Monday, 17 August 2020

ចៅ​ជីដូន​មួយ​លោក ហ៊ុន សែន កំពុង​សម្ញែង​ទ្រព្យសម្បត្តិ និង​ភាព​ហ៊ឺហា ខណៈ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រ​កាន់តែ​ច្រើន


ដោយ អាស៊ីសេរី
2020-08-17
សាច់ញាតិ​របស់​លោក ហ៊ុន សែន មួយ​រូប ឈ្មោះ ហ៊ុន បញ្ញាបុត្រ ដែល​តែ​បង្ហាញ​ជីវិត​​រស់នៅ​ក្នុង​ជីវភាព​ស្ដុកស្ដម្ភ និង​ស៊ីវិល័យ​ទាំង​នៅ​កម្ពុជា និង​នៅ​បរទេស។
សាច់ញាតិ​របស់​លោក ហ៊ុន សែន មួយ​រូប ឈ្មោះ ហ៊ុន បញ្ញាបុត្រ ដែល​តែ​បង្ហាញ​ជីវិត​​រស់នៅ​ក្នុង​ជីវភាព​ស្ដុកស្ដម្ភ និង​ស៊ីវិល័យ​ទាំង​នៅ​កម្ពុជា និង​នៅ​បរទេស។
Photo courtesy


 

សាច់ញាតិ​មួយ​រូប​របស់​លោក ហ៊ុន សែន កំពុង​បង្ហាញ​ភាព​ហ៊ឺហា និង​ទ្រព្យសម្បត្តិ​មហិមា​របស់​ខ្លួន ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​ជាច្រើន កំពុង​រង​ទុក្ខ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ដោយ​បាត់បង់​ការងារ និង​ជំពាក់​បំណុល​ធនាគារ ។ គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកវិភាគ​ថា សាច់ញាតិ​របស់​លោក ហ៊ុន សែន កំពុង​យក​គំរូ​តាម​លោក ហើយ​ករណី​បែប​នេះ​ត្រូវ​តែ​មាន​ការស៊ើបអង្កេត ដើម្បី​ដឹង​ពី​ប្រភព​ចំណូល​ជាក់លាក់​របស់​សាច់ញាតិ​លោក ហ៊ុន សែន រូប​នោះ។

សាច់ញាតិ​របស់​លោក ហ៊ុន សែន មួយ​រូប ឈ្មោះ ហ៊ុន បញ្ញាបុត្រ កំពុង​រស់នៅ​ក្នុង​ជីវភាព​ស្ដុកស្ដម្ភ និង​ស៊ីវិល័យ​ទាំង​នៅ​កម្ពុជា និង​នៅ​បរទេស។ យុវជន​រូប​នេះ តែង​បង្ហោះ​រូបភាព​យន្តហោះ និង​ឡាន​ប្រណីតៗ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) និង អ៊ីនស្តាក្រាម (Instagram) ដែល​ពលរដ្ឋ​កម្ពុ​ជាទូទៅ​មិន​អាច​ប្រដូច​បាន​។ ត្រឹម​វ័យ​ជាង​២០ ឆ្នាំ ហ៊ុន បញ្ញាបុត្រ មាន​រថយន្ត​ទំនើប​ជាច្រើន​គ្រឿង ដូចជា​ម៉ាក ប៊ែនលី (Bentley) និង​អូឌី (Audi) តម្លៃ​ជាង ២ សែន​ដុល្លារ និង​មាន​យន្តហោះ​ផ្ទាល់ខ្លួន​ម៉ាក អ៊ែបើស ៧២ (Air Bus 72) ជាដើម។

ពេលខ្លះ គ្រាន់តែ​កាដូ​របស់ ហ៊ុន បញ្ញាបុត្រ ជូន​គូស្នេហ៍​ក្នុង​ថ្ងៃ​ខួបកំណើត​មាន​តម្លៃ​ដល់ ១​សែន​ដុល្លារ (១០​ម៉ឺន​) ដុល្លារ​អាមេរិក ហើយ​ថ្មីៗ​នេះ រូបគេ​បាន​យក​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ទទួល​គូស្នេហ៍​ពី​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា​វិញ​ទៀត​ផង។


ជីវិត​ដ៏​ហ៊ឺហា​របស់ ហ៊ុន បញ្ញា​បុត្រ នេះ ត្រូវ​បាន​សារព័ត៌មាន​បរទេស ចុះផ្សាយ​ព្រោងព្រាត​។ កាសែត​ថៃ ឈ្មោះ អឹមអាជី អនឡាញ (MRG Online) បាន​សរសេរ​ថា លោក ហ៊ុន បញ្ញាបុត្រ មិនមែន​មាន​តែ​ទ្រព្យសម្បត្តិ​កប់​ពពក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក​ក៏​ប្រើ​ឥទ្ធិពល​អំណាច​គ្មាន​គូ​ប្រៀប​របស់​ត្រកូល ហ៊ុន ដើម្បី​ទទួល​គម្រោង​សាងសង់​អគារ​ធំៗ​ជាច្រើន​ផង​ដែរ។ សារព័ត៌មាន​ដដែល​នេះ ក៏បាន​និយាយ​ដល់​រឿង ហ៊ុន បញ្ញាបុត្រ យក​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ដឹក​គូស្នេហ៍​ដែល​ជា​អតីត​តារា​ស្រី​ស្អាត ពី​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា​វិញ​ផង​ដែរ។

ចំណែក លោក ហ៊ុន សែន វិញ កំពុង​ត្រូវ​បាន​សារព័ត៌មាន​នានា​តាមដាន​រឿង​ប្រើប្រាស់​នាឡិកាដៃ​ប្រណីត តម្លៃ​រាប់​លាន​ដុល្លារ ស្រប​ពេល​ដែល​លោក​មាន​ប្រាក់ខែ​ត្រឹមតែ​២ ពាន់​៥ រយ​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។​

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ចៅប្រុស​លោក ហ៊ុន សែន រូប​នេះ កំពុង​ធ្វើ​តាម​លោក ហ៊ុន សែន ដែល​សម្ញែង​ង​នាឡិកាដៃ​តម្លៃ​ខ្ទង់លាន​ដុល្លារ ក្រោម​ហេតុផល​ថា ជា​សិទ្ធិ​ឯកជន​។ លោក​ជឿ​ថា ទ្រព្យសម្បត្តិ​របស់​សាច់ញាតិ​លោក ហ៊ុន សែន នេះ បាន​មកពី​របរ​ទុច្ចរិត ឬ​ការ​កេងប្រវ័ញ្ច​ជាតិ មិនមែន​បាន​មក​ដោយ​ត្រឹមត្រូវ​នោះ​ឡើយ​។ លោក​បន្ត​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ករណី​បែប​នេះ​ប្រាកដជា​ត្រូវ​បាន​ស៊ើបអង្កេត តែ​ដោយ​សារ​អំពើពុករលួយ និង​អំណាច​ផ្ដាច់មុខ​របស់​លោក ហ៊ុន សែន ទើប​គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា ហ៊ាន​ចេញមុខ​ស៊ើបអង្កេត​រឿង​នេះ៖ «គេ​មិន​ញញើត​នឹង​ការ​បង្ហាញ​ទេ ព្រោះ​វា​អត់​មានទោស អ្នក​ដែល​លួច​ជាតិ​ក្នុង​របប ហ៊ុន សែន ហ្នឹង​ឲ្យ​តែ​ឲ្យ​ផលចែក​ដល់ ហ៊ុន សែន គឺ​អត់​មានទោស​ទេ​បាទ មានទោស​មានទោស​តែ​អ្នក​តូចតាច​តែ​ប៉ុណ្ណឹង​ទេ»។

លោក ហ៊ុន បញ្ញាបុត្រ អាយុ ២៣​ឆ្នាំ គឺជា​កូនប្រុស​របស់​អ្នក ស្រី ហ៊ុន ចន្ធូ និង​ជា​ចៅប្រុស​របស់​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន​។ លោក ហ៊ុន ណេង គឺជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា ។ ចំណែក​ឯ​ម្តាយ​របស់​លោក ហ៊ុន បញ្ញាបុត្រ គឺ​អ្នកស្រី ហ៊ុន ចន្ធូ ជា​ពាណិជ្ជករ​មួយ​រូប​ដែល​កាន់កាប់​ក្រុមហ៊ុន​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សាច់ញាតិ​របស់​លោក ហ៊ុន សែន ជាច្រើន សុទ្ធ​តែ​មាន​តំណែង និង​តួនាទី​ក្នុង​ជួរ​កង​ប្រដាប់​អាវុធ។ អ្នកខ្លះ​អាយុ​នៅ​ក្មេង និង​មិន​សូវ​មាន​បទពិសោធន៍​ក្នុង​សមរភូមិ​ប្រយុទ្ធ​ទេ តែ​ពាក់​ផ្កាយ​ពេញ​ស្មា​។ ចំណែក​ឯ​យុវជន ហ៊ុន បញ្ញា​បុត្រ ដែល​កាលណោះ​អាយុ​មិនទាន់​គ្រប់ ១៨ ឆ្នាំ​ផង ក៏​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក ធ្លាប់​ចុះផ្សាយ​កាលពី ៥​ឆ្នាំមុន នូវ​រូបភាព​យុវជន​រូប​នេះ មាន​គ្រង​ឯកសណ្ឋាន​យោធា ពាក់​ស័ក្ដិ ២។

លើសពីនេះ​ទៅ​ទៀត ក្នុង​អំឡុង​ឆ្នាំ២០១៦ ហ្វេសប៊ុក​ឈ្មោះ ហ៊ុន បញ្ញាបុត្រ បាន​បង្ហោះ​លក់​កាំភ្លើងខ្លី តាម​បណ្ដាល​សង្គម​នេះ​ថែម​ទៀត​ផង។

អាស៊ីសេរី បាន​ព្យាយាម​ទាក់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អំពី​តួនាទី​របស់ ហ៊ុន បញ្ញាបុត្រ ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង គ្មាន​អ្នក​ទទួលក។

អាស៊ីសេរី ក៏បាន​ទាក់ទង លោក ហ៊ុន បញ្ញា​បុត្រ ដើម្បី​បកស្រាយ​អំពី​រឿង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ និង​ជីវិត​ដ៏​ហ៊ឺហា​របស់​យុវជន​រូប​នេះ តែ​លោក​មិន​ឆ្លើយតប​ទេ រហូតមកដល់​ម៉ោង​ផ្សាយ​នេះ​។​

ជីតា​បង្កើត​របស់ ហ៊ុន បញ្ញាបុត្រ គឺ​លោក ហ៊ុន ណេង ឱ្យ​អាស៊ីសេរី​ដឹង​ថា ចៅប្រុស​របស់​លោក​រូប​នេះ​កំពុង​រៀន​នៅ​អូស្ត្រាលី​។ លោក​អះអាង​ថា ការ​ប្រើ​យន្តហោះ​ផ្ទាល់ខ្លួន​នេះ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​ការរិះគន់​ទាំងឡាយ គឺជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​។ ទោះជា​យ៉ាងណា លោក ហ៊ុន ណេង មិន​បកស្រាយ​ពី​រឿង​ប្រភព​ចំណូល​របស់​ចៅប្រុស​លោក​រូប​នេះ​ឡើយ៖ «រួច​ម៉េច​បើ​គេ​ជូន​ដំណើរ​ចុះឡើង​ទាស់​អី​យើង? អើ​ពី​ណា​រិះគន់​អី​រិះគន់​ទៅ មនុស្ស​ត្រូវ​សិទ្ធិ​សេរីភាព​ការរិះគន់​ហ្ហេ​! ទៅ​សួរ​អ៊ីចឹងៗ ហ្ហេ»។

ចំណែក អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន្ត វិញ ថ្លែង​ថា លោក​មិន​ជឿ​ព័ត៌មាន​ដែល​ចុះផ្សាយ​ពី​រឿង​លោក ហ៊ុន បញ្ញាបុត្រ នេះ​ទេ ព្រោះ​ជា​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​អាច​ជា​ការ​ប្រឌិត ដើម្បី​មូល​បង្កាច់​គ្រួសារ​លោក ហ៊ុន សែន ប៉ុណ្ណោះ​។ ទោះជា​សារព័ត៌មាន​ចុះផ្សាយ​រឿង​នេះ ដោយ​យោង​ទៅលើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ លោក ហ៊ុន បញ្ញាបុត្រ ក៏​ដោយ ក៏​លោក សុខ ឥសាន នៅ​តែ​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ​ដដែល​។ ទន្ទឹម​នឹង​នេះ លោក​បាន​ព្រមាន កាសែត​វិទ្យុ​អាស៊ីសេរី ឲ្យ​ប្រយ័ត្ន​ក្នុង​ការផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​រឿង​ទ្រព្យសម្បត្តិ​មហាសាល​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែល​លោក​ថា ជា​រឿង​ឯកជន​នោះ​ទៀត​ផង៖ «ខ្ញុំ​នៅ​ជិត​គាត់ ខ្ញុំ​មិនដែល​ឃើញ​គាត់​សម្ញែង​ផង​ហ្នឹង វា​ខូច​តែ​វិទ្យុ​អាស៊ីសេរី​យក​ទៅ​ផ្សាយ​ហ្នឹង អាហ្នឹង​អា​អ្នក​ផ្សាយ​ហ្នឹងហើយ​ជា​អ្នក​សម្ញែង​ឲ្យ​គេ​។ ហី​បើ​យើង​យក​អា​រឿង​បុគ្គល​គេ ច្រណែន​ឈ្នានីស​មក​ផ្សាយ​អ៊ីចឹង​អាហ្នឹង​វា​មិនមែន​ជា​រឿង​ផ្សាយ​ព័ត៌មាន​ទេ អា​ហ្នឹង​គេ​ហៅថា​ញុះញង់»។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីដនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ កាលពី​ឆ្នាំ​២០១៦ ដោយ​រកឃើញ​ថា គ្រួសារ​ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​។ អង្គការ​ដដែល​នេះ ឱ្យ​ដឹង​ទៀត​ថា គ្រួសារ​ត្រកូល "​ហ៊ុន​" កាន់កាប់​ផ្ទាល់ ឬ​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​។ ដើមទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​អាមេរិក​នេះ គឺជា​តួលេខ​ទាប​បំផុត ដោយសារ​គ្លូបបល វីដនេស ស្រង់​បានតែ​ទិន្នន័យ​ចុះបញ្ជី​ដែល​បង្ហាញ​ជា​សាធារណៈ។ អង្គការ​អន្តរជាតិ​មួយ​នេះ ជឿ​ថា ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ត្រកូល ហ៊ុន សែន មាន​ចំនួន​ច្រើន​លើស​ពី​នេះ​ទៅ​ទៀត។

ទាក់ទង​នឹង​ទ្រព្យ​សម្បតិ្ត​ដ៏​សម្បើម​របស់ ហ៊ុន បញ្ញាបុត្រ ដែល​ជា​ចៅ​ក្មួយ​របស់​លោក ហ៊ុន សែន នេះ​វិញ អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​ជាច្រើនលើក​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ដើម្បី​សាកសួរ ថា​តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចាត់វិធានការ​បែប​ណា ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​ទេ។ ចំណែក​សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​មួយ​រូប​ទៀត ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺ​លោក កើត រិទ្ធ ក៏​មិន​ទទួល​ទូរស័ព្ទ​ដូចគ្នា។

អ្នកវិភាគ​នយោបាយ​ដែល​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ គឺ​លោក គឹម សុខ ប្រតិកម្ម ប្រសិនបើ​ការ​ចំណាយ ថវិកា​ទាំងឡាយ​របស់​សាច់ញាតិ និង​ក្រុម​គ្រួសារ លោក ហ៊ុន សែន ពិត​ជា​មាន​ប្រភព​ត្រឹមត្រូវ និង​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ស្ថាប័ន​ជាតិ​ត្រូវតែ​ហ៊ាន​ស៊ើបអង្កេត​រឿង​នេះ ដើម្បី​បញ្ជាក់​ការ​ពិត៖ «ពីព្រោះ​ចំនួន​លុយ ហ៊ឺហា​ចាយវាយ​រហូត​ទៅដល់​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន មាន​យន្តហោះ​ផ្ទាល់ខ្លួន​ជិះ​របៀប​នេះ គឺជា​បទឧក្រិដ្ឋ​ដែល​បាន​ពី​អំពើពុករលួយ​ហើយ។ ហើយ​បទឧក្រិដ្ឋ​បាន​ពី​អំពើ​ពុករលួយ​គឺ​ត្រូវ​មាន​កា​រសើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់»។

ទោះជា​យ៉ាង​នេះ​ក្តី លោក គឹម សុខ គូស​បញ្ជាក់​ថា កាយវិការ​របស់​ចៅប្រុស​លោក ហ៊ុន សែន នេះ គឺជា​ការ​ចំអក​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងមូល ដែល​កំពុង​ជំពាក់​បំណុល​គេ​វ័ណ្ឌក និង​ប្រឈម​បាត់បង់​ការងារ​ធ្វើ​។ ជាង​នេះ​ទៅ​ទៀត លោក​ថា ការ​សម្ញែង​ទ្រព្យសម្បត្តិ​ពី​សំណាក់​ត្រកូល ហ៊ុន នេះ បង្ហាញ​ថា លោក ហ៊ុន សែន និង​គ្រួសារ បាន​ចាត់​ទុក​កម្ពុជា ជា​ទ្រព្យសម្បត្តិ និង​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​គ្រួសារ​លោក​រួច​ទៅ​ហើយ៕

2 comments:

Anonymous said...

If this asshole boy is a pig, its owner will make a lot of money. Look at his belly.

Anonymous said...

He looks semi retarded but it doesn't matter since he's father is rich, so he's rich too.