ដោយ សេក បណ្ឌិត
2020-08-10
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក្នុងពេលចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុកគណបក្សខ្មែរឈ្នះ
រូប៖ ហ្វេសប៊ុកគណបក្សខ្មែរឈ្នះ
អាជ្ញាធរសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សខ្មែរឈ្នះ ធ្វើបាតុកម្មទាមទារដោះលែង លោក រ៉ុង ឈុន តាមការស្នើសុំនោះទេ ដោយសំអាងហេតុផលថា ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការធ្វើបាតុកម្មជាការដាក់សម្ពាធលើប្រព័ន្ធតុលាការ និងបញ្ហាវិបត្តិការរីករាលដាលជំងឺកូវីដ១៩ (Covid-19) ជាដើម។
អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន ប្រាប់អាស៊ីសេរីថា ក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី១០ សីហា អាជ្ញាធរចម្រុះ បានព្រមានបង្ក្រាបនៅនឹងកន្លែង និងការលុបគណបក្សខ្មែរឈ្នះចេញពីបញ្ជីក្រសួងមហាផ្ទៃ ប្រសិនបើជម្នះធ្វើបាតុកម្មប្រឆាំងបម្រាបរបស់អាជ្ញាធរ។ លោក យិន ឈឿន ហៅការព្រមាននេះថា ជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់គណបក្សនយោបាយ និងអះអាងថា គណបក្សរបស់លោក នៅតែរក្សាជំហរធ្វើបាតុកម្មដដែល ប៉ុន្តែរង់ចាំការសម្រេចពីកិច្ចគណបក្សជាថ្មីសិន នៅថ្ងៃទី១២ សីហា។
លោក យិន ឈឿន អះអាងថា អាជ្ញាធររាជធានីភ្នំពេញ បានរំលោភច្បាប់បាតុកម្ម ព្រោះអាជ្ញាធរមិនអាចរារាំងការធ្វើបាតុកម្ម សម្ដែងមតិ ដោយអហិង្សាបានទេ។ លោកអះអាងថា ការធ្វើបាតុកម្ម មិនចាំបាច់មានការអនុញ្ញាតពីអាជ្ញាធរអនុញ្ញាត ព្រោះច្បាប់គ្រាន់តែឲ្យជូនដំណឹងប៉ុណ្ណោះ មិនបានឲ្យសុំការអនុញ្ញាតទេ។
គណបក្សខ្មែរឈ្នះ គ្រោងធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌឫស្សីកែវ រយៈពេល ៤ថ្ងៃ គឺនៅថ្ងៃទី១៦ ថ្ងៃទី២០ ថ្ងៃទី២៣ និងថ្ងៃទី៣០ សីហា ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន។ តាមគម្រោងគណបក្សនេះ រំពឹងថា នឹងមានអ្នកចូលរួមច្រើន ទាំងគ្រូបង្រៀន កម្មករ និងព្រះសង្ឃ ហើយក្រុមបាតុករ នឹងសម្ដែងមតិ ហែក្បួនបាតុកម្ម ក្នុងទីលានប្រជាធិបតេយ្យថ្មី ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។
នាយកទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស នៃសាលារាជធានីភ្នំពេញ លោក កាំង លាងគ្រី បដិសេធមិនផ្ដល់បទសម្ភាសន៍ទេ ដោយបង្វែរឲ្យសួរទៅអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី វិញ ខណៈមន្ត្រីនាំពាក្យរូបនេះ មិនទទួលទូរស័ព្ទ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ សង្កេតឃើញថា រដ្ឋាភិបាលព្យាយាមគ្រប់គ្រងពលរដ្ឋ មិនឲ្យមានលទ្ធភាព ធ្វើសកម្មភាពតវ៉ា ទាមទារដោះលែង លោក រ៉ុង ឈុន បានឡើយ ហើយអាជ្ញាធរ បានរឹតត្បិតខ្លាំង រាល់ក្រុមអ្នកតវ៉ាទាមទារដោះលែង លោក រ៉ុង ឈុន ទាំងអស់ រួមទាំងក្រុមយុវជន។ កញ្ញាយល់ថា រដ្ឋាភិបាលទំនងជាព្រួយបារម្ភថា ការធ្វើបាតុកម្មទាំងឡាយ អាចរីកធំ ទើបចាត់វិធានការគ្រប់គ្រងមិនឲ្យមានបាតុកម្មកើតឡើង។ ប៉ុន្តែយ៉ាងណាក្ដី អ្នកវិភាគរូបនេះ ចង់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ពលរដ្ឋ ជាជាងការរារាំងពលរដ្ឋ មិនឲ្យបញ្ចេញសិទ្ធិសេរីភាពរបស់ខ្លួន៕
2 comments:
Suong Sophorn should lead a peaceful demonstration demanding the unconditional release of Rong Chhun.
Ah Chor Pnek Muoy Hun Sen is devil who was born to help the evil Vietnam swallow Cambodia.
The time is right for Khmer people to wake up and say "hello hell" to Ah Chos Kauot Hun Sen.
Post a Comment