No comments: