Thursday, 30 July 2020

អ្នក​ជំនាញ​កសិកម្ម​បារម្ភ​ពី​កសិដ្ឋាន​ចម្ការ​ចេក​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​អាច​ធ្វើឲ្យខូច​ខាត​ដល់​បរិស្ថាន


ដោយ ហេង រស្មី
2020-07-29
rfa
ផ្លែ​ចេក ដែល​តាំង​លក់​នៅ​ផ្សារ​នាគមាស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០។
ផ្លែ​ចេក ដែល​តាំង​លក់​នៅ​ផ្សារ​នាគមាស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ



អ្នក​ជំនាញ​កសិកម្ម​បារម្ភ​ពី​កសិដ្ឋាន​ចម្ការ​ចេក​របស់​ចិន​នៅ​កម្ពុជា​អាច​ធ្វើឲ្យខូច​ខាត​ដល់​បរិស្ថាន និង​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយសារតែ​ថ្នាំ​គីមី ​ដែល​យក​ទៅ​ប្រើប្រាស់​លើ​ចម្ការ​ចេក​អាច​ហូរ​ចូល​ទឹកស្ទឹង បឹង និង​ទន្លេ ប្រសិនបើ​ពុំ​មានការ​ទប់ស្កាត់។ មន្ត្រី​រដ្ឋាភិបាល​ថា កម្ពុជា​ចេះគិតគូរ​ច្បាស់លាស់​ពី​បញ្ហា​បរិស្ថាន​មុននឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​បើក​កសិដ្ឋាន​ដាំចេក​នៅ​​កម្ពុជា។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំង​កុមារ បញ្ជាក់​ថា លោក​មិន​ជំទាស់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត ឱ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ដាំ​ចេក​នៅ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ជាមុន​សិន។

លោក​និយាយ​ថា ក្រុមហ៊ុន​ចិន​ត្រូវ​ដាំដុះ​តាម​ស្តង់ដារ​បរិស្ថាន​ដែរ ដូចជា​ចម្ការ​កុំ​ឈូស​ឆាយ​ព្រៃឈើ​អស់​ពេក ហើយ​នឹង​ការ​ប្រើ​ប្រាស់​សារធាតុគីមី ​ដែល​យក​ទៅ​បាញ់​លើ​ដំណាំ​ចេក ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ជាតិគីមី​ហូរ​តាម​ទឹក​ចូល​ស្ទឹង ចូល​អូរ ដែល​ធ្វើ​ប៉ះពាល់​បរិស្ថាន​ទាំងមូល ទាំង​សត្វ និង​មនុស្ស។


លោក​បន្ត​ថា លើស​ពី​នេះ​ក្រុមហ៊ុន​ចិន​គួរតែ​សហ​ការណ៍​ជាមួយ​កសិករ​ជិតខាង​ដែល​ដាំដំណាំ​ចេក ដើម្បី​ជួយ​ឱ្យ​ពួក​គេ​មា​ឱកាស​អាច​នាំ​ផលិតផល​របស់​ខ្លួន​ចេញទៅ​ប្រទេស​ចិន​ដែរ ចៀស​វៀង​ដំណាំ​កសិកម្ម​នេះ​ទទួល​បានផល​ប្រយោជន៍​សម្រាប់​តែ​ក្រុម​ហ៊ុន​ធំៗ៖ «ផល​ប៉ះពាល់​ទៅលើ​បរិស្ថាន និង​សុខភាព ដូច​យើង​ពិបាក​វាស់​ណាស់​ពីព្រោះ​វា​មានផល​ប៉ះពាល់​ទូលំទូលាយ។ វា​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត ប៉ះពាល់​ដល់​សុខភាព ។ វា​ទាមទារ​ឲ្យ​មាន​ក្រុមហ៊ុន​ហ្នឹង​មានការ​ទទួលខុសត្រូវ។ ទាមទារ​ឲ្យ​មានការ​តាមដាន​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​ខាង​កម្ពុជា​យើង​ហ្នឹង​ជាពិសេស​ខាង​បរិស្ថាន ខាង​សុខាភិបាល»។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​កសិកម្ម​នេះ​ធ្វើឡើង​ក្រោយពី រដ្ឋបាល​គយ​ប្រទេស​ចិន​បានសម្រេច​អនុញ្ញាត​ក្រុមហ៊ុន ស៊ីង ហ៊ី​យី អា​គ្រី​ខាល់​ឈើ (Sing He Yi Agriculture Co., Ltd) និង​ក្រុមហ៊ុន​កសិកម្ម​ផ្សេងទៀត​សរុប​ចំនួន៥ បង្កើត​សហគ្រាស​ដំណាំ​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​នាំចេញ​ផ្លែ​ចេក​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។

គេហទំព័រ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ផ្សាយ​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ចិន​មាន​ចម្ការ​ចេក​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​មាន​ចំនួន​រហូតដល់ ១៥ ក្រុមហ៊ុន ដែល​នឹង​បង្កើន​ការ​ដាំដុះ​ដំណាំ​ចេក​រហូតដល់​ជាង ៨ពាន់​ហិកតារ និង​មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន ២១ កន្លែង ដើម្បី​ជួយ​លើក​កម្ពស់​លើ​សមត្ថភាព​កែច្នៃ​ផលិតកម្ម ទម្រង់​នៃ​ការ​នាំ​ចេញ និង​ការប្រកួត​ប្រជែង​របស់​ដំណាំ​ចេក​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។

អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឃី មានប្រសាសន៍​ថា កម្ពុជា​កំពុង​ត្រូវការ​ប្រញាប់​ផ្នែក​ដំណាំ​ចេក​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន។ លោក​និយាយ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ជំរុញ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិ​ឧស្សាហកម្ម ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ដើម្បីឲ្យ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-២០២៥ ដែល​នឹង​ត្រូវ​ជំរុញ​ឱ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​សម្រេច​បាន ១២​% នៃ​ផលិតផល​នាំចេញ​សរុប​នៅ​ឆ្នាំ២០២៥។

លោក​បញ្ជាក់​ថា​រដ្ឋាភិបាល កំពុង​ចរចា​បើក​ទីផ្សារ​ផលិតផល​កសិកម្ម​ចូល​ទៅកាន់​ប្រទេស​ចិន ជប៉ុន កូរ៉េ អឺរ៉ុប អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​ការ​នាំចេញ​ផលិតផល​កសិកម្ម។

លោក​បញ្ជាក់​ថា ប្រទេស​ចិន​ពេលនេះ​បាន​យល់ព្រម​ឱ្យ​ផលិតផល​ចេក​ស្រស់​នាំចូល​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​ស្រប​តាម​វិធាន​បច្ចេកទេស និង​មិន​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​គ្រប់គ្រង​ហិរញ្ញវត្ថុ លោក ង៉ែត ជូរ មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ដាំ​ដំណាំ​ចេក​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានផល​ប្រយោជន៍​រយៈ​ពេល​ខ្លី​ដល់​ប្រជា​កសិករ​មានការ​ងារ​ធ្វើ។ ប៉ុន្តែ​សម្រាប់​រយៈ​ពេល​វែង ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា ឲ្យ​ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន ផ្ទេរ​ផ្នែក​បច្ចេកវិជ្ជា និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​កសិករ​កម្ពុជា​ក្នុង​ការ​ដាំដុះ​ដំណាំ​ចេក​ទៅតាម​បច្ចេកទេស គឺ​ជា​រឿង​ល្អ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​សេដ្ឋកិច្ច​ល្អ​ប្រសើរ​នា​ពេល​អនាគត៖ «ប៉ុន្តែ​វិធីសាស្ត្រ​ដែល​ល្អ​លើស​ពី​ហ្នឹង​ទៀត ដើម្បី​លើក​កម្ពស់ អាជីវកម្ម​ក្នុង​ស្រុក​ គឺ​យើង​ព្យាយាម​ធ្វើ​យ៉ាងណា​ ដើម្បី​ឱ្យ​ចិន​ដែល​មក​បង្កើត​គឺ​ជា​ដៃគូ សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក។ អ៊ីចឹង​ចង់​មិន​ចង់​ការ​ផ្ទេរ​បច្ចេកទេស និង​ឱកាស បាន​ផល​ចំណេញ​ហ្នឹង​គេ​មិន​យក​ទៅ​វិញ​ទៅ​ក្រៅ​ប្រទេស​ហ្នឹង​ទាំងស្រុង​ទេ​គឺ​នឹង​រីក​នៅ​ក្នុង​ស្រុក​អីចឹង»។

ប្រទេស​ចិន បាន​ចរចា​ជាមួយ​កម្ពុជា​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ ដើម្បី​នាំ​ចូល​បន្លែ និង​ផ្លែ​ឈើ​ពី​ប្រទេស​កម្ពុជា តែ​មិន​បាន​ទទួល​លទ្ធផល​ដោយសារ​តែ​ផលិតផល​នាំចូល​ពី​កម្ពុជា មិន​ស្រប​តាម​បទដ្ឋាន​ម្ហូបអាហារ​របស់​ប្រទេស​ចិន។ បន្ទាប់ពី​ការចរចា​គ្នា​អស់​ពេល​មួយ​រយៈ ទើប​ប្រទេស​ទាំង​ពីរ​បានសម្រេច​ឈាន​ទៅដល់​កិច្ច​ព្រមព្រៀង​មួយ​នៃ​ការនាំចូល​ផ្លែ​ចេក​ពី​ប្រទេស​កម្ពុជា កាលពី​ខែសីហា ឆ្នាំ២០១៨។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​កសិកម្ម និង​សេដ្ឋកិច្ច​យល់ថា​រដ្ឋាភិបាល​កម្ពុជា​គួរតែ​គិតគូរ​ពី​បញ្ហា​បរិស្ថាន នឹង​ការ​ប្រើ​ប្រាស់​សារធាតុគីមី​ដែល​ប្រើប្រាស់​លើ​ដំណាំ​ចេក​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ៕

ចេកអំបូងនៅកន្លែងលាងសម្អាត​ក្នុង​ក្រុមហ៊ុនមួយនៅខេត្ត​រតនគិរី។ រូប៖ រដ្ឋបាលខេត្តរតនគិរី
ចេកអំបូងនៅកន្លែងលាងសម្អាត​ក្នុង​ក្រុមហ៊ុនមួយនៅខេត្ត​រតនគិរី។ រូប៖ រដ្ឋបាលខេត្តរតនគិរី

No comments: