Wednesday, 19 August 2020

មតិ​ពលរដ្ឋ​ជុំ​វិញ​ករណី​លោក ​ហ៊ុន សែន គំរាម​ចាប់ខ្លួន​អ្នក​រិះគន់ រឿង​ព្រំដែន


ដោយ សេក បណ្ឌិត
2020-08-18
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​សួន​ទឹក​ហ្កាដិន ស៊ីធី នៅ​ភ្នំពេញ ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ២០២០ ដែល​គំរាម​ចាប់​អ្នក​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​សួន​ទឹក​ហ្កាដិន ស៊ីធី នៅ​ភ្នំពេញ ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ២០២០ ដែល​គំរាម​ចាប់​អ្នក​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម។
រូប៖ ហ្វេសប៊ុក

 

ប្រជាពលរដ្ឋ​និង​យុវជន​មួយ​ចំនួន​លើក​ឡើង​ថា ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ចាប់ខ្លួន​ជន​ទាំងឡាយ​ណា ​ដែល​រិះគន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា ​និង​វៀតណាម​នេះ កាន់តែ​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ សង្ស័យ​ជាច្រើន និង លែង​ទុកចិត្ត​រដ្ឋាភិបាល​ ក្នុង​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​កម្ពុជា​ និង​វៀតណាម។ បន្ថែម​ពី​នេះ​ក្រុម​ពលរដ្ឋ ​និង​យុវជន​ ចាត់​ទុក​ការ​លើកឡើង​នេះ ជា​ការ​ គំរាម​បិទ​សិទ្ធិ​ពលរដ្ឋ រំលោភ​ច្បាប់​កំពូល​របស់​ជាតិ​ និង​ច្បាប់​អន្តរជាតិ។

តើ​ពលរដ្ឋ​ និង​ក្រុម​យុវជន ​យល់​ឃើញ ​ចំពោះ​ការ​គំរាម​របស់​លោក ​ហ៊ុន សែន ​បែបនេះ​?

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត​នានា ហាក់​ខ្លាច​ញញើត​ មិន​ហ៊ាន​បញ្ចេញ​មតិ​ជុំវិញ ​បញ្ហា​ព្រំដែន​នោះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។ ចំណែក​ក្រុម​យុវជន​វិញ​អះអាង​ថា ​ពួកគេ​មិន​ខ្លាច​និយាយ​រឿង​ព្រំដែន​នោះ​ទេ បើ​ទោះបីជា​មាន​សារ​គំរាម​ពី​មេ​ដឹក​នាំ​រដ្ឋ​រូប​នេះ​ក្ដី។


ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ ​លោក រឿន វាសនា ថ្លែង​ថា ការ​គំរាម​របស់​លោក​ ហ៊ុន សែន​ បែបនេះ គឺ​ចង់​លាក់​បាំង​ទោស​កំហុស​ដ៏​ធំ​របស់​ខ្លួន ​ដែល​បាន​កាត់​ដី​ឱ្យ​វៀតណាម​ ដោយ​ស្ងាត់ៗ មិន​ឱ្យ​ពលរដ្ឋ​ដឹង​ឮ។ លោក​ថា ​ពលរដ្ឋ​មិន​ទុក​ចិត្ត រដ្ឋាភិបាល​ឯក​បក្ស ក្នុង​ការ​កំណត់​បង្គោល​ព្រំដែន​ដែល​ព្រមព្រៀង​ដោយ​សម្ងាត់​នោះ​ទេ៖ «គំរាម​ពលរដ្ឋ គឺ​ដើម្បី​លាក់បាំង​ទោស​កំហុស​របស់​ខ្លួន​ដែល​បាន​កាត់​ដី​ឱ្យ​យួន ​មិន​ឱ្យ​ពលរដ្ឋ​ដឹង​ឮ ​ជា​ដាច់​ខាត​គឺ​កាត់​ឱ្យ​យួន​ក្នុង​លក្ខណៈ​សម្ងាត់។ ឃុបឃិត​ជាមួយ​បក្ខ​ពួក​ជាមួយ​ ក្រុម​គ្នា​គាត់​តែ​ប៉ុណ្ណោះ ​មិន​ឱ្យ​ពលរដ្ឋ​ដឹង​ឮ​ទេ»។

យុវជន​រស់​នៅ​រាជធានី​ភ្នំពេញ ​និង​ជា​និស្សិត​ច្បាប់ ​ថ្នាក់​អនុបណ្ឌិត គឺ​កញ្ញា ហឿន ស្រីនិច ចាត់​ទុក​ការ​លើក​ឡើង​របស់ ​មេ​ដឹក​នាំ​ប្រទេស​រូប​នេះ ​គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ។ កញ្ញា​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន៖ «ការ​រារាំង​ និង​ការ​បិទ​សិទ្ធិ​ពលរដ្ឋ​របស់​លោក ហ៊ុន សែន វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ហ្នឹង​ រដ្ឋធម្មនុញ្ញ ​អីចឹង​មាន​ន័យ​ថា ​គាត់​កំពុង​រំលោភ​រដ្ឋ​ធម្មនុញ្ញ។ ជំពួក​ទី៣ នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​គេ​និយាយ ​ពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ពលរដ្ឋ​ អ៊ីចឹង​មាន​ន័យ​ថា ពលរដ្ឋ​មាន​សិទ្ធិ​ការពារ​អធិបតេយ្យ​ជាតិ​ដូច​គ្នា»។

ជា​មួយ​គ្នា​នេះ យុវជន​ទើប​តែ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ​នៅ​ប្រទេស​ថៃ​ គឺ​លោក សុត បាន យល់​ថា មេ​ដឹក​នាំ​ប្រទេស ​គួរ​តែ​ពន្យល់ ​និង​បកស្រាយ​ឱ្យ​ច្បាស់លាស់​ ប្រាប់​ពលរដ្ឋ​ពី​បញ្ហា​ព្រំដែន ​មិន​គួរ​ប្រើ​អំណាច​គំរាម​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ទេ។ លោក​ប្រតិកម្ម​ថា ​សារ​គំរាម​នេះ ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​ហាក់​ព្រមព្រៀង​ដោយ​ស្ងាត់ៗ ជា​មួយ​វៀតណាម ​បង្កើត​នូវ​ចំណុច​សង្ស័យ​ជា​ច្រើន ទាក់ទិន​ការ​កំណត់​ខណ្ឌ​សីមា​កម្ពុជា-វៀតណាម​កន្លង​ទៅ៖ «ការ​និយាយ​របស់​គាត់ ​ឃោរឃៅ​បន្តិច ​គាត់​និយាយ​បែប​ឈ្លើយ ក្នុង​នាម​យើង​ជា​ថ្នាក់​ដឹកនាំ ​យើង​ត្រូវ​មាន​ក្រមសីលធម៌​ខ្ពស់​ ក្នុង​ការ​និយាយ​ ព្រោះ​អី​យើង​ជា​គំរូ​ដល់​មហាជន​ទូទាំង​ប្រទេស​។ ​អំណាច​នៅ​លើ​គាត់​ គាត់​ចង់ថា ​ម៉េច​ក៏​បាន​ដែរ​ សម្រាប់​យើង​ជា​យុវជន ​យើង​នៅ​តែ​ស្រឡាញ់ ​និង​តាមដាន ​បញ្ហា​ព្រំដែន​ដដែល»។

កាល​ពី​ពេល​ថ្មីៗ នេះ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ព្រមាន​ចាប់​ខ្លួន​ជន​ទាំង​ឡាយ ដែល​ញុះញង់ និង​បំភ្លៃ អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​អាច​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង៖ «ឥលូវ​មក​ប៉ុន្មាន​ចាប់​ប៉ុណ្ណឹង ​រឿង​ទល់​ដែន​អត់​មាន​ឱ្យ​រញ៉េរញ៉ៃ​។ កុំថា ​រដ្ឋាភិបាល​ហ៊ុន សែន ​ផ្ដាច់ការ​ នេះ​មិនមែន​ការ​តស៊ូ​មតិ​ទេ​។ ​អ្នក​ខ្លះ​ថា​ នេះ​ជា​ការ​តស៊ូ​មតិ ​អត់​តស៊ូ​មតិ​ទេ ​នេះ​ជា​រឿង​ផ្លូវ​ច្បាប់​សុទ្ធសាធ»។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ម៉ែន ណាត ចាត់​ទុក​ការ​គំរាម​របស់​លោក ហ៊ុន សែន នេះ ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ ព្រោះ​រដ្ឋាភិបាល គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​រួម បើ​ទោះ​បី​ជា​ពលរដ្ឋ​មាន​ទស្សន​ប្រឆាំង​ក្ដី ក៏​ត្រូវ​ផ្តល់​សិទ្ធិ​ឱ្យ​ពួក​គេ​បញ្ចេញ​មតិ​យោបល់​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដែរ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ចាត់​ទុក​អ្នក​រិះគន់ ជា​ក្រុម​ប្រឆាំង គឺជា​កំហុស​មួយ​ទៀត ដែល​មេ​ដឹក​នាំ​រូប​នេះ ​នៅ​មិន​ទាន់​យល់​ ពី​តួនាទី​របស់​ខ្លួន​នៅ​ឡើយ​ទេ៖ «ន​រណា​ក៏​ដោយ​ឱ្យ​តែ​និយាយ​រឿង​ព្រំដែន ​ចាប់​ទាំងអស់​ ពលរដ្ឋ​ដែល​ប្លន់​អំណាច​ពី​ពលរដ្ឋ​ ប្លន់​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​ទៅ​វិញ​ទេ កាល​ណា​គាត់​និយាយ​អ៊ីចឹង។ ពលរដ្ឋ ​ក្រុម​សកម្មជន​ព្រំដែន ​និង​អ្នក​ធ្វើ​កិច្ចការ​ព្រំដែន​ទាំងអស់​ហ្នឹង គឺ​គាត់​ទាមទារ​តែ​មួយ​ទេ គឺ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ ​តម្លាភាព​ ដាក់​លើ​តុ ​មិនមែន​ធ្វើ​ស្ងាត់ៗ អ៊ីចឹង​ទេ។ គាត់​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ​គាត់​ធ្វើ​ស្ងាត់ៗ»។

កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ គណៈកម្មការ​ព្រំដែន​កម្ពុជា និង​វៀតណាម បាន​ចុះ​ហត្ថលេខា​ប្រើប្រាស់​ផែនទី​ថ្មី ​ខ្នាត ១/២៥ពាន់ ​យក​ពី​ប្រទេស​វៀតណាម និង​បោះពុម្ព​ ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ​នៅ​ប្រទេស​ដាណឺម៉ាក (Denmark)។ រដ្ឋាភិបាល​ចាត់​ទុក​ការ​ប្រើ​ផែន​ទី​ថ្មី​នេះ ​គឺ​ជា​ការ​ទទួល​ស្គាល់​លទ្ធផល​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ​ដែល​បោះ​រួច​ចំនួន​ ៨៤ភាគ​រយ។ ចំណែក​គណបក្ស​ប្រឆាំង​ចោទ​ថា ការ​ចុះ​ហត្ថលេខា​ទទួល​យក​ផែនទី​នេះ​ ជា​ការ​ទទួល​ស្គាល់​ការ​ឈ្លានពាន​របស់​វៀតណាម ​ដោយ​ស្រប​ច្បាប់​ ខណៈ​ដែល​កម្ពុជា​កំពុង​មាន​ជម្លោះ​នយោបាយ ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​ ឡើង​កាន់​អំណាច​ដោយសារ​ការ​បោះឆ្នោត​ក្លែងក្លាយ ​កាល​ពី​ឆ្នាំ២០១៨។

អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់ខ្លួន ​សមាជិក​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​លោក ​រ៉ុង ឈុន និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ​លោក​ សួង សុភ័ណ្ឌ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន បន្ទាប់​ពី​ពួក​គេ​ចុះ​ពិនិត្យ​តំបន់​ជាក់​ស្ដែង​នៅ​ភូមិ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និង​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​គ្នា​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១១៤ ដល់​១១៩ មាន​ភាព​មិន​ប្រក្រតី និង​មាន​ករណី​ទាហាន​វៀតណាម​មួយ​ក្រុម​ បាន​ចូល​ឈ្លាន​ពាន​កម្ពុជា ក្នុង​ឯក​សណ្ឋាន​យោធា ប្រដាប់​ដោយ​កាំភ្លើង ចូល​មក​ រុញ​ច្រាន និង​បណ្ដេញ​អ្នក​ភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើ​ស្រែ លើ​ដី​កេរ្តិ៍​ឪពុក​ម្ដាយ នៅ​ជាប់​តំបន់​ព្រំដែន។ ក្រៅ​ពី​នេះ​ ក៏​បន្ថែម​ការ​ចាប់​ខ្លួន ​ចំណែក​យុវជន ២នាក់ នៃ​ក្រុម​ចលនា​ខ្មែរ​ថាវរៈ ក្រោយ​ពី​ពួក​គេ​តវ៉ា ​ឱ្យ​ដោះ​លែង​លោក រ៉ុងឈុន៕

2 comments:

Anonymous said...

Kpeum Mouk Ah Chker Chkuot Hun Sen Nass.

Kanduoy Meh Ah Norouk Ey Kor Thok Maless. Yuon put tents all along the borders, but Ah Choy Marai Niss did not say a word.

On the contrary, he has the gut to imprison Khmers who dare to reveal the truth about Yuon's aggression.

Anonymous said...

Cambodians are very unlucky to have a gangster as the leader of their country. This gangster wears a watch cost more than a million US dollars while many of the Cambodian factory workers are out of work and hopeless.