ដោយ សេក បណ្ឌិត
2020-08-20
លោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha
មន្ត្រីគណបក្សសង្គ្រោះជាតិជំរុញទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួលយន្តហោះ ឬអនុញ្ញាតឱ្យលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ចូលប្រទេសកម្ពុជា ដើម្បីធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម។ ប៉ុន្តែសំណើនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធ។ មន្ត្រីនាំពាក្យបក្សកាន់អំណាចចោទប្រកាន់ថា លោក សម រង្ស៊ី បាន ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងសន្តិភាព ដូច្នេះមិនអាចឱ្យចូលប្រទេសកម្ពុជាបានទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក យល់ថា លោក សម រង្ស៊ី ទើបជាបុគ្គលមានប្រជាប្រិយភាពនិងអ្នកគាំទ្រច្រើន អាចកៀរគរមនុស្សមកធ្វើបាតុទ្រង់ទ្រាយធំដែលលោក ហ៊ុន សែន ចង់ឃើញ។ លោកជំរុញទៅលោក ហ៊ុន សែន ឱ្យចិត្តសឿងជួលយន្តហោះ ឬអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាដើម្បីធ្វើបាតុកម្មទាមទារយុត្តិធម៌។ លោក អ៊ុំ សំអាន បន្តទៀតថា ជម្រើសមួយទៀតគឺ លោក ហ៊ុន សែន អាចលើកលែងទោសដោយផ្ដល់សិទ្ធិសេរីពេញលេញដល់ លោក កឹម សុខា អាចធ្វើការបាតុកម្មករក្នុងប្រទេសក៏បានដែរ៖ «អនុញ្ញាតឱ្យលោក សម រង្ស៊ី ដើម្បីចូលទៅក្នុងប្រទេសវិញដឹកនាំបាតុកម្មព្រោះលោក គឹម សុខ គាត់មានកម្រិតប្រជាប្រិយភាពគាត់នៅមានកម្រិត ប៉ុន្តែលោក សម រង្ស៊ី គាត់មានកម្លាំងគាត់កន្លះប្រទេសតែម្ដង»។
ការលើកឡើងរបស់លោក អ៊ុំ សំអាន បែបនេះ ក្រោយពេលលោក ហ៊ុន សែន និយាយកាលពីប៉ុន្មានថ្ងៃនេះថា លោកនឹងបញ្ជូនយន្តហោះមួយគ្រឿងទៅដឹកអ្នកវិភាគនយោបាយ លោក គឹម សុខ ពីប្រទេស ហ្វាំងឡង់ (Finland) វិលចូលស្រុកវិញ ដោយបើកឱ្យលោក គឹម សុខ អាចដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម ដើម្បីទាមទារយុត្តិធម៌សង្គម។
ឆ្លើយតបសំណើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លោក សម រង្ស៊ី ជាមនុស្សចង្រៃដូច្នេះមិនអាចឱ្យចូលប្រទេសកម្ពុជាបានទេលោកថា បើលោក សម រង្ស៊ី ចូលស្រុកអាចធ្វើឱ្យរំខានដល់ការអភិវឌ្ឍ និងសន្តិភាពដែលគណបក្សប្រជាជនកម្ពុជាកំពុងថែរក្សា។ លោកបន្តទៀត ចំពោះការចង់លោក កឹម សុខា ចេញពីធ្វើនយោបាយ គឺមិនអាចទៅរួចទេ ព្រោះករណីលោក កឹម សុខា កំពុងស្ថិតក្នុងដៃតុលាការមិនអាចមានអ្នកណាជ្រៀតជ្រែកបានឡើយ៖ «ទៅកន្លែងណាចង្រៃកន្លែងហ្នឹង ហើយយើងដឹងហើយថា កម្ពុជាកំពុងគ្របដណ្ដប់ដោយសន្តិភាពស្ថេរភាពនយោបាយប្រជាជនកម្ពុជាមិនអាចអនុញ្ញាតឱ្យជនចង្រៃនេះចូលស្រុកបានដែរព្រោះមនុស្សចង្រៃទៅកន្លែងណាគេមិនឱ្យចូលជិតគេទុកឱ្យនៅប្រទេសបារាំងហ្នឹងហើយ»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី ធ្លាប់បានព្យាយាមធ្វើដំណើរចូលប្រទេសកម្ពុជា ដើម្បីបាតុកម្មប្រឆាំង លោក ហ៊ុន សែន ប៉ុន្តែ លោក ហ៊ុន សែន ព្រមានប្រើកាំភ្លើងយន្តបាញ់ពីក្នុងលេណដ្ឋាន (ត្រង់សេ) កងទ័ពប្រឆាំងលោក សម រង្ស៊ី បើហ៊ានវិលត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនប្រទេសថៃ។ លោក ហ៊ុន សែន ថែមទាំងហាមមិនឱ្យក្រុមហ៊ុនដឹកនាំអ្នកដំណើរទាំងអស់ដឹកលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាដែរ។
អ្នកវិភាគ បណ្ឌិត សេង សារី យល់ថា ការចង់ឃើញលោក សម រង្ស៊ី ចូលស្រុកធ្វើនយោបាយ ឬធ្វើបាតុកម្ម គឺជារឿងសាកសមមួយព្រោះលោក សម រង្ស៊ី មានកម្លាំងអ្នកគាំទ្រប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច។ ប៉ុន្តែលោកថា ផ្នែកលើទិដ្ឋភាពនយោបាយសព្វថ្ងៃ លោក ហ៊ុន សែន គ្មានចេតនាចង់ឱ្យដៃគូប្រកួតប្រកួតប្រជែងនយោបាយរបស់លោកអាចដែលជាមេដឹកនាំគណបក្សប្រឆាំងមានឱកាសប្រកួតប្រជែងស្មើមុខនឹងលោកនោះទេ៖ «អតីតគណបក្សសង្គ្រោះជាតិនៅតែជាកម្លាំងនយោបាយមួយស័ក្ដិសមនៅក្នុងការប្រកួតប្រជែងក្នុងទីលាននយោបាយប្រជាធិបតេយ្យនៅកម្ពុជាហើយខ្ញុំថាជ្រុលតែរកដៃគូនយោបាយក្នុងការប្រកួតឱ្យសមជាកូនប្រុសក្នុងវិស័យនយោបាយ គឺត្រូវតែបើកឱ្យអតីតគណបក្សសង្គ្រោះជាតិអាចមានឱកាសប្រកួតប្រជែងស្នើមុខគ្នាឡើងវិញ»។
ស្រដៀងគ្នានេះដែរ ទោះយ៉ាងណា លោក អ៊ុំ សំអាន យល់ថា លោក ហ៊ុន សែន គ្មានភាពក្លាហានអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលស្រុកបាននោះទេ។ លោកលើកឧទាហរណ៍ជាក់ស្ដែងថា គ្រាន់តែក្រុមយុវជនធ្វើការទាមទារឱ្យដោះលែង លោក រ៉ុង ឈុន ក៏រដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើការបង្ក្រាប និងចាប់ខ្លួនក្រុមយុវជនទាំងនោះមិនឱ្យទាមទារដែរ៕
1 comment:
Ah Hun Sen is a chicken.
He will not even dare to let people express their opinions in Cambodia, let alone to allow Sam Rainsy to go back home to lead peaceful demonstration.
NO WAY. This Yuon's slave Hun Sen is so cheap.
Post a Comment