ដោយ ម៉ៅ សុធានី
2020-08-09
ដើមឈើដួលរលំ តាមដងផ្លូវនៅរាជធានីភ្នំពេញ បន្ទាប់ពីភ្លៀងលិច កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
Photo courtesy of Urban Voice Cambodia
ប្រជាពលរដ្ឋ ក្នុងទីក្រុង ភ្នំពេញស្ទើរគ្រប់ខណ្ឌសង្កាត់ទាំងអស់ ត្អូញត្អែររឿងជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យទឹកលិចផ្លូវធ្វើដំណើរមិនបាន បាត់បង់ទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគាត់ងាយប្រឈមការលង់ទឹក។ អាជ្ញាធររាជធានីភ្នំពេញឆ្លើយថាមកពីភ្លៀងធំពេក ទើបទប់ជំនន់មិនឈ្នះ តែខាងអង្គការសង្គមស៊ីវិលថា ទឹកលិចក្រុងព្រោះតែការលុបបឹងបួអស់។
ប្រជាពលរដ្ឋនៅ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោកលោកស្រី លីម សក្តា ត្អូញថា ភ្នំពេញឥឡូវជំនន់ទឹកភ្លៀងចង់រាល់ថ្ងៃ ហើយពេលភ្លៀងម្ដងៗ ទឹកហូរពីថ្នល់ចូលមកផ្ទះផង ទឹកផុស ពីលូឡើងមកផង ទប់មិនឈ្នះទាល់តែទឹកស្រក់ទៅដោយខ្លួនឯង។
លោកស្រី លីម សក្ដា ថា ពេលទឹកលិចផ្ទះម្ដងៗលោកស្រី តែងតែ បង្ខាំងកូនតូចឲ្យនៅលើ គ្រែរាប់ម៉ោង ហើយបិទកុងតាក់ភ្លើងទៀត ព្រោះខ្លាចភ្លើងឆក់។ ចំណែក នៅក្នុងផ្ទះវិញ លោកស្រីថា នៅពេលទឹកស្រកអស់ ទោះជាជូតស្ងួតហើយក៏ដោយ ក៏នៅតែជាប់ចំហាយក្លិនអសោច នៃទឹកលូដែរ ហើយក្លិនមិនល្អនេះបានធ្វើឲ្យលោកស្រី និងកូនតូច មានជំងឺផ្ដាសាយជាប្រចាំ៖ «ឱ! មេឃស្រទំៗ អីចឹងខ្លាចតែភ្លៀង អត់ហ៊ានទៅណាឆ្ងាយទេ ព្រោះខ្លាចលិចដូចពីម្សិល ពីម្សិលបាចទឹកមួយល្ងាចហើយ ឥឡូវមិនបាច់និយាយច្រើនទេ ភ្លៀងតែកន្លះម៉ោងក៏លិចដែរ លិចទាំងអស់ហ្នឹង លិចចូលផ្ទះ។ ខ្សែភ្លើងអីនៅពាសពេញ តែទឹកវាចូលទៅវាលំបាក ព្រោះវាមានស្តុកអីវ៉ែអីវ៉ាន់ មានអង្ករ មានអីមានអាកុល មានអី ពេញទឹកពេញដីហ្នឹង កុំតែមានអីវ៉ាន់អត់អីទេ លិចបណ្ដែតទាំងមនុស្សទៀត ក៏អត់អីដែរ អី ៗ ទៅ»។
ចំណែក ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ លោកស្រី សេង អមរា ត្អូញត្អែរថា រាល់ថ្ងៃនៅកន្លែងធ្វើការឲ្យតែឃើញមេឃងងឹត លោកស្រីចេះតែខ្វល់ខ្វាយក្នុងចិត្តខ្លាចកូនតូច ៗនៅផ្ទះចុះលេងទឹក បណ្ដាលឲ្យមានគ្រោះថ្នាក់។
លោកស្រីបន្តថា ពេលមានភ្លៀងធ្លាក់ ទឹកលិចតាមផ្លូវ ធ្វើឱ្យលោកស្រីត្រូវចំណាយពេលយ៉ាងតិចក៏ ២ម៉ោងដែរ ទើបមកដល់ផ្ទះ ដែលធម្មតាចំណាយពេលត្រឹមកន្លះម៉ោងប៉ុណ្ណោះ៖ «ព្រោះអីផ្លូវដេអិន ផ្លូវឃ្លាំងរំសេវអីលិចអស់ហើយ ផ្លូវទាបៗ តាមភូមិលិចតើអ៊ុំ ខ្ញុំឥឡូវនៅភូមិឫស្សី ភូមិឫស្សីលិចដែរហ្នឹង ម្សិលមិញលិចឡើងត្រឹមជង្គង់។ អត់ដែលលិចអីចឹងទេ ម្សិលមិញលិចទីស្នាក់ការភូមិ ដោយសារស្រុកយើងលុបបឹង លុបអីហ៎ ដល់អីចឹងរកផ្លូវហូរទឹកអត់មានលូតូចៗ»។
រីឯបុរសអ្នករត់ម៉ូតូឌុបម្នាក់ ឈ្មោះចៅ សំអឿន នៅសង្កាត់លេខ ១ខណ្ឌឫស្សីកែវថា ជំនន់ទឹកភ្លៀងនេះឮតែថាអាជ្ញាធរលើកផែនការណ៍ទប់ស្កាត់ៗ រាប់ឆ្នាំមកហើយ តែជំនន់ទឹកភ្លៀងនៅតែមានដដែល ។បុរសរត់ម៉ូតូឌុបរូបនេះបន្តទៀតថា ពេលណាលោកឃើញមេឃងងឹតភ្លៀងម្ដងៗ លោកដឹងច្បាស់ថា ថ្ងៃហ្នឹងលោកអត់ លុយសម្រាប់ទិញម្ហូបអាហារឲ្យប្រពន្ធកូនទៀតហើយ ព្រោះផ្លូវនឹងលិចគ្រប់ទិសទី មិនអាចរត់ម៉ូតូឌុបបាន៖ «មានពេលខ្លះភ្លៀងមួយម៉ោងវា ត្រូវតែលិច លិចជាបន្ទាន់ហ្មង បាទ លិចហ្នឹងវាមិនស្រកទៅវិញដោយឆាប់ទេបង ដោយសារទឹកហូរវាមិនទាន់ ដោយសារប្រព័ន្ធលូយើងមានការកកស្ទះ។ កំពុងតែរត់ៗ ចឹងទៅទឹកលិច រលត់ម៉ូតូ អូសម៉ូតូរាប់គីឡូដីណាបង អីចឹងទៅឲ្យលំបាកក្នុងការរកប្រាក់ ចិញ្ចឹមកូនចិញ្ចឹមប្រពន្ធ ឃើញថា លំបាកណាស់បង»។
ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ សីហានេះថា ទឹកលិចទីក្រុងភ្នំពេញពេលនេះ មកអំពីភ្លៀងខ្លាំង មិនមានមូលហេតុអ្វីក្រៅពីនេះទេ។ លោកបន្តថា ជំនន់ទឹកភ្លៀងពេលនេះខ្ពស់ណាស់ កើនរហូតទៅដល់ ១០៥) មីលីម៉ែត្រ។ លោកថា ជាធម្មតា កម្ពស់ទឹកតែត្រឹម ៧០មីលីម៉ែត្រ គឺពិបាកទប់ទល់ណាស់ទៅ ហើយស្ថានបែបនេះមិនមែនកើតមានតែនៅកម្ពុជាទេ តែប្រទេសជឿនលឿនក៏មានស្ថានភាពដូចកម្ពុជាដែរ។
លោក ឃួង ស្រេង អះអាងទៀតថា ឆ្នាំនេះមិនដូចឆ្នាំមុនៗទេ ព្រោះទឹកជន់លិចយូរត្រឹមកន្លះម៉ោង គឺស្រកទៅវិញហើយ ហើយពេលនេះអាជ្ញាធរកំពុងតែខ្នះខ្នែងស្ដារប្រឡាយ និងបន្ថែមចំនួនម៉ាស៊ីនបូមរំដោះទឹកចេញពីក្រុងឱ្យឲ្យបានឆាប់ជាងនេះទៀត៖ «ការពិតគឺបញ្ហា មិនមែនបញ្ហាមកពីការលុបបឹងទេ ការលុបទាំងអស់នេះ សុទ្ធមានការ ការអភិវឌ្ឍន៍សុទ្ធតែមានការ គិតគូរពីអ្នកបច្ចេកទេសជាន់ខ្ពស់ ជុំវិញបញ្ហាការរំដោះទឹក ការទប់ទល់នឹងបញ្ហាទឹកជំនន់។ល។ បានយ៉ាងល្អប្រសើរ មិនមែនជាបញ្ហាហ្នឹងទេ ។ ប៉ុន្តែគឺបញ្ហាមួយដែលទឹកភ្លៀងឡើងរហូតដល់ទៅ ១០៥មីលីម៉ែត្រ នេះជាសត្យានុម័តទូទាំងពិភពលោក មិនមែនដោយឡែកតែទីក្រុងភ្នំពេញទេ»។
ផ្ទុយពីការបញ្ជាក់របស់អាជ្ញាធរនេះ ប្រធានអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន សង្កេតឃើញថា ជំនន់ទឹកភ្លៀងនៅភ្នំពេញកើតឡើងកាន់តែខ្លាំង ក៏ព្រោះតែការលុបបឹងមួយចំនួននៅជុំវិញទីក្រុងភ្នំពេញ ដែលជាអាងសម្រាប់ផ្ទុកទឹកភ្លៀងនេះឯង។
លោក សឿង សារ៉ន លើកឡើងទៀតថា ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀងនេះ ឲ្យមានប្រសិទ្ធភាព អាជ្ញាធរគួរតែសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាដៃគូនានា ហើយលើកផែនការឱ្យច្បាស់លាស់សម្រាប់ដោះស្រាយបញ្ហានេះ៖ «រដ្ឋាភិបាលគួរតែសិក្សាអំពីផលប៉ះពាល់ អំពីការអភិវឌ្ឍន៍ឡើងវិញ និងចេញផ្សាយជាសាធារណៈ ហើយឲ្យមានអ្នកជំនាញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដើម្បីពិគ្រោះយោបល់ និងសិក្សា និងកែលំអលើប្រពន្ធដែលទាក់ទងទៅហ្នឹងទឹកក្នុងរាជធានីភ្នំពេញហ្នឹងបាទ»។
របាយការណ៍ ២៥ទំព័រ របស់សមាគមធាងត្នោត ដែលចេញផ្សាយកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ បានលាតត្រដាងពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ បណ្ដាលមកពី អភិវឌ្ឍន៍ទីក្រុងរណប និងបុរីជាច្រើន បានចាប់ផ្ដើមចាក់ដីខ្សាច់លុបបឹងធម្មជាតិ និងតំបន់ដីសើមក្នុងរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៣ រហូតមក។ សមាគមធាងត្នោតរកឃើញថា បឹងធម្មជាតិចំនួន១៦ ត្រូវបានលុបទាំងស្រុង ហើយបឹងចំនួន១០ទៀត កំពុងចាក់លុបខ្លះៗ ក្នុងចំណោមបឹងធម្មជាតិចំនួន ២៦ នៅរាជធានីភ្នំពេញដែលចាប់តាំងពីឆ្នាំ១៩៩០មក ។ ក្នុងនោះមានបឹងមួយចំនួន ដែលការពារដោយអនុក្រឹត្យ កំពុងប្រឈមការចាក់លុបដូចគ្នាដែរ។
របាយការណ៍បន្ថែមថា បឹងធម្មជាតិ និងតំបន់ដីសើមនៅរាជធានីភ្នំពេញ អាចប្រឈមនឹងការបាត់ទាំងស្រុង ហើយប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្តទីក្រុងភ្នំពេញ និងតំបន់ជុំវិញ នឹងរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ បាត់បង់ត្រី បាត់បង់អាងប្រព្រឹត្តិកម្មទឹកកង្វក់បែបធម្មជាតិ និងប៉ះពាល់ជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋានជាដើម៕
1 comment:
Do not lament about the flood in Phnom Penh.
You want only "Som Teh Sok", Ah Hun Sen Tveu Ey Tveu Touv, you Min Kwol because it was not hurt your personal interest.
Keep going chickened people !! If you don't fight for yourself, nobody is going to fight for you. The international community will help you if you help yourself first.
Post a Comment