Thursday 4 June 2020

រដ្ឋសភា​ឯក​បក្ស​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​​អំពើ​លាង​លុយ​កខ្វក់ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ថា គ្មាន​ការ​ពិគ្រោះ​យោបល់



Khmer Circle:

Cambodia is in reality not just a one-party state but one-man state. Within the CPP itself - as there is within any group or banding of people - there would always exist variations in perspectives and views. Yet, these divergent opinions are completely steam-rolled under to conform with the wishes and wimps of the one man wielding all the executive powers at the top of the ruling hierarchy.

So, the notion that any legislation must pass through debate and consultative process is pretty much redundant. As for "civil society", well, their role and influence in this regard are even more irrelevant. Perhaps, they are free to observe the workings of this legislative body from a distance and ought to consider themselves fortunate to have any standing office in the country under this one-man show system in the first place. Much less consulted over anything...


🔺🔺🔺

ដោយ មាន ឫទ្ធិ
2020-06-04
rfa

កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។
កិច្ចប្រជុំ​រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ រដ្ឋសភា





រដ្ឋសភា​ឯក​បក្ស​នៃ​របប​លោក ហ៊ុន សែន នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ នៅ​ថ្ងៃ​ទី៤ មិថុនា​នេះ។ ការ​គ្រោង​អនុម័ត សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ យ៉ាង​ប្រញាប់ប្រញាល់​ដូច្នេះ កើតមានឡើង ក្រោយ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ដាក់​បញ្ចូល​កម្ពុជា ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស លាង​លុយ​កខ្វក់។ មន្ត្រី​សង្គម​ស៊ីវិល​ថា ច្បាប់​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពិគ្រោះ យោបល់ ឬ​ប្រមូល​ធាតុ​ចូល ពី​ខាង​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ចំណែក​ធានា​ការ​ទប់​ស្កាត់​អំពើ លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព។

សេចក្តីព្រាង​ច្បាប់​ទាំង​ពីរ​ដែល​រដ្ឋសភា​នឹង​យក​មក​អនុម័ត​នៅ​ថ្ងៃ​នេះ គឺ​សេចក្ដី​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយ​ភាយ​អាវុធ​មហា​ប្រល័យ។


អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថា នឹង​មិន​មាន​ការ​ពិភាក្សា ដេញដោល​ស៊ី​ជម្រៅ​នោះ​ទេ នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ ព្រោះ​សេចក្ដី​ព្រាង​ច្បាប់ ទាំង​ពីរ​នេះ​បាន​ឆ្លង​កាត់​ការ​សិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​ចប់​សព្វ​គ្រប់​ហើយ។ លោក​សង្ឃឹម​ថា ច្បាប់​ថ្មី​នេះ​នឹង​ចេញ​រួច​នៅ​ថ្ងៃ​នេះ។ មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា​ឯក​បក្ស​រូប​នេះ បដិសេធ​ប្រាប់​លម្អិត​ពី​ខ្លឹមសារ និង​ទោស​ទណ្ឌ ដែល​ច្បាប់​ថ្មី​នេះ​ដាក់​ចេញ តែ​លោក​ថា ច្បាប់​ថ្មី​នេះ​មាន​យន្តការ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​អន្តរជាតិ​ជឿជាក់៖ «ច្បាប់​នេះ គឺ​យើង​ធ្វើ​ដោយ​បាន​ពិគ្រោះ មាន​ការ​សិក្សា ស្រាវជ្រាវ​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ ហើយ​នឹង​អង្គការ​មួយ​ចំនួន​ដែល ពាក់ព័ន្ធ​នឹង​បញ្ហា​សម្អាត​ប្រាក់ គឺ​យើង​ធ្វើ​ទៅ​តាម​លំនាំ​របស់​ច្បាប់​អន្តរជាតិ ដែល​មាន​ហើយ។ យើង​គិត​ថា ប្រហាក់ប្រហែល​គ្នា គ្រាន់​តែ​ជា​ច្បាប់​ជាតិ។ អ៊ីចឹង មិន​ខ្វះ​បែប​បទ​ណា​មួយ​ទេ ឬ​មិន​អន់​ជាង​ច្បាប់​អន្តរជាតិ​ទេ។ ដូច្នេះ ខ្ញុំ​ថា​ច្បាប់​នេះ មាន​លក្ខណៈ​គ្រប់គ្រាន់​ហើយ ដើម្បី​ឲ្យ​ខាង​ក្រៅ​ជឿជាក់​ថា កម្ពុជា​មាន​ច្បាប់ ហើយ​មាន​ឆន្ទៈ​ដើម្បី​មាន​សកម្មភាព ប្រឆាំង​នឹង​ការ​រីក​សាយ​ភាយ​អាវុធ​ប្រល័យ​លោក និង​ការ​សម្អាត​ប្រាក់​ដែល​មាន​ទិសដៅ ហិរញ្ញប្បទាន​ចំពោះ​ភេរវកម្ម»។

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋសភា​រូប​នេះ​ដែល​ថា ច្បាប់​ទាំង​ពីរ​នេះ​មាន ការ​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ការ​ពិគ្រោះ​យោបល់ ឬ​ប្រមូល​ធាតុ​ចូល​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ឡើយ៖ «តាម​ដែល​ខ្ញុំ​ដឹង ដូច​ជា មិន​មាន​ព័ត៌មាន​អំពី​ការ​ជជែក​ពិភាក្សា អំពី​ខ្លឹម​សារ​របស់​ច្បាប់​ហ្នុង ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទេ ហើយ​ខាង​សាធារណជន ក៏ដូចជា មិន​មាន​ព័ត៌មាន​ស្ដី​អំពី​ច្បាប់​ហ្នុង​ដែរ»។

លោក ប៉ិច ពិសី ថា លោក​មិន​អាច​វាយ​តម្លៃ​ពី​គុណភាព​នៃ​ច្បាប់​ថ្មី​ទាំង​ពីរ​បាន​ទេ​នេះ ព្រោះ​ស្ថាប័ន​លោក ក៏​ពុំ​ទាន់​មាន​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​នៅ​ឡើយ​ដែរ។ តែ​លោក​សង្ឃឹម​ថា ច្បាប់​ថ្មី​នេះ ឆ្លើយ​តប​នឹង​តម្រូវការ និង​អនុសាសន៍​របស់​អង្គការ អន្តរជាតិ​ដែល​ធ្វើ​ការ​ជាមួយ​រតនាគារ​ជាតិ និង​រដ្ឋាភិបាល៖ «អ្វី​ដែល​យើង​ដឹង គឺ​រាជ​រដ្ឋាភិបាល​តាក់តែង​ច្បាប់​ហ្នុង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​អង្គការ​ដែល​ធ្វើ​ការ​វាយ​តម្លៃ គឺ​អង្គការ FATF ហើយ​នឹង​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​ដែល​ដាក់​ចេញ​ជា​ដើម ហើយ​ក៏​មាន​អនុសាសន៍​ផ្សេង​ទៀត ដែល​ខាង​អង្គការ OECD គេ​ដាក់​ជូន​យូរ​មក​ហើយ។ ខាង​ធនាគារ​ជាតិ និង​អង្គភាព​ដែល ធ្វើ​ការ​ប្រឆាំង​នឹង​ការ​លាង​លុយ ក៏​គាត់​ដឹង​អំពី​អនុសាសន៍​មួយ​ចំនួន ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យន្តការ​អន្តរជាតិ​ហ្នុង»។

ដូចគ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប​ទៀត ដែល​ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា អង្គការ​របស់​លោក ក៏​ពុំ​ដែល​ត្រូវ​តំណាង​រដ្ឋាភិបាល​អញ្ជើញ​ឲ្យ​ចូលរួម​ពិគ្រោះ​យោបល់​ទាក់ទង​នឹង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ដែរ៖ «ចំពោះ​លីកាដូ យើង​អត់​បាន​ចូលរួម​ទេ។ អង្គការ​ផ្សេង ខ្ញុំ​អត់​ដឹង​ដែរ។ លីកាដូ​យើង​ទើប​តែ​ដឹង​នៅ​ពេល​ដែល​គណៈរដ្ឋមន្ត្រី​ប្រជុំ​អនុម័ត​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​បញ្ជូន​ទៅ​រដ្ឋសភា…។ ដើម្បី​ឲ្យ​ច្បាប់​ហ្នុង​វា​ល្អ ទាល់​តែ​មាន​ការ​ទាញ​ចូល​គ្រប់​ធាតុផ្សំ បាន​ន័យ​ថា មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ ជា​ពិសេស អ្នក​ជំនាញ ឬ​ក៏​ការ​ប្រមូល [ធាតុ​ចូល] ពី​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ជា​មតិ​យោបល់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​ហ្នុង​វា​បាន​ល្អ​ទៅ ដើម្បី​កុំ​ឲ្យ​មាន​ការ​រិះគន់»។

អាស៊ី​សេរី ក៏​បាន​ព្យាយាម​ទាក់ទង​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី ដើម្បី​ចង់​ដឹង​បន្ថែម​ពី​ការ​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ច្បាប់​ទាំង​ពីរ​នេះ ក៏ប៉ុន្តែ លោក​មិន​លើក​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី៣ មិថុនា។

ការ​គ្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​សំខាន់​ទាំង​ពីរ​នេះ កើត​មាន​ឡើង​ភ្លាមៗ មិន​ដល់​មួយ​ខែ​ផង ក្រោយ​គណៈកម្មការ​អឺរ៉ុប ដែល​ជា​សាខា​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ បង្ក​ការ​គំរាម​កំហែង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។ ទន្ទឹម​គ្នា​នោះ កម្ពុជា​បាន​ជាប់​ឈ្មោះ​ពីរ​ឆ្នាំ​ជាប់​គ្នា ក្នុង​បញ្ជី​ប្រផេះ​នៃ​ប្រទេស​លាង​លុយ​កខ្វក់​របស់ ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ពិភព​លោក​ឈ្មោះ FATF។

ការ​ដាក់​ចំណាត់​ថ្នាក់​នេះ ត្រូវ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា នឹង​មិន​ត្រឹម​តែ​ធ្វើឲ្យ បាត់បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគទុន​អន្តរជាតិ​លែង​ហ៊ាន​មក​វិនិយោគ នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ក្នុង​ស្រុក ជួប​ការ​លំបាក​ក្នុង​ការ​បង្វិល​ប្រាក់ ឬ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ ជាមួយ​ប្រទេស​ជា​ដៃគូ​អន្តរជាតិ​ដែរ។ មិនតែប៉ុណ្ណោះ វា​ក៏​ឆ្លុះ​ឲ្យ​ឃើញ​ពី​ការ​បាត់បង់​ថវិកា​ជាតិ ដោយសារ​តែ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក​នៅ​បរទេស ក្រោម​រូបភាព ជា​ការ​បណ្តាក់​ទុន​វិនិយោគ ឬ​ជា​ការ​ទិញ​អចលន​ទ្រព្យ។

ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​ច្បាប់​ថ្មី​នេះ នឹង​មាន​វិសាលភាព​ដាក់​ទោស​ទណ្ឌ​ដល់​ពួក​អ្នក​មាន អំណាច​ខ្មែរ​ដែល​លួច​លុយ​ជាតិ​យក​ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​ជា​ការ​សម្អាត​ប្រាក់ លោក ឡេង ប៉េងឡុង ព្យាយាម​បដិសេធ​បញ្ហា​នេះ៖ «ខ្ញុំ​អត់​បាន​ដឹង​ថា មាន​នរណា​យក [លុយ] ទៅ​លាក់ យក​ទៅ​អី​ទេ។ ក៏ប៉ុន្តែ ច្បាប់​នេះ ចេញ​មក​ដើម្បី​ហ្នុង​គ្រប់គ្រង​ហិរញ្ញប្បទាន គឺ​ការ​លាង​លុយ ការ​សម្អាត​ប្រាក់ គឺ​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​ហើយ»។

ផ្អែក​តាម​របាយការណ៍​របស់​ស្ថាប័ន​ស្រាវជ្រាវ​ឈ្មោះ សុចរិត​ភាព​ហិរញ្ញវត្ថុ​សាកល (Global Financial Integrity) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ជា​មធ្យម លំហូរ​ហិរញ្ញវត្ថុ ខុស​ច្បាប់​ពី​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា មាន​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ជិត ១ពាន់​លាន ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៦ តែ​មួយ​ឆ្នាំ យ៉ាង​ហោច​ណាស់ ទឹក​ប្រាក់​ចំនួន​ជិត ២ពាន់​លាន​ដុល្លារ (១,៨ពាន់​លាន​ដុល្លារ) ត្រូវ​បាន​គេ​សម្អាត​ចេញ​ពី​ប្រទេស​កម្ពុជា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី ពុំ​មាន​ជំនឿ​ថា ការ​ធ្វើ​ច្បាប់​ថ្មី​ទាំង​នេះ​អាច​ទប់​ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​បាន​ឡើយ។ លោក​ធ្លាប់​លើក​ឡើង​ថា ទាល់តែ​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ​បច្ចុប្បន្ន ដែល​លោក​ហៅថា «ចោរាធិបតេយ្យ» ចោល​តែ​ម្តង ហើយ​ដាក់​ជំនួស​មក​វិញ ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ពិតប្រាកដ ទើប​អាច​ដោះស្រាយ​បញ្ហា​លាង​លុយ​កខ្វក់​នេះ​បាន៕

No comments: