Friday 12 June 2020

ក្រុម​ស្ត្រី​វិស័យ​សេវា​កម្សាន្ត​ស្នើ​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​៤០​ដុល្លារ​ក្នុង​មួយ​ខែ និង​សម្រួល​ថ្លៃ​ម្ចាស់​ផ្ទះ​ជួល ដោយ ទីន ហ្សាការីយ៉ា


2020-06-11
rfa
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
RFA




ក្រុម​ស្ត្រី​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ចំនួន ៣០​នាក់ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​ពី​រដ្ឋាភិបាល​។ ក្រៅពី​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​នោះ ក្រុម​ស្ត្រី​ទាំងនេះ ក៏​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​សម្រួល​ជាមួយ​ម្ចាស់​ផ្ទះ​ជួល ឱ្យ​បញ្ចុះ​តម្លៃ​ផ្ទះ​ជួល​ថែមទៀត ដោយសារតែ​ពួកគាត់​បង់​ការងារ​ធ្វើ បាត់បង់​ចំណូល បណ្ដាល​មក​ពី​ជំងឺ​កូវីដ-១៩។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ដែល​ចេញ​មក​ទទួល​ញត្តិ​ស្នើសុំ​របស់​ពួកគាត់ ហើយ​សន្យា​ថា នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដើម្បី​ពិនិត្យ​មុននឹង​សម្រេច​ថា យ៉ាងណា​នោះ។

ក្រុម​ស្ត្រី​ធ្វើការ​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​រួមមាន អ្នកធ្វើការ​នៅ​តាម​ហាង​ខារ៉ាអូខេ ហាង​ម៉ាស្សា និង​ស្ប៉ា​ជាដើម ចំនួន ៩៩​នាក់ បាន​ផ្ដិតមេដៃ​លើ​ញ្ញតិ​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ នេះ​ជា​ការ​ដាក់​ញត្តិ​លើក​ទី​២ ក្រោយពី​ការ​ដាក់​ញត្តិ​លើក​ទី​១ មិន​ទទួល​បាន​កា​ឆ្លើយតប​ពី​រដ្ឋាភិបាល។


ស្ត្រី​ក្នុង​វិស័យ​សេវា​កម្សាន្ត​ម្នាក់​ដែល​សុំ​ឱ្យ​ហៅ​ឈ្មោះ​ក្រៅ​ថា ស្រី​ដា ឱ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​សព្វថ្ងៃ​កំពុង​មាន​ផ្ទៃពោះ ហើយ​ថែមទាំង​បាត់បង់​ការងារ ដូច្នេះ​ធ្វើ​ឱ្យ​លោកស្រី​ជួប​ការ​លំបាក​ស្ទើរ​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល​។ លោកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​គ្រា​ដែល​លោកស្រី​ជួប​បញ្ហា​លំបាក​នេះ។ «»

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ទទួលបន្ទុក​ខាង​ដោះស្រាយ​វិវាទ និង​កូដកម្ម លោក និន វណ្ណៈ ដែល​ចេញ​មក​ទទួល​ញត្តិ​ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​មិនទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ក្រុម​ស្ត្រី​ទាំងនេះ​ក្នុង​ពេលនេះ​បានទេ ប៉ុន្តែ​លោក​សន្យា​ថា នឹង​បញ្ជូន​សំណើ​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង ធ្វើ​ការ​ពិនិត្យ​។ លោក​ថា នៅ​ពេល​រដ្ឋមន្ត្រី​ឆ្លើយ​តប​យ៉ាងណា​លោក​នឹង​ផ្ដល់​ដំណឹង​ទៅ​ក្រុម​ស្ត្រី​ទាំងនេះ​វិញ។ «»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​និង​សេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន ទទូច​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​ដល់​ក្រុម​ស្ត្រី​ដែល​ជួប​បញ្ហា​លំបាក​ទាំងនោះ​។ លោកស្រី សង្កេតឃើញ​កន្លង​មក រដ្ឋាភិបាល​ហាក់​ជួយ​គិតគូរ​ដោះស្រាយ​ដល់​ភាគី​ថៅកែ​ជាជាង​ការ​ដោះស្រាយ​ដល់​ក្រុម​ស្ត្រី​ជា​កម្មករ ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សង្ឃឹម​ថា​រដ្ឋាភិបាល​មិន​ទុក​ពលរដ្ឋ​ណាមួយ​ចោល​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ នេះ​ទេ។ «»

 

រដ្ឋាភិបាល​លោក ហ៊ុន សែន បានសម្រេច​បិទទ្វារ​សេវាកម្ម​សេវា​កម្សាន្ត ដូចជា ហាង​ខារ៉ាអូខេ និង​រោងភាពយន្ត កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក្នុង​ហេតុផល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​។ សហជីព​ថា ការ​បិទទ្វារ​វិស័យ​នេះ​ធ្វើ​ឱ្យ​កម្មករ​ជាង ៤​ម៉ឺន​នាក់​បាត់បង់​ការងារ ដែល​អ្នក​ទាំងនោះ​ក៏​មាន​បន្ទុក​ចិញ្ចឹម​សមាជិក​គ្រួសារ​ពួកគេ​ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត​ដែរ។

ទាក់ទង​បញ្ហា​នេះ សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង​ជា​ព្រះប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាល​ពី​​ពេល​ថ្មីៗ​នេះ​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ដល់​ស្ត្រី​ដែល​បាត់បង់​ការងារ​ក្នុង​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ​ដែរ។ «»

អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើង​ថា អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត ជាពិសេស​ស្ត្រី​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ហើយ​នៅ​ពេល​ជួប​បញ្ហា​សព្វថ្ងៃ ពួកគាត់​ក៏​គ្មាន​លទ្ធភាព​ស្វែងរក​ប្រាក់ចំណូល​ដទៃ​ទៀត ដើម្បី​ចំណាយ​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​ដែរ ដូចជា​ចំណាយ​ទៅលើ បង់ថ្លៃ​ទឹក ភ្លើង ថ្លៃទឹកដោះ​គោ​កូន ចំណាយ​លើ​ម្ហូប​ប្រចាំថ្ងៃ សូម្បីតែ​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង​ក៏​គ្មាន ពិសេស​ពួកគាត់​ប្រឈម​នឹង​ការ​​បណ្ដេញ​ចេញពី​បន្ទប់​ជួល​ថែម​ទៀត ដោយសារ​គ្មាន​លុយ​បង់​ឱ្យ​ម្ចាស់ផ្ទះ៕

No comments: