Thursday, 30 July 2020

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រក​អន្តរាគមន៍​ពីសង្គម​ស៊ីវិល​ឱ្យ​ជួយ​ផ្នែក​ច្បាប់​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​ក្នុង​ពេល​តវ៉ា


ដោយ ជាតិ ចំណាន
2020-07-28
ភរិយា​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា ចាប់លើក​ចេញ​ពី​មុខខ្លោងទ្វារ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី​​ពីពន្ធនាគារ​វិញ។
ភរិយា​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា ចាប់លើក​ចេញ​ពី​មុខខ្លោងទ្វារ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី​​ពីពន្ធនាគារ​វិញ។
រូប៖ ហ្វេសប៊ុក



ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​តំណាង​ឱ្យ ១៧នាក់ ​ដែល​ប្ដី​ជាប់​ឃុំ​ពន្ធនាគារ នៅ​រសៀល​ថ្ងៃ​ទី២៨ កក្កដា ទៅ​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់ ករណី​អាជ្ញាធរ​ប្រើ​ហិង្សា​ក្នុង​ពេល​ពួក​គាត់ នៅ​ពេល​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌ​ទូល​គោក​រាជធានី​ភ្នំពេញ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ឃឹម ភាណា គឺ​លោកស្រី​សុខ បូ​លីម៉ា ថ្លែង​ថា មូលហេតុ​ដែល​លោកស្រី​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល ព្រោះ​ខឹង​នឹង​កង​សន្តិសុខ​និង​ប៉ូលិស​ខណ្ឌ ៧មករា បាន​ប្រើ​ហិង្សា ចាប់​អូស​ពួក​លោកស្រី​ទាំង​កម្រោល កាលពី​ថ្ងៃ​ទី២៤ កក្កដា។ លោកស្រី​ចង់​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​យក​រឿង​អាជ្ញាធរ​បង្ក្រាប​ពួក​គាត់​នេះ ប្ដឹង​ទៅ​អង្គការ​អន្តរ​ជា​តិ​ធំៗ​នៅ​លើ​ពិភពលោក​ឱ្យ​បាន​ដឹង​ឮ និង​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា៖ «គាត់​សួរ​ខ្ញុំ​ហេតុ​អី​បាន​អត់​ដាក់​ទៅ​តុលាការ មូលហេតុ​ដែល​ខ្ញុំ​អត់​ដាក់​ទៅ​តុលាការ​ដោយសារ​ខ្ញុំ​អត់​មាន​ជំនឿ​លើ​តុលាការ។គ្រាន់តែ​ខ្ញុំ​ស្រែក​ទាមទារ​ថា សុំ​ដោះ​លែងៗ គាត់​មក​ធ្វើបាប​ខ្ញុំ​ទៀត បាន​ន័យ​គាត់​ជាន់​ឈ្លី​កិត្តិយស​ពួក​ខ្ញុំ​ជា​ស្ត្រី​ទន់​ខ្សោយ ខ្ញុំ​មិន​អាច​ទទួល​យក​បានទេ ជា​ទង្វើ​អមនុស្សធម៌​ណាស់ ហើយ​ប្ដី​របស់​ពួក​ខ្ញុំ​អត់​មាន​ខុស​អី​ដូច​តុលាការ​ចោទ​ប្រកាន់​ទេ»។


កាលពី​ថ្ងៃទី២៤ កក្កដា​ប្រពន្ធ​នឹង​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ៥០នាក់ ​នាំគ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​និង​ឪពុក​របស់​ពួក​គេ​ជាបន្ទាន់ ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ការ​តវ៉ា​នេះ​ត្រូវ​បាន​កង​សន្តិសុខ​និង​ប៉ូលិស ៧មករា​ ប្រើ​ហិង្សា​បង្ក្រាប​ក្រុម​បាតុករ​បណ្ដាល​ឱ្យ​ស្ត្រី ៥នាក់​របួស​រលាត់​ដៃ​ឈាម និង​គ្រេច​ចង្កេះ។

លោកស្រី​សុខ បូ​លីម៉ា ឱ្យ​ដឹង​ថា លោកស្រី​ប្ដឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក (Adhoc) រួចហើយ​នៅ​រសៀល​ថ្ងៃ​ទី២៨ កក្កដា ដើម្បី​ឱ្យ​អង្គការ​ទាំង​នោះ​ជួយ​អន្តរាគមន៍​ពួក​គាត់។ លោកស្រី​សំណូមពរ​ឱ្យ​អង្គការ​ទាំង​នោះ ផ្ដល់​ប្រឹក្សា​ផ្លូវច្បាប់ ដើម្បី​ឱ្យ​ពួក​គាត់​តវ៉ា​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ស្នើ​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល តាម​ឃ្លាំមើល​ពួក​គាត់​តវ៉ា​នៅមុខ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសុក្រ​ចុង​សប្ដាហ៍​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​មិន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ា​នោះ​ទេ ប៉ុន្តែ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់។ លោក​បន្ត​ថា ប្រសិនបើ​មិន​គោរព​និង​បំពាន​លើ​វិធានការ​សុវត្ថិភាព​របស់​សមត្ថកិច្ច​ដែល​ការពារ​សណ្ដាប់ធ្នាប់ នោះ​ហើយ​ជា​ការបំពាន​ច្បាប់៖ «ការ​តវ៉ា​វា​ជា​សិទ្ធិ​របស់​ពួក​គាត់​ទេ ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិពល​អី ឬក៏​ការ​ជ្រៀតជ្រែក​ការសម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ​ទេ។ តែ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​តែ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​បំពាន​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ អា​ហ្នឹង​សមត្ថកិច្ច​នឹង​មាន​វិធានការ​ទប់ស្កាត់​ហើយ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ដែល​តែងតែ​ចុះ​ឃ្លាំង​ការ​តវ៉ា​នេះ កត់​សំគាល់​ថា ក្រុម​ស្ត្រី​ទាំងនោះ​នាំគ្នា​តវ៉ា​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់។ លោក​បញ្ជាក់​ថា ក្រោយពី​ទទួល​ដំណឹង​របស់​ពលរដ្ឋ​នេះ លោក​នឹង​ចុះ​ឃ្លាំមើល​រឿង​នេះ​បន្ត​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ព្រួយ​បារម្ភ​ថា ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​បក្ស​ប្រឆាំង​ទាំងនេះ​អាច​នឹង​រីក​រាលដាល​ធំឡើង បង្ក​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​នៅ​ពេល​ខាង​មុខ ប្រសិនបើ​តុលាការ​មិនបាន​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់៖ «គួរតែ​មាន​វិធានការ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ធ្វើការ​អន្តរាគមន៍ ដោះលែង​ឱ្យ​មាន​សេរីភាព​ដល់​អ្នក​ទាំងអស់​ហ្នឹង ដើម្បី​ពួក​គាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​វិញ ពីព្រោះ​ពួក​គាត់​ទាំងអស់​ដែល​ទាមទារ​តវ៉ា គាត់​មាន​ជំនឿ​យាំង​មុតមាំ​ថា​ប្ដី​របស់​គាត់​អត់​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការចោទប្រកាន់​ទេ គឺជា​រឿង​នយោបាយ​ដោយ​ពួក​គាត់​ទាំង​អស់​គ្នា​គាត់​យល់​នៅ​ក្នុង​រឿង​ហ្នឹង ថា​ប្ដី​របស់​ពួក​គាត់​ខុស​រឿង​ព្រហ្មទណ្ឌ​ណាមួយ​ទេ គឺ​រឿង​បង្ក្រាប​ផ្នែក​នយោបាយ​សុទ្ធសាធ»។

ការ​តវ៉ា​របស់​ប្រពន្ធ​បក្ស​ប្រឆាំង​ទាំង​នោះ ដោយសារ​តែ​ពួក​គាត់​មិន​ពេញចិត្ត​នឹង​តុលាការ​ចាប់​ប្ដី​របស់​ពួក​គាត់​ដែល​ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៧នាក់ ដាក់​ពន្ធនាគារ​ព្រៃស​ជា​បន្ត​បន្ទាប់​តាំង​ពី​ខែ​មករា​រហូត​មក។ ពួក​គាត់​ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច៕

1 comment:

Anonymous said...

Just remember that the Law of Kdor Ah Hun Sen cannot be touched,